លោកុប្បត្តិ 18:1-15

លោកុប្បត្តិ 18:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​បាន​យាង​មក​ឲ្យ​លោក​អប្រាហាំ​ឃើញ នៅ​ដើម​ជ្រៃ​លោក​តា​ម៉ាមរ៉េ។ ពេល​នោះ ថ្ងៃ​ពេញ​កម្ដៅ​ហើយ លោក​អប្រាហាំ​អង្គុយ​នៅ​មាត់​ទ្វារ​ជំរំ​របស់​លោក លោក​ងើប​មុខ​ឡើង មើល​ទៅ​ឃើញ​បុរស​បី​នាក់ ឈរ​នៅ​ជិត​លោក។ ពេល​ឃើញ​បុរស​បី​នាក់​នោះ លោក​ក៏​រត់​ចេញ​ពី​មាត់​ទ្វារ​ជំរំ​ទៅ​ជួប ក្រាប​ដល់​ដី ហើយ​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់ បើ​លោក​ពេញ​ចិត្ត​នឹង​ខ្ញុំ​ប្របាទ​មែន សូម​មេត្តា​កុំ​អញ្ជើញ​ទៅ​ហួស​អ្នក​បម្រើ​របស់​លោក​ឡើយ។ សូម​ឲ្យ​គេ​យក​ទឹក​បន្តិច​មក​លាង​ជើង​ជូន! សូម​លោក​សម្រាក​ក្រោម​ដើម​ឈើ​នេះ​សិន​ហើយ ខ្ញុំ​ប្របាទ​នឹង​ទៅ​យក​នំប៉័ង​មួយ​ដុំ​មក​ជូន​លោក​ពិសា ដើម្បី​ឲ្យ​មាន​កម្លាំង រួច​សឹម​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ដូច្នេះ លោក​នឹង​មិន​ឆៀង​កាត់​តាម​ផ្ទះ​អ្នក​បម្រើ​របស់​លោក ដោយ​ឥត​បាន​ការ​ឡើយ»។ បុរស​ទាំង​បី​តប​ថា៖ «សុំ​ធ្វើ​តាម​ពាក្យ​លោក​ចុះ»។ លោក​អប្រាហាំ​ប្រញាប់‌ប្រញាល់​ចូល​ទៅ​រក​នាង​សារ៉ា​នៅ​ក្នុង​ជំរំ ប្រាប់​ថា៖ «ចូរ​យក​ម្សៅ​បី​កំប៉ុង​មក ហើយ​រៀបចំ​ធ្វើ​នំ​ឲ្យ​បាន​រួស‌រាន់​ទៅ»។ បន្ទាប់​មក លោក​រត់​ទៅ​រក​ហ្វូង​សត្វ យក​កូន​គោ​ស្ទាវ​យ៉ាង​ធាត់​ល្អ​មួយ ប្រគល់​ឲ្យ​ក្មេង​បម្រើ​ម្នាក់​យក​ទៅ​សម្លាប់ ធ្វើ​ម្ហូប​ជា​បន្ទាន់។ លោក​យក​ខ្លាញ់ និង​ទឹក​ដោះ​គោ ព្រម​ទាំង​សាច់​កូន​គោ​ដែល​គេ​បាន​រៀបចំ​នោះ មក​ដាក់​នៅ​មុខ​បុរស​ទាំង​បី។ ខ្លួន​លោក​ផ្ទាល់​ឈរ​កំដរ​បុរស​ទាំង​បី​ក្រោម​ដើម​ឈើ​នោះ បុរស​ទាំង​បី​នាក់​ក៏​នាំ​គ្នា​បរិភោគ។ បន្ទាប់​មក បុរស​ទាំង​បី​ពោល​មក​លោក​ថា៖ «នាង​សារ៉ា​ភរិយា​របស់​លោក​នៅ​ឯ​ណា?»។ លោក​តប​វិញ​ថា៖ «នាង​នៅ​ក្នុង​ជំរំ​ឯ‌ណោះ»។ ព្រះ‌អម្ចាស់ ​មាន​ព្រះ‌បន្ទូល​ថា៖ «ឆ្នាំ​ក្រោយ នៅ​ខែ​ដដែល​នេះ យើង​នឹង​វិល​មក​រក​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។ លោក​ស្រី​សារ៉ា​ឈរ​ស្ដាប់​ក្រោយ​ខ្នង​លោក នៅ​មាត់​ទ្វារ​ជំរំ។ លោក​អប្រាហាំ និង​លោក​ស្រី​សារ៉ា​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ ហើយ​លោក​ស្រី​សារ៉ា​ក៏​ហួស​អាយុ​នឹង​មាន​កូន​ដែរ។ គាត់​អស់​សំណើច​នឹក​ក្នុង​ចិត្ត​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ចាស់​ប៉ុណ្ណឹង​ហើយ តើ​ខ្ញុំ​នៅ​មាន​តម្រេក​ទៀត​ឬ? រីឯ​លោក​ម្ចាស់​របស់​ខ្ញុំ​សោត ក៏​ចាស់​ជរា​ណាស់​ដែរ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អប្រាហាំ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​សារ៉ា​សើច ទាំង​ពោល​ថា “តើ​ខ្ញុំ​ដែល​ចាស់​ណាស់​ហើយ អាច​នឹង​មាន​កូន​ទៅ​កើត​ឬ?” តើ​មាន​ការ​អ្វី​អស្ចារ្យ​ពេក​ដែល​ព្រះ‌អម្ចាស់​ធ្វើ​មិន​កើត? ឆ្នាំ​ក្រោយ​នៅ​ខែ​ដដែល យើង​នឹង​មក​ជួប​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។ លោក​ស្រី​សារ៉ា​បដិសេធ​ថា៖ «ខ្ញុំ​ម្ចាស់​ពុំ​បាន​សើច​ទេ»។ គាត់​ថា​ដូច្នេះ មក​ពី​គាត់​ភ័យ​ខ្លាច​ខ្លាំង​ពេក។ ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នាង​ពិត​ជា​បាន​សើច​មែន!»។

លោកុប្បត្តិ 18:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ឯ​គាត់ នៅ​ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ក្នុង​កាល​ដែល​គាត់​កំពុង​អង្គុយ​នៅ​មាត់​ទ្វារ​ត្រសាល នៅ​វេលា​ថ្ងៃ​ពេញ​កំដៅ គាត់​ងើប​ភ្នែក​ឡើង ក៏​មើល​ឃើញ​មនុស្ស​៣​នាក់​ឈរ​នៅ​ចំពោះ​មុខ កាល​គាត់​ឃើញ​ដូច្នោះ នោះ​គាត់​រត់​ពី​មាត់​ទ្វារ​ត្រសាល​ទៅ​ទទួល ដោយ​ក្រាប​រាប​នឹង​ដី ក៏​ទូល​ថា ព្រះ‌អម្ចាស់​អើយ បើ‌សិន​ជា​ទូលបង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៅ​ចំពោះ​ទ្រង់ នោះ​សូម​កុំ​អាល​យាង​ហួស​ពី​ទូលបង្គំ​ជា​បាវ​បំរើ​ទ្រង់​ទៅ​ឡើយ សូម​រង់‌ចាំ​ឲ្យ​គេ​យក​ទឹក​មក​បន្តិច​នឹង​លាង​ព្រះ‌បាទ​ទ្រង់ ហើយ​សូម​ទ្រង់​ឈប់​សំរាក​ក្រោម​ដើម​ឈើ​នេះ​សិន ទូលបង្គំ​នឹង​យក​នំបុ័ង​បន្តិច‌បន្តួច​មក​ថ្វាយ ឲ្យ​ទ្រង់​មាន​កំឡាំង​ឡើង រួច​សឹម​យាង​ទៅ​ចុះ ដ្បិត​ទ្រង់​បាន​យាង​មក​ដល់​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ថា ចូរ​ធ្វើ​ដូច​ជា​ឯង​បាន​និយាយ​ចុះ អ័ប្រា‌ហាំ​ក៏​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ក្នុង​ត្រសាល ប្រាប់​សារ៉ា​ថា ចូរ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​៣​រង្វាល់​មក​លាយ​ធ្វើ​នំ​ឲ្យ​ឆាប់ៗ រួច​គាត់​រត់​ទៅ​ឯ​ហ្វូង​សត្វ ចាប់​យក​កូន​គោ​១​ដែល​មាន​សាច់​ទន់‌ល្វន់​ល្អ ប្រគល់​ឲ្យ​ដល់​បាវ​បំរើ​ម្នាក់ ហើយ​បាវ​នោះ​ក៏​បាន​ចាត់‌ចែង​យ៉ាង​ប្រញាប់‌ប្រញាល់ នោះ​គាត់​យក​ខ្លាញ់​ទឹក​ដោះ ហើយ​នឹង​ទឹក​ដោះ​រាវ នឹង​កូន​គោ​ដែល​បាន​រៀបចំ​ទៅ​ថ្វាយ​ដល់​ទ្រង់ រួច​ឈរ​នៅ​ក្រោម​ដើម​ឈើ​ជិត​ទ្រង់ ហើយ​ទ្រង់​ក៏​សោយ​ទៅ។ ទ្រង់​មាន​បន្ទូល​សួរ​គាត់​ថា សារ៉ា​ប្រពន្ធ​ឯង​នៅ​ឯ​ណា គាត់​ទូល​ឆ្លើយ​ថា នៅ​ក្នុង​ត្រសាល​ឯ​ណោះ ទ្រង់មាន​បន្ទូល​ថា ដល់​កំណត់ អញ​នឹង​មក​ឯ​ឯង​វិញ​ជា​មិន​ខាន នោះ​សារ៉ា​ប្រពន្ធ​ឯង​នឹង​មាន​កូន​ប្រុស​១ ចំណែក​សារ៉ា​ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ខាង​ក្រោយ​គាត់ នាង​ក៏​បាន​ឮ​ដែរ រីឯ​អ័ប្រា‌ហាំ នឹង​សារ៉ា គាត់​ជា​មនុស្ស​ចាស់​មាន​អាយុ​ច្រើន​ណាស់ សារ៉ា​អស់​មាន​រដូវ​កាល​តាម​ទំលាប់​ស្ត្រី​ទៀត​ហើយ នាង​នឹក​អស់​សំណើច​ក្នុង​ខ្លួន​ថា អញ​ចាស់​ប៉ុណ្ណេះ​ទៅ​ហើយ តើ​នឹង​នៅ​មាន​ដំរេក​ទៀត​ដែរ​ឬ​អី ណា​មួយ​លោក​ម្ចាស់​ប្ដី​អញ​ក៏​ចាស់​ណាស់​ដែរ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អ័ប្រា‌ហាំ​ថា ហេតុ​អ្វី​បាន​ជា​សារ៉ា​សើច​ដូច្នេះ​ថា ដែល​ចាស់​ប៉ុណ្ណោះ​ហើយ តើ​នឹង​មាន​កូន​ដែរ​ឬ តើ​មាន​ការ​អ្វី​ដែល​ព្រះ‌យេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ដល់​វេលា​កំណត់ នោះ​អញ​នឹង​មក​ឯ​ឯង លុះ​គ្រប់​ខែ​ហើយ សារ៉ា​នឹង​បង្កើត​បាន​កូន​ប្រុស​១ ឯ​សារ៉ា​នាង​ប្រកែក​ថា ខ្ញុំ​ម្ចាស់​មិន​បាន​សើច​ទេ ពី​ព្រោះ​នាង​ខ្លាច តែ​ទ្រង់​មាន​បន្ទូល​ថា ទេ គឺ​ឯង​បាន​សើច​មែន។

លោកុប្បត្តិ 18:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​អ័ប្រា‌ហាំ​ឃើញ ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ពេល​លោក​កំពុង​អង្គុយ​នៅ​មាត់​ទ្វារ​ជំរំ នៅ​វេលា​ថ្ងៃ​ពេញ​កម្ដៅ។ លោក​ងើប​មុខ​ឡើង ហើយ​មើលទៅ​ឃើញ​បុរស​បី​នាក់​ឈរ​នៅ​ពី​មុខ។ កាល​លោក​ឃើញ​បុរស​ទាំង​នោះ លោក​ក៏​រត់​ចេញ​ពី​មាត់​ទ្វារ​ជំរំ​ទៅ​ជួប ហើយ​ក្រាប​រាប​នឹង​ដី។ លោក​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់​អើយ ប្រសិន‌បើ​ខ្ញុំ​ប្របាទ​បាន​ប្រកប​ដោយ​‌គុណ​នៅ​ចំពោះ​លោក សូម​មេត្តា​កុំ​អញ្ជើញ​ទៅ​ហួស​អ្នក​បម្រើ​របស់​លោក​ឡើយ។ សូម​រង់‌ចាំ​ឲ្យ​គេ​យក​ទឹក​បន្តិច​មក​លាង​ជើង​ជូន ហើយ​សូម​លោក​សម្រាក​ក្រោម​ដើម​ឈើ​នេះ​សិន​ហើយ ខ្ញុំ​ប្របាទ​នឹង​ទៅ​យក​នំបុ័ង​បន្តិច‌បន្តួច​មក​ជូនលោក​ពិសា ដើម្បី​ឲ្យមាន​កម្លាំង រួច​សឹម​បន្ត​ដំណើរ ដ្បិត​លោក​ម្ចាស់​បាន​អញ្ជើញ​មក​ជួប​អ្នក​បម្រើ​របស់​លោក​ហើយ»។ បុរស​ទាំង​បី​តប​ថា៖ «ចូរ​ធ្វើ​តាម​ពាក្យ​លោក​ចុះ»។ លោក​អ័ប្រា‌ហាំ​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ជួប​លោក​ស្រី​សារ៉ា​នៅ​ក្នុង​ជំរំ ប្រាប់​ថា៖ «ចូរ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​បី​រង្វាល់ មក ហើយ​លាយ​ធ្វើ​នំ​ឲ្យ​ឆាប់​ឡើង»។ លោក​អ័ប្រា‌ហាំ​រត់​ទៅ​ឯ​ហ្វូង​សត្វ ហើយ​ចាប់​យក​កូន​គោ​មួយ​ដែល​មាន​សាច់​ទន់​ល្អ ប្រគល់​ឲ្យ​អ្នក​បម្រើ​ម្នាក់ ហើយ​អ្នក​បម្រើ​នោះ​ក៏​បាន​ចាត់​ចែង​យ៉ាង​ប្រញាប់‌ប្រញាល់។ លោក​យក​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ដោះ​រាវ ព្រម​ទាំង​កូន​គោ​ដែល​បាន​រៀបចំ មក​ដាក់​នៅ​មុខ​បុរស​ទាំង​បី រួចខ្លួន​លោក​ផ្ទាល់​ក៏​ឈរ​នៅ​ជិត ក្រោម​ដើម​ឈើ​នោះ ហើយ​បុរស​ទាំងបី​ក៏​បរិភោគ។ បុរស​ទាំង​បី​សួរ​លោក​ថា៖ «នាង​សារ៉ា​ប្រពន្ធ​របស់​អ្នក​នៅ​ឯ​ណា?» លោក​តប​ថា៖ «នៅ​ក្នុង​ជំរំ​ឯ​ណោះ»។ ពេល​នោះ ម្នាក់​ពោល​ឡើង​ថា៖ «ដល់​វេលា​កំណត់ យើង​នឹង​វិល​មក​រក​អ្នក​វិញ​ជា​មិន​ខាន ហើយ​សារ៉ា​ប្រពន្ធ​របស់​អ្នក​នឹង​មាន​កូន​ប្រុស​មួយ»។ លោក​ស្រី​សារ៉ា​ឈរ​ស្ដាប់​ខាង​ក្រោយ​លោក នៅ​មាត់​ទ្វារ​ជំរំ។ លោក​អ័ប្រា‌ហាំ និង​លោក​ស្រី​សារ៉ា មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ ហើយ​លោក​ស្រី​សារ៉ា​ក៏​ហួស​អាយុ​នឹង​មាន​កូន​ដែរ។ លោក​ស្រី​សារ៉ា​នឹក​អស់​សំណើច​ក្នុង​ចិត្ត​ថា៖ «ខ្ញុំ​ចាស់​ប៉ុណ្ណេះ​ទៅ​ហើយ តើ​នឹង​នៅ​មាន​តម្រេក​ទៀត​ឬ? ណា​មួយ​លោក​ម្ចាស់​របស់​ខ្ញុំ​ក៏​ចាស់​ណាស់​ដែរ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អ័ប្រា‌ហាំ​ថា៖ «ហេតុ​អ្វី​បាន​ជា​សារ៉ា​សើច​ដូច្នេះ ហើយ​ថា "ដែល​ចាស់​ប៉ុណ្ណេះ​ទៅ​ហើយ តើ​នឹង​មាន​កូន​ដែរ​ឬ?" តើ​មាន​ការ​អ្វី​ពិបាក​ពេក​ដែល​ព្រះ‌យេហូវ៉ា​ធ្វើ​មិន​កើត​ឬ? នៅ​វេលា​កំណត់ យើង​នឹង​ត្រឡប់​មក​រក​អ្នក​វិញ គឺ​ឆ្នាំ​ក្រោយ​ក្នុង​វេលា​ដដែល​នេះ សារ៉ា​នឹង​បង្កើត​បាន​កូន​ប្រុស​មួយ»។ លោក​ស្រី​សារ៉ា​ប្រកែក​ថា៖ «ខ្ញុំ​ម្ចាស់​មិន​បាន​សើច​ទេ» ដ្បិត​គាត់​ភ័យ​ខ្លាច។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទេ នាង​ពិត​ជា​បាន​សើច​មែន!»។