លោកុ‌ប្បត្តិ 18:1-15

លោកុ‌ប្បត្តិ 18:1-15 គកស១៦

ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​អ័ប្រា‌ហាំ​ឃើញ ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ពេល​លោក​កំពុង​អង្គុយ​នៅ​មាត់​ទ្វារ​ជំរំ នៅ​វេលា​ថ្ងៃ​ពេញ​កម្ដៅ។ លោក​ងើប​មុខ​ឡើង ហើយ​មើលទៅ​ឃើញ​បុរស​បី​នាក់​ឈរ​នៅ​ពី​មុខ។ កាល​លោក​ឃើញ​បុរស​ទាំង​នោះ លោក​ក៏​រត់​ចេញ​ពី​មាត់​ទ្វារ​ជំរំ​ទៅ​ជួប ហើយ​ក្រាប​រាប​នឹង​ដី។ លោក​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់​អើយ ប្រសិន‌បើ​ខ្ញុំ​ប្របាទ​បាន​ប្រកប​ដោយ​‌គុណ​នៅ​ចំពោះ​លោក សូម​មេត្តា​កុំ​អញ្ជើញ​ទៅ​ហួស​អ្នក​បម្រើ​របស់​លោក​ឡើយ។ សូម​រង់‌ចាំ​ឲ្យ​គេ​យក​ទឹក​បន្តិច​មក​លាង​ជើង​ជូន ហើយ​សូម​លោក​សម្រាក​ក្រោម​ដើម​ឈើ​នេះ​សិន​ហើយ ខ្ញុំ​ប្របាទ​នឹង​ទៅ​យក​នំបុ័ង​បន្តិច‌បន្តួច​មក​ជូនលោក​ពិសា ដើម្បី​ឲ្យមាន​កម្លាំង រួច​សឹម​បន្ត​ដំណើរ ដ្បិត​លោក​ម្ចាស់​បាន​អញ្ជើញ​មក​ជួប​អ្នក​បម្រើ​របស់​លោក​ហើយ»។ បុរស​ទាំង​បី​តប​ថា៖ «ចូរ​ធ្វើ​តាម​ពាក្យ​លោក​ចុះ»។ លោក​អ័ប្រា‌ហាំ​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ជួប​លោក​ស្រី​សារ៉ា​នៅ​ក្នុង​ជំរំ ប្រាប់​ថា៖ «ចូរ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​បី​រង្វាល់ មក ហើយ​លាយ​ធ្វើ​នំ​ឲ្យ​ឆាប់​ឡើង»។ លោក​អ័ប្រា‌ហាំ​រត់​ទៅ​ឯ​ហ្វូង​សត្វ ហើយ​ចាប់​យក​កូន​គោ​មួយ​ដែល​មាន​សាច់​ទន់​ល្អ ប្រគល់​ឲ្យ​អ្នក​បម្រើ​ម្នាក់ ហើយ​អ្នក​បម្រើ​នោះ​ក៏​បាន​ចាត់​ចែង​យ៉ាង​ប្រញាប់‌ប្រញាល់។ លោក​យក​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ដោះ​រាវ ព្រម​ទាំង​កូន​គោ​ដែល​បាន​រៀបចំ មក​ដាក់​នៅ​មុខ​បុរស​ទាំង​បី រួចខ្លួន​លោក​ផ្ទាល់​ក៏​ឈរ​នៅ​ជិត ក្រោម​ដើម​ឈើ​នោះ ហើយ​បុរស​ទាំងបី​ក៏​បរិភោគ។ បុរស​ទាំង​បី​សួរ​លោក​ថា៖ «នាង​សារ៉ា​ប្រពន្ធ​របស់​អ្នក​នៅ​ឯ​ណា?» លោក​តប​ថា៖ «នៅ​ក្នុង​ជំរំ​ឯ​ណោះ»។ ពេល​នោះ ម្នាក់​ពោល​ឡើង​ថា៖ «ដល់​វេលា​កំណត់ យើង​នឹង​វិល​មក​រក​អ្នក​វិញ​ជា​មិន​ខាន ហើយ​សារ៉ា​ប្រពន្ធ​របស់​អ្នក​នឹង​មាន​កូន​ប្រុស​មួយ»។ លោក​ស្រី​សារ៉ា​ឈរ​ស្ដាប់​ខាង​ក្រោយ​លោក នៅ​មាត់​ទ្វារ​ជំរំ។ លោក​អ័ប្រា‌ហាំ និង​លោក​ស្រី​សារ៉ា មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ ហើយ​លោក​ស្រី​សារ៉ា​ក៏​ហួស​អាយុ​នឹង​មាន​កូន​ដែរ។ លោក​ស្រី​សារ៉ា​នឹក​អស់​សំណើច​ក្នុង​ចិត្ត​ថា៖ «ខ្ញុំ​ចាស់​ប៉ុណ្ណេះ​ទៅ​ហើយ តើ​នឹង​នៅ​មាន​តម្រេក​ទៀត​ឬ? ណា​មួយ​លោក​ម្ចាស់​របស់​ខ្ញុំ​ក៏​ចាស់​ណាស់​ដែរ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អ័ប្រា‌ហាំ​ថា៖ «ហេតុ​អ្វី​បាន​ជា​សារ៉ា​សើច​ដូច្នេះ ហើយ​ថា "ដែល​ចាស់​ប៉ុណ្ណេះ​ទៅ​ហើយ តើ​នឹង​មាន​កូន​ដែរ​ឬ?" តើ​មាន​ការ​អ្វី​ពិបាក​ពេក​ដែល​ព្រះ‌យេហូវ៉ា​ធ្វើ​មិន​កើត​ឬ? នៅ​វេលា​កំណត់ យើង​នឹង​ត្រឡប់​មក​រក​អ្នក​វិញ គឺ​ឆ្នាំ​ក្រោយ​ក្នុង​វេលា​ដដែល​នេះ សារ៉ា​នឹង​បង្កើត​បាន​កូន​ប្រុស​មួយ»។ លោក​ស្រី​សារ៉ា​ប្រកែក​ថា៖ «ខ្ញុំ​ម្ចាស់​មិន​បាន​សើច​ទេ» ដ្បិត​គាត់​ភ័យ​ខ្លាច។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទេ នាង​ពិត​ជា​បាន​សើច​មែន!»។