លោកុប្បត្តិ 17:1-8

លោកុប្បត្តិ 17:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​លោក​អាប់‌រ៉ាម​មាន​អាយុ​កៅ​សិប​ប្រាំបួន​ឆ្នាំ ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​អាប់​រ៉ាម​ឃើញ ហើយ​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ចូរ​អ្នក​ដើរ​នៅ​ចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ចុះ នោះ​យើង​នឹង​តាំង​សញ្ញា​ជា‌មួយ​អ្នក ហើយ​នឹង​ធ្វើ​ឲ្យ​អ្នកកើន​ចំនួន​ច្រើន​ជា​អនេក»។ ពេល​នោះ លោក​អាប់‌រ៉ាម​ក៏​ក្រាប​ផ្កាប់​មុខ ហើយ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «មើល៍ យើង​បាន​តាំង​សញ្ញា​ជា‌មួយ​អ្នក​ហើយ អ្នក​នឹង​ធ្វើ​ជា​ឪពុក​នៃ​ជាតិ​សាសន៍​ជា​ច្រើន។ ឈ្មោះ​របស់​អ្នក​មិន​ត្រូវ​ហៅ​ថា "អាប់‌រ៉ាម" ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា "អ័ប្រា‌ហាំ" វិញ ដ្បិត​យើង​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ឪពុក​នៃ​ជាតិ​សាសន៍​ជា​ច្រើន។ យើង​នឹងធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន​លើស​លុប យើង​នឹង​ធ្វើ​ឲ្យជាតិ​សាសន៍​ផ្សេងៗ​កើត​ចេញ​ពី​អ្នក ហើយ​ស្តេច​ជា​ច្រើន​ក៏​នឹង​កើត​ចេញ​ពី​អ្នក​ដែរ។ យើង​នឹង​តាំង​សញ្ញា​ជា‌មួយ​អ្នក និង​ជា‌មួយ​ពូជ‌ពង្ស​របស់​អ្នក​គ្រប់​តំណ​របស់​គេ​ត​ទៅ ទុក​ជា​សេចក្ដី​សញ្ញា​នៅ​អស់​កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះ​ដល់​អ្នក និង​ដល់​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ។ ឯ​ស្រុក​កាណាន​ទាំង​អស់​ដែល​អ្នក​ស្នាក់​នៅ យើង​នឹង​ប្រគល់​ឲ្យ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ ទុក​ជា​កេរ‌អាករ​អស់​កល្ប​ជា‌និច្ច ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ»។

លោកុប្បត្តិ 17:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពេល​លោក​អាប់រ៉ាម​មាន​អាយុ​កៅ‌សិប​ប្រាំ​បួន​ឆ្នាំ ព្រះ‌អម្ចាស់​យាង​មក​ឲ្យ​លោក​អាប់រ៉ាម​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ចូរ​អ្នក​រស់​នៅ​ក្នុង​មាគ៌ា​របស់​យើង​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ចុះ។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ជា​អនេក»។ លោក​អាប់រ៉ាម​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី ហើយ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «ចំណែក​យើង យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​ដូច​ត​ទៅ: អ្នក​នឹង​បាន​ទៅ​ជា​ឪពុក​របស់​ប្រជា‌ជាតិ​ដ៏​ច្រើន គេ​លែង​ហៅ​អ្នក​ថា​“អាប់រ៉ាម”​ទៀត​ហើយ តែ​អ្នក​នឹង​មាន​ឈ្មោះ​ថា​“អប្រាហាំ”​វិញ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ទៅ​ជា​ឪពុក​របស់​ប្រជា‌ជាតិ​ដ៏​ច្រើន។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន​ជា​អនេក យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បង្កើត​ប្រជា‌ជាតិ​ជា​ច្រើន ហើយ​នឹង​មាន​ស្ដេច​ជា​ច្រើន​កើត​ចេញ​ពី​អ្នក​ដែរ។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក និង​ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក ដែល​កើត​មក​តាម​ក្រោយ​គ្រប់​តំណ​ត​ទៅ។ សម្ពន្ធ‌មេត្រី​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប គឺ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក ហើយ​ជា​ព្រះ​របស់​ពូជ‌ពង្ស​អ្នក​ដែល​កើត​មក​តាម​ក្រោយ​ដែរ។ យើង​នឹង​ប្រគល់​ស្រុក​ដែល​អ្នក​មក​ស្នាក់​នៅ​នេះ គឺ​ស្រុក​កាណាន​ទាំង​មូល​ឲ្យ​អ្នក និង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ ទុក​ជា​កេរ‌មត៌ក​រហូត​ត​ទៅ ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពូជ‌ពង្ស​អ្នក»។

លោកុប្បត្តិ 17:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​អាប់រ៉ាម​អាយុ​បាន​៩៩​ឆ្នាំ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ឯ​គាត់ ប្រាប់​ថា អញ​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ចូរ​ឯង​ដើរ​នៅ​មុខ​អញ ហើយ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ចុះ នោះ​អញ​នឹង​តាំង​សញ្ញា​នឹង​ឯង ហើយ​នឹង​ចំរើន​ឯង​ឲ្យ​មាន​គ្នា​ជា​សន្ធឹក​ឡើង អាប់រ៉ាម​ក៏​ក្រាប​ផ្កាប់​មុខ រួច​ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​គាត់​ថា ឯ​អញ មើល អញ​បាន​តាំង​សេចក្ដី​សញ្ញា​នឹង​ឯង​ហើយ ឯង​នឹង​ធ្វើ​ជា​ឪពុក​នៃ​សាសន៍​ជា​ច្រើន ឈ្មោះ​ឯង​មិន​ត្រូវ​ហៅ​ថា អាប់រ៉ាម​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ័ប្រា‌ហាំ​វិញ ដ្បិត​អញ​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​ឪពុក​នៃ​សាសន៍​ជា​ច្រើន អញ​នឹង​ធ្វើ​ឲ្យ​ឯង​បង្កើត​កូន​សុស‌សាយ​សន្ធឹក ឲ្យ​មាន​នគរ​ផ្សេងៗ​កើត​ចេញ​អំពី​ឯង​មក ព្រម​ទាំង​ស្តេច​ជា​ច្រើន​ដែរ អញ​នឹង​តាំង​សញ្ញា​នឹង​ឯង ហើយ​នឹង​ពូជ​ឯង​តាម​ដំណ​គេ​ត​ទៅ ទុក​ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដើម្បី​ឲ្យ​អញ​បាន​ធ្វើ​ជា​ព្រះ​នៃ​ឯង នឹង​ពូជ​ឯង​ត​ទៅ ឯ​ស្រុក​កាណាន​ទាំង​អស់​ដែល​ឯង​សំណាក់​នៅ​ជា​អ្នក​ដទៃ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​នឹង​ពូជ​ឯង​ត​រៀង​ទៅ ទុក​ជា​កេរ‌អាករ​អស់​‌កល្ប​ជានិច្ច ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ