លោកុ‌ប្បត្តិ 17

17
ទី​សម្គាល់​នៃ​សេចក្ដី​សញ្ញា
1ពេល​លោក​អាប់‌រ៉ាម​មាន​អាយុ​កៅ​សិប​ប្រាំបួន​ឆ្នាំ ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​អាប់​រ៉ាម​ឃើញ ហើយ​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ចូរ​អ្នក​ដើរ​នៅ​ចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ចុះ 2នោះ​យើង​នឹង​តាំង​សញ្ញា​ជា‌មួយ​អ្នក ហើយ​នឹង​ធ្វើ​ឲ្យ​អ្នកកើន​ចំនួន​ច្រើន​ជា​អនេក»។ 3ពេល​នោះ លោក​អាប់‌រ៉ាម​ក៏​ក្រាប​ផ្កាប់​មុខ ហើយ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ 4«មើល៍ យើង​បាន​តាំង​សញ្ញា​ជា‌មួយ​អ្នក​ហើយ អ្នក​នឹង​ធ្វើ​ជា​ឪពុក​នៃ​ជាតិ​សាសន៍​ជា​ច្រើន។ 5ឈ្មោះ​របស់​អ្នក​មិន​ត្រូវ​ហៅ​ថា "អាប់‌រ៉ាម" ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា "អ័ប្រា‌ហាំ" វិញ ដ្បិត​យើង​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ឪពុក​នៃ​ជាតិ​សាសន៍​ជា​ច្រើន។ 6យើង​នឹងធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន​លើស​លុប យើង​នឹង​ធ្វើ​ឲ្យជាតិ​សាសន៍​ផ្សេងៗ​កើត​ចេញ​ពី​អ្នក ហើយ​ស្តេច​ជា​ច្រើន​ក៏​នឹង​កើត​ចេញ​ពី​អ្នក​ដែរ។ 7យើង​នឹង​តាំង​សញ្ញា​ជា‌មួយ​អ្នក និង​ជា‌មួយ​ពូជ‌ពង្ស​របស់​អ្នក​គ្រប់​តំណ​របស់​គេ​ត​ទៅ ទុក​ជា​សេចក្ដី​សញ្ញា​នៅ​អស់​កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះ​ដល់​អ្នក និង​ដល់​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ។ 8ឯ​ស្រុក​កាណាន​ទាំង​អស់​ដែល​អ្នក​ស្នាក់​នៅ យើង​នឹង​ប្រគល់​ឲ្យ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ ទុក​ជា​កេរ‌អាករ​អស់​កល្ប​ជា‌និច្ច ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ»។
9ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អ័ប្រា‌ហាំ​ថា៖ «ចំណែក​ឯ​អ្នក​វិញ អ្នក​ត្រូវ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​យើង ទាំង​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ គ្រប់​តំណ​របស់​គេ​តទៅ។ 10នេះ​ជា​សេចក្ដី​សញ្ញា​របស់​យើង ដែល​យើង​តាំង​ជា‌មួយ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ អ្នក​ត្រូវ​កាន់​តាម គឺ​ថា ប្រុសៗ​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​តែ​កាត់​ស្បែក។ 11អ្នក​រាល់​គ្នា​ត្រូវ​កាត់​ស្បែក​ចុង​ស្វាស ទុក​ជា​ទី​សម្គាល់​នៃ​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​ជា‌មួយ​អ្នក​រាល់​គ្នា។ 12គ្រប់​ទាំង​កូន​ប្រុសៗ​នៅ​គ្រប់​តំណ​ត​ទៅ ទោះ​បើ​កើត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ឬក៏​បាន​យក​ប្រាក់​ទិញ​ពី​សាសន៍​ដទៃ ដែល​មិន​មែន​ជា​ពូជ‌ពង្ស​របស់​អ្នក​ក្តី ពេល​កើត​មក​បាន​ប្រាំបី​ថ្ងៃ នោះ​ត្រូវ​តែ​កាត់​ស្បែក​ឲ្យ។ 13ទាំង​អ្នក​ដែល​កើត​នៅក្នុង​ផ្ទះ​របស់​អ្នក ទាំង​អ្នក​ដែល​បាន​ទិញ​មក​នឹង​ប្រាក់​ក្តី ក៏​ត្រូវ​តែ​កាត់​ស្បែក​ឲ្យ​ទាំង​អស់ ដើម្បី​ឲ្យ​សេចក្ដី​សញ្ញា​របស់​យើង​នៅ​ជាប់​ក្នុង​សាច់​របស់​អ្នក​រាល់​គ្នា ជា​សេចក្ដី​សញ្ញា​ដែល​នៅ​អស់​កល្ប​ជា‌និច្ច។ 14មនុស្ស​ប្រុស​ណា​ដែល​មិន​កាត់​ស្បែក គឺ​មិន​បាន​កាត់​ស្រោម​ចុង​ស្វាស អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន ព្រោះ​អ្នក​នោះ​មិន​បាន​កាន់​តាម​សេចក្ដី​សញ្ញា​របស់​យើង»។
15ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អ័ប្រា‌ហាំ​ទៀត​ថា៖ «រីឯ​សារ៉ាយ​ជា​ប្រពន្ធ​របស់​អ្នក មិន​ត្រូវ​ហៅ​ថា "សារ៉ាយ"​ទៀត​ទេ គឺ​ត្រូវ​ហៅ​នាង​ថា "សារ៉ា" វិញ។ 16យើង​នឹង​ឲ្យ​ពរ​នាង ហើយ​មួយ​វិញ​ទៀត យើង​នឹង​ឲ្យ​អ្នក​មាន​កូន​តាម​រយៈ​នាង។ យើង​នឹង​ឲ្យ​ពរ​នាង ហើយ​នាង​នឹង​ធ្វើ​ជា​ម្តាយ​នៃ​ជាតិ​សាសន៍​ផ្សេងៗ ហើយ​ក៏​នឹង​មាន​ស្តេច​នៃ​ជាតិ​សាសន៍​ជា​ច្រើន​កើត​ចេញ​ពី​នាង​ដែរ»។ 17ពេល​នោះ លោក​អ័ប្រា‌ហាំ​ក៏​ក្រាប​ឱន​មុខ​ដល់​ដី ទាំង​អស់​សំណើច ហើយ​នឹក​ក្នុង​ចិត្ត​ថា «តើ​នឹង​មាន​កូន​កើត​ដល់​មនុស្ស​អាយុ​មួយ​រយ​ឆ្នាំ​បាន​ឬ? តើ​សារ៉ា​ដែល​មាន​អាយុ​កៅ​សិប​ឆ្នាំ​ទៅ​ហើយ អាច​បង្កើត​កូន​បាន​ឬ?» 18លោក​អ័ប្រា‌ហាំ​ទូល​ព្រះ​ថា៖ «ឱ​សូម​ឲ្យ​តែ​អ៊ីស‌ម៉ា‌អែល​បាន​នៅ​រស់​ចំពោះ​ព្រះ‌អង្គ នោះ​គ្រប់​គ្រាន់​ហើយ!»។ 19ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ទេ គឺ​សារ៉ា ប្រពន្ធ​អ្នក​នឹង​បង្កើត​កូនប្រុស​មួយ​ឲ្យ​អ្នក​មែន ហើយ​អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូននោះ​ថា "អ៊ីសាក" យើង​នឹង​តាំង​សញ្ញា​ជា‌មួយ​កូន​នោះ ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច សម្រាប់​ពូជ‌ពង្ស​របស់​វា​ដែល​កើត​មក​តាម​ក្រោយ។ 20ឯ​អ៊ីស‌ម៉ា‌អែល យើង​បាន​យល់​ព្រម​ហើយ មើល៍ យើង​បាន​ឲ្យ​ពរ​វា ហើយ​នឹង​ធ្វើ​ឲ្យ​វា​កើត​បាន​កូន​ចម្រើន​ឡើង​សន្ធឹក​ណាស់​ដែរ វា​នឹង​បង្កើត​ចៅ‌ហ្វាយ​ដប់ពីរ​នាក់ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​វា​បាន​ត្រឡប់​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ។ 21ប៉ុន្ដែ យើង​នឹង​តាំង​សញ្ញា​របស់​យើង​ជា‌មួយ​អ៊ីសាក​វិញ ជាកូន​ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​អ្នក​នៅ​ឆ្នាំ​ក្រោយ​ក្នុង​រដូវ​នេះ»។ 22កាល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ជា‌មួយ​លោក​អ័ប្រា‌ហាំ​ចប់​ហើយ ព្រះ‌អង្គក៏​យាង​ចេញ​ពី​លោក​ហោះ​ឡើង​ទៅ។
23បន្ទាប់​មក លោក​អ័ប្រា‌ហាំ​ក៏​យក​អ៊ីស‌ម៉ា‌អែល​ជា​កូន និង​អស់​អ្នក​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​លោក និង​មនុស្ស​ដែល​លោក​បាន​ទិញ​ដោយ​ប្រាក់ គឺ​ប្រុសៗ​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​មនុស្ស​ដែល​នៅ​ក្នុង​ផ្ទះ​របស់​លោក មក​កាត់​ស្បែក​ចុង​ស្វាស​នៅ​ថ្ងៃ​នោះ​ឯង ដូចជា​ព្រះ​បាន​បង្គាប់​ដល់​លោក។ 24កាល​លោក​អ័ប្រា‌ហាំ​ទទួល​ពិធី​កាត់​ស្បែក លោក​មាន​អាយុ​កៅសិប​ឆ្នាំ​ហើយ។ 25ចំណែកឯ​អ៊ីស‌ម៉ា‌អែល​កូន​របស់​លោក មាន​អាយុ​ដប់បី​ឆ្នាំ នៅ​ពេល​ទទួល​ពិធី​កាត់​ស្បែក 26ទាំង​លោក​អ័ប្រា‌ហាំ និង​អ៊ីស‌ម៉ា‌អែល​ជា​កូន បាន​ទទួល​ពិធី​កាត់​ស្បែក​នៅ​ថ្ងៃ​ជា‌មួយ​គ្នា 27ហើយ​បុរសៗ​ទាំង​អស់​នៅ​ក្នុង​ផ្ទះ​របស់​លោក គឺ​អស់​អ្នក​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​លោក និង​អស់​អ្នក​ដែល​បាន​យក​ប្រាក់​ទិញ​ពី​ពួក​សាសន៍​ដទៃ ក៏​បាន​ទទួ​ល​ពិធី​កាត់​ស្បែក​ជា‌មួយ​លោក​ដែរ។

ទើបបានជ្រើសរើសហើយ៖

លោកុ‌ប្បត្តិ 17: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល