លោកុប្បត្តិ 15:1-4
លោកុប្បត្តិ 15:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយហេតុការណ៍ទាំងនោះមក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមក្នុងនិមិត្តមួយថា៖ «អាប់រ៉ាមអើយ កុំខ្លាចអ្វីឡើយ យើងជាខែលរបស់អ្នក អ្នកនឹងបានទទួលរង្វាន់ដ៏ធំក្រៃលែង»។ ប៉ុន្ដែ លោកអាប់រ៉ាមទូលសួរថា៖ «ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ តើព្រះអង្គនឹងប្រទានអ្វីមកទូលបង្គំ បើទូលបង្គំនៅតែឥតមានកូនដូច្នេះ ហើយអ្នកដែលត្រូវធ្វើជាម្ចាស់លើផ្ទះរបស់ទូលបង្គំនោះ មានតែអេលាស៊ើរ ជាអ្នកស្រុកដាម៉ាសនេះប៉ុណ្ណោះ?» លោកអាប់រ៉ាមក៏ទូលទៀតថា៖ «មើល៍! ព្រះអង្គមិនបានប្រទានឲ្យទូលបង្គំមានកូនសោះ ហើយបាវបម្រើម្នាក់ដែលកើតនៅផ្ទះទូលបង្គំ វានឹងទទួលមត៌ករបស់ទូលបង្គំហើយ»។ ប៉ុន្ដែ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់លោកថា៖ «អ្នកនោះមិនត្រូវទទួលមត៌ករបស់អ្នកទេ គឺកូនដែលនឹងកើតចេញពីអ្នកវិញ ដែលត្រូវទទួលមត៌ក»។
លោកុប្បត្តិ 15:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយហេតុការណ៍ទាំងនោះមក លោកអាប់រ៉ាមនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «អាប់រ៉ាមអើយ កុំខ្លាចអ្វីឡើយ! យើងនឹងធ្វើជាខែលការពារអ្នក អ្នកនឹងទទួលរង្វាន់យ៉ាងធំ»។ លោកអាប់រ៉ាមទូលតបវិញថា៖ «បពិត្រព្រះជាអម្ចាស់ ព្រះអង្គប្រទានអ្វីមកទូលបង្គំក៏ឥតប្រយោជន៍ដែរ ព្រោះទូលបង្គំនឹងលាចាកលោកនេះទៅទាំងគ្មានកូន។ រីឯអ្នកដែលនឹងទទួលកេរមត៌ករបស់ទូលបង្គំ គឺអេលាស៊ើរជាអ្នកក្រុងដាម៉ាសឯណោះវិញ»។ លោកមានប្រសាសន៍ទៀតថា៖ «ព្រះអង្គពុំបានប្រទានឲ្យទូលបង្គំមានកូនបន្តពូជសោះ គឺមានតែអ្នកបម្រើក្នុងក្រុមគ្រួសាររបស់ទូលបង្គំប៉ុណ្ណោះ ដែលនឹងទទួលកេរមត៌កតពីទូលបង្គំ»។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «មិនមែនអ្នកបម្រើទេ គឺកូនដែលនឹងកើតចេញពីអ្នកវិញឯណោះ ជាអ្នកទទួលមត៌ក»។
លោកុប្បត្តិ 15:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយការទាំងនោះមក ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអាប់រ៉ាមដោយការជាក់ស្តែងថា អាប់រ៉ាមអើយ កុំឲ្យខ្លាចអ្វីឡើយ អញជាខែល ហើយជារង្វាន់ដ៏ធំក្រៃលែងរបស់ឯង នោះអាប់រ៉ាមគាត់ទូលសួរថា ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ តើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ ដែលទូលបង្គំចេះតែនៅដោយឥតមានកូនដូច្នេះ ហើយអ្នកដែលត្រូវធ្វើជាម្ចាស់លើផ្ទះទូលបង្គំ នោះមានតែអេលាស៊ើរជាអ្នកស្រុកដាម៉ាសនេះប៉ុណ្ណោះ អាប់រ៉ាមក៏ទូលទៀតថា មើល ទ្រង់មិនបានប្រទានឲ្យទូលបង្គំមានកូនសោះ ហើយមើល បាវម្នាក់ដែលកើតនៅផ្ទះទូលបង្គំ វានឹងគ្រងមរដករបស់ទូលបង្គំហើយ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងគាត់ថា អ្នកនោះមិនត្រូវស៊ីមរដករបស់ឯងទេ គឺជាម្នាក់ដែលនឹងកើតពីឯងមកវិញទេតើ ដែលត្រូវស៊ីមរដករបស់ឯងនោះ