កាឡាទី 5:5-15
កាឡាទី 5:5-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯយើងវិញ ដោយយើងមានជំនឿ ព្រះវិញ្ញាណជួយយើងឲ្យទន្ទឹងរង់ចាំព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិត ស្របតាមសេចក្ដីសង្ឃឹមរបស់យើងជាមិនខាន។ ចំពោះអ្នកដែលរួមរស់ជាមួយព្រះគ្រិស្តយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកនោះ មិនសំខាន់អ្វីឡើយ គឺមានតែជំនឿដែលនាំឲ្យប្រព្រឹត្តអំពើផ្សេងៗដោយចិត្តស្រឡាញ់ប៉ុណ្ណោះ ទើបសំខាន់។ បងប្អូនបានចាប់ផ្ដើមជឿល្អណាស់ តើនរណារារាំងបងប្អូនមិនឲ្យស្ដាប់បង្គាប់សេចក្ដីពិតដូច្នេះ? ការបញ្ចុះបញ្ចូលបែបនេះមិនមែនមានប្រភពមកពីព្រះជាម្ចាស់ ដែលបានត្រាស់ហៅបងប្អូនទេ។ «មេម្សៅតែបន្តិចអាចធ្វើឲ្យម្សៅទាំងមូលដោរឡើងបាន» ។ ចំពោះខ្ញុំ ព្រះអម្ចាស់ធ្វើឲ្យខ្ញុំទុកចិត្តបងប្អូនថា បងប្អូនមុខជាមិនបែកគំនិតទៅរកអ្វីផ្សេងសោះឡើយ។ រីឯអ្នកដែលធ្វើឲ្យបងប្អូនកើតវឹកវរនោះវិញ ទោះបីនរណាក៏ដោយ គេត្រូវតែទទួលទោស។ បងប្អូនអើយ ចំពោះខ្ញុំវិញ ប្រសិនបើខ្ញុំប្រកាសឲ្យធ្វើពិធីកាត់ស្បែកទៀតនោះ ម្ដេចក៏គេនៅតែបៀតបៀនខ្ញុំទៀត? ប្រសិនបើខ្ញុំប្រកាសដូច្នេះ ដំណឹងល្អអំពីព្រះគ្រិស្តជាប់ឆ្កាងនឹងលែងធ្វើឲ្យគេរវាតចិត្ត ឃ្លាតចាកពីជំនឿទៀតហើយ។ អ្នកដែលនាំឲ្យបងប្អូនជ្រួលច្របល់បែបនេះ ត្រូវតែឲ្យគេក្រៀវខ្លួនឯងតែម្ដងទៅ។ បងប្អូនអើយ ព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យមានសេរីភាព ក៏ប៉ុន្តែ សូមកុំយកសេរីភាពនេះមកធ្វើជាលេស ដើម្បីរស់តាមនិស្ស័យលោកីយ៍សោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើគ្នាទៅវិញទៅមកដោយចិត្តស្រឡាញ់ ដ្បិតក្រឹត្យវិន័យទាំងមូលសរុបមកត្រឹមតែឃ្លាមួយនេះថា «អ្នកត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ» ។ បើបងប្អូនប្រខាំគ្នា និងហែកហួរគ្នាទៅវិញទៅមកដូច្នេះ ចូរប្រយ័ត្នក្រែងលោបងប្អូនត្រូវវិនាសអន្តរាយ ដោយសារតែគ្នាឯង។
កាឡាទី 5:5-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតដោយសារជំនឿ យើងទន្ទឹងរង់ចាំសេចក្ដីសង្ឃឹមនៃសេចក្ដីសុចរិត តាមរយៈព្រះវិញ្ញាណ។ ព្រោះនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការកាត់ស្បែក ឬមិនកាត់ស្បែក នោះមិនសំខាន់អ្វីទេ គឺមានតែជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ទើបសំខាន់។ អ្នករាល់គ្នាបានរត់យ៉ាងល្អ តើអ្នកណារាំងរាអ្នករាល់គ្នាមិនឲ្យស្តាប់បង្គាប់សេចក្ដីពិតដូច្នេះ? ការបញ្ចុះបញ្ចូលនេះ មិនមែនមកពីព្រះអង្គដែលត្រាស់ហៅអ្នករាល់គ្នាទេ។ ដំបែតែបន្តិច អាចធ្វើឲ្យម្សៅទាំងមូលដោរឡើងបាន ។ ខ្ញុំទុកចិត្តអ្នករាល់គ្នាក្នុងព្រះអម្ចាស់ថា អ្នករាល់គ្នានឹងគ្មានគំនិតណាផ្សេងទៀតឡើយ តែអ្នកដែលបំភាន់អ្នករាល់គ្នា គេនឹងត្រូវទោសវិញ ទោះជាអ្នកណាក៏ដោយ។ ប៉ុន្តែ បងប្អូនអើយ ប្រសិនបើខ្ញុំនៅតែប្រកាសឲ្យគេធ្វើពិធីកាត់ស្បែក ហេតុអ្វីបានជាគេនៅតែបៀតបៀនខ្ញុំ? ប្រសិនបើខ្ញុំលែងប្រកាសអំពីឈើឆ្កាងវិញ នោះច្បាស់ជាគ្មានអ្នកណាជំពប់ចិត្តឡើយ។ ខ្ញុំចង់ឲ្យអស់អ្នកដែលធ្វើឲ្យអ្នករាល់គ្នាច្រួលច្របល់ ក្រៀវខ្លួនឯងទៅ! បងប្អូនអើយ ព្រះបានហៅអ្នករាល់គ្នាមកឲ្យមានសេរីភាព តែសូមកុំប្រើសេរីភាពរបស់អ្នករាល់គ្នាជាឱកាសសម្រាប់សាច់ឈាមឡើយ គឺត្រូវបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។ ដ្បិតក្រឹត្យវិន័យទាំងមូលបានសម្រេចក្នុងពាក្យមួយឃ្លានេះថា «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង» ។ ប៉ុន្ដែ បើអ្នករាល់គ្នាប្រខាំគ្នា ហើយហែកហួរគ្នាទៅវិញទៅមកដូច្នេះ ចូរប្រយ័ត្នក្រែងលោអ្នករាល់គ្នាវិនាសអស់រលីងទៅ។
កាឡាទី 5:5-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតយើងរាល់គ្នាអាងសេចក្ដីជំនឿ ដើម្បីនឹងរង់ចាំដោយនូវព្រះវិញ្ញាណ ឲ្យបានសេចក្ដីសុចរិតដែលយើងសង្ឃឹមចង់បាននោះ ពីព្រោះក្នុងព្រះគ្រីស្ទយេស៊ូវ ដែលកាត់ស្បែកឬមិនកាត់ នោះមិនជាប្រយោជន៍អ្វីទេ មានប្រយោជន៍តែសេចក្ដីជំនឿ ដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ អ្នករាល់គ្នាបានរត់យ៉ាងល្អហើយ តើអ្នកណាបានឃាត់មិនឲ្យស្តាប់តាមសេចក្ដីពិតវិញ ការបញ្ចុះបញ្ចូលនេះមិនមែនមកពីព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាទេ ដំបែតែបន្តិច អាចធ្វើឲ្យម្សៅទាំងអស់ដោរឡើងបាន ខ្ញុំទុកចិត្តនឹងអ្នករាល់គ្នា ដោយនូវព្រះអម្ចាស់ថា អ្នករាល់គ្នានឹងគ្មានគំនិតណាផ្សេងទៀតឡើយ តែអ្នកដែលបំភាន់អ្នករាល់គ្នា នោះនឹងត្រូវទោសវិញ ទោះបើជាអ្នកណាក៏ដោយ ប៉ុន្តែ បងប្អូនអើយ បើសិនជាខ្ញុំនៅតែប្រដៅឲ្យគេកាត់ស្បែក នោះតើហេតុអ្វីបានជាគេនៅតែបៀតបៀនដល់ខ្ញុំទៀត បើប្រដៅដូច្នោះ នោះសេចក្ដីបង្អាក់បង្អន់ ពីរឿងឈើឆ្កាង ត្រូវបាត់ហើយ បើពួកអ្នកដែលបំភាន់អ្នករាល់គ្នាបានកាត់ខ្លួនគេចោលចេញ នោះខ្ញុំចូលចិត្តណាស់។ បងប្អូនអើយ ព្រះទ្រង់បានហៅអ្នករាល់គ្នាមក ឲ្យមានសេរីភាព តែកុំឲ្យប្រើសេរីនោះ ទុកជាឱកាសដល់សាច់ឈាមឡើយ គឺត្រូវបំរើគ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់វិញ ដ្បិតក្រិត្យវិន័យទាំងមូល បានសំរេចមកក្នុងពាក្យតែ១ម៉ាត់នេះថា «ចូរឯងស្រឡាញ់អ្នកជិតខាង ដូចខ្លួនឯង» បើអ្នករាល់គ្នាចេះតែប្រខាំ ហើយហែកគ្នាស៊ីទៅវិញទៅមក នោះត្រូវប្រយ័តចុះ ក្រែងលោវិនាសអស់រលីងទៅ។