កាឡាទី 5

5
1ព្រះ‌គ្រីស្ទ​បាន​ប្រោស​យើង​ឲ្យ​រួច​ហើយ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​ឲ្យ​មាំ‌មួន​ក្នុង​សេរី‌ភាព​នេះ​ចុះ កុំ​បណ្តោយ​ឲ្យ​ជាប់​ចំណង​ជា​បាវ​បម្រើ​ទៀត​ឡើយ។
សេរី‌ភាព​របស់​គ្រីស្ទ‌បរិស័ទ
2មើល៍! ខ្ញុំ ប៉ុល សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​ទទួល​ពិធី​កាត់​ស្បែក នោះ​ព្រះ‌គ្រីស្ទ​គ្មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ទេ។ 3ខ្ញុំ​សូមធ្វើ​បន្ទាល់​ម្តង​ទៀត​ប្រាប់​អស់​អ្នក​ដែល​ទទួល​ពិធីកាត់​ស្បែក​ថា អ្នក​នោះ​មាន​កាតព្វកិច្ចតម្រូវ​ឲ្យ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​គ្រប់​ជំពូក។ 4អ្នក​រាល់​គ្នា​ដែល​ចង់​ពឹង​លើ​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​បាន​រាប់​ជា​សុចរិត អ្នក​បាន​ផ្ដាច់​ខ្លួន​ចេញ​ពី​ព្រះ‌គ្រីស្ទ​ហើយ ក៏​បាន​ធ្លាក់​ចេញ​ពី​ព្រះ‌គុណ​ដែរ។ 5ដ្បិត​ដោយ​សារ​ជំនឿ យើង​ទន្ទឹង​រង់‌ចាំសេចក្ដី​សង្ឃឹម​នៃ​សេចក្ដីសុចរិត តាម​រយៈ​ព្រះ‌វិញ្ញាណ។ 6ព្រោះ​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក នោះ​មិន​សំខាន់​អ្វី​ទេ គឺ​មាន​តែ​ជំនឿដែល​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ប៉ុណ្ណោះ ទើប​សំខាន់។
7អ្នក​រាល់​គ្នា​បាន​រត់​យ៉ាង​ល្អ តើ​អ្នក​ណារាំង​រាអ្នករាល់​គ្នា​មិន​ឲ្យ​ស្តាប់​បង្គាប់​សេចក្ដី​ពិត​ដូច្នេះ? 8ការ​បញ្ចុះ‌បញ្ចូល​នេះ មិន​មែន​មក​ពី​ព្រះ‌អង្គ​ដែល​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​ទេ។ 9ដំបែ​តែ​បន្តិច អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន ។ 10ខ្ញុំ​ទុក​ចិត្ត​អ្នក​រាល់​គ្នាក្នុង​ព្រះ‌អម្ចាស់​ថា អ្នក​រាល់​គ្នា​នឹង​គ្មាន​គំនិត​ណា​ផ្សេង​ទៀត​ឡើយ តែ​អ្នក​ដែល​បំភាន់​អ្នក​រាល់​គ្នា គេ​នឹង​ត្រូវ​ទោស​វិញ ទោះ​ជា​អ្នក​ណា​ក៏​ដោយ។ 11ប៉ុន្តែ បង‌ប្អូន​អើយ ប្រសិន‌បើ​ខ្ញុំ​នៅ​តែ​ប្រកាស​ឲ្យ​គេ​ធ្វើ​ពិធី​កាត់​ស្បែក ហេតុ​អ្វី​បាន​ជា​គេ​នៅ​តែ​បៀត​បៀន​ខ្ញុំ? ប្រសិន‌បើ​ខ្ញុំ​លែង​ប្រកាស​អំពី​ឈើ​ឆ្កាង​វិញ នោះ​ច្បាស់​ជា​គ្មានអ្នក​ណាជំពប់​ចិត្តឡើយ។ 12ខ្ញុំ​ចង់​ឲ្យ​អស់​អ្នក​ដែល​ធ្វើឲ្យ​អ្នក​រាល់​គ្នា​ច្រួល​ច្របល់ ក្រៀវ​ខ្លួនឯង​ទៅ!
13បង‌ប្អូន​អើយ ព្រះ​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ឲ្យ​មាន​សេរី‌ភាព តែ​សូម​កុំ​ប្រើ​សេរី​ភាព​របស់​អ្នក​រាល់​គ្នា​ជា​ឱកាស​សម្រាប់​សាច់​ឈាម​ឡើយ គឺ​ត្រូវ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់។ 14ដ្បិត​ក្រឹត្យ‌វិន័យ​ទាំង​មូល​បាន​សម្រេច​ក្នុង​ពាក្យ​មួយ​ឃ្លា​នេះ​ថា «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​ឯង» ។ 15ប៉ុន្ដែ បើ​អ្នក​រាល់​គ្នា​ប្រខាំគ្នា ហើយ​ហែក​ហួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ចូរ​ប្រយ័ត្នក្រែង​លោ​អ្នក​រាល់​គ្នា​វិនាស​អស់​រលីង​ទៅ។
កិច្ច‌ការ​របស់​សាច់​ឈាម
16ប៉ុន្ដែ ខ្ញុំសូមជម្រាប​ថា ចូរ​ដើរ​ដោយ​ព្រះ‌វិញ្ញាណ មិន​ត្រូវ​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សាច់​ឈាម​ឡើយ។ 17ដ្បិត​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម តែង​តែ​ទាស់​នឹង​ព្រះ‌វិញ្ញាណ ហើយ​សេចក្ដី​ប៉ង​ប្រាថ្នារបស់​ព្រះ‌វិញ្ញាណ ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ ព្រោះ​ទាំង​ពីរ​នេះ​ប្រឆាំង​គ្នា ក៏​រាំង​រា​អ្នក​រាល់​គ្នា​មិន​ឲ្យ​ធ្វើ​ការ ដែល​អ្នក​រាល់​គ្នា​ចង់​ធ្វើ​ទៅ​កើត។ 18ប៉ុន្ដែ ប្រសិន‌បើ​ព្រះ‌វិញ្ញាណដឹក​នាំ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​បន្ទុក​ក្រឹត្យ‌វិន័យ​ទៀត​ឡើយ។ 19រីឯ​កិច្ច‌ការ​របស់​សាច់​ឈាម នោះ​ប្រាកដ​ច្បាស់​ហើយ គឺ​សហាយ‌ស្មន់ ស្មោក‌គ្រោក អាស‌អាភាស 20ថ្វាយ​បង្គំ​រូប​ព្រះ មន្ត‌អាគម សម្អប់​គ្នា ឈ្លោះ​ប្រ‌កែក ឈ្នានីស កំហឹង ទាស់‌ទែង​គ្នា បាក់​បែក បក្ស‌ពួក 21ច្រណែន [កាប់​សម្លាប់] ប្រមឹក ស៊ី​ផឹក​ជ្រុល និង​អំពើ​ផ្សេងៗ​ទៀត​ដែល​ស្រដៀង​ការ​ទាំង​នេះ។ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ជា​មុន ដូច​ខ្ញុំ​បាន​ប្រាប់​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើដូច្នេះ មិនអាចទទួល​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មត៌ក​បាន​ឡើយ។
ផល​ផ្លែ​របស់​ព្រះ‌វិញ្ញាណ
22រីឯ​ផល​ផ្លែ​របស់​ព្រះ‌វិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត សេចក្ដី​អត់‌ធ្មត់ សេចក្ដី​សប្បុរស ចិត្ត​សន្ដោស ភាព​ស្មោះ‌ត្រង់ 23ចិត្ត​ស្លូត‌បូត និង​ការ​ចេះ​គ្រប់​គ្រង​ចិត្ត គ្មាន​ក្រឹត្យ‌វិន័យ​ណា​ទាស់​នឹង​សេចក្ដី​ទាំង​នេះ​ឡើយ។ 24អស់​អ្នក​ដែល​ជា​របស់​ព្រះ‌គ្រីស្ទ​យេស៊ូវ បាន​ឆ្កាង​សាច់​ឈាម ព្រម​ទាំង​តណ្ហា និង​សេចក្ដី​ប៉ង‌ប្រាថ្នា​ផ្សេងៗ​របស់​សាច់​ឈាម​នោះ​ចោល​ហើយ។ 25ប្រសិន‌បើ​យើង​រស់​ដោយ​សារ​ព្រះ‌វិញ្ញាណ យើង​ត្រូវ​ដើរ​ដោយ​ព្រះ‌វិញ្ញាណ។ 26យើង​មិន​ត្រូវ​រក​កេរ្តិ៍​ឈ្មោះ​ដែល​ឥត​ប្រយោជន៍ ទាំង​រក​រឿង​គ្នា ហើយ​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។

ទើបបានជ្រើសរើសហើយ៖

កាឡាទី 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ