កាឡាទី 5:1-15

កាឡាទី 5:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌គ្រីស្ទ​បាន​ប្រោស​យើង​ឲ្យ​រួច​ហើយ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​ឲ្យ​មាំ‌មួន​ក្នុង​សេរី‌ភាព​នេះ​ចុះ កុំ​បណ្តោយ​ឲ្យ​ជាប់​ចំណង​ជា​បាវ​បម្រើ​ទៀត​ឡើយ។ មើល៍! ខ្ញុំ ប៉ុល សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​ទទួល​ពិធី​កាត់​ស្បែក នោះ​ព្រះ‌គ្រីស្ទ​គ្មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ទេ។ ខ្ញុំ​សូមធ្វើ​បន្ទាល់​ម្តង​ទៀត​ប្រាប់​អស់​អ្នក​ដែល​ទទួល​ពិធីកាត់​ស្បែក​ថា អ្នក​នោះ​មាន​កាតព្វកិច្ចតម្រូវ​ឲ្យ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​គ្រប់​ជំពូក។ អ្នក​រាល់​គ្នា​ដែល​ចង់​ពឹង​លើ​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​បាន​រាប់​ជា​សុចរិត អ្នក​បាន​ផ្ដាច់​ខ្លួន​ចេញ​ពី​ព្រះ‌គ្រីស្ទ​ហើយ ក៏​បាន​ធ្លាក់​ចេញ​ពី​ព្រះ‌គុណ​ដែរ។ ដ្បិត​ដោយ​សារ​ជំនឿ យើង​ទន្ទឹង​រង់‌ចាំសេចក្ដី​សង្ឃឹម​នៃ​សេចក្ដីសុចរិត តាម​រយៈ​ព្រះ‌វិញ្ញាណ។ ព្រោះ​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក នោះ​មិន​សំខាន់​អ្វី​ទេ គឺ​មាន​តែ​ជំនឿដែល​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ប៉ុណ្ណោះ ទើប​សំខាន់។ អ្នក​រាល់​គ្នា​បាន​រត់​យ៉ាង​ល្អ តើ​អ្នក​ណារាំង​រាអ្នករាល់​គ្នា​មិន​ឲ្យ​ស្តាប់​បង្គាប់​សេចក្ដី​ពិត​ដូច្នេះ? ការ​បញ្ចុះ‌បញ្ចូល​នេះ មិន​មែន​មក​ពី​ព្រះ‌អង្គ​ដែល​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​ទេ។ ដំបែ​តែ​បន្តិច អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន ។ ខ្ញុំ​ទុក​ចិត្ត​អ្នក​រាល់​គ្នាក្នុង​ព្រះ‌អម្ចាស់​ថា អ្នក​រាល់​គ្នា​នឹង​គ្មាន​គំនិត​ណា​ផ្សេង​ទៀត​ឡើយ តែ​អ្នក​ដែល​បំភាន់​អ្នក​រាល់​គ្នា គេ​នឹង​ត្រូវ​ទោស​វិញ ទោះ​ជា​អ្នក​ណា​ក៏​ដោយ។ ប៉ុន្តែ បង‌ប្អូន​អើយ ប្រសិន‌បើ​ខ្ញុំ​នៅ​តែ​ប្រកាស​ឲ្យ​គេ​ធ្វើ​ពិធី​កាត់​ស្បែក ហេតុ​អ្វី​បាន​ជា​គេ​នៅ​តែ​បៀត​បៀន​ខ្ញុំ? ប្រសិន‌បើ​ខ្ញុំ​លែង​ប្រកាស​អំពី​ឈើ​ឆ្កាង​វិញ នោះ​ច្បាស់​ជា​គ្មានអ្នក​ណាជំពប់​ចិត្តឡើយ។ ខ្ញុំ​ចង់​ឲ្យ​អស់​អ្នក​ដែល​ធ្វើឲ្យ​អ្នក​រាល់​គ្នា​ច្រួល​ច្របល់ ក្រៀវ​ខ្លួនឯង​ទៅ! បង‌ប្អូន​អើយ ព្រះ​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ឲ្យ​មាន​សេរី‌ភាព តែ​សូម​កុំ​ប្រើ​សេរី​ភាព​របស់​អ្នក​រាល់​គ្នា​ជា​ឱកាស​សម្រាប់​សាច់​ឈាម​ឡើយ គឺ​ត្រូវ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់។ ដ្បិត​ក្រឹត្យ‌វិន័យ​ទាំង​មូល​បាន​សម្រេច​ក្នុង​ពាក្យ​មួយ​ឃ្លា​នេះ​ថា «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​ឯង» ។ ប៉ុន្ដែ បើ​អ្នក​រាល់​គ្នា​ប្រខាំគ្នា ហើយ​ហែក​ហួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ចូរ​ប្រយ័ត្នក្រែង​លោ​អ្នក​រាល់​គ្នា​វិនាស​អស់​រលីង​ទៅ។

ចែក​រំលែក
អាន កាឡាទី 5

កាឡាទី 5:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌គ្រិស្ត*​បាន​រំដោះ​យើង​ឲ្យ​មាន​សេរី‌ភាព​ពិត​ប្រាកដ ហេតុ​នេះ ចូរ​រក្សា​សេរី‌ភាព​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន កុំ​បណ្ដោយ​ខ្លួន​ធ្លាក់​ទៅ​ជា​ខ្ញុំ​បម្រើ​ទៀត​ឡើយ។ រីឯ​ខ្ញុំ ប៉ូល ខ្ញុំ​សូម​ជម្រាប​បងប្អូន​ថា ប្រសិន​បើ​បងប្អូន​ទទួល​ពិធី​កាត់​ស្បែក*​នោះ ព្រះ‌គ្រិស្ត​លែង​មាន​ប្រយោជន៍​អ្វី​ដល់​បងប្អូន​ទៀត​ហើយ។ ចំពោះ​អស់​អ្នក​ដែល​ចង់​ទទួល​ពិធី​កាត់​ស្បែក ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​ម្ដង​ទៀត​ថា ត្រូវ​តែ​កាន់​តាម​ក្រឹត្យ‌វិន័យ​ទាំង​ស្រុង​ផង​ទៅ។ ប្រសិន​បើ​បងប្អូន​ណា​ចង់​បាន​សុចរិត​ដោយ​ពឹង​ផ្អែក​លើ​ក្រឹត្យ‌វិន័យ បងប្អូន​នោះ​បែក​ចេញ​ពី​ព្រះ‌គ្រិស្ត ហើយ​ក៏​ដាច់​ចេញ​ពី​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ដែរ។ រីឯ​យើង​វិញ ដោយ​យើង​មាន​ជំនឿ ព្រះ‌វិញ្ញាណ​ជួយ​យើង​ឲ្យ​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជាម្ចាស់​ប្រោស​យើង​ឲ្យ​សុចរិត ស្រប​តាម​សេចក្ដី​សង្ឃឹម​របស់​យើង​ជា​មិន​ខាន។ ចំពោះ​អ្នក​ដែល​រួម​រស់​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក​នោះ មិន​សំខាន់​អ្វី​ឡើយ គឺ​មាន​តែ​ជំនឿ​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​ដោយ​ចិត្ត​ស្រឡាញ់​ប៉ុណ្ណោះ ទើប​សំខាន់។ បងប្អូន​បាន​ចាប់​ផ្ដើម​ជឿ​ល្អ​ណាស់ តើ​នរណា​រារាំង​បងប្អូន​មិន​ឲ្យ​ស្ដាប់​បង្គាប់​សេចក្ដី​ពិត​ដូច្នេះ? ការ​បញ្ចុះ‌បញ្ចូល​បែប​នេះ​មិន​មែន​មាន​ប្រភព​មក​ពី​ព្រះ‌ជាម្ចាស់ ដែល​បាន​ត្រាស់​ហៅ​បងប្អូន​ទេ។ «មេ​ម្សៅ​តែ​បន្តិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន» ។ ចំពោះ​ខ្ញុំ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ទុក​ចិត្ត​បងប្អូន​ថា បងប្អូន​មុខ​ជា​មិន​បែក​គំនិត​ទៅ​រក​អ្វី​ផ្សេង​សោះ​ឡើយ។ រីឯ​អ្នក​ដែល​ធ្វើ​ឲ្យ​បងប្អូន​កើត​វឹក‌វរ​នោះ​វិញ ទោះ​បី​នរណា​ក៏​ដោយ គេ​ត្រូវ​តែ​ទទួល​ទោស។ បងប្អូន​អើយ ចំពោះ​ខ្ញុំ​វិញ ប្រសិន​បើ​ខ្ញុំ​ប្រកាស​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក​ទៀត​នោះ ម្ដេច​ក៏​គេ​នៅ​តែ​បៀត‌បៀន​ខ្ញុំ​ទៀត? ប្រសិន​បើ​ខ្ញុំ​ប្រកាស​ដូច្នេះ ដំណឹង‌ល្អ​អំពី​ព្រះ‌គ្រិស្ត​ជាប់​ឆ្កាង​នឹង​លែង​ធ្វើ​ឲ្យ​គេ​រវាត​ចិត្ត ឃ្លាត​ចាក​ពី​ជំនឿ​ទៀត​ហើយ។ អ្នក​ដែល​នាំ​ឲ្យ​បងប្អូន​ជ្រួល‌ច្របល់​បែប​នេះ ត្រូវ​តែ​ឲ្យ​គេ​ក្រៀវ​ខ្លួន​ឯង​តែ​ម្ដង​ទៅ។ បងប្អូន​អើយ ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន​ឲ្យ​មាន​សេរី‌ភាព ក៏​ប៉ុន្តែ សូម​កុំ​យក​សេរី‌ភាព​នេះ​មក​ធ្វើ​ជា​លេស ដើម្បី​រស់​តាម​និស្ស័យ​លោកីយ៍​សោះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ត​ស្រឡាញ់ ដ្បិត​ក្រឹត្យ‌វិន័យ​ទាំង​មូល​សរុប​មក​ត្រឹម​តែ​ឃ្លា​មួយ​នេះ​ថា «អ្នក​ត្រូវ​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» ។ បើ​បងប្អូន​ប្រខាំ​គ្នា និង​ហែក‌ហួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ចូរ​ប្រយ័ត្ន​ក្រែង‌លោ​បងប្អូន​ត្រូវ​វិនាស​អន្តរាយ ដោយ‌សារ​តែ​គ្នា​ឯង។

ចែក​រំលែក
អាន កាឡាទី 5

កាឡាទី 5:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌គ្រីស្ទ​បាន​ប្រោស​យើង​ឲ្យ​រួច​ហើយ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​ឲ្យ​មាំ‌មួន ក្នុង​សេរី‌ភាព​នោះ​ចុះ កុំ​ឲ្យ​ត្រូវ​ជាប់​ចំណង​ជា​បាវ​បំរើ​ទៀត​ឡើយ នែ ប៉ុល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក នោះ​ព្រះ‌គ្រីស្ទ​គ្មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​សោះ ហើយ​ខ្ញុំ​ធ្វើ​បន្ទាល់​ម្តង​ទៀត ដល់​អស់​មនុស្ស​ដែល​កាត់​ស្បែក​ហើយ ថា​អ្នក​នោះ​ឯង​ជា​អ្នក​ជំពាក់​ក្រិត្យ‌វិន័យ នឹង​ត្រូវ​ធ្វើ​តាម​គ្រប់​ជំពូក អ្នក​រាល់​គ្នា​ណា​ដែល​ពឹង​ដល់​ក្រិត្យ‌វិន័យ ឲ្យ​បាន​រាប់​ជា​សុចរិត នោះ​ត្រូវ​កាត់​ចេញ​ពី​ព្រះ‌គ្រីស្ទ អ្នក​បាន​ធ្លាក់​ចេញ​ពី​ព្រះ‌គុណ​ហើយ ដ្បិត​យើង​រាល់​គ្នា​អាង​សេចក្ដី​ជំនឿ ដើម្បី​នឹង​រង់‌ចាំ​ដោយ​នូវ​ព្រះ‌វិញ្ញាណ ឲ្យ​បាន​សេចក្ដី​សុចរិត​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ ពី​ព្រោះ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​កាត់​ស្បែក​ឬ​មិន​កាត់ នោះ​មិន​ជា​ប្រយោជន៍​អ្វី​ទេ មាន​ប្រយោជន៍​តែ​សេចក្ដី​ជំនឿ ដែល​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ប៉ុណ្ណោះ អ្នក​រាល់​គ្នា​បាន​រត់​យ៉ាង​ល្អ​ហើយ តើ​អ្នក​ណា​បាន​ឃាត់​មិន​ឲ្យ​ស្តាប់​តាម​សេចក្ដី​ពិត​វិញ ការ​បញ្ចុះ‌បញ្ចូល​នេះ​មិន​មែន​មក​ពី​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​ទេ ដំបែ​តែ​បន្តិច អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង​បាន ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌អម្ចាស់​ថា អ្នក​រាល់​គ្នា​នឹង​គ្មាន​គំនិត​ណា​ផ្សេង​ទៀត​ឡើយ តែ​អ្នក​ដែល​បំភាន់​អ្នក​រាល់​គ្នា នោះ​នឹង​ត្រូវ​ទោស​វិញ ទោះ​បើ​ជា​អ្នក​ណា​ក៏​ដោយ ប៉ុន្តែ បង​ប្អូន​អើយ បើ​សិន​ជា​ខ្ញុំ​នៅ​តែ​ប្រដៅ​ឲ្យ​គេ​កាត់​ស្បែក នោះ​តើ​ហេតុ​អ្វី​បាន​ជា​គេ​នៅ​តែ​បៀត‌បៀន​ដល់​ខ្ញុំ​ទៀត បើ​ប្រដៅ​ដូច្នោះ នោះ​សេចក្ដី​បង្អាក់‌បង្អន់ ពី​រឿង​ឈើ​ឆ្កាង ត្រូវ​បាត់​ហើយ បើ​ពួក​អ្នក​ដែល​បំភាន់​អ្នក​រាល់​គ្នា​បាន​កាត់​ខ្លួន​គេ​ចោល​ចេញ នោះ​ខ្ញុំ​ចូល​ចិត្ត​ណាស់។ បង​ប្អូន​អើយ ព្រះ‌ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេរី‌ភាព តែ​កុំ​ឲ្យ​ប្រើ​សេរី​នោះ ទុក​ជា​ឱកាស​ដល់​សាច់​ឈាម​ឡើយ គឺ​ត្រូវ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់​វិញ ដ្បិត​ក្រិត្យ‌វិន័យ​ទាំង​មូល បាន​សំរេច​មក​ក្នុង​ពាក្យ​តែ​១​ម៉ាត់​នេះ​ថា «ចូរ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង» បើ​អ្នក​រាល់​គ្នា​ចេះ​តែ​ប្រខាំ ហើយ​ហែក​គ្នា​ស៊ី​ទៅ​វិញ​ទៅ​មក នោះ​ត្រូវ​ប្រយ័ត​ចុះ ក្រែង​លោ​វិនាស​អស់​រលីង​ទៅ។

ចែក​រំលែក
អាន កាឡាទី 5

កាឡាទី 5:1-15

កាឡាទី 5:1-15 គខបកាឡាទី 5:1-15 គខបកាឡាទី 5:1-15 គខបកាឡាទី 5:1-15 គខបកាឡាទី 5:1-15 គខបកាឡាទី 5:1-15 គខបកាឡាទី 5:1-15 គខបកាឡាទី 5:1-15 គខប