កាឡាទី 3:15-29

កាឡាទី 3:15-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ខ្ញុំ​សូម​លើក​យក​ឧទាហរណ៍​មួយ​មក​ជម្រាប​ថា ប្រសិន​បើ​ពាក្យ​បណ្ដាំ​របស់​មនុស្ស​មាន​ចែង​ទុក​ត្រឹម​ត្រូវ​ហើយ គ្មាន​នរណា​ម្នាក់​លុប​បំបាត់ ឬ​បន្ថែម​បន្ថយ​អ្វី​បាន​ទេ។ យ៉ាង​ណា‌មិញ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ដល់​លោក​អប្រាហាំ និង​ដល់​ពូជ‌ពង្ស​របស់​លោក។ ក្នុង​គម្ពីរ​ពុំ​មាន​ចែង​ថា «ដល់​ពូជ‌ពង្ស​ទាំង‌ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​ដ៏​ច្រើន​ឡើយ គឺ​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​តែ​ម្នាក់​ប៉ុណ្ណោះ: «ដល់​ពូជ‌ពង្ស​របស់​អ្នក» ពោល​គឺ​ព្រះ‌គ្រិស្ត។ ខ្ញុំ​និយាយ​ដូច្នេះ ចង់​ពន្យល់​ថា ព្រះ‌ជាម្ចាស់​បាន​ទុក​ពាក្យ​បណ្ដាំ​មួយ​យ៉ាង​ត្រឹម​ត្រូវ​រួច​ស្រេច​ហើយ។ រីឯ​ក្រឹត្យ‌វិន័យ​ដែល​មក​ដល់​បួន​រយ​សាម‌សិប​ឆ្នាំ​ក្រោយ​មក​ទៀត​នោះ ពុំ​បាន​លុប​បំបាត់​ពាក្យ​បណ្ដាំ​របស់​ព្រះអង្គ​ឡើយ បើ​ពុំ​នោះ​ទេ ព្រះ‌បន្ទូល​សន្យា​មុខ​ជា​បាត់​ខ្លឹម‌សារ​មិន​ខាន។ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ប្រទាន​មត៌ក​មក​មនុស្ស ព្រោះ​គេ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ បាន​សេចក្ដី​ថា គេ​មិន​ទទួល​មត៌ក​នោះ​តាម​ព្រះ‌បន្ទូល​សន្យា​ទៀត​ឡើយ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​លោក​អប្រាហាំ ដោយ‌សារ​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ។ បើ​ដូច្នោះ តើ​ក្រឹត្យ‌វិន័យ​មាន​ប្រយោជន៍​អ្វី? ក្រឹត្យ‌វិន័យ​កើត​មាន​មក​តាម​ក្រោយ ដើម្បី​បង្ហាញ​បទ​ល្មើស​របស់​មនុស្ស ហើយ​មាន​ខ្លឹម‌សារ​រហូត​ដល់​ពូជ‌ពង្ស ដែល​ត្រូវ​ទទួល​មត៌ក​តាម​ព្រះ‌បន្ទូល​សន្យា​យាង​មក​ដល់។ ពួក​ទេវតា*​បាន​នាំ​យក​ក្រឹត្យ‌វិន័យ​នេះ​មក តាម​រយៈ​មនុស្ស​ម្នាក់ ដែល​ជួយ​ធ្វើ​អន្តរា‌គមន៍ ។ ប៉ុន្តែ ប្រសិន​បើ​មាន​តែ​ម្នាក់​នោះ មិន​បាច់​ឲ្យ​មាន​នរណា​ធ្វើ​អន្តរា‌គមន៍​ឡើយ។ រីឯ​ព្រះ‌ជាម្ចាស់​វិញ មាន​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ។ ដូច្នេះ តើ​បាន​សេចក្ដី​ថា ក្រឹត្យ‌វិន័យ​ទាស់​នឹង​ព្រះ‌បន្ទូល​សន្យា​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! ប្រសិន​បើ​ក្រឹត្យ‌វិន័យ​ដែល​មនុស្ស​បាន​ទទួល​អាច​ផ្ដល់​ជីវិត បាន​សេចក្ដី​ថា មនុស្ស​នឹង​បាន​សុចរិត​ដោយ‌សារ​ក្រឹត្យ‌វិន័យ​មែន ក៏​ប៉ុន្តែ ក្នុង​គម្ពីរ​មាន​ចែង​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោម​អំណាច​បាប ដើម្បី​ឲ្យ​អស់​អ្នក​ជឿ​បាន​ទទួល​ផល ស្រប​តាម​ព្រះ‌បន្ទូល​សន្យា ព្រោះ​គេ​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ​គ្រិស្ត។ មុន​ពេល​ជំនឿ​មក​ដល់ យើង​ជាប់​ឃុំ‌ឃាំង​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ ទាំង​រង់‌ចាំ​ជំនឿ​ដែល​នឹង​ត្រូវ​លេច​ចេញ​មក។ ដូច្នេះ ក្រឹត្យ‌វិន័យ​មាន​នាទី​ណែ‌នាំ​យើង​ទៅ​កាន់​ព្រះ‌គ្រិស្ត ដើម្បី​ឲ្យ​យើង​បាន​សុចរិត​ដោយ‌សារ​ជំនឿ។ កាល​ណា​ជំនឿ​មក​ដល់​ហើយ យើង​មិន​ស្ថិត​នៅ​ក្រោម​ឱវាទ​របស់​អ្វី​ដែល​ណែ‌នាំ​យើង​នោះ​ទៀត​ទេ ដ្បិត​ដោយ‌សារ​ជំនឿ​លើ​ព្រះគ្រិស្ត‌យេស៊ូ បងប្អូន​សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់។ បងប្អូន​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក* ដើម្បី​ឲ្យ​បាន​រួម​ជា​មួយ​ព្រះ‌គ្រិស្ត បងប្អូន​ក៏​មាន​ព្រះ‌គ្រិស្ត​នៅ​ជាប់​ជា​មួយ​ដែរ ។ ដូច្នេះ គ្មាន​សាសន៍​យូដា គ្មាន​សាសន៍​ក្រិក​ទៀត​ទេ ហើយ​ក៏​គ្មាន​អ្នក​ងារ គ្មាន​អ្នក​ជា គ្មាន​បុរស គ្មាន​ស្ត្រី​ទៀត​ដែរ គឺ​បងប្អូន​ទាំង​អស់​បាន​រួម​គ្នា​មក​ជា​អង្គ​តែ​មួយ ក្នុង​ព្រះគ្រិស្ត‌យេស៊ូ។ ប្រសិន​បើ​បងប្អូន​ចូល​រួម​ជា​មួយ​ព្រះ‌គ្រិស្ត បងប្អូន​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ ហើយ​ក៏​ត្រូវ​ទទួល​មត៌ក​តាម​ព្រះ‌បន្ទូល​សន្យា​ដែរ។

ចែក​រំលែក
អាន កាឡាទី 3

កាឡាទី 3:15-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ ខ្ញុំ​សូម​លើក​ឧទាហរណ៍​មួយ​អំពី​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ថា កាល​បើ​កិច្ច​ព្រម​ព្រៀង​របស់​មនុស្ស​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ហើយ គ្មាន​អ្នក​ណា​អាច​លុប​បំបាត់ ឬ​បន្ថែម​អ្វី​បាន​ឡើយ។ ឥឡូវ​នេះ សេចក្ដី​សន្យា​ដែល​ព្រះ​បាន​តាំង​ដល់​លោក​អ័ប្រា‌ហាំ និង​ដល់​ពូជ​របស់​លោក មិន​មាន​ចែង​ថា «ដល់​ពូជ​ទាំង​ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ​ជា​ច្រើន​នោះ​ឡើយ គឺ​សំដៅទៅ​លើ​ម្នាក់​វិញ ដោយ​ថា «និង​ដល់​ពូជ​របស់​អ្នក» ពោល​គឺ​ព្រះ‌គ្រីស្ទ។ ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា ក្រឹត្យ‌វិន័យ​ដែល​មក​ដល់​បួនរយ​សាមសិប​ឆ្នាំ​ក្រោយ មិន​មែន​លុប​ចោល​សេចក្តី​សញ្ញា ដែល​ព្រះ​បាន​ទទួល​ស្គាល់​ពី​មុន​នោះ​ឡើយ ពុំ​នោះ​ទេ​សេចក្តី​សន្យា​នឹង​ទៅ​ជា​អសា​ឥត​ការ។ ដ្បិត​ប្រសិន‌បើ​មត៌ក​នោះ​បាន​មក​ដោយ​អាង​លើក្រឹត្យ‌វិន័យ នោះ​មិន​អាង​លើ​សេចក្ដី​សន្យា​ទេ តែ​ព្រះ​បាន​ប្រទាន​មត៌ក​នោះ​ដល់​លោក​អ័ប្រា‌ហាំ តាម​សេចក្ដី​សន្យា​វិញ។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​មាន​ក្រឹត្យ‌វិន័យ? ក្រឹត្យ‌វិន័យ​បន្ថែម​ដោយ​ព្រោះ​អំពើ​រំលង​ច្បាប់ រហូត​ដល់​ពូជ​ដែល​ព្រះ​បាន​សន្យា​នោះ​យាង​មក​ដល់ ហើយ​ពួក​ទេវតា​បាន​នាំ​យក​ក្រឹត្យ‌វិន័យ​នេះ​មក តាម​រយៈ​អ្នក​កណ្ដាល​ម្នាក់។ អ្នក​កណ្ដាល​មិន​មែន​សម្រាប់​តែ​ភាគី​ម្ខាង​នោះ​ឡើយ រីឯ​ព្រះ​វិញ មាន​តែ​មួយព្រះ‌អង្គ​ប៉ុណ្ណោះ។ ដូច្នេះ តើ​ក្រឹត្យ‌វិន័យ​ទាស់​ទទឹង​នឹង​សេចក្ដី​សន្យា​របស់​ព្រះ​ឬ? មិន​មែន​ទេ! ដ្បិត​ប្រសិន‌បើ​មាន​ក្រឹត្យ‌វិន័យ​ណា​ដែល​មនុស្ស​ទទួល ហើយ​អាច​នឹង​ធ្វើ​ឲ្យ​រស់​បាន នោះ​ប្រាកដ​ជា​សេចក្ដី​សុចរិត​នឹង​មក ដោយ‌សារ​ក្រឹត្យ‌វិន័យ​នោះ​ហើយ។ ប៉ុន្តែ គម្ពីរ​បាន​បង្ខាំង​គ្រប់​ទាំង​អស់​ក្រោម​អំពើ​បាប ដើម្បី​ឲ្យ​សេចក្ដី​សន្យា​ដោយ​សារ​ជំនឿ​ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ជឿ។ មុន​ពេល​ជំនឿ​ចូល​មក យើង​បានជាប់​ឃុំ​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ទាំង​បង្ខាំង​ទុក​រហូត​ទាល់​តែ​ជំនឿ​ត្រូវ​លេច​ចេញ​មក។ ដូច្នេះ ក្រឹត្យ‌វិន័យ​ជា​អ្នក​មើល​ថែ​យើង រហូត​ដល់​ព្រះ‌គ្រីស្ទ​យាង​មក ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត​ដោយ​សារ​ជំនឿ។ ឥឡូវ​នេះ ជំនឿ​បាន​មក​ដល់​ហើយ យើង​មិន​នៅ​ក្រោម​អំណាច​របស់​អ្នក​មើល​ថែ​នោះ​ទៀត​ទេ ដ្បិត​នៅ​ក្នុង​ព្រះ​គ្រីស្ទ‌យេស៊ូវ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​របស់​ព្រះ។ ដ្បិត​អស់​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​រួម​ជាមួយ​ព្រះ‌គ្រីស្ទ នោះ​បាន​ប្រដាប់​ខ្លួន​ដោយ​ព្រះ‌គ្រីស្ទ​ហើយ។ គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រិក គ្មាន​បាវ​បម្រើ ឬ​អ្នក​ជា គ្មាន​ប្រុស ឬ​គ្មាន​ស្រី​ទៀត​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ជា​របស់​ព្រះ‌គ្រីស្ទ នោះ​អ្នក​រាល់​គ្នា​ជា​ពូជ​របស់​លោក​អ័ប្រា‌ហាំ ជា​អ្នក​គ្រង​មត៌ក​តាម​សេចក្ដី​សន្យា។

ចែក​រំលែក
អាន កាឡាទី 3

កាឡាទី 3:15-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បង​ប្អូន​អើយ ខ្ញុំ​និយាយ​តាម​បែប​ភាព​មនុស្ស​ថា សូម្បី​តែ​សេចក្ដី​សញ្ញា​របស់​មនុស្ស បើ​គេ​យល់​ព្រម​តាំង​នឹង​គ្នា​ជា​ស្រេច​ហើយ នោះ​គ្មាន​អ្នក​ណា​នឹង​លើក​ចោល ឬ​បន្ថែម​បញ្ចូល​អ្វី​ឡើយ រីឯ​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន នោះ​បាន​តាំង​នឹង​លោក​អ័ប្រា‌ហាំ ហើយ​នឹង​ពូជ​លោក តែ​ទ្រង់​មិន​បាន​មាន​បន្ទូល​ថា «នឹង​ពូជ​ទាំង​ប៉ុន្មាន» ដូច​ជា​មាន​ពូជ​ជា​ច្រើន​នោះ​ទេ គឺ​ចំពោះ​ពូជ​តែ​១​វិញ ដោយ​ថា «នឹង​ពូជ​លោក​១​នោះ​ឯង» គឺ​ជា​ព្រះ‌គ្រីស្ទ ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា សេចក្ដី​សញ្ញា​ដែល​ព្រះ​បាន​យល់​ព្រម​ជា​មុន នោះ​ក្រិត្យ‌វិន័យ ដែល​កើត​ឡើង​៤៣០​ឆ្នាំ​ជា​ក្រោយ​នឹង​លើក​ចោល ឲ្យ​សេចក្ដី​សញ្ញា​នោះ​ទៅ​ជា​ឥត​ប្រយោជន៍​មិន​បាន ដ្បិត​បើ​សិន​ជា​មរដក​នោះ​បាន​មក ដោយ​អាង​ក្រិត្យ‌វិន័យ នោះ​មិន​មែន​អាង​សេចក្ដី​សន្យា​ទៀត​ទេ តែ​ព្រះ‌ទ្រង់​បាន​ប្រទាន​ដល់​លោក​អ័ប្រា‌ហាំ តាម​សេចក្ដី​សន្យា​វិញ ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​មាន​ក្រិត្យ‌វិន័យ នោះ​គឺ​បាន​បន្ថែម​បញ្ចូល ដោយ​ព្រោះ​សេចក្ដី​រំលង​ច្បាប់ ទាល់​តែ​ពូជ​បាន​កើត​ឡើង ដែល​ទ្រង់​តាំង​សេចក្ដី​សន្យា​នោះ​ឲ្យ ដោយ‌សារ​ពួក​ទេវតា នៅ​ដៃ​នៃ​អ្នក​កណ្តាល​ម្នាក់ រីឯ​អ្នក​កណ្តាល នោះ​មិន​មែន​បង្រួប‌បង្រួម​អ្នក​ណា​តែ​ម្នាក់​ឯង​នោះ​ឡើយ តែ​ចំណែក​ព្រះ ទ្រង់​ជា​ព្រះ​តែ​១​ទេ។ ដូច្នេះ តើ​ក្រិត្យ‌វិន័យ​ទាស់​ទទឹង​នឹង​សេចក្ដី​សន្យា​នៃ​ព្រះ​ឬ​អី មិន​មែន​ទេ ដ្បិត​បើ​សិន​ជា​មាន​ក្រិត្យ‌វិន័យ​ណា​ប្រទាន​មក ដែល​អាច​នឹង​ធ្វើ​ឲ្យ​រស់​បាន នោះ​ប្រាកដ​ជា​សេចក្ដី​សុចរិត​នឹង​មក ដោយ‌សារ​ក្រិត្យ‌វិន័យ​នោះ​ហើយ ប៉ុន្តែ គម្ពីរ​បាន​បង្ខាំង​គ្រប់​ទាំង​អស់​ក្នុង​អំពើ​បាប ដើម្បី​ឲ្យ​សេចក្ដី​ដែល​ទ្រង់​សន្យា បាន​ប្រទាន​មក​ដល់​ពួក​អ្នក​ជឿ​វិញ ដោយ‌សារ​សេចក្ដី​ជំនឿ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ តែ​កាល​មុន​ដែល​មាន​សេចក្ដី​ជំនឿ​ចូល​មក នោះ​យើង​រាល់​គ្នា​ត្រូវ​បង្ខាំង​នៅ​ក្រោម​ក្រិត្យ‌វិន័យ គឺ​ត្រូវ​ឃុំ​ទុក សំរាប់​សេចក្ដី​ជំនឿ ដែល​ត្រូវ​លេច​មក បាន​ជា​ក្រិត្យ‌វិន័យ​ធ្វើ​ជា​អ្នក​ដឹក‌នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត ដោយ​អាង​សេចក្ដី​ជំនឿ តែ​លុះ​កាល​សេចក្ដី​ជំនឿ​បាន​មក​ដល់ នោះ​យើង​មិន​មែន​នៅ​ក្រោម​អំណាច របស់​អ្នក​ដឹក‌នាំ​នោះ​ទៀត​ទេ ដ្បិត​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​ព្រះ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ ព្រោះ​អស់​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះ‌គ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​ប្រដាប់​កាយ​ដោយ​ព្រះ‌គ្រីស្ទ​ហើយ គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រេក គ្មាន​បាវ​បំរើ ឬ​អ្នក​ជា គ្មាន​ប្រុស នឹង​ស្រី​ទៀត​ទេ ពី​ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ហើយ​បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​ក៏​ពេញ​ជា​ពូជ​របស់​លោក​អ័ប្រា‌ហាំ​ហើយ ក៏​ជា​អ្នក​គ្រង​មរដក​តាម​សេចក្ដី​សន្យា​ផង។

ចែក​រំលែក
អាន កាឡាទី 3