កាឡាទី 3
3
1ឱពួកអ្នកស្រុកកាឡាទីឥតបើគិតអើយ ដែលបានបើកសំដែងព្រះយេស៊ូវគ្រីស្ទមកយ៉ាងច្បាស់ នៅភ្នែកអ្នករាល់គ្នា ហើយទាំងជាប់ឆ្កាងផង នោះតើអ្នកណាបានធ្វើអំពើដាក់អ្នករាល់គ្នា ឲ្យលែងស្តាប់តាមសេចក្ដីពិតវិញដូច្នេះ 2ខ្ញុំចង់សួរអ្នករាល់គ្នាតែប៉ុណ្ណេះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណ ដោយប្រព្រឹត្តតាមក្រិត្យវិន័យ ឬដោយបានស្តាប់ ទាំងមានសេចក្ដីជំនឿ 3តើអ្នករាល់គ្នាជាមនុស្សឥតបើគិតជាខ្លាំងដល់ម៉្លេះឬអី ដែលបានចាប់ផ្តើម ដោយព្រះវិញ្ញាណហើយ តើឥឡូវនេះបានគ្រប់លក្ខណ៍ឡើង ដោយសាច់ឈាមវិញឬ 4តើបានរងទុក្ខច្រើនម៉្លេះជាឥតប្រយោជន៍ឬអី គឺបើជាឥតប្រយោជន៍មែន 5ឯព្រះ ដែលទ្រង់ប្រទានព្រះវិញ្ញាណមកអ្នករាល់គ្នា ហើយធ្វើការឫទ្ធិបារមីក្នុងពួកអ្នករាល់គ្នា នោះតើដោយអ្នករាល់គ្នាប្រព្រឹត្តតាមក្រិត្យវិន័យ ឬដោយស្តាប់ ទាំងមានសេចក្ដីជំនឿវិញ 6ដូចជាលោកអ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្ដីនោះ បានរាប់ជាសេចក្ដីសុចរិតដល់លោក 7ដូច្នេះ ចូរដឹងថា ពួកអ្នកដែលមានសេចក្ដីជំនឿ នោះជាពូជលោកអ័ប្រាហាំហើយ 8ហើយដោយគម្ពីរបានដឹងជាមុនថា ព្រះទ្រង់នឹងរាប់ពួកសាសន៍ដទៃជាសុចរិត ដោយសេចក្ដីជំនឿ បានជាមានសេចក្ដីប្រកាសប្រាប់មក ដល់លោកអ័ប្រាហាំជាមុនថា «អស់ទាំងសាសន៍នឹងបានពរដោយសារឯង» 9ដូច្នេះ អស់អ្នកដែលមានសេចក្ដីជំនឿ នោះឈ្មោះថាបានពរជាមួយនឹងលោកអ័ប្រាហាំ ដែលជាអ្នកជឿដែរ 10តែអស់អ្នកដែលអាងដល់ការប្រព្រឹត្តតាមក្រិត្យវិន័យ នោះត្រូវបណ្តាសាវិញ ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្តាសាហើយ អស់អ្នកណាដែលមិនកាន់ខ្ជាប់តាមគ្រប់ទាំងសេចក្ដី ដែលកត់ទុកក្នុងគម្ពីរក្រិត្យវិន័យ ដើម្បីនឹងប្រព្រឹត្តតាម» 11ហើយច្បាស់ជាគ្មានអ្នកណាបានរាប់ជាសុចរិត នៅចំពោះព្រះ ដោយសារក្រិត្យវិន័យឡើយ ពីព្រោះ«មនុស្សសុចរិតនឹងរស់ ដោយអាងសេចក្ដីជំនឿ» 12ឯក្រិត្យវិន័យ មិនអាងសេចក្ដីជំនឿទេ គឺអ្នកណាដែលអាចនឹងប្រព្រឹត្ត តាមសេចក្ដីទាំងនោះបាន អ្នកនោះនឹងរស់នៅ ដោយសារសេចក្ដីទាំងនោះ 13ព្រះគ្រីស្ទទ្រង់បានលោះយើងរាល់គ្នា ឲ្យរួចពីសេចក្ដីបណ្តាសារបស់ក្រិត្យវិន័យ ដោយទ្រង់ត្រូវបណ្តាសាជំនួសយើងរាល់គ្នា (ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្តាសាហើយ អ្នកណាដែលត្រូវព្យួរនៅលើឈើ») 14ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ បានមកដល់អស់ទាំងសាសន៍ក្នុងព្រះគ្រីស្ទយេស៊ូវ ប្រយោជន៍ឲ្យយើងបានទទួលសេចក្ដីសន្យា គឺជាព្រះវិញ្ញាណ ដោយសារសេចក្ដីជំនឿ។
15បងប្អូនអើយ ខ្ញុំនិយាយតាមបែបភាពមនុស្សថា សូម្បីតែសេចក្ដីសញ្ញារបស់មនុស្ស បើគេយល់ព្រមតាំងនឹងគ្នាជាស្រេចហើយ នោះគ្មានអ្នកណានឹងលើកចោល ឬបន្ថែមបញ្ចូលអ្វីឡើយ 16រីឯសេចក្ដីសន្យាទាំងប៉ុន្មាន នោះបានតាំងនឹងលោកអ័ប្រាហាំ ហើយនឹងពូជលោក តែទ្រង់មិនបានមានបន្ទូលថា «នឹងពូជទាំងប៉ុន្មាន» ដូចជាមានពូជជាច្រើននោះទេ គឺចំពោះពូជតែ១វិញ ដោយថា «នឹងពូជលោក១នោះឯង» គឺជាព្រះគ្រីស្ទ 17ខ្ញុំចង់និយាយដូច្នេះថា សេចក្ដីសញ្ញាដែលព្រះបានយល់ព្រមជាមុន នោះក្រិត្យវិន័យ ដែលកើតឡើង៤៣០ឆ្នាំជាក្រោយនឹងលើកចោល ឲ្យសេចក្ដីសញ្ញានោះទៅជាឥតប្រយោជន៍មិនបាន 18ដ្បិតបើសិនជាមរដកនោះបានមក ដោយអាងក្រិត្យវិន័យ នោះមិនមែនអាងសេចក្ដីសន្យាទៀតទេ តែព្រះទ្រង់បានប្រទានដល់លោកអ័ប្រាហាំ តាមសេចក្ដីសន្យាវិញ 19ដូច្នេះ តើហេតុអ្វីបានជាមានក្រិត្យវិន័យ នោះគឺបានបន្ថែមបញ្ចូល ដោយព្រោះសេចក្ដីរំលងច្បាប់ ទាល់តែពូជបានកើតឡើង ដែលទ្រង់តាំងសេចក្ដីសន្យានោះឲ្យ ដោយសារពួកទេវតា នៅដៃនៃអ្នកកណ្តាលម្នាក់ 20រីឯអ្នកកណ្តាល នោះមិនមែនបង្រួបបង្រួមអ្នកណាតែម្នាក់ឯងនោះឡើយ តែចំណែកព្រះ ទ្រង់ជាព្រះតែ១ទេ។
21ដូច្នេះ តើក្រិត្យវិន័យទាស់ទទឹងនឹងសេចក្ដីសន្យានៃព្រះឬអី មិនមែនទេ ដ្បិតបើសិនជាមានក្រិត្យវិន័យណាប្រទានមក ដែលអាចនឹងធ្វើឲ្យរស់បាន នោះប្រាកដជាសេចក្ដីសុចរិតនឹងមក ដោយសារក្រិត្យវិន័យនោះហើយ 22ប៉ុន្តែ គម្ពីរបានបង្ខាំងគ្រប់ទាំងអស់ក្នុងអំពើបាប ដើម្បីឲ្យសេចក្ដីដែលទ្រង់សន្យា បានប្រទានមកដល់ពួកអ្នកជឿវិញ ដោយសារសេចក្ដីជំនឿដល់ព្រះយេស៊ូវគ្រីស្ទ 23តែកាលមុនដែលមានសេចក្ដីជំនឿចូលមក នោះយើងរាល់គ្នាត្រូវបង្ខាំងនៅក្រោមក្រិត្យវិន័យ គឺត្រូវឃុំទុក សំរាប់សេចក្ដីជំនឿ ដែលត្រូវលេចមក 24បានជាក្រិត្យវិន័យធ្វើជាអ្នកដឹកនាំយើងរាល់គ្នាទៅដល់ព្រះគ្រីស្ទ ដើម្បីឲ្យយើងបានរាប់ជាសុចរិត ដោយអាងសេចក្ដីជំនឿ 25តែលុះកាលសេចក្ដីជំនឿបានមកដល់ នោះយើងមិនមែននៅក្រោមអំណាច របស់អ្នកដឹកនាំនោះទៀតទេ 26ដ្បិតអ្នករាល់គ្នាសុទ្ធតែជាកូនព្រះ ដោយសារសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ 27ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ 28គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស នឹងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ 29ហើយបើអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះក៏ពេញជាពូជរបស់លោកអ័ប្រាហាំហើយ ក៏ជាអ្នកគ្រងមរដកតាមសេចក្ដីសន្យាផង។
ទើបបានជ្រើសរើសហើយ៖
កាឡាទី 3: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.