កាឡាទី 1:13-17
កាឡាទី 1:13-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនបានឮគេនិយាយអំពីកិរិយាមារយាទរបស់ខ្ញុំកាលពីដើមស្រាប់ហើយ គឺពេលខ្ញុំកាន់សាសនាយូដានៅឡើយ ខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់យ៉ាងកាចសាហាវបំផុត ហើយខ្ញុំក៏ចង់កម្ទេចក្រុមជំនុំនេះទៀតផង។ ខ្ញុំបានកាន់សាសនាយូដាយ៉ាងល្អប្រសើរជាងអស់អ្នកដែលមានអាយុស្រករៗខ្ញុំ និងជាងជនរួមជាតិរបស់ខ្ញុំទៅទៀត ដ្បិតខ្ញុំមានចិត្តខ្នះខ្នែងកាន់តាមប្រពៃណីបុព្វបុរសរបស់ខ្ញុំហួសប្រមាណ។ ប៉ុន្តែ ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំទុកដោយឡែក តាំងពីក្នុងផ្ទៃម្ដាយមកម៉្លេះ ហើយព្រះអង្គបានត្រាស់ហៅខ្ញុំ ដោយព្រះគុណរបស់ព្រះអង្គ។ នៅពេលព្រះអង្គសព្វព្រះហឫទ័យសម្តែងឲ្យខ្ញុំស្គាល់ព្រះបុត្រារបស់ព្រះអង្គ ដើម្បីឲ្យខ្ញុំនាំដំណឹងល្អអំពីព្រះបុត្រាទៅជូនសាសន៍ដទៃ ខ្ញុំពុំបានទៅសួរយោបល់ពីមនុស្សណាម្នាក់ ឡើយ។ ខ្ញុំក៏ពុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីជួបអស់លោកដែលជាសាវ័ក*មុនខ្ញុំដែរ គឺខ្ញុំបានធ្វើដំណើរទៅស្រុកអារ៉ាប់ រួចក៏ត្រឡប់មកក្រុងដាម៉ាសវិញ។
កាឡាទី 1:13-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតអ្នករាល់គ្នាបានឮពីកិរិយារបស់ខ្ញុំ នៅក្នុងសាសនាយូដាកាលពីដើមហើយថា ខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះយ៉ាងកាចសាហាវ ហើយបានព្យាយាមបំផ្លាញក្រុមជំនុំនេះទៀតផង។ ខ្ញុំបានកាន់តាមសាសនាយូដាយ៉ាងល្អ លើសជាងជនរួមជាតិរបស់ខ្ញុំ ដែលស្រករៗនឹងខ្ញុំទៅទៀត ព្រោះខ្ញុំមានចិត្តខ្នះខ្នែងកាន់តាមប្រពៃណីបុព្វបុរសរបស់ខ្ញុំហួសប្រមាណ។ ប៉ុន្តែ ព្រះបានរើសខ្ញុំតាំងពីផ្ទៃម្តាយមក ហើយទ្រង់បានត្រាស់ហៅខ្ញុំដោយព្រះគុណរបស់ព្រះអង្គ ព្រះអង្គសព្វព្រះហឫទ័យបើកសម្តែងឲ្យខ្ញុំស្គាល់ព្រះរាជបុត្រារបស់ព្រះអង្គ ដើម្បីឲ្យខ្ញុំបានប្រកាសអំពីព្រះអង្គក្នុងចំណោមសាសន៍ដទៃ ខ្ញុំមិនបានទៅប្រឹក្សាជាមួយអ្នកណាម្នាក់ឡើយ ក៏មិនបានឡើងទៅជួបអស់លោកដែលជាសាវកមុនខ្ញុំនៅក្រុងយេរូសាឡិមដែរ គឺបានធ្វើដំណើរទៅស្រុកអារ៉ាប់ភ្លាម រួចក៏ត្រឡប់មកក្រុងដាម៉ាសវិញ។
កាឡាទី 1:13-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នករាល់គ្នាបានឮនិយាយពីកិរិយារបស់ខ្ញុំ នៅក្នុងសាសនាពួកយូដាកាលពីដើម ថាខ្ញុំបានធ្វើទុក្ខបៀតបៀន ហើយបំផ្លាញដល់ពួកជំនុំនៃព្រះជាខ្លាំងណាស់ ហើយថា ខ្ញុំកំពុងតែជឿនឡើងក្នុងសាសនារបស់ពួកយូដា លើសជាងពួកសាសន៍ខ្ញុំ ដែលស្រករនឹងខ្ញុំជាច្រើនដែរ ពីព្រោះខ្ញុំមានចិត្តឧស្សាហ៍ តាមសណ្តាប់បុរាណរបស់ពួកឰយុកោខ្ញុំ លើសជាងគេសន្ធឹក ប៉ុន្តែ កាលព្រះដែលរើសខ្ញុំតាំងពីផ្ទៃម្តាយមក ហើយបានហៅខ្ញុំដោយព្រះគុណទ្រង់ បានសព្វព្រះហឫទ័យ នឹងបើកសំដែងព្រះរាជបុត្រាទ្រង់ មកក្នុងខ្ញុំ ដើម្បីឲ្យខ្ញុំបានផ្សាយដំណឹងល្អពីទ្រង់ ដល់ពួកសាសន៍ដទៃ នោះខ្ញុំមិនបានទៅប្រឹក្សានឹងសាច់ឈាមទេ ក៏មិនបានឡើងទៅឯពួកអ្នក ដែលជាសាវកមុនខ្ញុំ នៅក្រុងយេរូសាឡិមដែរ គឺបានឡើងទៅឯស្រុកអារ៉ាប់ភ្លាម រួចត្រឡប់ទៅក្រុងដាម៉ាសវិញ