កាឡាទី 1:11-24
កាឡាទី 1:11-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ ខ្ញុំសូមជម្រាបបងប្អូនថា ដំណឹងល្អ*ដែលខ្ញុំបាននាំមកជូនបងប្អូន មិនមែនមានប្រភពចេញមកពីមនុស្សលោកទេ រីឯខ្ញុំផ្ទាល់ ខ្ញុំក៏ពុំបានទទួល ឬរៀនពីមនុស្សណាម្នាក់ដែរ គឺព្រះយេស៊ូគ្រិស្ត*ឯណោះ ដែលបានសម្តែងឲ្យខ្ញុំស្គាល់។ បងប្អូនបានឮគេនិយាយអំពីកិរិយាមារយាទរបស់ខ្ញុំកាលពីដើមស្រាប់ហើយ គឺពេលខ្ញុំកាន់សាសនាយូដានៅឡើយ ខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់យ៉ាងកាចសាហាវបំផុត ហើយខ្ញុំក៏ចង់កម្ទេចក្រុមជំនុំនេះទៀតផង។ ខ្ញុំបានកាន់សាសនាយូដាយ៉ាងល្អប្រសើរជាងអស់អ្នកដែលមានអាយុស្រករៗខ្ញុំ និងជាងជនរួមជាតិរបស់ខ្ញុំទៅទៀត ដ្បិតខ្ញុំមានចិត្តខ្នះខ្នែងកាន់តាមប្រពៃណីបុព្វបុរសរបស់ខ្ញុំហួសប្រមាណ។ ប៉ុន្តែ ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំទុកដោយឡែក តាំងពីក្នុងផ្ទៃម្ដាយមកម៉្លេះ ហើយព្រះអង្គបានត្រាស់ហៅខ្ញុំ ដោយព្រះគុណរបស់ព្រះអង្គ។ នៅពេលព្រះអង្គសព្វព្រះហឫទ័យសម្តែងឲ្យខ្ញុំស្គាល់ព្រះបុត្រារបស់ព្រះអង្គ ដើម្បីឲ្យខ្ញុំនាំដំណឹងល្អអំពីព្រះបុត្រាទៅជូនសាសន៍ដទៃ ខ្ញុំពុំបានទៅសួរយោបល់ពីមនុស្សណាម្នាក់ ឡើយ។ ខ្ញុំក៏ពុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីជួបអស់លោកដែលជាសាវ័ក*មុនខ្ញុំដែរ គឺខ្ញុំបានធ្វើដំណើរទៅស្រុកអារ៉ាប់ រួចក៏ត្រឡប់មកក្រុងដាម៉ាសវិញ។ បីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីឲ្យបានស្គាល់លោកពេត្រុស ហើយខ្ញុំស្នាក់នៅជាមួយលោក អស់រយៈពេលដប់ប្រាំថ្ងៃ។ ប៉ុន្តែ ខ្ញុំពុំបានជួបនឹងសាវ័ក*ណាផ្សេងទៀតឡើយ លើកលែងតែលោកយ៉ាកុប ជាប្អូនរបស់ព្រះអម្ចាស់ប៉ុណ្ណោះ។ សេចក្ដីដែលខ្ញុំសរសេរមកជូនបងប្អូននេះឥតកុហកទេ មានព្រះជាម្ចាស់ជាសាក្សីស្រាប់។ បន្ទាប់មកទៀត ខ្ញុំបានធ្វើដំណើរទៅតំបន់ផ្សេងៗនៅស្រុកស៊ីរី និងស្រុកគីលីគា តែក្រុមជំនុំនានាដែលជឿព្រះគ្រិស្តនៅស្រុកយូដា ពុំបានស្គាល់មុខខ្ញុំទេ។ បងប្អូនទាំងនោះគ្រាន់តែបានឮគេនិយាយថា “អ្នកដែលបៀតបៀនយើងកាលពីដើម ឥឡូវនេះ គាត់បែរជាផ្សព្វផ្សាយដំណឹងល្អអំពីជំនឿ ដែលគាត់ចង់កម្ទេចពីមុននោះទៅវិញ!”។ គេក៏នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះតែខ្ញុំ។
កាឡាទី 1:11-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនអើយ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា ដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់ មិនមែនជាដំណឹងល្អរបស់មនុស្សទេ ដ្បិតខ្ញុំមិនបានទទួលពីមនុស្ស ក៏មិនបានរៀនពីអ្នកណានោះឡើយ គឺខ្ញុំបានទទួល ដោយសារព្រះយេស៊ូវគ្រីស្ទបើកសម្ដែងឲ្យខ្ញុំស្គាល់។ ដ្បិតអ្នករាល់គ្នាបានឮពីកិរិយារបស់ខ្ញុំ នៅក្នុងសាសនាយូដាកាលពីដើមហើយថា ខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះយ៉ាងកាចសាហាវ ហើយបានព្យាយាមបំផ្លាញក្រុមជំនុំនេះទៀតផង។ ខ្ញុំបានកាន់តាមសាសនាយូដាយ៉ាងល្អ លើសជាងជនរួមជាតិរបស់ខ្ញុំ ដែលស្រករៗនឹងខ្ញុំទៅទៀត ព្រោះខ្ញុំមានចិត្តខ្នះខ្នែងកាន់តាមប្រពៃណីបុព្វបុរសរបស់ខ្ញុំហួសប្រមាណ។ ប៉ុន្តែ ព្រះបានរើសខ្ញុំតាំងពីផ្ទៃម្តាយមក ហើយទ្រង់បានត្រាស់ហៅខ្ញុំដោយព្រះគុណរបស់ព្រះអង្គ ព្រះអង្គសព្វព្រះហឫទ័យបើកសម្តែងឲ្យខ្ញុំស្គាល់ព្រះរាជបុត្រារបស់ព្រះអង្គ ដើម្បីឲ្យខ្ញុំបានប្រកាសអំពីព្រះអង្គក្នុងចំណោមសាសន៍ដទៃ ខ្ញុំមិនបានទៅប្រឹក្សាជាមួយអ្នកណាម្នាក់ឡើយ ក៏មិនបានឡើងទៅជួបអស់លោកដែលជាសាវកមុនខ្ញុំនៅក្រុងយេរូសាឡិមដែរ គឺបានធ្វើដំណើរទៅស្រុកអារ៉ាប់ភ្លាម រួចក៏ត្រឡប់មកក្រុងដាម៉ាសវិញ។ លុះបីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡិម ដើម្បីឲ្យបានស្គាល់លោកពេត្រុស ក៏នៅជាមួយលោកអស់រយៈពេលដប់ប្រាំថ្ងៃ។ ប៉ុន្តែ មិនបានឃើញសាវកផ្សេងទៀតទេ ឃើញតែលោកយ៉ាកុប ជាប្អូនព្រះអម្ចាស់ប៉ុណ្ណោះ។ សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ នៅចំពោះព្រះហើយ ខ្ញុំមិនកុហកទេ។ បន្ទាប់មកទៀត ខ្ញុំបានទៅស្រុកស៊ីរី និងស្រុកគីលីគា ហើយក្រុមជំនុំក្នុងព្រះគ្រីស្ទ ដែលនៅស្រុកយូដា មិនបានស្គាល់មុខខ្ញុំទេ គេគ្រាន់តែឮពាក្យថា «អ្នកដែលធ្លាប់បៀតបៀនយើងពីដើម ឥឡូវនេះ កំពុងប្រកាសដំណឹងល្អអំពីជំនឿ ដែលគាត់បានព្យាយាមបំផ្លាញពីមុននោះទៅវិញ»។ គេក៏នាំគ្នាលើកតម្កើងព្រះព្រោះតែខ្ញុំ។
កាឡាទី 1:11-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បងប្អូនអើយ ខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ដំណឹងល្អដែលខ្ញុំបានថ្លែងប្រាប់ នោះមិនមែនតាមមនុស្សទេ ដ្បិតខ្ញុំមិនបានទទួលមកពីមនុស្ស ក៏គ្មានអ្នកណាបង្រៀនខ្ញុំផង គឺដោយព្រះយេស៊ូវគ្រីស្ទបានបើកសំដែងវិញ អ្នករាល់គ្នាបានឮនិយាយពីកិរិយារបស់ខ្ញុំ នៅក្នុងសាសនាពួកយូដាកាលពីដើម ថាខ្ញុំបានធ្វើទុក្ខបៀតបៀន ហើយបំផ្លាញដល់ពួកជំនុំនៃព្រះជាខ្លាំងណាស់ ហើយថា ខ្ញុំកំពុងតែជឿនឡើងក្នុងសាសនារបស់ពួកយូដា លើសជាងពួកសាសន៍ខ្ញុំ ដែលស្រករនឹងខ្ញុំជាច្រើនដែរ ពីព្រោះខ្ញុំមានចិត្តឧស្សាហ៍ តាមសណ្តាប់បុរាណរបស់ពួកឰយុកោខ្ញុំ លើសជាងគេសន្ធឹក ប៉ុន្តែ កាលព្រះដែលរើសខ្ញុំតាំងពីផ្ទៃម្តាយមក ហើយបានហៅខ្ញុំដោយព្រះគុណទ្រង់ បានសព្វព្រះហឫទ័យ នឹងបើកសំដែងព្រះរាជបុត្រាទ្រង់ មកក្នុងខ្ញុំ ដើម្បីឲ្យខ្ញុំបានផ្សាយដំណឹងល្អពីទ្រង់ ដល់ពួកសាសន៍ដទៃ នោះខ្ញុំមិនបានទៅប្រឹក្សានឹងសាច់ឈាមទេ ក៏មិនបានឡើងទៅឯពួកអ្នក ដែលជាសាវកមុនខ្ញុំ នៅក្រុងយេរូសាឡិមដែរ គឺបានឡើងទៅឯស្រុកអារ៉ាប់ភ្លាម រួចត្រឡប់ទៅក្រុងដាម៉ាសវិញ លុះក្រោយ៣ឆ្នាំមក ខ្ញុំបានឡើងទៅឯក្រុងយេរូសាឡិម ដើម្បីឲ្យបានស្គាល់លោកពេត្រុស ក៏នៅជាមួយនឹងលោកអស់១៥ថ្ងៃ តែមិនបានឃើញពួកសាវកឯទៀតទេ ឃើញតែយ៉ាកុប ជាប្អូននៃព្រះអម្ចាស់ប៉ុណ្ណោះ រីឯសេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ មើល ខ្ញុំនៅចំពោះព្រះហើយ ខ្ញុំមិនកុហកទេ ក្រោយនោះ ខ្ញុំបានមកក្នុងស្រុកស៊ីរី នឹងស្រុកគីលីគា តែពួកជំនុំក្នុងព្រះគ្រីស្ទ ដែលនៅស្រុកយូដា មិនបានស្គាល់មុខខ្ញុំទេ គេគ្រាន់តែឮថា អ្នកដែលធ្វើទុក្ខគេកាលពីដើម ឥឡូវនេះ កំពុងផ្សាយដំណឹងពីសេចក្ដីជំនឿ ដែលខ្លួនបានបំផ្លាញពីដើមនោះវិញ ហើយគេក៏សរសើរដំកើងដល់ព្រះដោយព្រោះខ្ញុំ។