កាឡាទី 1:11-19

កាឡាទី 1:11-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ ខ្ញុំ​ចង់​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ច្បាស់​ថា ដំណឹង​ល្អ​ដែល​ខ្ញុំ​បានប្រកាស​ប្រាប់ មិន​មែន​ជា​ដំណឹង​ល្អ​របស់​មនុស្ស​ទេ ដ្បិត​ខ្ញុំ​មិន​បាន​ទទួល​ពី​មនុស្ស ក៏​មិន​បាន​រៀន​ពី​អ្នក​ណា​នោះ​ឡើយ គឺ​ខ្ញុំ​បាន​ទទួល ដោយ​សារ​ព្រះ‌យេស៊ូវ‌គ្រីស្ទ​បើក​សម្ដែង​ឲ្យ​ខ្ញុំ​ស្គាល់។ ដ្បិត​អ្នក​រាល់​គ្នា​បាន​ឮ​ពី​កិរិយា​របស់​ខ្ញុំ នៅ​ក្នុង​សាសនា​យូដា​កាល​ពី​ដើម​ហើយ​ថា ខ្ញុំ​បាន​បៀត​បៀន​ក្រុម​ជំនុំ​របស់​ព្រះយ៉ាង​កាច​សាហាវ ហើយ​បាន​ព្យាយាម​បំផ្លាញ​ក្រុម​ជំនុំ​នេះ​ទៀត​ផង។ ខ្ញុំ​បាន​កាន់​តាម​សាសនា​យូដា​យ៉ាង​ល្អ លើស​ជាង​ជន​រួម​ជាតិ​របស់​ខ្ញុំ ដែល​ស្រករ​ៗ​នឹង​ខ្ញុំ​ទៅ​ទៀត ព្រោះ​ខ្ញុំ​មាន​ចិត្ត​ខ្នះ​ខ្នែង​កាន់​តាម​ប្រ‌ពៃ‌ណី​បុព្វ‌បុរស​របស់​ខ្ញុំ​ហួស​ប្រមាណ។ ប៉ុន្តែ ព្រះ​បាន​រើស​ខ្ញុំ​តាំង​ពី​ផ្ទៃ​ម្តាយ​មក ហើយ​ទ្រង់​បាន​ត្រាស់​ហៅ​ខ្ញុំ​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​បើក​សម្តែង​ឲ្យ​ខ្ញុំ​ស្គាល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកាស​អំ​ពី​ព្រះ‌អង្គ​ក្នុង​ចំណោម​សាសន៍​ដទៃ ខ្ញុំ​មិន​បាន​ទៅ​ប្រឹក្សា​ជាមួយ​អ្នក​ណា​ម្នាក់​ឡើយ ក៏​មិន​បាន​ឡើង​ទៅ​ជួប​អស់​លោក​ដែល​ជា​សាវក​មុន​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ គឺ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អារ៉ាប់​ភ្លាម រួច​ក៏​ត្រឡប់​មក​ក្រុង​ដាម៉ាស​វិញ។ លុះ​បី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​បាន​ស្គាល់​លោក​ពេត្រុស ក៏​នៅ​ជា​មួយ​លោក​អស់​រយៈ​ពេល​ដប់‌ប្រាំ​ថ្ងៃ។ ប៉ុន្តែ មិន​បាន​ឃើញ​សាវក​ផ្សេង​ទៀត​ទេ ឃើញ​តែ​លោក​យ៉ាកុប ជា​ប្អូន​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។

ចែក​រំលែក
អាន កាឡាទី 1

កាឡាទី 1:11-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ខ្ញុំ​សូម​ជម្រាប​បងប្អូន​ថា ដំណឹង‌ល្អ*​ដែល​ខ្ញុំ​បាន​នាំ​មក​ជូន​បងប្អូន មិន​មែន​មាន​ប្រភព​ចេញ​មក​ពី​មនុស្ស​លោក​ទេ រីឯ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ក៏​ពុំ​បាន​ទទួល ឬ​រៀន​ពី​មនុស្ស​ណា​ម្នាក់​ដែរ គឺ​ព្រះ‌យេស៊ូ​គ្រិស្ត*​ឯ‌ណោះ ដែល​បាន​សម្តែង​ឲ្យ​ខ្ញុំ​ស្គាល់។ បងប្អូន​បាន​ឮ​គេ​និយាយ​អំពី​កិរិយា​មារយាទ​របស់​ខ្ញុំ​កាល​ពី​ដើម​ស្រាប់​ហើយ គឺ​ពេល​ខ្ញុំ​កាន់​សាសនា​យូដា​នៅ​ឡើយ ខ្ញុំ​បាន​បៀត‌បៀន​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់​យ៉ាង​កាច​សាហាវ​បំផុត ហើយ​ខ្ញុំ​ក៏​ចង់​កម្ទេច​ក្រុម‌ជំនុំ​នេះ​ទៀត​ផង។ ខ្ញុំ​បាន​កាន់​សាសនា​យូដា​យ៉ាង​ល្អ​ប្រសើរ​ជាង​អស់​អ្នក​ដែល​មាន​អាយុ​ស្រករៗ​ខ្ញុំ និង​ជាង​ជន​រួម​ជាតិ​របស់​ខ្ញុំ​ទៅ​ទៀត ដ្បិត​ខ្ញុំ​មាន​ចិត្ត​ខ្នះ‌ខ្នែង​កាន់​តាម​ប្រពៃ‌ណី​បុព្វបុរស​របស់​ខ្ញុំ​ហួស​ប្រមាណ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​ខ្ញុំ​ទុក​ដោយ​ឡែក តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ ហើយ​ព្រះអង្គ​បាន​ត្រាស់​ហៅ​ខ្ញុំ ដោយ​ព្រះ‌គុណ​របស់​ព្រះអង្គ។ នៅ​ពេល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​សម្តែង​ឲ្យ​ខ្ញុំ​ស្គាល់​ព្រះ‌បុត្រា​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ខ្ញុំ​នាំ​ដំណឹង‌ល្អ​អំពី​ព្រះ‌បុត្រា​ទៅ​ជូន​សាសន៍​ដទៃ ខ្ញុំ​ពុំ​បាន​ទៅ​សួរ​យោបល់​ពី​មនុស្ស​ណា​ម្នាក់ ឡើយ។ ខ្ញុំ​ក៏​ពុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ជួប​អស់​លោក​ដែល​ជា​សាវ័ក*​មុន​ខ្ញុំ​ដែរ គឺ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អារ៉ាប់ រួច​ក៏​ត្រឡប់​មក​ក្រុង​ដាម៉ាស​វិញ។ បី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​បាន​ស្គាល់​លោក​ពេត្រុស ហើយ​ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​លោក អស់​រយៈ​ពេល​ដប់​ប្រាំ​ថ្ងៃ។ ប៉ុន្តែ ខ្ញុំ​ពុំ​បាន​ជួប​នឹង​សាវ័ក*​ណា​ផ្សេង​ទៀត​ឡើយ លើក‌លែង​តែ​លោក​យ៉ាកុប ជា​ប្អូន​របស់​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។

ចែក​រំលែក
អាន កាឡាទី 1

កាឡាទី 1:11-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បង​ប្អូន​អើយ ខ្ញុំ​ចង់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ដំណឹង​ល្អ​ដែល​ខ្ញុំ​បាន​ថ្លែង​ប្រាប់ នោះ​មិន​មែន​តាម​មនុស្ស​ទេ ដ្បិត​ខ្ញុំ​មិន​បាន​ទទួល​មក​ពី​មនុស្ស ក៏​គ្មាន​អ្នក​ណា​បង្រៀន​ខ្ញុំ​ផង គឺ​ដោយ​ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​បើក​សំដែង​វិញ អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ពី​កិរិយា​របស់​ខ្ញុំ នៅ​ក្នុង​សាសនា​ពួក​យូដា​កាល​ពី​ដើម ថា​ខ្ញុំ​បាន​ធ្វើ​ទុក្ខ​បៀត‌បៀន ហើយ​បំផ្លាញ​ដល់​ពួក​ជំនុំ​នៃ​ព្រះ​ជា​ខ្លាំង​ណាស់ ហើយ​ថា ខ្ញុំ​កំពុង​តែ​ជឿន​ឡើង​ក្នុង​សាសនា​របស់​ពួក​យូដា លើស​ជាង​ពួក​សាសន៍​ខ្ញុំ ដែល​ស្រករ​នឹង​ខ្ញុំ​ជា​ច្រើន​ដែរ ពី​ព្រោះ​ខ្ញុំ​មាន​ចិត្ត​ឧស្សាហ៍ តាម​សណ្តាប់​បុរាណ​របស់​ពួក​ឰយុកោ​ខ្ញុំ លើស​ជាង​គេ​សន្ធឹក ប៉ុន្តែ កាល​ព្រះ​ដែល​រើស​ខ្ញុំ​តាំង​ពី​ផ្ទៃ​ម្តាយ​មក ហើយ​បាន​ហៅ​ខ្ញុំ​ដោយ​ព្រះ‌គុណ​ទ្រង់ បាន​សព្វ​ព្រះ‌ហឫទ័យ នឹង​បើក​សំដែង​ព្រះ‌រាជ‌បុត្រា​ទ្រង់ មក​ក្នុង​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ទ្រង់ ដល់​ពួក​សាសន៍​ដទៃ នោះ​ខ្ញុំ​មិន​បាន​ទៅ​ប្រឹក្សា​នឹង​សាច់​ឈាម​ទេ ក៏​មិន​បាន​ឡើង​ទៅ​ឯ​ពួក​អ្នក ដែល​ជា​សាវក​មុន​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម​ដែរ គឺ​បាន​ឡើង​ទៅ​ឯ​ស្រុក​អារ៉ាប់​ភ្លាម រួច​ត្រឡប់​ទៅ​ក្រុង​ដាម៉ាស​វិញ លុះ​ក្រោយ​៣​ឆ្នាំ​មក ខ្ញុំ​បាន​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​បាន​ស្គាល់​លោក​ពេត្រុស ក៏​នៅ​ជា​មួយ​នឹង​លោក​អស់​១៥​ថ្ងៃ តែ​មិន​បាន​ឃើញ​ពួក​សាវក​ឯ​ទៀត​ទេ ឃើញ​តែ​យ៉ាកុប ជា​ប្អូន​នៃ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ

ចែក​រំលែក
អាន កាឡាទី 1

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ