កាឡាទី 1:1-24

កាឡាទី 1:1-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ ប៉ូល ជា​សាវ័ក* ដែល​មិន​មែន​តែង‌តាំង​ឡើង​ដោយ​មនុស្ស​លោក ឬ​ដោយ​ជន​ណា​ម្នាក់​នោះ​ឡើយ គឺ​តែង‌តាំង​ឡើង​ដោយ​ព្រះ‌យេស៊ូ​គ្រិស្ត និង​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា ដែល​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ខ្ញុំ និង​បងប្អូន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​មក​ក្រុម‌ជំនុំ​ទាំង‌ឡាយ​នៅ​ស្រុក​កាឡាទី។ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​នៃ​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត* ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ​ដល់​បងប្អូន។ ព្រះ‌អម្ចាស់​យេស៊ូ​បាន​បូជា​ព្រះ‌ជន្ម​របស់​ព្រះអង្គ​ផ្ទាល់ ព្រោះ​តែ​បាប​របស់​យើង ព្រះអង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​លោកីយ៍​ដ៏​អាក្រក់​នេះ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​យើង។ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន! ខ្ញុំ​ឆ្ងល់​ណាស់ ដោយ​ឃើញ​បងប្អូន​ឆាប់​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​ដែល​បាន​ត្រាស់​ហៅ​បងប្អូន ស្រប​តាម​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​នៃ​យើង ហើយ​បងប្អូន​បែរ​ទៅ​រក​ដំណឹង‌ល្អ​មួយ​ផ្សេង​ទៀត តាម​ពិត​គ្មាន​ដំណឹង‌ល្អ​ណា​មួយ​ផ្សេង​ទៀត​ឡើយ គឺ​មាន​តែ​អ្នក​ខ្លះ​បាន​ធ្វើ​ឲ្យ​កើត​វឹក‌វរ និង​ចង់​បំភ្លៃ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ត​ប៉ុណ្ណោះ។ ប្រសិន​បើ​មាន​នរណា​ម្នាក់ ទោះ​បី​យើង​ក្ដី ឬ​ទេវតា*​ណា​មួយ​ពី​ស្ថាន​បរម‌សុខ*​ក្ដី នាំ​ដំណឹង‌ល្អ​ណា​ផ្សេង​មក​ប្រាប់​បងប្អូន ខុស​ប្លែក​ពី​ដំណឹង‌ល្អ​ដែល​យើង​បាន​នាំ​មក​ជូន​បងប្អូន សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ទៅ​ចុះ! ដូច​យើង​បាន​ជម្រាប​មក​ស្រាប់​ហើយ តែ​ខ្ញុំ​ក៏​សូម​ជម្រាប​ម្ដង​ទៀត​ថា ប្រសិន​បើ​នរណា​ម្នាក់​នាំ​ដំណឹង‌ល្អ​ផ្សេង​មក​ជូន​បងប្អូន ខុស​ប្លែក​ពី​ដំណឹង‌ល្អ​ដែល​បងប្អូន​ធ្លាប់​ទទួល សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ចុះ!។ ឥឡូវ​នេះ តើ​ខ្ញុំ​ចង់​ផ្គាប់​ចិត្ត​មនុស្ស ឬ​ធ្វើ​ឲ្យ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់? តើ​ខ្ញុំ​ស្វែង​រក​ឲ្យ​មនុស្ស​ពេញ​ចិត្ត​ឬ? ប្រសិន​បើ​ខ្ញុំ​នៅ​តែ​ចង់​ឲ្យ​មនុស្ស​ពេញ​ចិត្ត​នោះ មាន​ន័យ​ថា ខ្ញុំ​លែង​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រិស្ត​ទៀត​ហើយ!។ បងប្អូន​អើយ ខ្ញុំ​សូម​ជម្រាប​បងប្អូន​ថា ដំណឹង‌ល្អ*​ដែល​ខ្ញុំ​បាន​នាំ​មក​ជូន​បងប្អូន មិន​មែន​មាន​ប្រភព​ចេញ​មក​ពី​មនុស្ស​លោក​ទេ រីឯ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ក៏​ពុំ​បាន​ទទួល ឬ​រៀន​ពី​មនុស្ស​ណា​ម្នាក់​ដែរ គឺ​ព្រះ‌យេស៊ូ​គ្រិស្ត*​ឯ‌ណោះ ដែល​បាន​សម្តែង​ឲ្យ​ខ្ញុំ​ស្គាល់។ បងប្អូន​បាន​ឮ​គេ​និយាយ​អំពី​កិរិយា​មារយាទ​របស់​ខ្ញុំ​កាល​ពី​ដើម​ស្រាប់​ហើយ គឺ​ពេល​ខ្ញុំ​កាន់​សាសនា​យូដា​នៅ​ឡើយ ខ្ញុំ​បាន​បៀត‌បៀន​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់​យ៉ាង​កាច​សាហាវ​បំផុត ហើយ​ខ្ញុំ​ក៏​ចង់​កម្ទេច​ក្រុម‌ជំនុំ​នេះ​ទៀត​ផង។ ខ្ញុំ​បាន​កាន់​សាសនា​យូដា​យ៉ាង​ល្អ​ប្រសើរ​ជាង​អស់​អ្នក​ដែល​មាន​អាយុ​ស្រករៗ​ខ្ញុំ និង​ជាង​ជន​រួម​ជាតិ​របស់​ខ្ញុំ​ទៅ​ទៀត ដ្បិត​ខ្ញុំ​មាន​ចិត្ត​ខ្នះ‌ខ្នែង​កាន់​តាម​ប្រពៃ‌ណី​បុព្វបុរស​របស់​ខ្ញុំ​ហួស​ប្រមាណ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​ខ្ញុំ​ទុក​ដោយ​ឡែក តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ ហើយ​ព្រះអង្គ​បាន​ត្រាស់​ហៅ​ខ្ញុំ ដោយ​ព្រះ‌គុណ​របស់​ព្រះអង្គ។ នៅ​ពេល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​សម្តែង​ឲ្យ​ខ្ញុំ​ស្គាល់​ព្រះ‌បុត្រា​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ខ្ញុំ​នាំ​ដំណឹង‌ល្អ​អំពី​ព្រះ‌បុត្រា​ទៅ​ជូន​សាសន៍​ដទៃ ខ្ញុំ​ពុំ​បាន​ទៅ​សួរ​យោបល់​ពី​មនុស្ស​ណា​ម្នាក់ ឡើយ។ ខ្ញុំ​ក៏​ពុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ជួប​អស់​លោក​ដែល​ជា​សាវ័ក*​មុន​ខ្ញុំ​ដែរ គឺ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អារ៉ាប់ រួច​ក៏​ត្រឡប់​មក​ក្រុង​ដាម៉ាស​វិញ។ បី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​បាន​ស្គាល់​លោក​ពេត្រុស ហើយ​ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​លោក អស់​រយៈ​ពេល​ដប់​ប្រាំ​ថ្ងៃ។ ប៉ុន្តែ ខ្ញុំ​ពុំ​បាន​ជួប​នឹង​សាវ័ក*​ណា​ផ្សេង​ទៀត​ឡើយ លើក‌លែង​តែ​លោក​យ៉ាកុប ជា​ប្អូន​របស់​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។ សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​ជូន​បងប្អូន​នេះ​ឥត​កុហក​ទេ មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់។ បន្ទាប់​មក​ទៀត ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ផ្សេងៗ​នៅ​ស្រុក​ស៊ីរី និង​ស្រុក​គីលី‌គា តែ​ក្រុម‌ជំនុំ​នានា​ដែល​ជឿ​ព្រះ‌គ្រិស្ត​នៅ​ស្រុក​យូដា ពុំ​បាន​ស្គាល់​មុខ​ខ្ញុំ​ទេ។ បងប្អូន​ទាំង​នោះ​គ្រាន់​តែ​បាន​ឮ​គេ​និយាយ​ថា “អ្នក​ដែល​បៀត‌បៀន​យើង​កាល​ពី​ដើម ឥឡូវ​នេះ គាត់​បែរ​ជា​ផ្សព្វ​ផ្សាយ​ដំណឹង‌ល្អ​អំពី​ជំនឿ ដែល​គាត់​ចង់​កម្ទេច​ពី​មុន​នោះ​ទៅ​វិញ!”។ គេ​ក៏​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​តែ​ខ្ញុំ។

ចែក​រំលែក
អាន កាឡាទី 1

កាឡាទី 1:1-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុល ជា​សាវក មិន​មែន​តែង​តាំង​ដោយ​មនុស្ស ឬ​ដោយ​អ្នក​ណា​ម្នាក់​ឡើយ គឺ​ដោយ‌សារ​ព្រះ‌យេស៊ូវ‌គ្រីស្ទ និង​ព្រះ ជា​ព្រះ‌វរ‌បិតា ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ ខ្ញុំ ព្រម​ទាំង​បង‌ប្អូន​ទាំង​អស់​គ្នា ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​មក​ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​ស្រុក​កាឡាទី។ សូម​ព្រះ ជា​ព្រះ‌វរ‌បិតា​នៃ​យើង និង​ព្រះ‌អម្ចាស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត​ដល់​អ្នក​រាល់​គ្នា។ ព្រះ‌អង្គ​បាន​ប្រគល់​អង្គ​ទ្រង់​ដោយ​ព្រោះ​តែ​បាប​របស់​យើង ដើម្បី​រំដោះ​យើងឲ្យ​រួច​ពី​លោកីយ៍​ដ៏​អាក្រក់​សព្វ​ថ្ងៃ​នេះ តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ ជា​ព្រះ‌វរ‌បិតា​របស់​យើង។ សូម​លើក​តម្កើង​សិរី‌ល្អរបស់​ព្រះ‌អង្គ អស់​កល្ប​ជា‌និច្ច​រៀង​រាប​តទៅ។ អាម៉ែន។ ខ្ញុំ​ឆ្ងល់​ណាស់ ដែល​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​ចេញ​ពី​ព្រះ ដែល​ទ្រង់​បានត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​ព្រះ‌គុណ​របស់​ព្រះ‌គ្រីស្ទ​ឆាប់​យ៉ាង​នេះ ហើយ​ទៅ​តាម​ដំណឹង​ល្អ​មួយ​ផ្សេង នេះ​មិន​មែន​មាន​ន័យ​ថា មាន​ដំណឹង​ល្អ​ណា​មួយ​ផ្សេង​ទៀតនោះ​ទេ តែ​មានអ្នក​ខ្លះ​បំភាន់​អ្នក​រាល់​គ្នា ហើយ​ចង់​បង្ខូច​ដំណឹង​ល្អ​ព្រះ‌គ្រីស្ទ​ប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិន‌បើ​យើង​ខ្ញុំ ឬ​ទេវតា​ពី​ស្ថាន‌សួគ៌ ប្រាប់​ដំណឹង​ណា​មក​អ្នក​រាល់​គ្នា ខុស​ពី​ដំណឹង​ល្អ​ដែល​យើង​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដាសា​ចុះ។ ដូច​យើង​បាន​និយាយ​ពី​មុន​មក​ហើយ ឥឡូវ​នេះ ខ្ញុំ​និយាយ​ម្តង​ទៀត​ថា ប្រសិន‌បើ​អ្នក​ណា​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់​គ្នា ខុស​ពី​ដំណឹង​ល្អ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល សូមឲ្យអ្នក​នោះ​ត្រូវ​បណ្ដាសា​ចុះ។ ដ្បិត​ឥឡូវ​នេះ តើ​ខ្ញុំ​ចង់​ផ្គាប់​ចិត្ត​មនុស្ស ឬ​ធ្វើ​ឲ្យ​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ? ឬ​មួយ​ខ្ញុំ​ព្យាយាម​បំពេញ​ចិត្ត​មនុស្ស? ប្រសិន‌បើ​ខ្ញុំ​នៅ​តែ​ព្យាយាម​បំពេញ​ចិត្ត​មនុស្ស នោះ​ខ្ញុំ​មិន​មែន​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រីស្ទ​ទេ។ បង‌ប្អូន​អើយ ខ្ញុំ​ចង់​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ច្បាស់​ថា ដំណឹង​ល្អ​ដែល​ខ្ញុំ​បានប្រកាស​ប្រាប់ មិន​មែន​ជា​ដំណឹង​ល្អ​របស់​មនុស្ស​ទេ ដ្បិត​ខ្ញុំ​មិន​បាន​ទទួល​ពី​មនុស្ស ក៏​មិន​បាន​រៀន​ពី​អ្នក​ណា​នោះ​ឡើយ គឺ​ខ្ញុំ​បាន​ទទួល ដោយ​សារ​ព្រះ‌យេស៊ូវ‌គ្រីស្ទ​បើក​សម្ដែង​ឲ្យ​ខ្ញុំ​ស្គាល់។ ដ្បិត​អ្នក​រាល់​គ្នា​បាន​ឮ​ពី​កិរិយា​របស់​ខ្ញុំ នៅ​ក្នុង​សាសនា​យូដា​កាល​ពី​ដើម​ហើយ​ថា ខ្ញុំ​បាន​បៀត​បៀន​ក្រុម​ជំនុំ​របស់​ព្រះយ៉ាង​កាច​សាហាវ ហើយ​បាន​ព្យាយាម​បំផ្លាញ​ក្រុម​ជំនុំ​នេះ​ទៀត​ផង។ ខ្ញុំ​បាន​កាន់​តាម​សាសនា​យូដា​យ៉ាង​ល្អ លើស​ជាង​ជន​រួម​ជាតិ​របស់​ខ្ញុំ ដែល​ស្រករ​ៗ​នឹង​ខ្ញុំ​ទៅ​ទៀត ព្រោះ​ខ្ញុំ​មាន​ចិត្ត​ខ្នះ​ខ្នែង​កាន់​តាម​ប្រ‌ពៃ‌ណី​បុព្វ‌បុរស​របស់​ខ្ញុំ​ហួស​ប្រមាណ។ ប៉ុន្តែ ព្រះ​បាន​រើស​ខ្ញុំ​តាំង​ពី​ផ្ទៃ​ម្តាយ​មក ហើយ​ទ្រង់​បាន​ត្រាស់​ហៅ​ខ្ញុំ​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​បើក​សម្តែង​ឲ្យ​ខ្ញុំ​ស្គាល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកាស​អំ​ពី​ព្រះ‌អង្គ​ក្នុង​ចំណោម​សាសន៍​ដទៃ ខ្ញុំ​មិន​បាន​ទៅ​ប្រឹក្សា​ជាមួយ​អ្នក​ណា​ម្នាក់​ឡើយ ក៏​មិន​បាន​ឡើង​ទៅ​ជួប​អស់​លោក​ដែល​ជា​សាវក​មុន​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ គឺ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អារ៉ាប់​ភ្លាម រួច​ក៏​ត្រឡប់​មក​ក្រុង​ដាម៉ាស​វិញ។ លុះ​បី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​បាន​ស្គាល់​លោក​ពេត្រុស ក៏​នៅ​ជា​មួយ​លោក​អស់​រយៈ​ពេល​ដប់‌ប្រាំ​ថ្ងៃ។ ប៉ុន្តែ មិន​បាន​ឃើញ​សាវក​ផ្សេង​ទៀត​ទេ ឃើញ​តែ​លោក​យ៉ាកុប ជា​ប្អូន​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។ សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​នេះ នៅ​ចំពោះ​ព្រះ​ហើយ ខ្ញុំ​មិន​កុហក​ទេ។ បន្ទាប់​មក​ទៀត ខ្ញុំ​បាន​ទៅ​ស្រុក​ស៊ីរី និង​ស្រុក​គីលីគា ហើយ​ក្រុម​ជំនុំ​ក្នុង​ព្រះ‌គ្រីស្ទ ដែល​នៅ​ស្រុក​យូដា មិន​បាន​ស្គាល់​មុខ​ខ្ញុំ​ទេ គេ​គ្រាន់​តែ​ឮ​ពាក្យ​ថា «អ្នក​ដែល​ធ្លាប់​បៀត​បៀន​យើង​ពី​ដើម ឥឡូវ​នេះ កំពុង​ប្រកាស​ដំណឹង​ល្អ​អំពី​ជំនឿ ដែល​គាត់​បាន​ព្យាយាម​បំផ្លាញ​ពីមុន​នោះ​ទៅ​វិញ»។ គេ​ក៏​នាំ​គ្នា​លើក​តម្កើង​ព្រះ​ព្រោះ​តែ​ខ្ញុំ។

ចែក​រំលែក
អាន កាឡាទី 1

កាឡាទី 1:1-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សំបុត្រ​ប៉ុល​ខ្ញុំ ដែល​ជា​សាវក មិន​មែន​អំពី​មនុស្ស ឬ​ដោយ‌សារ​មនុស្ស​ទេ គឺ​ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ នឹង​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ដែល​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​នោះ​វិញ ខ្ញុំ នឹង​ពួក​បង​ប្អូន​ទាំង​អស់​គ្នា ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ យើង​ផ្ញើ​មក​ពួក​ជំនុំ​ទាំង​ប៉ុន្មាន នៅ​ស្រុក​កាឡាទី សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា នឹង​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ទៅ ដោយ​ព្រោះ​បាប​យើង​រាល់​គ្នា ដើម្បី​នឹង​ប្រោស​ឲ្យ​យើង​បាន​រួច​ពី​លោកីយ ដ៏​អាក្រក់​សព្វ​ថ្ងៃ​នេះ តាម​បំណង​ព្រះ‌ហឫទ័យ​របស់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ ដល់​អស់​‌កល្ប​ជានិច្ច​រៀង​ត​ទៅ អាម៉ែន។ ខ្ញុំ​ឆ្ងល់​ណាស់ ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​ចេញ​ពី​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក ក្នុង​ព្រះ‌គុណ​នៃ​ព្រះ‌គ្រីស្ទ ជា​ឆាប់​ម៉្លេះ នឹង​ទៅ​តាម​ដំណឹង​ល្អ​ផ្សេង​ទៀត​នោះ ដែល​មិន​មែន​ជា​ដំណឹង​ល្អ​១​ទៀត​ទេ គឺ​មាន​មនុស្ស​ខ្លះ​បំភាន់​អ្នក​រាល់​គ្នា​វិញ ហើយ​ចង់​បង្ខូច​ដំណឹង​ល្អ​ព្រះ‌គ្រីស្ទ​ផង ប៉ុន្តែ បើ​យើង​ខ្ញុំ ឬ​ទេវតា​ពី​ស្ថាន‌សួគ៌ នឹង​ប្រាប់​ដំណឹង​ណា​មក​អ្នក​រាល់​គ្នា ខុស​ពី​ដំណឹង​ល្អ ដែល​យើង​ខ្ញុំ​បាន​ប្រាប់​ហើយ នោះ​ឲ្យ​គេ​ត្រូវ​បណ្តាសា​ចុះ ឯ​សេចក្ដី​ដែល​ខ្ញុំ​ទើប​នឹង​និយាយ​អម្បាញ់‌មិញ​នេះ នោះ​ខ្ញុំ​និយាយ​ម្តង​ទៀត​ថា បើ​អ្នក​ណា​ប្រាប់​ដំណឹង​ណា ខុស​អំពី​ដំណឹង​ល្អ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ នោះ​ឲ្យ​គេ​ត្រូវ​បណ្តាសា​ចុះ ដ្បិត​តើ​ខ្ញុំ​រក​បញ្ចុះ‌បញ្ចូល​អ្នក​ណា តើ​ជា​មនុស្ស ឬ​ព្រះ ឬ​ចង់​បំពេញ​ចិត្ត​មនុស្ស​ឬ​អី បើ​សិន​ជា​ខ្ញុំ​ចង់​បំពេញ​ចិត្ត​មនុស្ស នោះ​ខ្ញុំ​មិន​មែន​ជា​បាវ​បំរើ​របស់​ព្រះ‌គ្រីស្ទ​ទេ។ បង​ប្អូន​អើយ ខ្ញុំ​ចង់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ដំណឹង​ល្អ​ដែល​ខ្ញុំ​បាន​ថ្លែង​ប្រាប់ នោះ​មិន​មែន​តាម​មនុស្ស​ទេ ដ្បិត​ខ្ញុំ​មិន​បាន​ទទួល​មក​ពី​មនុស្ស ក៏​គ្មាន​អ្នក​ណា​បង្រៀន​ខ្ញុំ​ផង គឺ​ដោយ​ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​បើក​សំដែង​វិញ អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ពី​កិរិយា​របស់​ខ្ញុំ នៅ​ក្នុង​សាសនា​ពួក​យូដា​កាល​ពី​ដើម ថា​ខ្ញុំ​បាន​ធ្វើ​ទុក្ខ​បៀត‌បៀន ហើយ​បំផ្លាញ​ដល់​ពួក​ជំនុំ​នៃ​ព្រះ​ជា​ខ្លាំង​ណាស់ ហើយ​ថា ខ្ញុំ​កំពុង​តែ​ជឿន​ឡើង​ក្នុង​សាសនា​របស់​ពួក​យូដា លើស​ជាង​ពួក​សាសន៍​ខ្ញុំ ដែល​ស្រករ​នឹង​ខ្ញុំ​ជា​ច្រើន​ដែរ ពី​ព្រោះ​ខ្ញុំ​មាន​ចិត្ត​ឧស្សាហ៍ តាម​សណ្តាប់​បុរាណ​របស់​ពួក​ឰយុកោ​ខ្ញុំ លើស​ជាង​គេ​សន្ធឹក ប៉ុន្តែ កាល​ព្រះ​ដែល​រើស​ខ្ញុំ​តាំង​ពី​ផ្ទៃ​ម្តាយ​មក ហើយ​បាន​ហៅ​ខ្ញុំ​ដោយ​ព្រះ‌គុណ​ទ្រង់ បាន​សព្វ​ព្រះ‌ហឫទ័យ នឹង​បើក​សំដែង​ព្រះ‌រាជ‌បុត្រា​ទ្រង់ មក​ក្នុង​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ទ្រង់ ដល់​ពួក​សាសន៍​ដទៃ នោះ​ខ្ញុំ​មិន​បាន​ទៅ​ប្រឹក្សា​នឹង​សាច់​ឈាម​ទេ ក៏​មិន​បាន​ឡើង​ទៅ​ឯ​ពួក​អ្នក ដែល​ជា​សាវក​មុន​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម​ដែរ គឺ​បាន​ឡើង​ទៅ​ឯ​ស្រុក​អារ៉ាប់​ភ្លាម រួច​ត្រឡប់​ទៅ​ក្រុង​ដាម៉ាស​វិញ លុះ​ក្រោយ​៣​ឆ្នាំ​មក ខ្ញុំ​បាន​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​បាន​ស្គាល់​លោក​ពេត្រុស ក៏​នៅ​ជា​មួយ​នឹង​លោក​អស់​១៥​ថ្ងៃ តែ​មិន​បាន​ឃើញ​ពួក​សាវក​ឯ​ទៀត​ទេ ឃើញ​តែ​យ៉ាកុប ជា​ប្អូន​នៃ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ រីឯ​សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​នេះ មើល ខ្ញុំ​នៅ​ចំពោះ​ព្រះ​ហើយ ខ្ញុំ​មិន​កុហក​ទេ ក្រោយ​នោះ ខ្ញុំ​បាន​មក​ក្នុង​ស្រុក​ស៊ីរី នឹង​ស្រុក​គីលីគា តែ​ពួក​ជំនុំ​ក្នុង​ព្រះ‌គ្រីស្ទ ដែល​នៅ​ស្រុក​យូដា មិន​បាន​ស្គាល់​មុខ​ខ្ញុំ​ទេ គេ​គ្រាន់​តែ​ឮ​ថា អ្នក​ដែល​ធ្វើ​ទុក្ខ​គេ​កាល​ពី​ដើម ឥឡូវ​នេះ កំពុង​ផ្សាយ​ដំណឹង​ពី​សេចក្ដី​ជំនឿ ដែល​ខ្លួន​បាន​បំផ្លាញ​ពី​ដើម​នោះ​វិញ ហើយ​គេ​ក៏​សរសើរ​ដំកើង​ដល់​ព្រះ​ដោយ​ព្រោះ​ខ្ញុំ។

ចែក​រំលែក
អាន កាឡាទី 1