អែសរ៉ា 7:11-28

អែសរ៉ា 7:11-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​សំណៅ​សំបុត្រ​ដែល​ព្រះ​បាទ​អើថា‌ស៊ើក‌សេស​ប្រគល់​ជូន​សង្ឃ​អែសរ៉ា ជា​ស្មៀន គឺ​ជា​បុរស​ម្នាក់​ដែល​ប្រសប់​ខាង​ឯ​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា និង​ច្បាប់​របស់​ព្រះ‌អង្គ ដល់​ពួក​អ៊ីស្រា‌អែល។ សំបុត្រ​នេះ​មាន​សេចក្ដី​ថា៖ «អើថា‌ស៊ើក‌សេស ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ផ្ញើ​ជូន​សង្ឃ​អែសរ៉ា ជា​ស្មៀន​ខាង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌ ។ សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត ឥឡូវ​នេះ យើង​ចេញ​បង្គាប់​ថា ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល ឬ​ពួក​សង្ឃ និង​ពួក​លេវី នៅ​ក្នុង​រាជា​ណាចក្រ​របស់​យើង គឺ​អស់​អ្នក​ដែល​មាន​បំណង​ចង់​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម នោះ​យើង​អនុញ្ញាត​ឲ្យ​ទៅជាមួយ​លោក។ ដ្បិត​យើង ជា​ស្តេច និង​ទី​ប្រឹក្សា​របស់​ស្ដេច​ទាំង​ប្រាំពីរ បាន​ចាត់​លោក​ឲ្យ​ទៅ​ពិនិត្យ​មើល​អំពី​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម តាម​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក ដែល​នៅ​ក្នុង​ដៃ​របស់​លោក ហើយ​ឲ្យ​នាំ​យក​ប្រាក់ និង​មាស​ដែល​យើង ជា​ស្តេច និង​ទី​ប្រឹក្សា​ទាំង​ប្រាំ​ពីរ បាន​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ព្រះ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន​ដែល​លោក​នឹង​រៃ​បាន​នៅ​ក្នុង​អាណា​ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល ហើយ​ព្រម​ទាំង​តង្វាយ​ដែល​ប្រជា‌ជន និង​ពួក​សង្ឃ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​លោក ដែល​នៅ​ក្រុង​យេរូ‌សាឡិម ទៅ​ជា​មួយ​ផង។ ដូច្នេះ លោក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្នះ‌ខ្នែង យក​ប្រាក់​នេះ​ទៅ​ទិញ​គោ ចៀម​ឈ្មោល និង​កូន​ចៀម ព្រម​ទាំង​គ្រឿង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច ហើយ​លោក​ត្រូវ​ថ្វាយ​តង្វាយ​ទាំង​នោះ​នៅ​លើ​អាសនា ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ពួក​លោក ដែល​នៅ​ក្រុង​យេរូ‌សាឡិម។ ឯ​ប្រាក់ និង​មាស​ដែល​នៅ​សល់ លោក និង​បង​ប្អូន​របស់​លោក​អាច​យក​ទៅ​ប្រើ​ការ តាម​តែ​លោក​យល់​ឃើញ​ថា​ល្អ តាម​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​របស់​អស់​លោក។ ឯ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រគល់​ជូនលោក សម្រាប់​ប្រើ​ប្រាស់​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​លោក ចូរ​យក​ទៅ​ប្រគល់​នៅ​ចំពោះ​ព្រះ​នៃ​ក្រុង​យេរូ‌សាឡិម។ ឯ​អ្វីៗ​ផ្សេង​ទៀត​ដែល​ត្រូវ​ការ​សម្រាប់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​លោក ដែល​ជា​បន្ទុក​របស់​លោក​ត្រូវ​ផ្គត់​ផ្គង់ លោក​អាច​បើក​ពី​ឃ្លាំង​រាជ​ទ្រព្យ។ យើង ព្រះរាជា​អើថា‌ស៊ើក‌សេស ចេញ​បង្គាប់​ដល់​អ្នក​កាន់​ឃ្លាំងទាំង​អស់ នៅ​ក្នុង​អាណា​ខេត្ត​ខាង​នាយ​ទន្លេ​ថា អ្វីៗ​ដែល​សង្ឃ​អែសរ៉ា ជា​ស្មៀន​ខាង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌ លោក​ស្នើ​សុំ នោះត្រូវ​អនុវត្ត​កិច្ច‌ការ​នេះ​ឲ្យ​បាន​សម្រេច​ដោយ​ខ្នះ​ខ្នែង​បំផុត ទោះ​ជា​មាន​ចំនួន​រហូត​ដល់​ប្រាក់​មួយ​រយ​ហាប ស្រូវ​មួយ​រយ​រង្វាល់ ស្រា​ទំពាំង‌បាយ‌ជូរ​មួយ​រយ​បាថ ប្រេង​មួយ​រយ​បាថ និង​អំបិល​ជា​ច្រើន ឥត​មាន​កំណត់​ក៏​ដោយ។ អ្វីៗ​ដែល​ព្រះ​នៃ​ស្ថាន‌សួគ៌​ព្រះ‌អង្គ​បង្គាប់ ត្រូវ​ធ្វើ​ឲ្យ​បាន​សម្រេច​គ្រប់​ទាំង​អស់ សម្រាប់​ព្រះ​ដំណាក់​រប​ស់​ព្រះ​នៃ​ស្ថាន‌សួគ៌ ក្រែង​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ទាស់​នឹង​រាជ្យ​របស់​ស្តេច និង​ពួក​បុត្រា​របស់​ទ្រង់។ មួយ​ទៀត យើង​បញ្ជាក់​ប្រាប់​អស់​លោក​ថា ចំណែក​ពួក​សង្ឃ ពួក​លេវី ពួក​ចម្រៀង ពួក​ឆ្មាំ​ទ្វារ ពួក​អ្នក​បម្រើ​ព្រះ​វិហារ ឬ​ពួក​អ្នក​បំពេញ​ការ​ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នេះ នោះមិន​ត្រូវ​ទារ​ពន្ធ​ដារ សួយ‌អាករ ឬ​ពន្ធ‌ផ្លូវ​ពី​អ្នក​ទាំង​នោះ​ឡើយ។ ចំពោះ​លោក​អែសរ៉ា​វិញ តាម​ប្រាជ្ញា​នៃ​ព្រះ​របស់​លោក ដែល​លោក​មាន​នៅ​ដៃ ត្រូវ​តែង​តាំង​ឲ្យ​មាន​ពួក​អ្នក​គ្រប់​គ្រង និង​ពួក​ចៅ‌ក្រម ដែល​អាច​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន​ទាំង​ឡាយ​ដែល​នៅ​ក្នុង​អាណា​ខេត្ត​ខាង​នាយ​ទន្លេ គឺ​ជា​អ្នក​ស្គាល់​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក ហើយ​លោក​ត្រូវ​បង្ហាត់​បង្រៀន​ក្រឹត្យ‌វិន័យ ដល់​អស់​អ្នក​ដែល​មិន​ស្គាល់​ក្រឹត្យ​វិន័យ​ផង។ អ្នក​ណា​ដែល​មិន​ព្រម​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក និង​ច្បាប់​របស់​ស្តេច ត្រូវ​កាត់​ទោស​អ្នក​នោះ​យ៉ាង​ម៉ឺង​ម៉ាត់ ទោះ​ដល់​ស្លាប់ ឬ​និរទេស ឬ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ឬ​ដាក់​គុក​ក៏​ដោយ»។ «សូម​សរ‌សើរ​តម្កើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​យើង ដែល​ព្រះ‌អង្គ​បាន​បណ្ដាល​ព្រះ‌ហឫ‌ទ័យ​របស់​ស្តេច​ដូច្នេះ ឲ្យ​តាក់​តែង​លម្អ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា ដែល​នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ប្រោស​ប្រទាន​សេចក្ដី​សប្បុ‌រស​របស់​ព្រះ‌អង្គ​ដល់​ខ្ញុំ នៅ​ចំពោះ​ស្តេច ពួក​ទី​ប្រឹក្សា​របស់​ស្ដេច និងនៅ​ចំពោះ​មន្ត្រី​ដ៏​មាន​អំណាច​របស់​ស្តេច​ទៀត​ផង។ ខ្ញុំ​មាន​សេចក្ដី​ក្លាហាន ដ្បិត​ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ បាន​សណ្ឋិត​លើ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ប្រមូល​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ​របស់​អ៊ីស្រា‌អែល ឲ្យ​ឡើង​ទៅ​ជា​មួយ​ខ្ញុំ»។

ចែក​រំលែក
អាន អែសរ៉ា 7

អែសរ៉ា 7:11-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះចៅ​អើថា‌ស៊ើកសេស​ប្រគល់​រាជ‌សារ​មួយ​ជូន​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ លោក​មាន​នាទី​ចម្លង​ព្រះ‌បន្ទូល​នៃ​បទ‌បញ្ជា និង​ច្បាប់​ដែល​ព្រះ‌អម្ចាស់ប្រទាន​មក​អ៊ីស្រា‌អែល។ រាជ‌សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖ «យើង អើថា‌ស៊ើកសេស ជា​ព្រះ‌មហា‌ក្សត្រ​លើ​មហា‌ក្សត្រ​ទាំង​អស់ ផ្ញើ​ជូន​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ​របស់​ព្រះ​នៃ​ស្ថាន​បរម‌សុខ យើង​ចេញ​បញ្ជា​ថា ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​រាជា‌ណាចក្រ​របស់​យើង គឺ​ប្រជា‌ជន ក្រុម​បូជា‌ចារ្យ ក្រុម​លេវី អស់​អ្នក​ដែល​មាន​បំណង​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម នោះ​យើង​អនុញ្ញាត​ឲ្យ​គេ​ចាក​ចេញ​ទៅ​ជា​មួយ​លោក។ យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំ‌ពីរ​នាក់ ចាត់​លោក​ឲ្យ​ទៅ​ពិនិត្យ​មើល នៅ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា អំពី​របៀប​ដែល​គេ​គោរព​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក គឺ​គម្ពីរ​ដែល​លោក​កាន់​នេះ។ យើង​ក៏​ចាត់​លោក​ឲ្យ​នាំ​យក​មាស​ប្រាក់ ដែល​យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំ‌ពីរ​រូប សម្រេច​ថ្វាយ​ចំពោះ​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។ លោក​ក៏​ត្រូវ​នាំ​យក​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន ដែល​លោក​រៃ​បាន​ក្នុង​អាណា‌ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល ព្រម​ទាំង​តង្វាយ​ដែល​ប្រជា‌ជន និង​បូជា‌ចារ្យ​ស្ម័គ្រ​ចិត្ត​ថ្វាយ សម្រាប់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ពួក​គេ នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ។ លោក​ត្រូវ​លៃ‌លក​យក​ប្រាក់​ទាំង​នោះ ទិញ​គោ​បា ចៀម​ឈ្មោល និង​កូន​ចៀម ព្រម​ទាំង​តង្វាយ​ម្សៅ និង​ស្រា​ទំពាំង‌បាយជូរ​ដែល​ត្រូវ​ច្រួច​ជា​មួយ។ លោក​ត្រូវ​ថ្វាយ​តង្វាយ​ទាំង​នោះ នៅ​លើ​អាសនៈ​របស់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ពួក​លោក នៅ​ក្រុង​យេរូ‌សាឡឹម។ ប្រសិន​បើ​មាន​មាស​ប្រាក់​នៅ​សល់ លោក និង​បងប្អូន​របស់​លោក អាច​យក​ទៅ​ប្រើ​ការ​តាម​តែ​លោក​យល់​ឃើញ​ថា​ល្អ​ត្រឹម​ត្រូវ ស្រប​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ​របស់​អស់​លោក។ ចំពោះ​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​លោក ដែល​គេ​បាន​ប្រគល់​ដល់​លោក​នោះ ចូរ​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម។ ប្រសិន​បើ​លោក​ត្រូវ​ការ​ចំណាយ​អ្វី​ផ្សេង​ទៀត សម្រាប់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​លោក ចូរ​បើក​ពី​ឃ្លាំង​រាជ‌ទ្រព្យ​ទៅ​ចំណាយ​ចុះ។ យើង ព្រះចៅ​អើថា‌ស៊ើកសេស ចេញ​បញ្ជា​ដល់​អ្នក​កាន់​ឃ្លាំង​រាជ‌ទ្រព្យ​ទាំង​អស់ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​ថា បើ​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន​បរម‌សុខ សុំ​អ្វី ត្រូវ​ប្រគល់​ជូន​លោក​កុំ​បី​អាក់‌ខាន​ឡើយ។ ពួក​គេ​នឹង​ប្រគល់​ជូន​លោក​រហូត​ដល់​ប្រាក់​បី​តោន ស្រូវ​សាម‌សិប​តោន ស្រា​ទំពាំង‌បាយជូរ​បួន​ពាន់​លីត្រ ប្រេង​អូលីវ​បួន​ពាន់​លីត្រ ព្រម​ទាំង​អំបិល​តាម​សេចក្ដី​ត្រូវ​ការ។ អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ​បង្គាប់ ស្ដី​អំពី​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ត្រូវ​តែ​ធ្វើ​តាម​យ៉ាង​រួស‌រាន់ ដើម្បី​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​នគរ ឬ​រាជ‌វង្ស​របស់​យើង។ មួយ​វិញ​ទៀត យើង​សុំ​ប្រាប់​អស់​លោក​ឲ្យ​ដឹង​ថា អស់​លោក​គ្មាន​សិទ្ធិ​ទារ​ពន្ធដារ សួយសារ‌អាករ និង​ពន្ធ​ផ្លូវ ពី​ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ក្រុម​អ្នក​ចម្រៀង ក្រុម​ឆ្មាំ​ទ្វារ ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ ឬ​អ្នក​បំពេញ​ការ‌ងារ​ផ្សេង​ទៀត ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ឡើយ។ ចំពោះ​លោក​អែសរ៉ា​វិញ យោង​តាម​គម្ពីរ​ដែល​បង្ហាញ​អំពី​ព្រះ‌ប្រាជ្ញា‌ញាណ​នៃ​ព្រះ​របស់​លោក គឺ​គម្ពីរ​ដែល​លោក​កាន់​នោះ ចូរ​តែង‌តាំង​ចៅ‌ក្រម និង​អ្នក​គ្រប់‌គ្រង ដើម្បី​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន ដែល​រស់​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត គឺ​អស់​អ្នក​ដែល​ស្គាល់​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក​ហើយ។ លោក​ក៏​ត្រូវ​តែ​បង្ហាត់​បង្រៀន​អស់​អ្នក​ដែល​មិន​ស្គាល់​ក្រឹត្យ‌វិន័យ​ដែរ។ អ្នក​ណា​មិន​គោរព​តាម​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក ហើយ​មិន​គោរព​តាម​ច្បាប់​របស់​ស្ដេច​ឲ្យ​បាន​ហ្មត់‌ចត់​ទេ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស សម​តាម​ការ​ដែល​ខ្លួន​ប្រព្រឹត្ត គឺ​ទទួល​ទោស​ដល់​ស្លាប់ ឬ​ត្រូវ​និរទេស ឬ​ត្រូវ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ ឬ​ត្រូវ​ជាប់​ពន្ធ‌នាគារ»។ លោក​អែសរ៉ា​បន្លឺ​សំឡេង​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង ដែល​ព្រះអង្គ​ជំរុញ​ព្រះ‌ហឫទ័យ​ព្រះ‌រាជា ឲ្យ​មាន​បំណង​លើក​កិត្តិយស​ព្រះ‌ដំណាក់​នៃ​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដល់​ខ្ញុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌មហា‌ក្សត្រ ចំពោះ​អស់​លោក​ដែល​ជា​ទី​ប្រឹក្សា ព្រម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ព្រះ‌រាជា​ទៀត​ផង។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ បាន​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង ហើយ​ប្រមូល​អស់​លោក ដែល​ជា​មេ​ដឹក​នាំ​របស់​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ដំណើរ​ទៅ​ជា​មួយ​ខ្ញុំ»។

ចែក​រំលែក
អាន អែសរ៉ា 7

អែសរ៉ា 7:11-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​សំណៅ​ពី​សំបុត្រ ដែល​អើថា‌ស៊ើក‌សេស​ដ៏​ជា​ស្តេចទ្រង់​បាន​ប្រទាន​ដល់​អែសរ៉ា​ដ៏​ជា​សង្ឃ ជា​ស្មៀន​ចំឡងអស់​ទាំង​ព្រះ‌បន្ទូល ក្នុង​ក្រិត្យ‌ក្រម​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា នឹង​បញ្ញត្ត​នៃ​ទ្រង់ ដល់​ពួក​អ៊ីស្រាអែល មាន​សេចក្ដី​ថា អើថា‌ស៊ើក‌សេស ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ប្រទាន​ដល់​អែសរ៉ា​ដ៏​ជា​សង្ឃ ជា​ស្មៀន​ចំឡង​ក្រិត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌៘ យើង​ចេញ​ព្រះ‌រាជ‌ឱង្ការ​ថា ឯ​អស់​អ្នក​ណា​ក្នុង​ពួក​សាសន៍​អ៊ីស្រាអែល ឬ​ពួក​សង្ឃ នឹង​ពួក​លេវី នៅ​ក្នុង​នគរ​យើង ដែល​ចង់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​អ្នក ដោយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ចូរ​ឲ្យ​គេ​ទៅ​ចុះ ពី​ព្រោះ​ស្តេច នឹង​ពួក​សេនាបតី​ទាំង​៧ បាន​ចាត់​អ្នក​ឲ្យទៅ​ត្រួត‌ត្រា​មើល ក្នុង​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម តាម​ក្រិត្យ‌វិន័យ​របស់​ព្រះ​នៃ​អ្នក ជា​ច្បាប់​ដែល​នៅ​ក្នុង​កណ្តាប់​ដៃ​អ្នក ហើយ​ឲ្យ​នាំ​យក​ប្រាក់ នឹង​មាស​ដែល​យើង ជា​ស្តេច នឹង​ពួក​សេនាបតី​ទាំង​៧ បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ជា​ព្រះ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ប្រាក់មាស​ទាំង​ប៉ុន្មាន​ដែល​អ្នក​នឹង​រៃ​បាន ពី​គ្រប់​ក្នុង​ខេត្ត​បាប៊ីឡូន ជា​មួយ​នឹង​បណ្ណា‌ការ​ដែល​ពួក​ជន​ទាំង​អំបាល‌ម៉ាន នឹង​ពួក​សង្ឃ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត សំរាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​លោក ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​មួយ​ផង ដូច្នេះ ត្រូវ​ឲ្យ​អ្នក​មាន​ចិត្ត​ខ្នះ‌ខ្នែង យក​ប្រាក់​នោះ​ទៅ​ទិញ​គោ ចៀម​ឈ្មោល នឹង​កូន​ចៀម ព្រម​ទាំង​គ្រឿង​ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច​នោះ​ផង នាំ​ទៅ​ថ្វាយ​នៅ​លើ​អាសនា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ចុះ ឯ​ប្រាក់ នឹង​មាស​ដែល​សល់​នៅ នោះ​ត្រូវ​ឲ្យ​អ្នក នឹង​ពួក​បង​ប្អូន​អ្នក ប្រើ​ការ​តាម​តែ​គិត​ឃើញ​ថា​ត្រឹម‌ត្រូវ តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ ហើយ​ឯ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​បាន​ឲ្យ​ដល់​អ្នក សំរាប់​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​អ្នក នោះ​ចូរ​អ្នក​យក​ទៅ​ប្រគល់ នៅ​ចំពោះ​ព្រះ​នៃ​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​របស់​អ្វី​ផ្សេង​ទៀត​ដែល​ខ្វះ​ខាត​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​អ្នក ដែល​អ្នក​ត្រូវ​ការ​បញ្ចេញ​ប្រាក់​ទិញ នោះ​ត្រូវ​បញ្ចេញ​យក​ពី​ឃ្លាំង​ហ្លួង​ចុះ មួយ​ទៀត យើង អើថា‌ស៊ើក‌សេស​ជា​ស្តេច យើង​ចេញ​ព្រះ‌រាជ‌ឱង្ការ បង្គាប់​ដល់​គ្រប់​ទាំង​មេ​ឃ្លាំង នៅ​ខាង​នាយ​ទន្លេ​ថា របស់​អ្វីៗ​ដែល​អែសរ៉ា​ដ៏​ជា​សង្ឃ ជា​ស្មៀន​ចំឡងក្រិត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌ លោក​នឹង​សូម​ក៏​ដោយ នោះ​ត្រូវ​តែ​ឃ្មាត‌ខ្មី​នឹង​ឲ្យ​ចុះ ទោះ​ដល់​ទៅ​ប្រាក់​១០០​ហាប ស្រូវ​១០០​រង្វាល់ ស្រា​ទំពាំង‌បាយ‌ជូរ​២០០​ប៉ោត ប្រេង​២០០​ប៉ោត នឹង​អំបិល​ឥត​មាន​កំណត់​ក្តី ត្រូវ​ឲ្យ​ធ្វើ​សំរេច​គ្រប់​ទាំង​អស់ ដែល​ព្រះ​នៃ​ស្ថាន‌សួគ៌​ទ្រង់​បង្គាប់​មក ដោយ​ត្រូវ​ចំពោះ សំរាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌​ចុះ តើ​នឹង​ឲ្យ​មាន​សេចក្ដី​ក្រោធ ចំពោះ​រាជ្យ​ស្តេច នឹង​ព្រះ‌រាជ​បុត្រា​ទ្រង់​ធ្វើ​អី មួយ​ទៀត យើង​បញ្ជាក់​ដល់​អ្នក​រាល់​គ្នា​ថា ចំណែក​ពួក​សង្ឃ ពួក​លេវី ពួក​ចំរៀង ពួក​ឆ្មាំ​ទ្វារ ពួក​នេធីនិម នឹង​ពួក​អ្នក​បំរើ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​នេះ នោះ​មិន​ត្រូវ​ឲ្យ​ទារ​សួយ‌អាករ ពន្ធ​ខ្លួន ឬ​ពន្ធ‌គយ ពី​អ្នក​ទាំង​នោះ​ឡើយ ឯ​អែសរ៉ា​ឯង តាម​ប្រាជ្ញា​របស់​ព្រះ​នៃ​អ្នក​ដែល​សណ្ឋិត​លើ​អ្នក នោះ​ត្រូវ​ឲ្យ​អ្នក​តាំង​ពួក​អ្នក​ឡើង ដែល​ជា​អ្នក​ជំនាញ​ក្នុង​ក្រិត្យ‌វិន័យ​របស់​ព្រះ​នៃ​អ្នក ឲ្យ​ធ្វើ​ជា​ចៅ‌ក្រម នឹង​សុភា ឲ្យ​ជំនុំ​ជំរះ ដល់​អ្នក​ទាំង​សាសន៍​នៅ​ខាង​នាយ​ទន្លេ ហើយ​ត្រូវ​បង្ហាត់​បង្រៀន​ក្រិត្យ‌វិន័យ ដល់​អស់​អ្នក​ណា​ដែល​មិន​ស្គាល់​ផង ឯ​អ្នក​ណា​ដែល​មិន​ព្រម​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ របស់​ព្រះ​នៃ​អ្នក ហើយ​នឹង​ច្បាប់​របស់​ស្តេច​ផង នោះ​ត្រូវ​តែ​កាត់​ទោស​ជា​ប្រញាប់​ចុះ ទោះ​ដល់​ស្លាប់ ឬ​និរទេស ឬ​រឹប​យក​របស់​ទ្រព្យ​គេ ឬ​ដាក់​គុក​ក្តី។ សូម​សរសើរ​ដំកើងដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​បណ្តាល​ព្រះ‌ទ័យ​ស្តេច ឲ្យ​សំរេច​នឹង​តាក់‌តែង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ឲ្យ​ល្អ​ឡើង​ដូច្នេះ ព្រម​ទាំង​ប្រោស​ផ្តល់​សេចក្ដី​សប្បុរស​របស់​ទ្រង់ ដល់​ខ្ញុំ​នៅ​ចំពោះ​ស្តេច ពួក​សេនាបតី​ទ្រង់ ហើយ​ពួក​អ្នក​ប្រធាន​ដ៏​មាន​អំណាច​របស់​ស្តេច​ផង ខ្ញុំ​ក៏​មាន​កំឡាំង​ចំរើន​ឡើង ដោយ​នូវ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ ដែល​សណ្ឋិត​លើ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទៅ​ប្រមូល​ពួក​អ្នក ដែល​ជា​កំពូល​ក្នុង​សាសន៍​អ៊ីស្រាអែល ឲ្យ​ឡើង​ទៅ​ជា​មួយ។

ចែក​រំលែក
អាន អែសរ៉ា 7

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ