អែសរ៉ា 7:11-28

អែសរ៉ា 7:11-28 គកស១៦

នេះ​ជា​សំណៅ​សំបុត្រ​ដែល​ព្រះ​បាទ​អើថា‌ស៊ើក‌សេស​ប្រគល់​ជូន​សង្ឃ​អែសរ៉ា ជា​ស្មៀន គឺ​ជា​បុរស​ម្នាក់​ដែល​ប្រសប់​ខាង​ឯ​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា និង​ច្បាប់​របស់​ព្រះ‌អង្គ ដល់​ពួក​អ៊ីស្រា‌អែល។ សំបុត្រ​នេះ​មាន​សេចក្ដី​ថា៖ «អើថា‌ស៊ើក‌សេស ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ផ្ញើ​ជូន​សង្ឃ​អែសរ៉ា ជា​ស្មៀន​ខាង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌ ។ សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត ឥឡូវ​នេះ យើង​ចេញ​បង្គាប់​ថា ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល ឬ​ពួក​សង្ឃ និង​ពួក​លេវី នៅ​ក្នុង​រាជា​ណាចក្រ​របស់​យើង គឺ​អស់​អ្នក​ដែល​មាន​បំណង​ចង់​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម នោះ​យើង​អនុញ្ញាត​ឲ្យ​ទៅជាមួយ​លោក។ ដ្បិត​យើង ជា​ស្តេច និង​ទី​ប្រឹក្សា​របស់​ស្ដេច​ទាំង​ប្រាំពីរ បាន​ចាត់​លោក​ឲ្យ​ទៅ​ពិនិត្យ​មើល​អំពី​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម តាម​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក ដែល​នៅ​ក្នុង​ដៃ​របស់​លោក ហើយ​ឲ្យ​នាំ​យក​ប្រាក់ និង​មាស​ដែល​យើង ជា​ស្តេច និង​ទី​ប្រឹក្សា​ទាំង​ប្រាំ​ពីរ បាន​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ព្រះ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន​ដែល​លោក​នឹង​រៃ​បាន​នៅ​ក្នុង​អាណា​ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល ហើយ​ព្រម​ទាំង​តង្វាយ​ដែល​ប្រជា‌ជន និង​ពួក​សង្ឃ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​លោក ដែល​នៅ​ក្រុង​យេរូ‌សាឡិម ទៅ​ជា​មួយ​ផង។ ដូច្នេះ លោក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្នះ‌ខ្នែង យក​ប្រាក់​នេះ​ទៅ​ទិញ​គោ ចៀម​ឈ្មោល និង​កូន​ចៀម ព្រម​ទាំង​គ្រឿង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច ហើយ​លោក​ត្រូវ​ថ្វាយ​តង្វាយ​ទាំង​នោះ​នៅ​លើ​អាសនា ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ពួក​លោក ដែល​នៅ​ក្រុង​យេរូ‌សាឡិម។ ឯ​ប្រាក់ និង​មាស​ដែល​នៅ​សល់ លោក និង​បង​ប្អូន​របស់​លោក​អាច​យក​ទៅ​ប្រើ​ការ តាម​តែ​លោក​យល់​ឃើញ​ថា​ល្អ តាម​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​របស់​អស់​លោក។ ឯ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រគល់​ជូនលោក សម្រាប់​ប្រើ​ប្រាស់​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​លោក ចូរ​យក​ទៅ​ប្រគល់​នៅ​ចំពោះ​ព្រះ​នៃ​ក្រុង​យេរូ‌សាឡិម។ ឯ​អ្វីៗ​ផ្សេង​ទៀត​ដែល​ត្រូវ​ការ​សម្រាប់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​លោក ដែល​ជា​បន្ទុក​របស់​លោក​ត្រូវ​ផ្គត់​ផ្គង់ លោក​អាច​បើក​ពី​ឃ្លាំង​រាជ​ទ្រព្យ។ យើង ព្រះរាជា​អើថា‌ស៊ើក‌សេស ចេញ​បង្គាប់​ដល់​អ្នក​កាន់​ឃ្លាំងទាំង​អស់ នៅ​ក្នុង​អាណា​ខេត្ត​ខាង​នាយ​ទន្លេ​ថា អ្វីៗ​ដែល​សង្ឃ​អែសរ៉ា ជា​ស្មៀន​ខាង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌ លោក​ស្នើ​សុំ នោះត្រូវ​អនុវត្ត​កិច្ច‌ការ​នេះ​ឲ្យ​បាន​សម្រេច​ដោយ​ខ្នះ​ខ្នែង​បំផុត ទោះ​ជា​មាន​ចំនួន​រហូត​ដល់​ប្រាក់​មួយ​រយ​ហាប ស្រូវ​មួយ​រយ​រង្វាល់ ស្រា​ទំពាំង‌បាយ‌ជូរ​មួយ​រយ​បាថ ប្រេង​មួយ​រយ​បាថ និង​អំបិល​ជា​ច្រើន ឥត​មាន​កំណត់​ក៏​ដោយ។ អ្វីៗ​ដែល​ព្រះ​នៃ​ស្ថាន‌សួគ៌​ព្រះ‌អង្គ​បង្គាប់ ត្រូវ​ធ្វើ​ឲ្យ​បាន​សម្រេច​គ្រប់​ទាំង​អស់ សម្រាប់​ព្រះ​ដំណាក់​រប​ស់​ព្រះ​នៃ​ស្ថាន‌សួគ៌ ក្រែង​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ទាស់​នឹង​រាជ្យ​របស់​ស្តេច និង​ពួក​បុត្រា​របស់​ទ្រង់។ មួយ​ទៀត យើង​បញ្ជាក់​ប្រាប់​អស់​លោក​ថា ចំណែក​ពួក​សង្ឃ ពួក​លេវី ពួក​ចម្រៀង ពួក​ឆ្មាំ​ទ្វារ ពួក​អ្នក​បម្រើ​ព្រះ​វិហារ ឬ​ពួក​អ្នក​បំពេញ​ការ​ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នេះ នោះមិន​ត្រូវ​ទារ​ពន្ធ​ដារ សួយ‌អាករ ឬ​ពន្ធ‌ផ្លូវ​ពី​អ្នក​ទាំង​នោះ​ឡើយ។ ចំពោះ​លោក​អែសរ៉ា​វិញ តាម​ប្រាជ្ញា​នៃ​ព្រះ​របស់​លោក ដែល​លោក​មាន​នៅ​ដៃ ត្រូវ​តែង​តាំង​ឲ្យ​មាន​ពួក​អ្នក​គ្រប់​គ្រង និង​ពួក​ចៅ‌ក្រម ដែល​អាច​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន​ទាំង​ឡាយ​ដែល​នៅ​ក្នុង​អាណា​ខេត្ត​ខាង​នាយ​ទន្លេ គឺ​ជា​អ្នក​ស្គាល់​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក ហើយ​លោក​ត្រូវ​បង្ហាត់​បង្រៀន​ក្រឹត្យ‌វិន័យ ដល់​អស់​អ្នក​ដែល​មិន​ស្គាល់​ក្រឹត្យ​វិន័យ​ផង។ អ្នក​ណា​ដែល​មិន​ព្រម​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក និង​ច្បាប់​របស់​ស្តេច ត្រូវ​កាត់​ទោស​អ្នក​នោះ​យ៉ាង​ម៉ឺង​ម៉ាត់ ទោះ​ដល់​ស្លាប់ ឬ​និរទេស ឬ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ឬ​ដាក់​គុក​ក៏​ដោយ»។ «សូម​សរ‌សើរ​តម្កើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​យើង ដែល​ព្រះ‌អង្គ​បាន​បណ្ដាល​ព្រះ‌ហឫ‌ទ័យ​របស់​ស្តេច​ដូច្នេះ ឲ្យ​តាក់​តែង​លម្អ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា ដែល​នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ប្រោស​ប្រទាន​សេចក្ដី​សប្បុ‌រស​របស់​ព្រះ‌អង្គ​ដល់​ខ្ញុំ នៅ​ចំពោះ​ស្តេច ពួក​ទី​ប្រឹក្សា​របស់​ស្ដេច និងនៅ​ចំពោះ​មន្ត្រី​ដ៏​មាន​អំណាច​របស់​ស្តេច​ទៀត​ផង។ ខ្ញុំ​មាន​សេចក្ដី​ក្លាហាន ដ្បិត​ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ បាន​សណ្ឋិត​លើ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ប្រមូល​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ​របស់​អ៊ីស្រា‌អែល ឲ្យ​ឡើង​ទៅ​ជា​មួយ​ខ្ញុំ»។

អាន អែសរ៉ា 7

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ