អេសេគាល 40:39-49

អេសេគាល 40:39-49 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ មាន​តុ​ពីរ​នៅ​ម្ខាង និង​តុ​ពីរ​នៅ​ម្ខាង​ទៀត។ គេ​អារ-ក​សត្វ​នៅ​លើ​តុ​ទាំង​នោះ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​យញ្ញ‌បូជា​សុំ​ឲ្យ​រួច​ពី​បាប និង​យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស។ ត្រង់​កន្លែង​មួយ ដែល​ស្ថិត​នៅ​ខាង​ក្រៅ​នៃ​ច្រក​ចូល​តាម​ខ្លោង​ទ្វារ​ខាង​ជើង មាន​តុ​ពីរ ហើយ​នៅ​ម្ខាង​ទៀត គឺ​នៅ​ក្បែរ​បន្ទប់​ល្វែង ក៏​មាន​តុ​ពីរ​ដែរ។ នៅ​ត្រង់​បន្ទប់​ល្វែង មាន​តុ​ប្រាំ​បី គឺ​ម្ខាង​បួនៗ ដែល​គេ​អារ-ក​សត្វ​ពី​លើ។ មាន​តុ​បួន​ទៀត​ដែល​ធ្វើ​ពី​ផ្ទាំង​ថ្ម សម្រាប់​ធ្វើ​ពិធី​យញ្ញ‌បូជា។ តុ​នីមួយៗ​មាន​បណ្ដោយ​មួយ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កម្ពស់​មួយ​ហត្ថ។ គេ​ដាក់​ឧបករណ៍​សម្រាប់​អារ-ក​សត្វ​ថ្វាយ​តង្វាយ​ដុត និង​ថ្វាយ​យញ្ញ‌បូជា​ផ្សេងៗ​ទៀត​នៅ​លើ​តុ​នោះ។ នៅ​តាម​គែម​តុ មាន​ចង្អូរ​ព័ទ្ធ​ជុំ‌វិញ ចង្អូរ​នោះ​មាន​ទទឹង​មួយ​ចង្អាម រីឯ​សាច់​សម្រាប់​ធ្វើ​យញ្ញ‌បូជា គេ​ដាក់​នៅ​លើ​តុ។ នៅ​មុខ​ខ្លោង​ទ្វារ​ខាង​ក្នុង គឺ​នៅ​ទី‌លាន​ខាង​ក្នុង មាន​បន្ទប់​ផ្សេងៗ​សម្រាប់​អ្នក​ចម្រៀង។ បន្ទប់​មួយ​ស្ថិត​ជិត​ខ្លោង​ទ្វារ​ខាង​ជើង ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង មួយ​ទៀត​នៅ​ជិត​ខ្លោង​ទ្វារ​ខាង​កើត ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង។ លោក​ពោល​មក​ខ្ញុំ​ថា៖ «បន្ទប់​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង ជា​បន្ទប់​របស់​ពួក​បូជា‌ចារ្យ​ដែល​បំពេញ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់។ រីឯ​បន្ទប់​បែរ​មុខ​ទៅ​ទិស​ខាង​ជើង ជា​បន្ទប់​របស់​ពួក​បូជា‌ចារ្យ​ដែល​បំពេញ​ការ‌ងារ​នៅ​ទី​អាសនៈ។ អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​សាដុក ក្នុង​កុល‌សម្ព័ន្ធ​លេវី ដែល​មាន​ភារ‌កិច្ច​ចូល​មក​បម្រើ​ព្រះ‌អម្ចាស់»។ លោក​វាស់​ទី‌លាន​ដែល​មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​រយ​ហត្ថ។ រីឯ​អាសនៈ​ស្ថិត​នៅ​មុខ​ទីសក្ការៈ។ លោក​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ល្វែង​នៃ​ព្រះ‌ដំណាក់។ លោក​វាស់​សសរ​បន្ទប់​នោះ ម្ខាងៗ​មាន​ប្រវែង​ប្រាំ​ហត្ថ។ រីឯ​ទទឹង​ខ្លោង​ទ្វារ ម្ខាងៗ​មាន​ប្រវែង​បី​ហត្ថ។ បន្ទប់​ល្វែង​នោះ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ និង​ទទឹង​ដប់​មួយ​ហត្ថ។ មាន​ជណ្ដើរ​ឡើង​ទៅ​កាន់​បន្ទប់​ល្វែង​នោះ ហើយ​មាន​បង្គោល​នៅ​ក្បែរ​សសរ គឺ​ម្ខាងៗ​មាន​បង្គោល​មួយ។

ចែក​រំលែក
អាន អេសេគាល 40

អេសេគាល 40:39-49 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថែវ​នៃ​ទ្វារ​កំផែង មាន​តុ​ពីរ​នៅ​ខាង​នេះ ហើយ​ពីរ​ខាង​នោះ សម្រាប់​សម្លាប់​តង្វាយ​ដុត យញ្ញ‌បូជា​លោះ​បាប និង​យញ្ញ‌បូជា​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង។ ឯ​ខាង​ក្រៅ ដែល​ឡើង​ទៅ​ផ្លូវ​ចូល​ទ្វារ​កំផែង​ទិស​ខាង​ជើង មាន​តុ​ពីរ ហើយ​នៅ​ម្ខាង​ទៀត​របស់​ថែវ​នៃ​ទ្វារ​កំផែង​នោះ​ក៏​មាន​តុ​ពីរ​ដែរ។ មាន​តុ​បួន​ខាង​នេះ ហើយ​បួន​ខាង​នោះ ដែល​នៅ​ខាងៗ​នៃ​ទ្វារ​កំផែង គឺ​ទាំង​អស់​មាន​តុ​ប្រាំ សម្រាប់​សម្លាប់​យញ្ញ‌បូជា។ មាន​តុ​បួន​ដាប់​ពី​ថ្ម​ប្រវែង​មួយ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ ហើយ​កម្ពស់​មួយ​ហត្ថ​សម្រាប់​តង្វាយ​ដុត ជា​កន្លែង​ដែល​ដាក់​គ្រឿង​ប្រដាប់​សម្រាប់​សម្លាប់​តង្វាយ​ដុត និង​យញ្ញ‌បូជា​នោះ។ មាន​តម្ពក់​ប្រវែង​មួយ​ទះ​ភ្ជាប់​នឹង​ជញ្ជាំង​ជុំ‌វិញ ឯ​សាច់​នៃ​តង្វាយ​ក៏​នៅ​លើ​តុ​ទាំង​នោះ។ នៅ​ខាង​ក្រៅ​នៃ​ទ្វារ​ខាង​ក្នុង មាន​បន្ទប់​ពីរ​នៅ​ក្នុង​ទី‌លាន​ខាង​ក្នុង មួយ​នៅ​ជិត​ទ្វារ​ទិស​ខាង​ជើង បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង ហើយ​មួយ​ទៀត​នៅ​ជិត​ទ្វារ​ខាង​កើត បែរ​មុខ​ទៅ​ទិស​ខាង​ជើង។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា បន្ទប់​មួយ​នេះ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង សម្រាប់​ពួក​សង្ឃ​ដែល​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ ហើយ​បន្ទប់​មួយ​ដែល​បែរមុខ​ទៅ​ទិស​ខាង​ជើង សម្រាប់​ពួក​សង្ឃ​ដែល​រក្សា​បញ្ញើ​នៃ​អាស‌នា ឯ​ពួក​ទាំង​នោះ គឺ​ជា​កូន​ចៅ​របស់​សាដុក ក្នុង​ពួក​កូន​ចៅ​លេវី ដែល​ចូល​ទៅ​ជិត​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌អង្គ។ លោក​ក៏​វាស់​ទី‌លាន​មាន​ប្រវែង​មួយរយ​ហត្ថ ទទឹង​មួយរយ​ហត្ថ បួន​ជ្រុង​ស្មើ ហើយ​អាស‌នា​ក៏​នៅ​ពី​មុខ​ព្រះ‌វិហារ។ បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ឯ​ថែវ​នៃ​ព្រះ‌វិហារ លោក​វាស់​សសរ​ថែវ​នោះ​បាន​ប្រាំ​ហត្ថ​ខាង​នេះ និង​ប្រាំ​ហត្ថ​ខាង​នោះ ហើយ​ទទឹង​ទ្វារ​នោះ​បាន​ប្រាំ​ហត្ថ​ខាង​នេះ និង​បី​ហត្ថ​ខាង​នោះ។ ប្រវែង​របស់​ថែវ​នោះ មានបណ្ដោយ​ម្ភៃ​ហត្ថ និង​ទទឹង​ដប់​មួយ​ហត្ថ ហើយ​គេ​ឡើង​ទៅ​ឯ​ថែវ​នោះ តាម​ជណ្តើរ ក៏​មាន​បង្គោល​នៅ​ក្បែរ​សសរ​ទាំង​នោះ ម្ខាងៗ​មាន​មួយ។

ចែក​រំលែក
អាន អេសេគាល 40

អេសេគាល 40:39-49 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​នៅ​បាំង‌សាច​នៃ​ទ្វារ​កំផែង មាន​តុ​២​នៅ​ខាង​នេះ ហើយ​២​ខាង​នោះ សំរាប់​នឹង​សំឡាប់​ដង្វាយ​ដុត យញ្ញ‌បូជា​លោះ​បាប នឹង​យញ្ញ‌បូជា ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ឯ​ខាង​ក្រៅ ដែល​ឡើង​ទៅ​ឯ​ផ្លូវ​ចូល​ទ្វារ​កំផែង​ទិស​ខាង​ជើង នោះ​មាន​តុ​២​ម្ខាង ហើយ​២​ម្ខាង​ទៀត​របស់​បាំង‌សាច​នៃ​ទ្វារ​កំផែង​នោះ មាន​តុ​៤​ខាង​នេះ ហើយ​៤​ខាង​នោះ ដែល​នៅ​ខាងៗ​នៃ​ទ្វារ​កំផែង គឺ​ទាំង​អស់​មាន​តុ​៨ សំរាប់​នឹង​សំឡាប់​យញ្ញ‌បូជា ក៏​មាន​តុ​៤​ដាប់​ពី​ថ្ម​ប្រវែង​១​ហត្ថ​កន្លះ ទទឹង​១​ហត្ថ​កន្លះ ហើយ​កំពស់​១​ហត្ថ​សំរាប់​ដង្វាយ​ដុត ជា​កន្លែង​ដែល​ដាក់​គ្រឿង​ប្រដាប់​សំរាប់​សំឡាប់​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា​នោះ ហើយ​មាន​ទំពក់​ប្រវែង​១​ទះ ភ្ជាប់​នឹង​ជញ្ជាំង​ជុំវិញ ឯ​សាច់​នៃ​ដង្វាយ​ក៏​នៅ​លើ​តុ​ទាំង​នោះ។ នៅ​ខាង​ក្រៅ​នៃ​ទ្វារ​ខាង​ក្នុង នោះ​មាន​បន្ទប់​សំរាប់​ពួក​ចំរៀង នៅ​ក្នុង​ទីលាន​ខាង​ក្នុង ដែល​នៅ​ត្រង់​ទ្វារ​ទិស​ខាង​ជើង ឯ​បន្ទប់​ទាំង​នោះ​បើក​ទៅ​ខាង​ត្បូង ហើយ​មាន​១​ទៀត នៅ​ត្រង់​ទ្វារ​ខាង​កើត ដែល​បើក​ទៅ​ទិស​ខាង​ជើង លោក​ក៏​ប្រាប់​ខ្ញុំ​ថា បន្ទប់​១​នេះ​ដែល​បើក​ទៅ​ខាង​ត្បូង នោះ​សំរាប់​ពួក​សង្ឃ​ដែល​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ ហើយ​បន្ទប់​១​ដែល​បើក​ទៅ​ខាង​ជើង នោះ​សំរាប់​ពួក​សង្ឃ​ដែល​រក្សា​បញ្ញើ​នៃ​អាសនា ឯ​ពួក​ទាំង​នោះ គឺ​ជា​កូន​ចៅ​របស់​សាដុក ក្នុង​ពួក​កូន​ចៅ​លេវី ដែល​ចូល​ទៅ​ជិត​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​ការ‌ងារ​ថ្វាយ​ទ្រង់ លោក​ក៏​វាស់​ទីលាន​បាន​ប្រវែង​១០០​ហត្ថ ទទឹង​១០០​ហត្ថ ៤​ជ្រុង​ស្មើ ហើយ​អាសនា​ក៏​នៅ​ពី​មុខ​ព្រះ‌វិហារ។ រួច​លោក​នាំ​ខ្ញុំ​ទៅ​ឯ​បាំង‌សាច​នៃ​ព្រះ‌វិហារ លោក​វាស់​សសរ​បាំង‌សាច​នោះ​បាន​៥​ហត្ថ​ខាង​នេះ នឹង​៥​ហត្ថ​ខាង​នោះ ហើយ​ទទឹង​ទ្វារ​នោះ​បាន​៥​ហត្ថ​ខាង​នេះ នឹង​៣​ហត្ថ​ខាង​នោះ ប្រវែង​របស់​បាំង‌សាច​នោះ មាន​២០​ហត្ថ នឹង​ទទឹង​១១​ហត្ថ ហើយ​គេ​ឡើង​ទៅ​ឯ​បាំង‌សាច​នោះ ដោយ​ថ្នាក់​ជណ្តើរ ក៏​មាន​បង្គោល​នៅ​ក្បែរ​សសរ​ទាំង​នោះ ១​ខាង​នេះ ហើយ​១​ខាង​នោះ។

ចែក​រំលែក
អាន អេសេគាល 40