អេ‌សេ‌គាល 40:39-49

អេ‌សេ‌គាល 40:39-49 គកស១៦

នៅ​ថែវ​នៃ​ទ្វារ​កំផែង មាន​តុ​ពីរ​នៅ​ខាង​នេះ ហើយ​ពីរ​ខាង​នោះ សម្រាប់​សម្លាប់​តង្វាយ​ដុត យញ្ញ‌បូជា​លោះ​បាប និង​យញ្ញ‌បូជា​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង។ ឯ​ខាង​ក្រៅ ដែល​ឡើង​ទៅ​ផ្លូវ​ចូល​ទ្វារ​កំផែង​ទិស​ខាង​ជើង មាន​តុ​ពីរ ហើយ​នៅ​ម្ខាង​ទៀត​របស់​ថែវ​នៃ​ទ្វារ​កំផែង​នោះ​ក៏​មាន​តុ​ពីរ​ដែរ។ មាន​តុ​បួន​ខាង​នេះ ហើយ​បួន​ខាង​នោះ ដែល​នៅ​ខាងៗ​នៃ​ទ្វារ​កំផែង គឺ​ទាំង​អស់​មាន​តុ​ប្រាំ សម្រាប់​សម្លាប់​យញ្ញ‌បូជា។ មាន​តុ​បួន​ដាប់​ពី​ថ្ម​ប្រវែង​មួយ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ ហើយ​កម្ពស់​មួយ​ហត្ថ​សម្រាប់​តង្វាយ​ដុត ជា​កន្លែង​ដែល​ដាក់​គ្រឿង​ប្រដាប់​សម្រាប់​សម្លាប់​តង្វាយ​ដុត និង​យញ្ញ‌បូជា​នោះ។ មាន​តម្ពក់​ប្រវែង​មួយ​ទះ​ភ្ជាប់​នឹង​ជញ្ជាំង​ជុំ‌វិញ ឯ​សាច់​នៃ​តង្វាយ​ក៏​នៅ​លើ​តុ​ទាំង​នោះ។ នៅ​ខាង​ក្រៅ​នៃ​ទ្វារ​ខាង​ក្នុង មាន​បន្ទប់​ពីរ​នៅ​ក្នុង​ទី‌លាន​ខាង​ក្នុង មួយ​នៅ​ជិត​ទ្វារ​ទិស​ខាង​ជើង បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង ហើយ​មួយ​ទៀត​នៅ​ជិត​ទ្វារ​ខាង​កើត បែរ​មុខ​ទៅ​ទិស​ខាង​ជើង។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា បន្ទប់​មួយ​នេះ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង សម្រាប់​ពួក​សង្ឃ​ដែល​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ ហើយ​បន្ទប់​មួយ​ដែល​បែរមុខ​ទៅ​ទិស​ខាង​ជើង សម្រាប់​ពួក​សង្ឃ​ដែល​រក្សា​បញ្ញើ​នៃ​អាស‌នា ឯ​ពួក​ទាំង​នោះ គឺ​ជា​កូន​ចៅ​របស់​សាដុក ក្នុង​ពួក​កូន​ចៅ​លេវី ដែល​ចូល​ទៅ​ជិត​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌អង្គ។ លោក​ក៏​វាស់​ទី‌លាន​មាន​ប្រវែង​មួយរយ​ហត្ថ ទទឹង​មួយរយ​ហត្ថ បួន​ជ្រុង​ស្មើ ហើយ​អាស‌នា​ក៏​នៅ​ពី​មុខ​ព្រះ‌វិហារ។ បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ឯ​ថែវ​នៃ​ព្រះ‌វិហារ លោក​វាស់​សសរ​ថែវ​នោះ​បាន​ប្រាំ​ហត្ថ​ខាង​នេះ និង​ប្រាំ​ហត្ថ​ខាង​នោះ ហើយ​ទទឹង​ទ្វារ​នោះ​បាន​ប្រាំ​ហត្ថ​ខាង​នេះ និង​បី​ហត្ថ​ខាង​នោះ។ ប្រវែង​របស់​ថែវ​នោះ មានបណ្ដោយ​ម្ភៃ​ហត្ថ និង​ទទឹង​ដប់​មួយ​ហត្ថ ហើយ​គេ​ឡើង​ទៅ​ឯ​ថែវ​នោះ តាម​ជណ្តើរ ក៏​មាន​បង្គោល​នៅ​ក្បែរ​សសរ​ទាំង​នោះ ម្ខាងៗ​មាន​មួយ។

អាន អេ‌សេ‌គាល 40

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេ‌សេ‌គាល 40:39-49