អេសេគាល 36:6-15

អេសេគាល 36:6-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ស្ដី​អំពី​ទឹក​ដី​អ៊ីស្រា‌អែល! ចូរ​ប្រាប់​ភ្នំ​តូច ភ្នំ​ធំ និង​ជ្រលង​ដង​អូរ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​និយាយ​ដោយ​ចិត្ត​ស្រឡាញ់​ដ៏​លើស‌លុប​ចំពោះ​អ្នក ហើយ​ដោយ​កំហឹង​ដ៏​ខ្លាំង​ដែរ ព្រោះ​ប្រជា‌ជាតិ​នានា​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​អាម៉ាស់។ ហេតុ​នេះ យើង​ជា​ព្រះ‌ជា‌អម្ចាស់ យើង​លើក​ដៃ​សន្យា​យ៉ាង​ឱឡា‌រិក​ថា ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ​អ្នក​រាល់​គ្នា មុខ​ជា​ទទួល​យក​ការ​អាម៉ាស់​នោះ​មិន​ខាន! រីឯ​ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​អើយ ដើម​ឈើ​របស់​អ្នក​រាល់​គ្នា​នឹង​បែក​មែក​សាខា បង្កើត​ផល​ផ្លែ​សម្រាប់​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង ដ្បិត​ពួក​គេ​ជិត​ត្រឡប់​មក​វិញ​ហើយ។ យើង​បែរ​មក​រក​អ្នក​រាល់​គ្នា យើង​កាន់​ខាង​អ្នក​រាល់​គ្នា។ មាន​គេ​ភ្ជួរ​រាស់​អ្នក និង​សាប​ព្រោះ​ឡើង​វិញ។ យើង​នឹង​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​នៅ​លើ​ភ្នំ​នេះ​កើន​ឡើង គឺ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល។ ក្រុង​ទាំង‌ឡាយ​នឹង​មាន​មនុស្ស​រស់​នៅ ហើយ​កន្លែង​បាក់​បែក​ទាំង‌ឡាយ ក៏​នឹង​ត្រូវ​សង់​ឡើង​វិញ​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ចំនួន​មនុស្ស និង​ហ្វូង​សត្វ​នៅ​លើ​ភ្នំ​នេះ​កើន​ឡើង ហើយ​បង្កើត​កូន​ពូន​ជា​ចៅ។ យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​មាន​ចំនួន​ច្រើន ដូច​កាល​ពី​មុន យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រុង‌ចម្រើន​លើស​ពី​មុន​ទៅ​ទៀត។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់​មែន។ អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង​អើយ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​នៅ​លើ​ភ្នំ​នេះ​វិញ។ អ្នក​រាល់​គ្នា​នឹង​យក​ទឹក​ដី​នេះ​ធ្វើ​ជា​កម្មសិទ្ធិ និង​ជា​កេរ‌មត៌ក ទឹក​ដី​នេះ​នឹង​លែង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បាត់​បង់​កូន​ចៅ​ទៀត​ហើយ»។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «គេ​តែង​ពោល​ថា “ស្រុក​នេះ​បំផ្លាញ​ជីវិត​មនុស្ស ស្រុក​នេះ​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​របស់​ខ្លួន​បាត់​បង់​កូន​ចៅ”។ ប៉ុន្តែ ពី​ពេល​នេះ​ទៅ​មុខ អ្នក​លែង​បំផ្លាញ​ជីវិត​មនុស្ស អ្នក​លែង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​របស់​អ្នក​បាត់​បង់​កូន​ចៅ​ទៀត​ហើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ យើង​នឹង​លែង​ឲ្យ​ប្រជា‌ជាតិ​នានា​ប្រមាថ​មាក់‌ងាយ​អ្នក ជាតិ​សាសន៍​ដទៃ​នឹង​លែង​ធ្វើ​ឲ្យ​អ្នក​អាម៉ាស់​មុខ អ្នក​នឹង​លែង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​របស់​អ្នក​វិនាស​ទៀត​ដែរ»។

ចែក​រំលែក
អាន អេសេគាល 36

អេសេគាល 36:6-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ចូរ​ថ្លែងទំនាយ​ពី​ដំណើរ​ស្រុក​អ៊ីស្រា‌អែល ហើយ​ប្រាប់​ដល់​អស់​ទាំង​ភ្នំ​ធំ​តូច ផ្លូវ​ទឹក និង​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​បាន​និយាយ​ដោយ​សេចក្ដី​ប្រចណ្ឌ និង​សេចក្ដី​ក្រោធ​របស់​យើង ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​សាសន៍​ដទៃ។ ហេតុ​នេះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​ស្បថ​ហើយ​ថា ពិត​ប្រាកដ​ជា​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ព័ទ្ធ​ជុំ‌វិញ​អ្នក គេ​នឹង​ត្រូវ​រង់​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន​គេ​វិញ។ ប៉ុន្តែ អ្នក ឱ​ភ្នំ​អ៊ីស្រា‌អែល អ្នក​រាល់​គ្នា​នឹង​បែក​មែក ហើយ​បង្កើត​ផល​របស់​អ្នក ឲ្យ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​យើង ពី​ព្រោះ​គេ​រៀប​នឹង​មក​ហើយ។ ដ្បិត​មើល៍! យើង​កាន់​ខាង​អ្នក ហើយ​យើង​នឹង​វិល​មក​ឯ​អ្នក​វិញ នោះ​នឹង​មាន​គេ​ភ្ជួរ​រាស់ ហើយ​សាប‌ព្រោះ​អ្នក។ យើង​នឹង​ឲ្យ​មនុស្ស​ចម្រើន​ឡើង​នៅ​ក្នុង​អ្នក គឺ​ជា​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល។ ដូច្នេះ ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​នឹង​មាន​មនុស្ស​នៅ ហើយ​អស់​ទាំង​កន្លែង​បាក់​បែក​នឹង​បាន​សង់​ឡើង​វិញ។ យើង​នឹង​ធ្វើ​ឲ្យ​ទាំង​មនុស្ស និង​សត្វ​បាន​ចម្រើន​ឡើង​នៅ​ក្នុង​អ្នក គេ​នឹង​ចម្រើន​ឡើង ហើយ​សាយ‌គ្រាយ​ចេញ​ទៅ យើង​នឹង​ឲ្យ​មាន​មនុស្ស​អាស្រ័យ​នៅ​ក្នុង​អ្នក​ដូច​ពី​ដើម ហើយ​ប្រព្រឹត្ត​នឹង​អ្នក​ដោយ​ល្អ​ជាង​ជាន់​ដើម​ទៅ​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។ យើង​នឹង​ឲ្យ​មាន​មនុស្ស​ដើរ​លើ​អ្នក គឺ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង គេ​នឹង​បាន​អ្នក​ជា​របស់​គេ ហើយ​អ្នក​នឹង​បាន​ជា​មត៌ក​ដល់​គេ នោះ​អ្នក​នឹង​មិន​ធ្វើ​ឲ្យ​គេ​ព្រាត់‌ប្រាស​កូន​ទៀត​ឡើយ។ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​គេ​និយាយ​ពី​អ្នក​ថា អ្នក​ជា​ស្រុក​ដែល​លេប​មនុស្ស​បាត់ ហើយ​ពង្រាត់​កូន​របស់​សាសន៍​អ្នក។ ដូច្នេះ អ្នក​នឹង​លែង​លេប​មនុស្ស​ទៀត ក៏​មិន​ពង្រាត់​កូន​របស់​សាសន៍​អ្នក​ទៀត​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា។ យើង​មិន​ឲ្យ​អ្នក​ឮ​ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត​ទេ អ្នក​មិន​ត្រូវ​រង​ទ្រាំ​សេចក្ដី​ប្រមាថ​មើល‌ងាយ​របស់​គេ អ្នក​នឹង​មិន​ធ្វើ​ជា​ហេតុ ឲ្យ​សាសន៍​របស់​អ្នក​ចំពប់​ដួល​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

ចែក​រំលែក
អាន អេសេគាល 36

អេសេគាល 36:6-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ចូរ​ទាយ​ពី​ដំណើរ​ស្រុក​អ៊ីស្រាអែល ហើយ​ប្រាប់​ដល់​អស់​ទាំង​ភ្នំ​ធំ​តូច ផ្លូវ​ទឹក នឹង​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​បាន​និយាយ ដោយ​សេចក្ដី​ប្រចណ្ឌ នឹង​សេចក្ដី​ក្រោធ​របស់​អញ ហើយ​ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​សាសន៍​ដទៃ ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្បថ​ហើយ​ថា ពិត​ប្រាកដ​ជា​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ព័ទ្ធ​ជុំវិញ​ឯង គេ​នឹង​ត្រូវ​រង់​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន​គេ​វិញ។ តែ​ចំណែក​ឯង ឱ​ភ្នំ​អ៊ីស្រាអែល​អើយ ឯង​រាល់​គ្នា​នឹង​បែក​មែក ហើយ​បង្កើត​ផល​របស់​ឯង ឲ្យ​អ៊ីស្រាអែល​ជា​រាស្ត្រ​អញ ពី​ព្រោះ​គេ​រៀប​នឹង​មក​ហើយ ដ្បិត​មើល អញ​កាន់​ខាង​ឯង ហើយ​អញ​នឹង​វិល​មក​ឯ​ឯង​វិញ នោះ​នឹង​មាន​គេ​ភ្ជួរ‌រាស់​ហើយ​សាប‌ព្រោះ​ឯង​ឡើង អញ​នឹង​ឲ្យ​មនុស្ស​ចំរើន​ឡើង​នៅ​ក្នុង​ឯង គឺ​ជា​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​មូល ដូច្នេះ ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​នឹង​មាន​មនុស្ស​នៅ ហើយ​អស់​ទាំង​ទី​ខូច​បង់​នឹង​បាន​សង់​ឡើង​វិញ អញ​នឹង​ធ្វើ​ឲ្យ​ទាំង​មនុស្សនឹង​សត្វ​ផង បាន​ចំរើន​ឡើង​នៅ​ក្នុង​ឯង គេ​នឹង​ចំរើន​ឡើង ហើយ​សាយ‌គ្រាយ​ចេញ​ទៅ នោះ​អញ​នឹង​ឲ្យ​មាន​មនុស្ស​អាស្រ័យ​នៅ​ក្នុង​ឯង​ដូច​យ៉ាង​ពី​ដើម ហើយ​ប្រព្រឹត្ត​នឹង​ឯង​ដោយ​ល្អ​ជាង​ជាន់​ដើម​ទៅ​ទៀត នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត អើ អញ​នឹង​ឲ្យ​មាន​មនុស្ស​ដើរ​លើ​ឯង គឺ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​អញ គេ​នឹង​បាន​ឯង​ជា​របស់​ផង​គេ ហើយ​ឯង​នឹង​បាន​ជា​មរដក​ដល់​គេ នោះ​ឯង​នឹង​មិន​ធ្វើ​ឲ្យ​គេ​ព្រាត់‌ប្រាស​កូន​ទៀត​ឡើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​គេ​និយាយ​ពី​ឯង​ថា ឯង​ជា​ស្រុក​ដែល​លេប​មនុស្ស​បាត់ ហើយ​បំរាស​កូន​របស់​សាសន៍​ឯង ដូច្នេះ ឯង​នឹង​លែង​លេប​មនុស្ស​បាត់​ត​ទៅ ក៏​មិន​បំរាស​កូន​របស់​សាសន៍​ឯង​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា អញ​ក៏​មិន​ឲ្យ​ឯង​ឮ​ពាក្យ​ត្មះ‌តិះដៀល​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត​ដែរ ឯង​មិន​ត្រូវ​រង​ទ្រាំ​សេចក្ដី​ប្រមាថ​មើល‌ងាយ​របស់​គេ​ត​ទៅ ឯង​នឹង​មិន​ធ្វើ​ជា​ហេតុ ឲ្យ​សាសន៍​របស់​ឯង ចំពប់​ដួល​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

ចែក​រំលែក
អាន អេសេគាល 36