អេសេគាល 36:23-28

អេសេគាល 36:23-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​នឹង​សម្តែង​បារមី​ឲ្យ​ប្រជា‌ជាតិ​នានា​ស្គាល់​នាម​ដ៏វិសុទ្ធ*​របស់​យើង គឺ​នាម​ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់‌បង្អោន​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​នោះ។ ពេល​ណា​យើង​សម្តែង​ភាព​វិសុទ្ធ​របស់​យើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឲ្យ​ប្រជា‌ជាតិ​ទាំង​នោះ​ឃើញ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ យើង​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​គ្រប់​ស្រុក​នាំ​ត្រឡប់​មក​មាតុ‌ភូមិ​វិញ។ យើង​នឹង​ប្រោះ​ទឹក​ដ៏​បរិសុទ្ធ​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ។ យើង​នឹង​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ស្អាត​បរិសុទ្ធ* ផុត​ពី​អំពើ​សៅហ្មង​ទាំង‌ឡាយ លែង​ឲ្យ​អ្នក​រាល់​គ្នា​ជាប់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន។ យើង​នឹង​ប្រគល់​ចិត្ត​គំនិត​ថ្មី​ឲ្យ​អ្នក​រាល់​គ្នា ហើយ​ដាក់​វិញ្ញាណ​ថ្មី​ក្នុង​អ្នក​រាល់​គ្នា។ យើង​នឹង​ដក​ចិត្ត​រឹង​ដូច​ថ្ម​ចេញ​ពី​អ្នក​រាល់​គ្នា រួច​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត‌អាសូរ​វិញ។ យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ធ្វើ​តាម​ច្បាប់ ហើយ​កាន់​តាម​វិន័យ​របស់​យើង។ អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​ដូនតា​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

ចែក​រំលែក
អាន អេសេគាល 36

អេសេគាល 36:23-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​នឹង​ញែក​ឈ្មោះ​ដ៏​ធំ​របស់​យើង ដែល​ត្រូវ​បង្អាប់​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់​នៅ​ក្នុង​ពួក​គេ ជា​បរិសុទ្ធ​ដែរ នោះ​ពួក​សាសន៍​ដទៃ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​យើង​បាន​ញែក​ជា​បរិសុទ្ធ​ក្នុង​ពួក​អ្នក នៅ​ចំពោះ​ភ្នែក​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។ ដ្បិត​យើង​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍ ហើយ​ប្រមូល​អ្នក​ពី​គ្រប់​ស្រុក នាំ​មក​ក្នុង​ស្រុក​ជា​របស់​អ្នក​រាល់​គ្នា​វិញ។ យើង​នឹង​ប្រោះ​ទឹក​ស្អាត​ទៅ​លើ​អ្នក​រាល់​គ្នា ដូចេ្នះ អ្នក​នឹង​បាន​ស្អាត យើង​នឹង​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​ស្អាត ពី​គ្រប់​សេចក្ដី​ស្មោក‌គ្រោក និង​ពី​អស់​ទាំង​រូប​ព្រះ​របស់​អ្នក។ យើង​នឹង​ឲ្យ​អ្នក​មាន​ចិត្ត​ថ្មី ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​អ្នក​ដែរ យើង​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ចេញ​ពី​រូប​សាច់​អ្នក ហើយ​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ។ យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង​នៅ​ក្នុង​អ្នក​រាល់​គ្នា បណ្ដាល​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​តាម​ក្រឹត្យ‌ក្រម ហើយ​រក្សា​បញ្ញត្តិ​ច្បាប់​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង។ អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​អ្នក អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ជា​ព្រះ​ដល់​អ្នក។

ចែក​រំលែក
អាន អេសេគាល 36

អេសេគាល 36:23-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អញ​ក៏​នឹង​ញែក​ឈ្មោះ​ដ៏​ជា​ធំ​របស់​អញ ដែល​ត្រូវ​បង្អាប់​នៅ​កណ្តាល​អស់​ទាំង​សាសន៍ គឺ​ដែល​ឯង​រាល់​គ្នា​បាន​បង្អាប់ នៅ​ក្នុង​ពួក​គេ ចេញ​ជា​បរិសុទ្ធ​ដែរ នោះ​ពួក​សាសន៍​ដទៃ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​ញែក​ជា​បរិសុទ្ធ​ក្នុង​ពួក​ឯង នៅ​ចំពោះ​ភ្នែក​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា ដ្បិត​អញ​នឹង​យក​ឯង​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍ ហើយ​ប្រមូល​ឯង ពី​គ្រប់​ទាំង​ស្រុក នាំ​មក​ក្នុង​ស្រុក​ជា​របស់​ផង​ឯង​រាល់​គ្នា​វិញ នោះ​អញ​នឹង​ប្រោះ​ទឹក​ស្អាត​ទៅ​លើ​ឯង​រាល់​គ្នា ដូច្នេះ ឯង​នឹង​បាន​ស្អាត អញ​នឹង​ជំរះ​ឯង​រាល់​គ្នា​ឲ្យ​ស្អាត ពី​គ្រប់​ទាំង​សេចក្ដី​ស្មោក‌គ្រោក ហើយ​ពី​អស់​ទាំង​រូប​ព្រះ​របស់​ឯង​ផង អញ​នឹង​ឲ្យ​ឯង​មាន​ចិត្ត​ថ្មី ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​ឯង​ដែរ អញ​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ពី​រូប​សាច់​ឯង​ចេញ រួច​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ អញ​នឹង​ដាក់​វិញ្ញាណ​របស់​អញ​នៅ​ក្នុង​ឯង​រាល់​គ្នា ហើយ​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​ដើរ​តាម​ក្រឹត្យ‌ក្រម ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង នោះ​ឯង​រាល់​គ្នា​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ឰយុកោ​ឯង ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​បាន​ជា​ព្រះ​ដល់​ឯង

ចែក​រំលែក
អាន អេសេគាល 36