អេសេគាល 36:1-23

អេសេគាល 36:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ស្ដី​អំពី​ភ្នំ​ទាំង‌ឡាយ នៅ​ស្រុក​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ខ្មាំង​សត្រូវ​បាន​ចំអក​ឲ្យ​អ្នក គេ​ពោល​ថា “ភ្នំ​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​នេះ​បាន​មក​ជា​កម្មសិទ្ធិ​របស់​យើង​ហើយ!”។ ហេតុ​នេះ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ចុះ! ចូរ​ពោល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ខ្មាំង​សត្រូវ​បាន​បំផ្លាញ និង​ត្របាក់​លេប​អ្នក​រាល់​គ្នា​ពី​គ្រប់​ទិស‌ទី អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​របស់​ប្រជា‌ជាតិ​នានា ពួក​គេ​យក​រឿង​អ្នក​ទៅ​និយាយ​លេង​សើច​ជា​មួយ​គ្នា។ ហេតុ​នេះ ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់! ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ភ្នំ​តូច​ភ្នំ​ធំ ជ្រលង​ដង​អូរ ហើយ​ក្រុង​ដែល​នៅ​សល់​តែ​គំនរ​បាក់​បែក និង​ក្រុង​ដែល​គេ​បោះ​បង់​ចោល​អើយ ប្រជា‌ជាតិ​នានា​នៅ​ជុំ‌វិញ​នាំ​គ្នា​ប្លន់​កម្ទេច និង​ចំអក​ឡក‌ឡឺយ​ឲ្យ​អ្នក។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ដោយ​យើង​ស្រឡាញ់​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង​បំផុត​នោះ យើង​និយាយ​ប្រឆាំង​នឹង​ប្រជា‌ជាតិ​ឯ​ទៀតៗ ជា​ពិសេស​ប្រឆាំង​នឹង​ស្រុក​អេដុម​ទាំង​មូល ព្រោះ​ពួក​គេ​បាន​ចាប់​យក​ទឹក​ដី​យើង​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ ពួក​គេ​សប្បាយ​ចិត្ត​រឹប​អូស និង​បំផ្លាញ​ស្រុក​នេះ​ឥត​ត្រា​ប្រណី​ឡើយ។ ហេតុ​នេះ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ស្ដី​អំពី​ទឹក​ដី​អ៊ីស្រា‌អែល! ចូរ​ប្រាប់​ភ្នំ​តូច ភ្នំ​ធំ និង​ជ្រលង​ដង​អូរ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​និយាយ​ដោយ​ចិត្ត​ស្រឡាញ់​ដ៏​លើស‌លុប​ចំពោះ​អ្នក ហើយ​ដោយ​កំហឹង​ដ៏​ខ្លាំង​ដែរ ព្រោះ​ប្រជា‌ជាតិ​នានា​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​អាម៉ាស់។ ហេតុ​នេះ យើង​ជា​ព្រះ‌ជា‌អម្ចាស់ យើង​លើក​ដៃ​សន្យា​យ៉ាង​ឱឡា‌រិក​ថា ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ​អ្នក​រាល់​គ្នា មុខ​ជា​ទទួល​យក​ការ​អាម៉ាស់​នោះ​មិន​ខាន! រីឯ​ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​អើយ ដើម​ឈើ​របស់​អ្នក​រាល់​គ្នា​នឹង​បែក​មែក​សាខា បង្កើត​ផល​ផ្លែ​សម្រាប់​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង ដ្បិត​ពួក​គេ​ជិត​ត្រឡប់​មក​វិញ​ហើយ។ យើង​បែរ​មក​រក​អ្នក​រាល់​គ្នា យើង​កាន់​ខាង​អ្នក​រាល់​គ្នា។ មាន​គេ​ភ្ជួរ​រាស់​អ្នក និង​សាប​ព្រោះ​ឡើង​វិញ។ យើង​នឹង​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​នៅ​លើ​ភ្នំ​នេះ​កើន​ឡើង គឺ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល។ ក្រុង​ទាំង‌ឡាយ​នឹង​មាន​មនុស្ស​រស់​នៅ ហើយ​កន្លែង​បាក់​បែក​ទាំង‌ឡាយ ក៏​នឹង​ត្រូវ​សង់​ឡើង​វិញ​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ចំនួន​មនុស្ស និង​ហ្វូង​សត្វ​នៅ​លើ​ភ្នំ​នេះ​កើន​ឡើង ហើយ​បង្កើត​កូន​ពូន​ជា​ចៅ។ យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​មាន​ចំនួន​ច្រើន ដូច​កាល​ពី​មុន យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រុង‌ចម្រើន​លើស​ពី​មុន​ទៅ​ទៀត។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់​មែន។ អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង​អើយ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​នៅ​លើ​ភ្នំ​នេះ​វិញ។ អ្នក​រាល់​គ្នា​នឹង​យក​ទឹក​ដី​នេះ​ធ្វើ​ជា​កម្មសិទ្ធិ និង​ជា​កេរ‌មត៌ក ទឹក​ដី​នេះ​នឹង​លែង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បាត់​បង់​កូន​ចៅ​ទៀត​ហើយ»។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «គេ​តែង​ពោល​ថា “ស្រុក​នេះ​បំផ្លាញ​ជីវិត​មនុស្ស ស្រុក​នេះ​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​របស់​ខ្លួន​បាត់​បង់​កូន​ចៅ”។ ប៉ុន្តែ ពី​ពេល​នេះ​ទៅ​មុខ អ្នក​លែង​បំផ្លាញ​ជីវិត​មនុស្ស អ្នក​លែង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​របស់​អ្នក​បាត់​បង់​កូន​ចៅ​ទៀត​ហើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ យើង​នឹង​លែង​ឲ្យ​ប្រជា‌ជាតិ​នានា​ប្រមាថ​មាក់‌ងាយ​អ្នក ជាតិ​សាសន៍​ដទៃ​នឹង​លែង​ធ្វើ​ឲ្យ​អ្នក​អាម៉ាស់​មុខ អ្នក​នឹង​លែង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​របស់​អ្នក​វិនាស​ទៀត​ដែរ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ «កូន​មនុស្ស​អើយ ពេល​កូន​ចៅ​អ៊ីស្រា‌អែល​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​នៅ​ឡើយ ពួក​គេ​ធ្វើ​ឲ្យ​ទឹក​ដី​នេះ​ទៅ​ជា​សៅហ្មង ដោយ‌សារ​អំពើ​អាក្រក់ និង​មារយាទ​ថោក​ទាប​របស់​ពួក​គេ។ យើង​ចាត់​ទុក​មារយាទ​របស់​ពួក​គេ​ថា មិន​បរិសុទ្ធ ដូច​ស្ត្រី​ក្នុង​គ្រា​មាន​សៅហ្មង​ដែរ។ ពួក​គេ​ធ្វើ​ឲ្យ​ទឹក​ដី​នេះ​ទៅ​ជា​សៅហ្មង ដោយ​ការ​បង្ហូរ​ឈាម និង​ការ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ពួក​គេ។ យើង​បាន​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ យើង​បំបែក​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​តាម​ស្រុក​នានា។ យើង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​អាក្រក់ និង​តាម​មារយាទ​ថោក​ទាប​របស់​ខ្លួន។ ពេល​ទៅ​ដល់​ស្រុក​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ពួក​គេ​បាន​បង្អាប់‌បង្អោន​នាម​ដ៏វិសុទ្ធ​របស់​យើង ហើយ​ម្ចាស់​ស្រុក​និយាយ​អំពី​ពួក​គេ​ថា “ពួក​នេះ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់ ពួក​គេ​ចាក​ចេញ​ពី​ស្រុក​របស់​ព្រះអង្គ​មក”។ យើង​ចង់​រក្សា​នាម​ដ៏វិសុទ្ធ​របស់​យើង ដែល​កូន​ចៅ​អ៊ីស្រា‌អែល​បាន​បង្អាប់‌បង្អោន នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​ពួក​គេ​ស្នាក់​អាស្រ័យ​នៅ​ជា​មួយ។ ហេតុ​នេះ ចូរ​ប្រាប់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ថា: ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ “ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ! យើង​ធ្វើ​ដូច្នេះ​មិន​មែន​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា គឺ​យល់​ដល់​នាម​ដ៏វិសុទ្ធ​របស់​យើង​ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់‌បង្អោន ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​អ្នក​រាល់​គ្នា​អាស្រ័យ​នៅ​ជា​មួយ។ យើង​នឹង​សម្តែង​បារមី​ឲ្យ​ប្រជា‌ជាតិ​នានា​ស្គាល់​នាម​ដ៏វិសុទ្ធ*​របស់​យើង គឺ​នាម​ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់‌បង្អោន​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​នោះ។ ពេល​ណា​យើង​សម្តែង​ភាព​វិសុទ្ធ​របស់​យើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឲ្យ​ប្រជា‌ជាតិ​ទាំង​នោះ​ឃើញ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

ចែក​រំលែក
អាន អេសេគាល 36

អេសេគាល 36:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«កូន​មនុស្ស​អើយ ចូរ​ថ្លែងទំនាយ​ដល់​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល​ដែរ​ថា ឱ​ភ្នំ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ខ្មាំង​សត្រូវ​បាន​ពោល​ឡក​ឲ្យ​អ្នក​ថា ហាសហា ទី​ខ្ពស់​ពី​បុរាណ​ទាំង​នេះ​បាន​ត្រឡប់​ជា​របស់​យើង​ហើយ។ ដូច្នេះ ចូរ​ថ្លែងទំនាយ​ប្រាប់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​ដោយ​ហេតុ​តែ​គេ​បាន​ធ្វើ​ឲ្យ​អ្នក​នៅ​ស្ងាត់‌ច្រៀប ព្រម​ទាំង​លេប​អ្នក​ចូល​គ្រប់​ទិស ឲ្យ​អ្នក​ទៅ​ជា​របស់​សាសន៍​ដែល​នៅ​សល់ ហើយ​ដោយ​ព្រោះ​ពួក​អ្នក​និយាយ​ដើម បាន​ចាប់ផ្ដើម​និយាយ​ពី​អ្នក ហើយ​ជន​ទាំង‌ឡាយ​និយាយ​អាក្រក់​ពី​អ្នក។ ដូច្នេះ ឱ​ភ្នំ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដល់​អស់​ទាំង​ភ្នំ​ធំ​តូច ផ្លូវ​ទឹក និង​ច្រក​ភ្នំ ព្រម​ទាំង​កន្លែង​បាក់​បែក និង​ទី​ក្រុង​ដែល​គេ​ចោល​ស្ងាត់ ជា​ទី​ដែល​បាន​ត្រឡប់​ជា​រំពា ហើយ​ជា​ទី​ឡក‌ឡឺយ​ដល់​សំណល់​នៃ​អស់​ទាំង​សាសន៍​ដែល​នៅ​ព័ទ្ធ​ជុំ‌វិញ។ គឺ​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា សំណល់​នៃ​អស់​ទាំង​សាសន៍ ព្រម​ទាំង​ស្រុក​អេដុម​ទាំង​មូល ដែល​បាន​តម្រូវ​ស្រុក​យើង​ទុក​ជា​របស់​គេ ដោយ​អំណរ​អស់​ពី​ចិត្ត ទាំង​មាន​ចិត្ត​មើល‌ងាយ​ផង ដើម្បី​បោះ‌បង់​ចោល​ទុក​ជា​រំពា នោះ​ប្រាកដ​ជា​យើង​បាន​តប​នឹង​គេ​ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​យើង។ ដូច្នេះ ចូរ​ថ្លែងទំនាយ​ពី​ដំណើរ​ស្រុក​អ៊ីស្រា‌អែល ហើយ​ប្រាប់​ដល់​អស់​ទាំង​ភ្នំ​ធំ​តូច ផ្លូវ​ទឹក និង​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​បាន​និយាយ​ដោយ​សេចក្ដី​ប្រចណ្ឌ និង​សេចក្ដី​ក្រោធ​របស់​យើង ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​សាសន៍​ដទៃ។ ហេតុ​នេះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​ស្បថ​ហើយ​ថា ពិត​ប្រាកដ​ជា​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ព័ទ្ធ​ជុំ‌វិញ​អ្នក គេ​នឹង​ត្រូវ​រង់​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន​គេ​វិញ។ ប៉ុន្តែ អ្នក ឱ​ភ្នំ​អ៊ីស្រា‌អែល អ្នក​រាល់​គ្នា​នឹង​បែក​មែក ហើយ​បង្កើត​ផល​របស់​អ្នក ឲ្យ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​យើង ពី​ព្រោះ​គេ​រៀប​នឹង​មក​ហើយ។ ដ្បិត​មើល៍! យើង​កាន់​ខាង​អ្នក ហើយ​យើង​នឹង​វិល​មក​ឯ​អ្នក​វិញ នោះ​នឹង​មាន​គេ​ភ្ជួរ​រាស់ ហើយ​សាប‌ព្រោះ​អ្នក។ យើង​នឹង​ឲ្យ​មនុស្ស​ចម្រើន​ឡើង​នៅ​ក្នុង​អ្នក គឺ​ជា​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល។ ដូច្នេះ ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​នឹង​មាន​មនុស្ស​នៅ ហើយ​អស់​ទាំង​កន្លែង​បាក់​បែក​នឹង​បាន​សង់​ឡើង​វិញ។ យើង​នឹង​ធ្វើ​ឲ្យ​ទាំង​មនុស្ស និង​សត្វ​បាន​ចម្រើន​ឡើង​នៅ​ក្នុង​អ្នក គេ​នឹង​ចម្រើន​ឡើង ហើយ​សាយ‌គ្រាយ​ចេញ​ទៅ យើង​នឹង​ឲ្យ​មាន​មនុស្ស​អាស្រ័យ​នៅ​ក្នុង​អ្នក​ដូច​ពី​ដើម ហើយ​ប្រព្រឹត្ត​នឹង​អ្នក​ដោយ​ល្អ​ជាង​ជាន់​ដើម​ទៅ​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។ យើង​នឹង​ឲ្យ​មាន​មនុស្ស​ដើរ​លើ​អ្នក គឺ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង គេ​នឹង​បាន​អ្នក​ជា​របស់​គេ ហើយ​អ្នក​នឹង​បាន​ជា​មត៌ក​ដល់​គេ នោះ​អ្នក​នឹង​មិន​ធ្វើ​ឲ្យ​គេ​ព្រាត់‌ប្រាស​កូន​ទៀត​ឡើយ។ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​គេ​និយាយ​ពី​អ្នក​ថា អ្នក​ជា​ស្រុក​ដែល​លេប​មនុស្ស​បាត់ ហើយ​ពង្រាត់​កូន​របស់​សាសន៍​អ្នក។ ដូច្នេះ អ្នក​នឹង​លែង​លេប​មនុស្ស​ទៀត ក៏​មិន​ពង្រាត់​កូន​របស់​សាសន៍​អ្នក​ទៀត​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា។ យើង​មិន​ឲ្យ​អ្នក​ឮ​ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត​ទេ អ្នក​មិន​ត្រូវ​រង​ទ្រាំ​សេចក្ដី​ប្រមាថ​មើល‌ងាយ​របស់​គេ អ្នក​នឹង​មិន​ធ្វើ​ជា​ហេតុ ឲ្យ​សាសន៍​របស់​អ្នក​ចំពប់​ដួល​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ កាល​ពួក​វង្ស​អ៊ីស្រា‌អែល​បាន​នៅ​ក្នុង​ស្រុក​របស់​ខ្លួន គេ​បាន​បង្អាប់​ស្រុក​នោះ ដោយ​ផ្លូវ​ប្រព្រឹត្ត និង​កិរិយា​របស់​ខ្លួន ផ្លូវ​ដែល​គេ​ប្រព្រឹត្ត​នៅ​មុខ​យើង ប្រៀប​ដូច​ជា​សេចក្ដី​ស្មោក‌គ្រោក​នៃ​ស្រី​ដែល​មាន​រដូវ។ ហេតុ​នោះ​បាន​ជា​យើង​ចាក់​សេចក្ដី​ក្រោធ​របស់​យើង​ទៅ​លើ​គេ គឺ​ដោយ​ព្រោះ​ឈាម​ដែល​គេ​បាន​កម្ចាយ​នៅ​ក្នុង​ស្រុក ហើយ​ដោយ​ព្រោះ​គេ​បាន​បង្អាប់​ស្រុក ដោយ​រូប​ព្រះ​របស់​គេ។ ដូច្នេះ យើង​បាន​កម្ចាត់‌កម្ចាយ​គេ​ទៅ​នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​ត្រូវ​បែង​ចែក​ទៅ​នៅ​គ្រប់​ស្រុក យើង​បាន​ជំនុំ‌ជម្រះ​គេ​តាម​ផ្លូវ​គេ​ប្រព្រឹត្ត និង​តាម​កិរិយា​របស់​គេ។ កាល​គេ​បាន​ចូល​ទៅ​ឯ​សាសន៍​ណា​ដែល​គេ​ត្រូវ​ខ្ចាយ​ទៅ​នោះ គេ​ក៏​បង្អាប់​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ទៀត ដោយ​មាន​មនុស្ស​ថា ពួក​នេះ​ជា​ពួក​របស់​ព្រះ‌យេហូវ៉ា គេ​បាន​ចេញ​ចាក​ពី​ស្រុក​របស់​ព្រះ‌អង្គ​មក។ ប៉ុន្តែ យើង​បាន​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​យើង ដែល​ពួក​វង្ស​អ៊ីស្រា‌អែល​បាន​បង្អាប់ នៅ​កណ្ដាល​សាសន៍​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ទៅ​ដល់​នោះ។ ដូច្នេះ ចូរ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ យើង​មិន​មែន​ធ្វើ​ការ​នេះ ដោយ​យល់​ដល់​អ្នក​រាល់​គ្នា​ទេ គឺ​ដោយ​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​យើង​វិញ ជា​ឈ្មោះ​ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់ នៅ​កណ្ដាល​អស់​ទាំង​សាសន៍​ដែល​អ្នក​បាន​ទៅ​ដល់​នោះ។ យើង​នឹង​ញែក​ឈ្មោះ​ដ៏​ធំ​របស់​យើង ដែល​ត្រូវ​បង្អាប់​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់​នៅ​ក្នុង​ពួក​គេ ជា​បរិសុទ្ធ​ដែរ នោះ​ពួក​សាសន៍​ដទៃ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​យើង​បាន​ញែក​ជា​បរិសុទ្ធ​ក្នុង​ពួក​អ្នក នៅ​ចំពោះ​ភ្នែក​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។

ចែក​រំលែក
អាន អេសេគាល 36

អេសេគាល 36:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កូន​មនុស្ស​អើយ ចូរ​ទាយ​ដល់​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែល​ដែរ ថា ឱ​ភ្នំ​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ខ្មាំង​សត្រូវ​បាន​ពោល​ឡក​ឲ្យ​ឯង​ថា ហាស‌ហា ទី​ខ្ពស់​ពី​បុរាណ​ទាំង​នេះ​បាន​ត្រឡប់​ជា​របស់​ផង​យើង​ហើយ ដូច្នេះ ចូរ​ទាយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ដោយ​ហេតុ​នេះ គឺ​ដោយ​ព្រោះ​តែ​គេ​បាន​ធ្វើ​ឲ្យ​ឯង​នៅ​ស្ងាត់‌ច្រៀប ព្រម​ទាំង​លេប​ឯង​ចូល​នៅ​គ្រប់​ទិស ឲ្យ​ឯង​បាន​ទៅ​ជា​របស់​សាសន៍​ដែល​នៅ​សល់ ហើយ​ដោយ​ព្រោះ​ពួក​អ្នក​និយាយ​ដើម​បាន​ចាប់​តាំង​និយាយ​ពី​ឯង ហើយ​ជន​ទាំង‌ឡាយ​និយាយ​អាក្រក់​ពី​ឯង​ផង ដូច្នេះ ឱ​ភ្នំ​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ដល់​អស់​ទាំង​ភ្នំ​ធំ​តូច ផ្លូវ​ទឹក នឹង​ច្រក​ភ្នំ ព្រម​ទាំង​ទី​ខូច​បង់ នឹង​ទី​ក្រុង​ដែល​គេ​ចោល​ស្ងាត់ ជា​ទី​ដែល​បាន​ត្រឡប់​ជា​រំពា ហើយ​ជា​ទី​ឡក‌ឡឺយ​ដល់​សំណល់​នៃ​អស់​ទាំង​សាសន៍​ដែល​នៅ​ព័ទ្ធ​ជុំវិញ គឺ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯ​សំណល់​នៃ​អស់​ទាំង​សាសន៍ ព្រម​ទាំង​ស្រុក​អេដំម​ទាំង​មូល ដែល​បាន​ដំរូវ​ស្រុក​អញ​ទុក​ជា​របស់​ផង​គេ ដោយ​សេចក្ដី​អំណរ​អស់​ពី​ចិត្ត ទាំង​មាន​ចិត្ត​មើល‌ងាយ​ផង ដើម្បី​នឹង​បោះ‌បង់​ចោល​ចេញ​ទុក​ជា​រំពា នោះ​ពិត​ប្រាកដ​ជា​អញ​បាន​តប​នឹង​គេ​ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​អញ ដូច្នេះ ចូរ​ទាយ​ពី​ដំណើរ​ស្រុក​អ៊ីស្រាអែល ហើយ​ប្រាប់​ដល់​អស់​ទាំង​ភ្នំ​ធំ​តូច ផ្លូវ​ទឹក នឹង​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​បាន​និយាយ ដោយ​សេចក្ដី​ប្រចណ្ឌ នឹង​សេចក្ដី​ក្រោធ​របស់​អញ ហើយ​ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​សាសន៍​ដទៃ ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្បថ​ហើយ​ថា ពិត​ប្រាកដ​ជា​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ព័ទ្ធ​ជុំវិញ​ឯង គេ​នឹង​ត្រូវ​រង់​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន​គេ​វិញ។ តែ​ចំណែក​ឯង ឱ​ភ្នំ​អ៊ីស្រាអែល​អើយ ឯង​រាល់​គ្នា​នឹង​បែក​មែក ហើយ​បង្កើត​ផល​របស់​ឯង ឲ្យ​អ៊ីស្រាអែល​ជា​រាស្ត្រ​អញ ពី​ព្រោះ​គេ​រៀប​នឹង​មក​ហើយ ដ្បិត​មើល អញ​កាន់​ខាង​ឯង ហើយ​អញ​នឹង​វិល​មក​ឯ​ឯង​វិញ នោះ​នឹង​មាន​គេ​ភ្ជួរ‌រាស់​ហើយ​សាប‌ព្រោះ​ឯង​ឡើង អញ​នឹង​ឲ្យ​មនុស្ស​ចំរើន​ឡើង​នៅ​ក្នុង​ឯង គឺ​ជា​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​មូល ដូច្នេះ ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​នឹង​មាន​មនុស្ស​នៅ ហើយ​អស់​ទាំង​ទី​ខូច​បង់​នឹង​បាន​សង់​ឡើង​វិញ អញ​នឹង​ធ្វើ​ឲ្យ​ទាំង​មនុស្សនឹង​សត្វ​ផង បាន​ចំរើន​ឡើង​នៅ​ក្នុង​ឯង គេ​នឹង​ចំរើន​ឡើង ហើយ​សាយ‌គ្រាយ​ចេញ​ទៅ នោះ​អញ​នឹង​ឲ្យ​មាន​មនុស្ស​អាស្រ័យ​នៅ​ក្នុង​ឯង​ដូច​យ៉ាង​ពី​ដើម ហើយ​ប្រព្រឹត្ត​នឹង​ឯង​ដោយ​ល្អ​ជាង​ជាន់​ដើម​ទៅ​ទៀត នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត អើ អញ​នឹង​ឲ្យ​មាន​មនុស្ស​ដើរ​លើ​ឯង គឺ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​អញ គេ​នឹង​បាន​ឯង​ជា​របស់​ផង​គេ ហើយ​ឯង​នឹង​បាន​ជា​មរដក​ដល់​គេ នោះ​ឯង​នឹង​មិន​ធ្វើ​ឲ្យ​គេ​ព្រាត់‌ប្រាស​កូន​ទៀត​ឡើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​គេ​និយាយ​ពី​ឯង​ថា ឯង​ជា​ស្រុក​ដែល​លេប​មនុស្ស​បាត់ ហើយ​បំរាស​កូន​របស់​សាសន៍​ឯង ដូច្នេះ ឯង​នឹង​លែង​លេប​មនុស្ស​បាត់​ត​ទៅ ក៏​មិន​បំរាស​កូន​របស់​សាសន៍​ឯង​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា អញ​ក៏​មិន​ឲ្យ​ឯង​ឮ​ពាក្យ​ត្មះ‌តិះដៀល​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត​ដែរ ឯង​មិន​ត្រូវ​រង​ទ្រាំ​សេចក្ដី​ប្រមាថ​មើល‌ងាយ​របស់​គេ​ត​ទៅ ឯង​នឹង​មិន​ធ្វើ​ជា​ហេតុ ឲ្យ​សាសន៍​របស់​ឯង ចំពប់​ដួល​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា កូន​មនុស្ស​អើយ កាល​ពួក​វង្ស​អ៊ីស្រាអែល​បាន​នៅ​ក្នុង​ស្រុក​របស់​ខ្លួន នោះ​គេ​បាន​បង្អាប់​ស្រុក​នោះ ដោយ​ផ្លូវ​ប្រព្រឹត្ត នឹង​កិរិយា​របស់​ខ្លួន ផ្លូវ​ដែល​គេ​ប្រព្រឹត្ត​នៅ​មុខ​អញ ប្រៀប​ដូច​ជា​សេចក្ដី​ស្មោក‌គ្រោក​នៃ​ស្រី​ដែល​មាន​រដូវ ហេតុ​នោះ​បាន​ជា​អញ​ចាក់​សេចក្ដី​ក្រោធ​របស់​អញ​ទៅ​លើ​គេ គឺ​ដោយ​ព្រោះ​ឈាម​ដែល​គេ​បាន​កំចាយ​នៅ​ក្នុង​ស្រុក ហើយ​ដោយ​ព្រោះ​គេ​បាន​បង្អាប់​ស្រុក ដោយ​រូប​ព្រះ​របស់​គេ ដូច្នេះ អញ​បាន​កំចាត់‌កំចាយ​គេ​ទៅ​នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​ត្រូវ​បែង​ចែក​ទៅ​នៅ​គ្រប់​ស្រុក​ផង អញ​បាន​ជំនុំ‌ជំរះ​គេ​តាម​ផ្លូវ​គេ​ប្រព្រឹត្ត នឹង​តាម​កិរិយា​របស់​គេ កាល​គេ​បាន​ចូល​ទៅ​ឯ​សាសន៍​ណា​ដែល​គេ​ត្រូវ​ខ្ចាយ​ទៅ​នោះ គេ​ក៏​បង្អាប់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​ទៀត ដោយ​មាន​មនុស្ស​ថា ពួក​នេះ​ជា​ពួក​របស់​ព្រះ‌យេហូវ៉ា គេ​បាន​ចេញ​ចាក​ពី​ស្រុក​របស់​ទ្រង់​មក ប៉ុន្តែអញ​បាន​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ ដែល​ពួក​វង្ស​អ៊ីស្រាអែល​បាន​បង្អាប់ នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ទៅ​ដល់​នោះ។ ដូច្នេះ ចូរ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ អញ​មិន​មែន​ធ្វើ​ការ​នេះ ដោយ​យល់​ដល់​ឯង​រាល់​គ្នា​ទេ គឺ​ដោយ​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​វិញ ជា​ឈ្មោះ​ដែល​ឯង​រាល់​គ្នា​បាន​បង្អាប់ នៅ​កណ្តាល​អស់​ទាំង​សាសន៍​ដែល​ឯង​បាន​ទៅ​ដល់​នោះ អញ​ក៏​នឹង​ញែក​ឈ្មោះ​ដ៏​ជា​ធំ​របស់​អញ ដែល​ត្រូវ​បង្អាប់​នៅ​កណ្តាល​អស់​ទាំង​សាសន៍ គឺ​ដែល​ឯង​រាល់​គ្នា​បាន​បង្អាប់ នៅ​ក្នុង​ពួក​គេ ចេញ​ជា​បរិសុទ្ធ​ដែរ នោះ​ពួក​សាសន៍​ដទៃ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​ញែក​ជា​បរិសុទ្ធ​ក្នុង​ពួក​ឯង នៅ​ចំពោះ​ភ្នែក​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

ចែក​រំលែក
អាន អេសេគាល 36