អេសេ‌គាល 36:1-23

អេសេ‌គាល 36:1-23 ពគប

កូន​មនុស្ស​អើយ ចូរ​ទាយ​ដល់​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែល​ដែរ ថា ឱ​ភ្នំ​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ខ្មាំង​សត្រូវ​បាន​ពោល​ឡក​ឲ្យ​ឯង​ថា ហាស‌ហា ទី​ខ្ពស់​ពី​បុរាណ​ទាំង​នេះ​បាន​ត្រឡប់​ជា​របស់​ផង​យើង​ហើយ ដូច្នេះ ចូរ​ទាយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ដោយ​ហេតុ​នេះ គឺ​ដោយ​ព្រោះ​តែ​គេ​បាន​ធ្វើ​ឲ្យ​ឯង​នៅ​ស្ងាត់‌ច្រៀប ព្រម​ទាំង​លេប​ឯង​ចូល​នៅ​គ្រប់​ទិស ឲ្យ​ឯង​បាន​ទៅ​ជា​របស់​សាសន៍​ដែល​នៅ​សល់ ហើយ​ដោយ​ព្រោះ​ពួក​អ្នក​និយាយ​ដើម​បាន​ចាប់​តាំង​និយាយ​ពី​ឯង ហើយ​ជន​ទាំង‌ឡាយ​និយាយ​អាក្រក់​ពី​ឯង​ផង ដូច្នេះ ឱ​ភ្នំ​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ដល់​អស់​ទាំង​ភ្នំ​ធំ​តូច ផ្លូវ​ទឹក នឹង​ច្រក​ភ្នំ ព្រម​ទាំង​ទី​ខូច​បង់ នឹង​ទី​ក្រុង​ដែល​គេ​ចោល​ស្ងាត់ ជា​ទី​ដែល​បាន​ត្រឡប់​ជា​រំពា ហើយ​ជា​ទី​ឡក‌ឡឺយ​ដល់​សំណល់​នៃ​អស់​ទាំង​សាសន៍​ដែល​នៅ​ព័ទ្ធ​ជុំវិញ គឺ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯ​សំណល់​នៃ​អស់​ទាំង​សាសន៍ ព្រម​ទាំង​ស្រុក​អេដំម​ទាំង​មូល ដែល​បាន​ដំរូវ​ស្រុក​អញ​ទុក​ជា​របស់​ផង​គេ ដោយ​សេចក្ដី​អំណរ​អស់​ពី​ចិត្ត ទាំង​មាន​ចិត្ត​មើល‌ងាយ​ផង ដើម្បី​នឹង​បោះ‌បង់​ចោល​ចេញ​ទុក​ជា​រំពា នោះ​ពិត​ប្រាកដ​ជា​អញ​បាន​តប​នឹង​គេ​ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​អញ ដូច្នេះ ចូរ​ទាយ​ពី​ដំណើរ​ស្រុក​អ៊ីស្រាអែល ហើយ​ប្រាប់​ដល់​អស់​ទាំង​ភ្នំ​ធំ​តូច ផ្លូវ​ទឹក នឹង​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​បាន​និយាយ ដោយ​សេចក្ដី​ប្រចណ្ឌ នឹង​សេចក្ដី​ក្រោធ​របស់​អញ ហើយ​ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​សាសន៍​ដទៃ ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្បថ​ហើយ​ថា ពិត​ប្រាកដ​ជា​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ព័ទ្ធ​ជុំវិញ​ឯង គេ​នឹង​ត្រូវ​រង់​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន​គេ​វិញ។ តែ​ចំណែក​ឯង ឱ​ភ្នំ​អ៊ីស្រាអែល​អើយ ឯង​រាល់​គ្នា​នឹង​បែក​មែក ហើយ​បង្កើត​ផល​របស់​ឯង ឲ្យ​អ៊ីស្រាអែល​ជា​រាស្ត្រ​អញ ពី​ព្រោះ​គេ​រៀប​នឹង​មក​ហើយ ដ្បិត​មើល អញ​កាន់​ខាង​ឯង ហើយ​អញ​នឹង​វិល​មក​ឯ​ឯង​វិញ នោះ​នឹង​មាន​គេ​ភ្ជួរ‌រាស់​ហើយ​សាប‌ព្រោះ​ឯង​ឡើង អញ​នឹង​ឲ្យ​មនុស្ស​ចំរើន​ឡើង​នៅ​ក្នុង​ឯង គឺ​ជា​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​មូល ដូច្នេះ ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​នឹង​មាន​មនុស្ស​នៅ ហើយ​អស់​ទាំង​ទី​ខូច​បង់​នឹង​បាន​សង់​ឡើង​វិញ អញ​នឹង​ធ្វើ​ឲ្យ​ទាំង​មនុស្សនឹង​សត្វ​ផង បាន​ចំរើន​ឡើង​នៅ​ក្នុង​ឯង គេ​នឹង​ចំរើន​ឡើង ហើយ​សាយ‌គ្រាយ​ចេញ​ទៅ នោះ​អញ​នឹង​ឲ្យ​មាន​មនុស្ស​អាស្រ័យ​នៅ​ក្នុង​ឯង​ដូច​យ៉ាង​ពី​ដើម ហើយ​ប្រព្រឹត្ត​នឹង​ឯង​ដោយ​ល្អ​ជាង​ជាន់​ដើម​ទៅ​ទៀត នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត អើ អញ​នឹង​ឲ្យ​មាន​មនុស្ស​ដើរ​លើ​ឯង គឺ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​អញ គេ​នឹង​បាន​ឯង​ជា​របស់​ផង​គេ ហើយ​ឯង​នឹង​បាន​ជា​មរដក​ដល់​គេ នោះ​ឯង​នឹង​មិន​ធ្វើ​ឲ្យ​គេ​ព្រាត់‌ប្រាស​កូន​ទៀត​ឡើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​គេ​និយាយ​ពី​ឯង​ថា ឯង​ជា​ស្រុក​ដែល​លេប​មនុស្ស​បាត់ ហើយ​បំរាស​កូន​របស់​សាសន៍​ឯង ដូច្នេះ ឯង​នឹង​លែង​លេប​មនុស្ស​បាត់​ត​ទៅ ក៏​មិន​បំរាស​កូន​របស់​សាសន៍​ឯង​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា អញ​ក៏​មិន​ឲ្យ​ឯង​ឮ​ពាក្យ​ត្មះ‌តិះដៀល​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត​ដែរ ឯង​មិន​ត្រូវ​រង​ទ្រាំ​សេចក្ដី​ប្រមាថ​មើល‌ងាយ​របស់​គេ​ត​ទៅ ឯង​នឹង​មិន​ធ្វើ​ជា​ហេតុ ឲ្យ​សាសន៍​របស់​ឯង ចំពប់​ដួល​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា កូន​មនុស្ស​អើយ កាល​ពួក​វង្ស​អ៊ីស្រាអែល​បាន​នៅ​ក្នុង​ស្រុក​របស់​ខ្លួន នោះ​គេ​បាន​បង្អាប់​ស្រុក​នោះ ដោយ​ផ្លូវ​ប្រព្រឹត្ត នឹង​កិរិយា​របស់​ខ្លួន ផ្លូវ​ដែល​គេ​ប្រព្រឹត្ត​នៅ​មុខ​អញ ប្រៀប​ដូច​ជា​សេចក្ដី​ស្មោក‌គ្រោក​នៃ​ស្រី​ដែល​មាន​រដូវ ហេតុ​នោះ​បាន​ជា​អញ​ចាក់​សេចក្ដី​ក្រោធ​របស់​អញ​ទៅ​លើ​គេ គឺ​ដោយ​ព្រោះ​ឈាម​ដែល​គេ​បាន​កំចាយ​នៅ​ក្នុង​ស្រុក ហើយ​ដោយ​ព្រោះ​គេ​បាន​បង្អាប់​ស្រុក ដោយ​រូប​ព្រះ​របស់​គេ ដូច្នេះ អញ​បាន​កំចាត់‌កំចាយ​គេ​ទៅ​នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​ត្រូវ​បែង​ចែក​ទៅ​នៅ​គ្រប់​ស្រុក​ផង អញ​បាន​ជំនុំ‌ជំរះ​គេ​តាម​ផ្លូវ​គេ​ប្រព្រឹត្ត នឹង​តាម​កិរិយា​របស់​គេ កាល​គេ​បាន​ចូល​ទៅ​ឯ​សាសន៍​ណា​ដែល​គេ​ត្រូវ​ខ្ចាយ​ទៅ​នោះ គេ​ក៏​បង្អាប់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​ទៀត ដោយ​មាន​មនុស្ស​ថា ពួក​នេះ​ជា​ពួក​របស់​ព្រះ‌យេហូវ៉ា គេ​បាន​ចេញ​ចាក​ពី​ស្រុក​របស់​ទ្រង់​មក ប៉ុន្តែអញ​បាន​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ ដែល​ពួក​វង្ស​អ៊ីស្រាអែល​បាន​បង្អាប់ នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ទៅ​ដល់​នោះ។ ដូច្នេះ ចូរ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ អញ​មិន​មែន​ធ្វើ​ការ​នេះ ដោយ​យល់​ដល់​ឯង​រាល់​គ្នា​ទេ គឺ​ដោយ​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​វិញ ជា​ឈ្មោះ​ដែល​ឯង​រាល់​គ្នា​បាន​បង្អាប់ នៅ​កណ្តាល​អស់​ទាំង​សាសន៍​ដែល​ឯង​បាន​ទៅ​ដល់​នោះ អញ​ក៏​នឹង​ញែក​ឈ្មោះ​ដ៏​ជា​ធំ​របស់​អញ ដែល​ត្រូវ​បង្អាប់​នៅ​កណ្តាល​អស់​ទាំង​សាសន៍ គឺ​ដែល​ឯង​រាល់​គ្នា​បាន​បង្អាប់ នៅ​ក្នុង​ពួក​គេ ចេញ​ជា​បរិសុទ្ធ​ដែរ នោះ​ពួក​សាសន៍​ដទៃ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​ញែក​ជា​បរិសុទ្ធ​ក្នុង​ពួក​ឯង នៅ​ចំពោះ​ភ្នែក​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

អាន អេសេ‌គាល 36