អេសេគាល 28:17-26

អេសេគាល 28:17-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចិត្ត​អ្នក​បាន​ស្ទួយ​ឡើង ដោយ​ព្រោះ​សេចក្ដី​លម្អ​របស់​អ្នក អ្នក​បាន​បង្ខូច​ប្រាជ្ញា​អ្នក ដោយ​ពន្លឺ​រស្មី​របស់​អ្នក យើង​បាន​បោះ​អ្នក​ចុះ​ដល់​ដី ព្រម​ទាំង​ដាក់​នៅ​មុខ​ពួក​ស្តេច ឲ្យ​គេ​បាន​ពិចារ‌ណា​អ្នក។ អ្នក​បាន​បង្អាប់​អស់​ទាំង​ទី​បរិសុទ្ធ​របស់​អ្នក ដោយ​អំពើ​ទុច្ចរិត​ដ៏​បរិបូរ​របស់​អ្នក ហើយ​ដោយ​សេចក្ដី​ទុច្ចរិត​នៃ​ការ​ជួញ​ប្រែ​របស់​អ្នក ហេតុ​នោះ យើង​បាន​ធ្វើ​ឲ្យ​មាន​ភ្លើង ចេញ​ពី​កណ្ដាល​អ្នក​មក ភ្លើង​នោះ​បាន​ឆេះ​បំផ្លាញ​អ្នក យើង​បាន​ឲ្យ​អ្នក​ទៅ​ជា​ផេះ​នៅ​លើ​ផែន‌ដី នៅ​ចំពោះ​ភ្នែក​នៃ​អស់​អ្នក​ដែល​ឃើញ​អ្នក។ អស់​អ្នក​នៅ​គ្រប់​ទាំង​សាសន៍​ដែល​ស្គាល់​អ្នក គេ​នឹង​ស្រឡាំង‌កាំង​ដោយ​ព្រោះ​អ្នក អ្នក​បាន​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច ហើយ​លែង​មានជា​រៀង​រហូត​ទៅ»។ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​អ្នក​ត្រង់​ទៅ​ឯ​ស៊ីដូន ហើយ​ថ្លែងទំនាយ​ទាស់​នឹង​ទី​ក្រុង​នោះ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ម្នាល ស៊ីដូន​អើយ យើង​ទាស់​នឹង​អ្នក ហើយ​យើង​នឹង​បាន​តម្កើង​ឡើង​នៅ​កណ្ដាល​អ្នក នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​យើង​បាន​សម្រេច សេចក្ដី​យុត្តិ‌ធម៌​ដល់​វា ហើយ​បាន​ញែក​ជា​បរិសុទ្ធនៅ​ក្នុង​វា​ដែរ ពី​ព្រោះ​យើង​នឹង​ចាត់​អាសន្ន‌រោគ​ទៅ​ក្នុង​វា និង​ឈាម​ទៅគ្រប់​ផ្លូវ​របស់​វា ពួក​អ្នក​ដែល​ត្រូវ​របួស​នឹង​ដួល​នៅ​កណ្ដាល​វា ដោយ​មាន​ដាវ​គ្រប​សង្កត់​នៅ​គ្រប់​ទិស នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។ ដូច្នេះ លែង​មាន​បន្លា​ចាក់​ចុច​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល ឬ​បន្លា​ធ្វើ​ទុក្ខ​នៅ​ក្នុង​សាសន៍​ណា​នៅ​ព័ទ្ធ​ជុំ‌វិញ ដែល​ប្រព្រឹត្ត​នឹង​គេ​ដោយ​មើល‌ងាយ​ទៀត​ឡើយ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​ពិត»។ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កាល​ណា​យើង​បាន​ប្រមូល​ពួក​វង្ស​អ៊ីស្រា‌អែល មក​ពី​គ្រប់​សាសន៍ ដែល​គេ​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​នោះ ហើយ​យើង​បាន​ញែក​ជា​បរិសុទ្ធ​នៅ​ក្នុង​ពួក​គេ ចំពោះ​ភ្នែក​នៃ​សាសន៍​ដទៃ នោះ​គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន ដែល​យើង​បាន​ឲ្យ​ដល់​យ៉ាកុប ជា​អ្នក​បម្រើ​យើង។ គេ​ក៏​នៅ​ក្នុង​ស្រុក​នោះ​ដោយ​សុខ‌សាន្ត គេ​នឹង​សង់​ផ្ទះ ព្រម​ទាំង​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ និង​អាស្រ័យ​នៅ​ដោយ​សុខ‌សាន្ត​ផង ក្នុង​កាល​ដែល​យើង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ពួក​អ្នក​នៅ​ជុំ‌វិញ​ដែល​បាន​ប្រព្រឹត្ត​នឹង​គេ​ដោយ​សេចក្ដី​មើល‌ងាយ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ​ពិត»។

ចែក​រំលែក
អាន អេសេគាល 28

អេសេគាល 28:17-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​មាន​ចិត្ត​ព្រហើន ព្រោះ​តែ​រូប​សម្បត្តិ​ដ៏​ល្អ​ស្អាត​របស់​ខ្លួន។ អ្នក​បាន​ធ្វើ​ឲ្យ​ខ្លួន​អាប់​ប្រាជ្ញា ព្រោះ​តែ​ភាព​រុងរឿង​របស់​អ្នក។ យើង​បោះ​អ្នក​ទៅ​ដី យើង​ធ្វើ​ទោស​អ្នក​ឲ្យ​ស្ដេច​នានា​ឃើញ។ អ្នក​បាន​បង្អាប់​ទីសក្ការៈ​របស់​យើង ដោយ‌សារ​អំពើ​បាប​ដ៏​ច្រើន​ឥត​គណនា និង​ដោយ‌សារ​ជំនួញ​ដ៏​ទុច្ចរិត​របស់​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អ្នក ឆេះ​បន្សុស​អ្នក យើង​នឹង​កម្ទេច​អ្នក​ឲ្យ​ទៅ​ជា​ផេះ​នៅ​លើ​ផែនដី ដើម្បី​ឲ្យ​មនុស្ស‌ម្នា​បាន​ឃើញ។ ជាតិ​សាសន៍​នានា​ដែល​ស្គាល់​អ្នក​នឹង​ងឿង‌ឆ្ងល់ ដោយ​ឃើញ​អ្នក​ធ្លាក់​ខ្លួន​ដូច្នេះ ពួក​គេ​ភ័យ​តក់‌ស្លុត ហើយ​អ្នក​នឹង​វិនាស​បាត់​បង់​រហូត​ត​ទៅ!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ក្រុង​ស៊ីដូន ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រឆាំង​នឹង​ក្រុង​នោះ​ទៅ! ត្រូវ​ពោល​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ក្រុង​ស៊ីដូន​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ! យើង​នឹង​ទទួល​សិរី‌រុងរឿង​នៅ​ក្នុង​អ្នក។ ពេល​ណា​យើង​សម្រេច​ការ​វិនិច្ឆ័យ​ទោស​ក្រុង​នេះ​ហើយ មនុស្ស‌ម្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់ ហើយ​យើង​នឹង​សម្តែង​ឲ្យ​អ្នក​ក្រុង​នេះ​ឃើញ​ថា យើង​ជា​ព្រះ​ដ៏វិសុទ្ធ។ យើង​នឹង​ធ្វើ​ឲ្យ​ជំងឺ​រាត‌ត្បាត​កើត​មាន​នៅ​ក្នុង​ទីក្រុង យើង​នឹង​ធ្វើ​ឲ្យ​ឈាម​ហូរ​ដាប​នៅ​តាម​ដង​ផ្លូវ ខ្មាំង​សត្រូវ​វាយ​ប្រហារ​ពី​គ្រប់​ទិស‌ទី ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ ដួល​ស្លាប់​នៅ​ក្នុង​ទីក្រុង ពេល​នោះ គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់”។ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ គ្មាន​នរណា​មាក់‌ងាយ​កូន​ចៅ​អ៊ីស្រា‌អែល គឺ​គ្មាន​នរណា​ធ្វើ​បាប​ពួក​គេ​ឲ្យ​ឈឺ​ចាប់ ដូច​មុត​បន្លា​ទៀត​ឡើយ។ ពេល​នោះ មនុស្ស‌ម្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់»។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ពេល​យើង​ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​យើង​បាន​កម្ចាត់‌កម្ចាយ ទៅ​ក្នុង​ចំណោម​សាសន៍​ទាំង‌ឡាយ​នោះ​មក​វិញ យើង​នឹង​សម្តែង​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ​ថា យើង​ជា​ព្រះ​ដ៏វិសុទ្ធ។ ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន គឺ​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យ​យ៉ាកុប ជា​អ្នក​បម្រើ​របស់​យើង។ ពួក​គេ​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត​លើ​ទឹក​ដី​នេះ ពួក​គេ​នឹង​សង់​ផ្ទះ ហើយ​ដាំ​ទំពាំង‌បាយជូរ។ កាល​ណា​យើង​ដាក់​ទោស​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ ដែល​បាន​មាក់‌ងាយ​ពួក​គេ​រួច​ហើយ ពួក​គេ​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត។ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ»។

ចែក​រំលែក
អាន អេសេគាល 28

អេសេគាល 28:17-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចិត្ត​ឯង​បាន​ស្ទួយ​ឡើង ដោយ​ព្រោះ​សេចក្ដី​លំអ​របស់​ឯង ឯង​បាន​បង្ខូច​ប្រាជ្ញា​ឯង ដោយ​ពន្លឺ​រស្មី​របស់​ឯង អញ​បាន​បោះ​ឯង​ចុះ​ដល់​ដី ព្រម​ទាំង​ដាក់​នៅ​មុខ​ពួក​ស្តេច ឲ្យ​គេ​បាន​ពិចារណា​ឯង ឯង​បាន​បង្អាប់​អស់​ទាំង​ទី​បរិសុទ្ធ​របស់​ឯង ដោយ​អំពើ​ទុច្ចរិត​ដ៏​បរិបូរ​របស់​ឯង ហើយ​ដោយ​សេចក្ដី​ទុច្ចរិត​នៃ​ការ​ជួញ​ប្រែ​របស់​ឯង ហេតុ​នោះអញ​បាន​ធ្វើ​ឲ្យ​មាន​ភ្លើង​ចេញ​ពី​កណ្តាល​ឯង​មក ភ្លើង​នោះ​បាន​ឆេះ​បំផ្លាញ​ឯង អញ​បាន​ឲ្យ​ឯង​ទៅ​ជា​ផេះ​នៅ​លើ​ផែនដី នៅ​ចំពោះ​ភ្នែក​នៃ​អស់​អ្នក​ដែល​ឃើញ​ឯង អស់​អ្នក​នៅ​គ្រប់​ទាំង​សាសន៍​ដែល​ស្គាល់​ឯង គេ​នឹង​ស្រឡាំង‌កាំង​ទៅ​ដោយ​ព្រោះ​ឯង ឯង​បាន​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច ហើយ​លែង​មាន​នៅ​ជា​ដរាប​ត​ទៅ។ រួច​មកព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ឯង​ត្រង់​ទៅ​ឯ​ស៊ីដូន ហើយ​ទាយ​ទាស់​នឹង​ទី​ក្រុង​នោះ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ម្នាល ស៊ីដូន​អើយ អញ​ទាស់​នឹង​ឯង ហើយ​អញ​នឹង​បាន​ដំកើង​ឡើង​នៅ​កណ្តាល​ឯង នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​វា ហើយ​បាន​ញែក​ជា​បរិសុទ្ធ នៅ​ក្នុង​វា​ដែរ ពី​ព្រោះ​អញ​នឹង​ចាត់​អាសន្ន‌រោគ​ទៅ​ក្នុង​វា នឹង​ឈាម​ទៅ​នៅ​អស់​ទាំង​ផ្លូវ​របស់​វា ពួក​អ្នក​ដែល​ត្រូវ​របួស​នឹង​ដួល​នៅ​កណ្តាល​វា ដោយ​មាន​ដាវ​គ្រប​សង្កត់​នៅ​គ្រប់​ទិស នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ដូច្នេះ នឹង​លែង​មាន​បន្លា​ចាក់​ចុច​ដល់​ពួក​វង្ស​អ៊ីស្រាអែល ឬ​បន្លា​ធ្វើ​ទុក្ខ នៅ​ក្នុង​សាសន៍​ណា​នៅ​ព័ទ្ធ​ជុំវិញ ដែល​ប្រព្រឹត្ត​នឹង​គេ​ដោយ​មើល‌ងាយ​ទៀត​ឡើយ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ពិត។ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កាល​ណា​អញ​បាន​ប្រមូល​ពួក​វង្ស​អ៊ីស្រាអែល មក​ពី​គ្រប់​សាសន៍ ដែល​គេ​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​នោះ ហើយ​អញ​បាន​ញែក​ជា​បរិសុទ្ធ​នៅ​ក្នុង​ពួក​គេ ចំពោះ​ភ្នែក​នៃ​សាសន៍​ដទៃ នោះ​គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន ដែល​អញ​បាន​ឲ្យ​ដល់​យ៉ាកុប ជា​អ្នក​បំរើ​អញ គេ​ក៏​នឹង​នៅ​ក្នុង​ស្រុក​នោះ​ដោយ​សុខ‌សាន្ត អើ គេ​នឹង​សង់​ផ្ទះ ព្រម​ទាំង​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ នឹង​អាស្រ័យ​នៅ​ដោយ​សុខ‌សាន្ត​ផង ក្នុង​កាល​ដែល​អញ​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ពួក​អ្នក​នៅ​ជុំវិញ ដែល​បាន​ប្រព្រឹត្ត​នឹង​គេ​ដោយ​សេចក្ដី​មើល‌ងាយ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ​ពិត។

ចែក​រំលែក
អាន អេសេគាល 28