ចិត្តអ្នកបានស្ទួយឡើង ដោយព្រោះសេចក្ដីលម្អរបស់អ្នក អ្នកបានបង្ខូចប្រាជ្ញាអ្នក ដោយពន្លឺរស្មីរបស់អ្នក យើងបានបោះអ្នកចុះដល់ដី ព្រមទាំងដាក់នៅមុខពួកស្តេច ឲ្យគេបានពិចារណាអ្នក។ អ្នកបានបង្អាប់អស់ទាំងទីបរិសុទ្ធរបស់អ្នក ដោយអំពើទុច្ចរិតដ៏បរិបូររបស់អ្នក ហើយដោយសេចក្ដីទុច្ចរិតនៃការជួញប្រែរបស់អ្នក ហេតុនោះ យើងបានធ្វើឲ្យមានភ្លើង ចេញពីកណ្ដាលអ្នកមក ភ្លើងនោះបានឆេះបំផ្លាញអ្នក យើងបានឲ្យអ្នកទៅជាផេះនៅលើផែនដី នៅចំពោះភ្នែកនៃអស់អ្នកដែលឃើញអ្នក។ អស់អ្នកនៅគ្រប់ទាំងសាសន៍ដែលស្គាល់អ្នក គេនឹងស្រឡាំងកាំងដោយព្រោះអ្នក អ្នកបានត្រឡប់ជាទីស្ញែងខ្លាច ហើយលែងមានជារៀងរហូតទៅ»។ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ ចូរតាំងមុខអ្នកត្រង់ទៅឯស៊ីដូន ហើយថ្លែងទំនាយទាស់នឹងទីក្រុងនោះថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ម្នាល ស៊ីដូនអើយ យើងទាស់នឹងអ្នក ហើយយើងនឹងបានតម្កើងឡើងនៅកណ្ដាលអ្នក នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងបានសម្រេច សេចក្ដីយុត្តិធម៌ដល់វា ហើយបានញែកជាបរិសុទ្ធនៅក្នុងវាដែរ ពីព្រោះយើងនឹងចាត់អាសន្នរោគទៅក្នុងវា និងឈាមទៅគ្រប់ផ្លូវរបស់វា ពួកអ្នកដែលត្រូវរបួសនឹងដួលនៅកណ្ដាលវា ដោយមានដាវគ្របសង្កត់នៅគ្រប់ទិស នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។ ដូច្នេះ លែងមានបន្លាចាក់ចុចដល់ពួកវង្សអ៊ីស្រាអែល ឬបន្លាធ្វើទុក្ខនៅក្នុងសាសន៍ណានៅព័ទ្ធជុំវិញ ដែលប្រព្រឹត្តនឹងគេដោយមើលងាយទៀតឡើយ នោះគេនឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត»។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «កាលណាយើងបានប្រមូលពួកវង្សអ៊ីស្រាអែល មកពីគ្រប់សាសន៍ ដែលគេត្រូវខ្ចាត់ខ្ចាយទៅនោះ ហើយយើងបានញែកជាបរិសុទ្ធនៅក្នុងពួកគេ ចំពោះភ្នែកនៃសាសន៍ដទៃ នោះគេនឹងអាស្រ័យនៅក្នុងស្រុករបស់ខ្លួន ដែលយើងបានឲ្យដល់យ៉ាកុប ជាអ្នកបម្រើយើង។ គេក៏នៅក្នុងស្រុកនោះដោយសុខសាន្ត គេនឹងសង់ផ្ទះ ព្រមទាំងដាំដំណាំទំពាំងបាយជូរ និងអាស្រ័យនៅដោយសុខសាន្តផង ក្នុងកាលដែលយើងសម្រេចសេចក្ដីយុត្តិធម៌ដល់ពួកអ្នកនៅជុំវិញដែលបានប្រព្រឹត្តនឹងគេដោយសេចក្ដីមើលងាយ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេពិត»។
អាន អេសេគាល 28
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 28:17-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ