អេសេគាល 28:1-16
អេសេគាល 28:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា៖ «កូនមនុស្សអើយ ចូរប្រាប់ដល់ម្ចាស់ដ៏ធំនៃក្រុងទីរ៉ុសថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ដោយព្រោះអ្នកកើតមានចិត្តធំ ហើយបានពោលថា យើងជាព្រះ យើងអង្គុយលើបល្ល័ង្ករបស់ព្រះនៅកណ្ដាលសមុទ្រ ប៉ុន្តែ អ្នកជាមនុស្សទេ មិនមែនជាព្រះឡើយ ទោះបើអ្នកបានតាំងចិត្តដូចជាព្រះហឫទ័យព្រះក៏ដោយ។ អ្នកមានប្រាជ្ញាលើសជាងដានីយ៉ែលទៅទៀត គ្មានការសម្ងាត់ណា ដែលលាក់កំបាំងនឹងអ្នកសោះ។ អ្នកបានប្រមូលទ្រព្យសម្បត្តិ ហើយប្រមូលមាសប្រាក់ដាក់ក្នុងឃ្លាំង ដោយប្រាជ្ញា និងយោបល់របស់អ្នក។ អ្នកបានចម្រើនទ្រព្យសម្បត្តិដោយសារប្រាជ្ញា ដ៏ជ្រាលជ្រៅរបស់អ្នក និងការធ្វើជំនួញផង ហើយចិត្តអ្នកបានស្ទួយឡើង ដោយព្រោះទ្រព្យសម្បត្តិរបស់អ្នក។ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា ដោយព្រោះអ្នកបានតាំងចិត្ត ឲ្យបានដូចជាព្រះហឫទ័យនៃព្រះ យើងនឹងនាំសាសន៍ដទៃ គឺជាពួកអ្នកគួរស្ញែងខ្លាច ពីគ្រប់សាសន៍មកលើអ្នក គេនឹងហូតដាវទៅទាស់នឹងលម្អនៃប្រាជ្ញារបស់អ្នក ព្រមទាំងបង្អាប់រស្មីរបស់អ្នក។ គេនឹងទម្លាក់អ្នកទៅក្នុងជង្ហុកធំ ហើយអ្នកនឹងត្រូវស្លាប់ដូចជាពួកអ្នក ដែលត្រូវគេចាក់សម្លាប់នៅកណ្ដាលសមុទ្រ។ នៅគ្រានោះ តើអ្នកនៅតែពោល នៅមុខអ្នកដែលសម្លាប់អ្នកថា យើងជាព្រះទៀតឬ? ប៉ុន្តែ នៅក្នុងកណ្ដាប់ដៃអ្នកដែលសម្លាប់អ្នក នោះអ្នកជាមនុស្ស មិនមែនជាព្រះឡើយ។ អ្នកនឹងត្រូវស្លាប់ ដូចជាពួកអ្នកមិនកាត់ស្បែកដែរ គឺដោយដៃនៃពួកសាសន៍ដទៃ ដ្បិតយើងបានចេញវាចាហើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំទៀតថា៖ «កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរស្តេចក្រុងទីរ៉ុស ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ អ្នកជាមនុស្សមានលក្ខណៈពេញខ្នាត មានប្រាជ្ញាពេញលេញ ហើយមានសម្ផស្សគ្រប់លក្ខណ៍។ ពីដើម អ្នកបាននៅក្នុងច្បារអេដែនជាសួនរបស់ព្រះ អ្នកបានប្រដាប់កាយដោយត្បូងដ៏មានតម្លៃគ្រប់មុខ គឺសាមស៊ី ទោបុ័ត ពេជ្រ បេរីល អូនីក្ស មណីជោតិ កណ្តៀង មរកត បារកេត និងមាស ឯក្រាប់ និងខ្លុយរបស់អ្នក បានត្រៀមទុកសម្រាប់អ្នកតាំងពីថ្ងៃដែលអ្នកកើតមក។ អ្នកជាចេរូប៊ីនដែលបានចាក់ប្រេងតាំងឡើង ជាអ្នកគ្របបាំង គឺយើងបានតាំងអ្នកឡើង ឲ្យអ្នកបាននៅលើភ្នំបរិសុទ្ធរបស់ព្រះ អ្នកក៏បានដើរទៅមកនៅកណ្ដាលថ្មភ្លឺចាំង។ ចាប់តាំងពីថ្ងៃដែលអ្នកកើតមក នោះអ្នកបានគ្រប់លក្ខណ៍ក្នុងគ្រប់ផ្លូវរបស់អ្នក រហូតដល់ពេលដែលឃើញមាន សេចក្ដីទុច្ចរិតនៅក្នុងអ្នក។ ដ្បិតដោយសារការជួញប្រែដ៏បរិបូររបស់អ្នក នោះគេបានបំពេញអ្នកដោយសេចក្ដីច្រឡោត ហើយអ្នកបានធ្វើបាប ហេតុនោះ យើងបានបោះចោលអ្នកចេញពីភ្នំនៃព្រះ ទុកដូចជារបស់អាប់ឱនទៅវិញ ឱចេរូប៊ីនដែលគ្របបាំងអើយ យើងបានបំផ្លាញអ្នកចេញពីកណ្ដាលថ្មភ្លឺចាំងនោះ
អេសេគាល 28:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ ចូរប្រាប់ស្ដេចក្រុងទីរ៉ុសថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកមានចិត្តព្រហើនណាស់ អ្នកហ៊ានថ្លែងថា “ខ្ញុំជាព្រះ! ខ្ញុំគង់លើបល្ល័ង្ករបស់ព្រះដែលស្ថិតនៅកណ្ដាលសមុទ្រ!”។ តាមពិត អ្នកជាមនុស្សសោះ គឺមិនមែនជាព្រះទេ តែអ្នកលើកខ្លួនឯងស្មើនឹងព្រះជាម្ចាស់។ អ្នកអួតខ្លួនថា មានប្រាជ្ញាជាងដានីយ៉ែល ហើយថាគ្មានការអ្វីលាក់កំបាំងចំពោះអ្នកឡើយ។ ដោយសារប្រាជ្ញា និងតម្រិះវៃឆ្លាត អ្នកប្រមូលទ្រព្យសម្បត្តិ មាស និងប្រាក់ យកមកទុកក្នុងឃ្លាំងរបស់ខ្លួន។ ដោយសារការប៉ិនប្រសប់ខាងធ្វើជំនួញ អ្នកបានបង្កើនទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ ហើយទ្រព្យសម្បត្តិទាំងនេះជំរុញឲ្យអ្នកអួតបំប៉ោង! ហេតុនេះហើយបានជាព្រះជាអម្ចាស់មានព្រះបន្ទូលថា: ដោយអ្នកលើកខ្លួនស្មើនឹងព្រះដូច្នេះ យើងនឹងនាំជនបរទេស ដែលកាចសាហាវក្នុងចំណោមប្រជាជាតិនានាមក ពួកគេនឹងហូតដាវបំផ្លាញស្នាដៃនៃប្រាជ្ញាដ៏វាងវៃរបស់អ្នក គេនឹងបន្ទាបបន្ថោក ព្រមទាំងបំផ្លាញភាពរុងរឿងរបស់អ្នកទៀតផង។ ពួកគេនឹងវាយទម្លាក់អ្នកទៅក្នុងរណ្ដៅ អ្នកនឹងត្រូវស្លាប់ ដោយគេចាក់ទម្លុះនៅកណ្ដាលសមុទ្រ។ នៅចំពោះមុខសត្រូវដែលប្រហារជីវិតអ្នក តើអ្នកនៅតែពោលថា “ខ្ញុំជាព្រះ” ទៀតបានឬ? ពេលអ្នកស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពេជ្ឈឃាត អ្នកនៅតែជាមនុស្សដដែល គឺមិនមែនជាព្រះទេ។ អ្នកនឹងត្រូវស្លាប់ដោយដៃជនបរទេស ដូចជនមិនស្គាល់ព្រះជាម្ចាស់ ដ្បិតយើងហើយដែលប្រកាសការនេះ» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរលើកបទទំនួញអំពីស្ដេចក្រុងទីរ៉ុស! ចូរប្រាប់ស្ដេចនោះថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកជាគំរូពេញលក្ខណៈ អ្នកពោរពេញទៅដោយប្រាជ្ញាវាងវៃ ព្រមទាំងមានសម្ផស្សយ៉ាងល្អឥតខ្ចោះ។ អ្នកស្ថិតនៅស្រុកអេដែន ក្នុងឧទ្យានរបស់ព្រះជាម្ចាស់ដែលមានត្បូងគ្រប់មុខជាជញ្ជាំង គឺត្បូងទទឹម ត្បូងជម្ពូរ័ត្ន ត្បូងពេជ្រ ត្បូងប៊ុតលឿង ត្បូងដៃរគៀម ត្បូងមណីរ័ត្ន ត្បូងកណ្ដៀង ត្បូងនិលរ័ត្ន មរកត និងមាស។ មានស្គរ និងខ្លុយ នៅចាំលេងកំដរអ្នកជាស្រេច តាំងតែពីថ្ងៃដែលអ្នកកើតម៉្លេះ។ អ្នកជាចេរូប៊ីន*ត្រដាងស្លាប ដែលយើងបានតែងតាំងឲ្យការពារ យើងបានដាក់អ្នកនៅលើភ្នំរបស់យើង អ្នកដើរនៅកណ្ដាលថ្មដ៏ភ្លឺផ្លេក។ ចាប់តាំងពីថ្ងៃដែលយើងបង្កើតអ្នក រហូតមកដល់ថ្ងៃដែលគេឃើញភាពទុច្ចរិតនៅក្នុងអ្នក អ្នកធ្លាប់តែមានកិរិយាមារយាទល្អឥតខ្ចោះ។ ការរីកចម្រើននៃជំនួញរបស់អ្នក នាំឲ្យអ្នកពោរពេញដោយអំពើឃោរឃៅ និងអំពើបាប។ ហេតុនេះ យើងដេញអ្នកចុះពីភ្នំរបស់យើង ឲ្យអ្នកក្លាយទៅជាមនុស្សសាមញ្ញ។ ចេរូប៊ីនដែលជាអ្នកការពារអើយ យើងដេញអ្នកចេញពីចំណោមថ្មដ៏ភ្លឺផ្លេក។
អេសេគាល 28:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា កូនមនុស្សអើយ ចូរប្រាប់ដល់ម្ចាស់ដ៏ធំនៃក្រុងទីរ៉ុសថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ដោយព្រោះឯងកើតមានចិត្តធំ ហើយបានពោលថា អញជាព្រះ អញអង្គុយលើបល្ល័ង្ករបស់ព្រះនៅកណ្តាលសមុទ្រ ប៉ុន្តែ ឯងជាមនុស្សទេ មិនមែនជាព្រះឡើយ ទោះបើឯងបានតាំងចិត្តដូចជាព្រះហឫទ័យព្រះក៏ដោយ មើល ឯងមានប្រាជ្ញាលើសជាងដានីយ៉ែលទៅទៀត គ្មានការសំងាត់ណា ដែលលាក់កំបាំងនឹងឯងសោះ ឯងបានប្រមូលទ្រព្យសម្បត្តិ ហើយបានមាសប្រាក់ដាក់ក្នុងឃ្លាំង ដោយប្រាជ្ញា នឹងយោបល់របស់ឯង ឯងបានចំរើនទ្រព្យសម្បត្តិដោយសារប្រាជ្ញាដ៏ជ្រាលជ្រៅរបស់ឯង នឹងការជំនួញផង ហើយចិត្តឯងបានស្ទួយឡើង ដោយព្រោះទ្រព្យសម្បត្តិរបស់ឯង ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះឯងបានតាំងចិត្ត ឲ្យបានដូចជាព្រះហឫទ័យនៃព្រះ នោះមើល អញនឹងនាំសាសន៍ដទៃ គឺជាពួកអ្នកគួរស្ញែងខ្លាច នៅកណ្តាលគ្រប់ទាំងសាសន៍ មកលើឯង គេនឹងហូតដាវទៅទាស់នឹងលំអនៃប្រាជ្ញារបស់ឯង ព្រមទាំងបង្អាប់រស្មីរបស់ឯងផង គេនឹងទំលាក់ឯងទៅក្នុងជង្ហុកធំ ហើយឯងនឹងត្រូវស្លាប់ដូចជាពួកអ្នកដែលត្រូវគេចាក់សំឡាប់ នៅកណ្តាលសមុទ្រ នៅគ្រានោះតើឯងនឹងនៅតែពោល នៅមុខអ្នកដែលសំឡាប់ឯង ថាអញជាព្រះ ទៀតឬអី ប៉ុន្តែនៅក្នុងកណ្តាប់ដៃនៃអ្នកដែលសំឡាប់ឯង នោះឯងជាមនុស្សទេ មិនមែនជាព្រះឡើយ ឯងនឹងត្រូវស្លាប់ ដូចជាពួកអ្នកមិនកាត់ស្បែកដែរ គឺដោយដៃនៃពួកសាសន៍ដទៃ ដ្បិតអញបានចេញវាចារួចហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ខ្ញុំទៀតថា កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរស្តេចក្រុងទីរ៉ុស ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឯងជាអ្នកបំពេញខ្នាត ដោយមានប្រាជ្ញាពោរពេញ ហើយលំអគ្រប់លក្ខណ៍ ពីដើមឯងបាននៅក្នុងច្បារអេដែនជាសួនរបស់ព្រះ ឯងបានប្រដាប់កាយដោយត្បូងដ៏មានដំឡៃគ្រប់មុខ គឺសាមស៊ី ទោបុ័ត ពេជ្រ បេរីល អូនីក្ស មណីជោតិ កណ្តៀង មរកត បារកេត ហើយនឹងមាស ឯក្រាប់នឹងខ្លុយរបស់ឯង នោះបានត្រៀមទុកសំរាប់ឯងតាំងពីថ្ងៃដែលឯងកើតមក ឯងជាចេរូប៊ីនដែលបានចាក់ប្រេងតាំងឡើងជាអ្នកគ្របបាំង គឺអញបានតាំងឯងឡើង ឲ្យឯងបាននៅលើភ្នំបរិសុទ្ធរបស់ព្រះ ឯងក៏បានដើរទៅមកនៅកណ្តាលថ្មភ្លឺចាំង ចាប់តាំងពីថ្ងៃដែលឯងកើតមក នោះឯងបានគ្រប់លក្ខណ៍ក្នុងគ្រប់ទាំងផ្លូវរបស់ឯង ដរាបដល់វេលាដែលឃើញមានសេចក្ដីទុច្ចរិតនៅក្នុងឯង ដ្បិតដោយសារការជួញប្រែដ៏បរិបូររបស់ឯង នោះគេបានបំពេញឯងដោយសេចក្ដីច្រឡោត ហើយឯងបានធ្វើបាប ហេតុនោះអញបានបោះចោលឯងចេញពីភ្នំនៃព្រះ ទុកដូចជារបស់អាប់ឱនទៅវិញ ឱចេរូប៊ីនដែលគ្របបាំងអើយ អញបានបំផ្លាញឯងចេញពីកណ្តាលថ្មភ្លឺចាំងនោះទៅ