អេសេគាល 28:1-16

អេសេគាល 28:1-16 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ «កូន​មនុស្ស​អើយ ចូរ​ប្រាប់​ស្ដេច​ក្រុង​ទីរ៉ុស​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​មាន​ចិត្ត​ព្រហើន​ណាស់ អ្នក​ហ៊ាន​ថ្លែង​ថា “ខ្ញុំ​ជា​ព្រះ! ខ្ញុំ​គង់​លើ​បល្ល័ង្ក​របស់​ព្រះ​ដែល​ស្ថិត​នៅ​កណ្ដាល​សមុទ្រ!”។ តាម​ពិត អ្នក​ជា​មនុស្ស​សោះ គឺ​មិន​មែន​ជា​ព្រះ​ទេ តែ​អ្នក​លើក​ខ្លួន​ឯង​ស្មើ​នឹង​ព្រះ‌ជាម្ចាស់។ អ្នក​អួត​ខ្លួន​ថា មាន​ប្រាជ្ញា​ជាង​ដានី‌យ៉ែល ហើយ​ថា​គ្មាន​ការ​អ្វី​លាក់​កំបាំង​ចំពោះ​អ្នក​ឡើយ។ ដោយ‌សារ​ប្រាជ្ញា និង​តម្រិះ​វៃ​ឆ្លាត អ្នក​ប្រមូល​ទ្រព្យ​សម្បត្តិ មាស និង​ប្រាក់ យក​មក​ទុក​ក្នុង​ឃ្លាំង​របស់​ខ្លួន។ ដោយ‌សារ​ការ​ប៉ិន‌ប្រសប់​ខាង​ធ្វើ​ជំនួញ អ្នក​បាន​បង្កើន​ទ្រព្យ​សម្បត្តិ​យ៉ាង​សន្ធឹក‌សន្ធាប់ ហើយ​ទ្រព្យ​សម្បត្តិ​ទាំង​នេះ​ជំរុញ​ឲ្យ​អ្នក​អួត​បំប៉ោង! ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ដោយ​អ្នក​លើក​ខ្លួន​ស្មើ​នឹង​ព្រះ​ដូច្នេះ យើង​នឹង​នាំ​ជន​បរទេស ដែល​កាច​សាហាវ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​មក ពួក​គេ​នឹង​ហូត​ដាវ​បំផ្លាញ​ស្នាដៃ​នៃ​ប្រាជ្ញា​ដ៏​វាង‌វៃ​របស់​អ្នក គេ​នឹង​បន្ទាប​បន្ថោក ព្រម​ទាំង​បំផ្លាញ​ភាព​រុងរឿង​របស់​អ្នក​ទៀត​ផង។ ពួក​គេ​នឹង​វាយ​ទម្លាក់​អ្នក​ទៅ​ក្នុង​រណ្ដៅ អ្នក​នឹង​ត្រូវ​ស្លាប់ ដោយ​គេ​ចាក់​ទម្លុះ​នៅ​កណ្ដាល​សមុទ្រ។ នៅ​ចំពោះ​មុខ​សត្រូវ​ដែល​ប្រហារ​ជីវិត​អ្នក តើ​អ្នក​នៅ​តែ​ពោល​ថា “ខ្ញុំ​ជា​ព្រះ” ទៀត​បាន​ឬ? ពេល​អ្នក​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពេជ្ឈ‌ឃាត អ្នក​នៅ​តែ​ជា​មនុស្ស​ដដែល គឺ​មិន​មែន​ជា​ព្រះ​ទេ។ អ្នក​នឹង​ត្រូវ​ស្លាប់​ដោយ​ដៃ​ជន​បរទេស ដូច​ជន​មិន​ស្គាល់​ព្រះ‌ជាម្ចាស់ ដ្បិត​យើង​ហើយ​ដែល​ប្រកាស​ការ​នេះ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​លើក​បទ​ទំនួញ​អំពី​ស្ដេច​ក្រុង​ទីរ៉ុស! ចូរ​ប្រាប់​ស្ដេច​នោះ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​ជា​គំរូ​ពេញ​លក្ខណៈ អ្នក​ពោរ‌ពេញ​ទៅ​ដោយ​ប្រាជ្ញា​វាង‌វៃ ព្រម​ទាំង​មាន​សម្ផស្ស​យ៉ាង​ល្អ​ឥត​ខ្ចោះ។ អ្នក​ស្ថិត​នៅ​ស្រុក​អេដែន ក្នុង​ឧទ្យាន​របស់​ព្រះ‌ជាម្ចាស់​ដែល​មាន​ត្បូង​គ្រប់​មុខ​ជា​ជញ្ជាំង គឺ​ត្បូង​ទទឹម ត្បូង​ជម្ពូ‌រ័ត្ន ត្បូង​ពេជ្រ ត្បូង​ប៊ុត‌លឿង ត្បូង​ដៃ‌រគៀម ត្បូង​មណី‌រ័ត្ន ត្បូង​កណ្ដៀង ត្បូង​និល‌រ័ត្ន មរកត និង​មាស។ មាន​ស្គរ និង​ខ្លុយ នៅ​ចាំ​លេង​កំដរ​អ្នក​ជា​ស្រេច តាំង​តែ​ពី​ថ្ងៃ​ដែល​អ្នក​កើត​ម៉្លេះ។ អ្នក​ជា​ចេរូប៊ីន*​ត្រដាង​ស្លាប ដែល​យើង​បាន​តែង‌តាំង​ឲ្យ​ការពារ យើង​បាន​ដាក់​អ្នក​នៅ​លើ​ភ្នំ​របស់​យើង អ្នក​ដើរ​នៅ​កណ្ដាល​ថ្ម​ដ៏​ភ្លឺ​ផ្លេក។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បង្កើត​អ្នក រហូត​មក​ដល់​ថ្ងៃ​ដែល​គេ​ឃើញ​ភាព​ទុច្ចរិត​នៅ​ក្នុង​អ្នក អ្នក​ធ្លាប់​តែ​មាន​កិរិយា‌មារយាទ​ល្អ​ឥត​ខ្ចោះ។ ការ​រីក​ចម្រើន​នៃ​ជំនួញ​របស់​អ្នក នាំ​ឲ្យ​អ្នក​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ និង​អំពើ​បាប។ ហេតុ​នេះ យើង​ដេញ​អ្នក​ចុះ​ពី​ភ្នំ​របស់​យើង ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​សាមញ្ញ។ ចេរូប៊ីន​ដែល​ជា​អ្នក​ការពារ​អើយ យើង​ដេញ​អ្នក​ចេញ​ពី​ចំណោម​ថ្ម​ដ៏​ភ្លឺ​ផ្លេក។