អេសេគាល 11:17-25
អេសេគាល 11:17-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនោះ ចូរប្រាប់ថា "ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងនឹងប្រមូលអ្នករាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនឹងប្រជុំអ្នកពីគ្រប់ទាំងប្រទេស ដែលអ្នកត្រូវខ្ចាត់ខ្ចាយទៅនោះ ឲ្យមូលគ្នាវិញ រួចយើងនឹងប្រគល់ស្រុកអ៊ីស្រាអែលឲ្យដល់អ្នករាល់គ្នា"។ ពួកអ្នកនឹងមកទីនេះវិញ ហើយគេនឹងដកយកអស់ទាំងរបស់គួរឆ្អើម និងគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើមចេញ។ យើងនឹងឲ្យគេមានចិត្តតែមួយ ហើយនឹងដាក់វិញ្ញាណថ្មីមួយក្នុងគេ យើងនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់គេចេញ ហើយនឹងឲ្យមានចិត្តជាសាច់វិញ ដើម្បីឲ្យគេបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់យើង ហើយរក្សាបញ្ញត្តិច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមផង នោះគេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះដល់គេ។ រីឯអស់អ្នកដែលមានចិត្តប្រព្រឹត្តតាមរូបព្រះគួរឆ្អើម និងសេចក្ដីគួរស្អប់ខ្ពើមរបស់គេ យើងនឹងទម្លាក់អំពើរបស់គេទៅលើក្បាលគេវិញ» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ ពួកចេរូប៊ីនក៏កាងស្លាបហោះទៅ កង់ទាំងនោះក៏ទៅជាមួយដែរ ហើយសិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលសណ្ឋិតពីលើ សិរីល្អរបស់ព្រះយេហូវ៉ាយាងឡើងពីកណ្ដាលទីក្រុង ទៅសណ្ឋិតលើភ្នំនៅខាងកើតទីក្រុង នោះព្រះវិញ្ញាណក៏លើកខ្ញុំឡើង ហើយក្នុងនិមិត្តព្រះអង្គនាំខ្ញុំទៅដល់ស្រុកខាល់ដេ ដោយនូវព្រះវិញ្ញាណនៃព្រះ គឺទៅឯពួកអ្នកដែលនៅជាឈ្លើយនោះនិមិត្តដែលខ្ញុំបានឃើញក៏បាត់ពីខ្ញុំទៅ រួចខ្ញុំនិយាយប្រាប់ដល់ពួកអ្នកដែលនៅជាឈ្លើយ តាមគ្រប់ទាំងការដែលព្រះយេហូវ៉ាបានបង្ហាញខ្ញុំ។
អេសេគាល 11:17-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរប្រាប់ពួកគេទៀតថា “ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងនាំអ្នករាល់គ្នាចេញពីកណ្ដាលចំណោមជាតិសាសន៍នានាមកវិញ យើងនឹងប្រមូលអ្នករាល់គ្នាពីស្រុកទាំងឡាយ ដែលអ្នករាល់គ្នាខ្ចាត់ខ្ចាយទៅ ហើយយើងនឹងប្រគល់ទឹកដីអ៊ីស្រាអែលឲ្យអ្នករាល់គ្នា”។ ពួកគេនឹងនាំគ្នាត្រឡប់មកវិញ ហើយដកព្រះក្លែងក្លាយដ៏ចង្រៃគួរឲ្យស្អប់ខ្ពើមទាំងប៉ុន្មាន ចេញពីទឹកដីនេះ។ យើងនឹងឲ្យពួកគេមានចិត្តតែមួយ យើងនឹងដាក់វិញ្ញាណថ្មីនៅក្នុងពួកគេ យើងដកចិត្តរឹងដូចថ្មចេញពីពួកគេ ហើយឲ្យពួកគេមានចិត្តចេះស្ដាប់បង្គាប់វិញ ដើម្បីឲ្យពួកគេធ្វើតាមច្បាប់របស់យើង ហើយយកចិត្តទុកដាក់ប្រតិបត្តិតាមវិន័យរបស់យើង។ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង យើងក៏ទៅជាព្រះរបស់ពួកគេ។ រីឯអស់អ្នកដែលជាប់ចិត្តនឹងព្រះក្លែងក្លាយដ៏ចង្រៃគួរឲ្យស្អប់ខ្ពើមវិញ យើងនឹងដាក់ទោសពួកគេតាមអំពើដែលខ្លួនប្រព្រឹត្ត» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ពួកចេរូប៊ីន*ទទះស្លាបហោះ ហើយកង់ក៏ឡើងទៅជាមួយដែរ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលស្ថិតនៅពីលើចេរូប៊ីនទាំងនោះ។ សិរីរុងរឿងរបស់ព្រះអម្ចាស់ក៏អណ្ដែតឡើងពីទីក្រុង ហើយស្ថិតនៅលើភ្នំខាងកើតទីក្រុង។ ព្រះវិញ្ញាណលើកខ្ញុំឡើង ហើយនាំខ្ញុំឆ្ពោះទៅស្រុកខាល់ដេ ឲ្យនៅជាមួយប្រជាជនដែលជាប់ជាឈ្លើយ។ បន្ទាប់មក និមិត្តហេតុអស្ចារ្យដែលព្រះវិញ្ញាណរបស់ព្រះអម្ចាស់សម្តែងឲ្យខ្ញុំឃើញនោះ ក៏រលាយបាត់ទៅ។ ខ្ញុំក៏និយាយប្រាប់ប្រជាជនជាប់ជាឈ្លើយនូវអ្វីៗទាំងប៉ុន្មាន ដែលព្រះអម្ចាស់សម្តែងឲ្យខ្ញុំឃើញ។
អេសេគាល 11:17-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុនោះ ចូរប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អញនឹងប្រមូលឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនឹងប្រជុំឯងពីគ្រប់ទាំងប្រទេស ដែលឯងត្រូវខ្ចាត់ខ្ចាយទៅនោះ ឲ្យមូលគ្នាវិញ រួចអញនឹងប្រគល់ស្រុកអ៊ីស្រាអែលឲ្យដល់ឯងរាល់គ្នា នោះពួកឯងនឹងមកឯទីនេះវិញ ហើយគេនឹងដកយកអស់ទាំងរបស់គួរឆ្អើម នឹងគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើមចោលចេញ រួចអញនឹងឲ្យគេមានចិត្តតែ១ ហើយនឹងដាក់វិញ្ញាណថ្មី នៅក្នុងឯងរាល់គ្នា អញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់គេចេញ ហើយនឹងឲ្យមានចិត្តជាសាច់វិញ ដើម្បីឲ្យគេបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់អញ ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង នោះគេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់គេ តែត្រង់ឯពួកអ្នកដែលមានចិត្តប្រព្រឹត្តតាមរូបព្រះគួរឆ្អើម នឹងសេចក្ដីគួរស្អប់ខ្ពើមរបស់គេ នោះអញនឹងទំលាក់អំពើរបស់គេទៅលើក្បាលគេវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ នោះពួកចេរូប៊ីនក៏កាងស្លាបហោះទៅ កង់ទាំងនោះក៏ទៅជាមួយដែរ ហើយសិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលសណ្ឋិតពីលើ សិរីល្អរបស់ព្រះយេហូវ៉ាយាងឡើងពីកណ្តាលទីក្រុង ទៅសណ្ឋិតលើភ្នំនៅខាងកើតទីក្រុង នោះព្រះវិញ្ញាណក៏លើកខ្ញុំឡើង ហើយក្នុងការជាក់ស្តែងទ្រង់នាំខ្ញុំទៅដល់ស្រុកខាល់ដេ ដោយនូវព្រះវិញ្ញាណនៃព្រះ គឺទៅឯពួកអ្នកដែលនៅជាឈ្លើយ នោះការជាក់ស្តែងដែលខ្ញុំបានឃើញក៏បាត់ពីខ្ញុំទៅ រួចខ្ញុំនិយាយប្រាប់ដល់ពួកអ្នកដែលនៅជាឈ្លើយ តាមគ្រប់ទាំងការដែលព្រះយេហូវ៉ាបានបង្ហាញខ្ញុំ។