អេ‌សេ‌គាល 11:17-25

អេ‌សេ‌គាល 11:17-25 គកស១៦

ហេតុ​នោះ ចូរ​ប្រាប់​ថា "ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រជុំ​អ្នក​ពី​គ្រប់​ទាំង​ប្រទេស ដែល​អ្នក​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​នោះ ឲ្យ​មូល​គ្នា​វិញ រួច​យើង​នឹង​ប្រគល់​ស្រុក​អ៊ីស្រា‌អែល​ឲ្យ​ដល់​អ្នក​រាល់​គ្នា"។ ពួក​អ្នក​នឹង​មក​ទី​នេះ​វិញ ហើយ​គេ​នឹង​ដក​យក​អស់​ទាំង​របស់​គួរ​ឆ្អើម និង​គ្រប់​ទាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម​ចេញ។ យើង​នឹង​ឲ្យ​គេ​មាន​ចិត្ត​តែ​មួយ ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​មួយ​ក្នុង​គេ យើង​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ពី​រូប​សាច់​គេ​ចេញ ហើយ​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌ក្រម​របស់​យើង ហើយ​រក្សា​បញ្ញត្តិ​ច្បាប់​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង នោះ​គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។ រីឯ​អស់​អ្នក​ដែល​មាន​ចិត្ត​ប្រព្រឹត្ត​តាម​រូប​ព្រះ​គួរ​ឆ្អើម និង​សេចក្ដី​គួរ​ស្អប់​ខ្ពើម​របស់​គេ យើង​នឹង​ទម្លាក់​អំពើ​របស់​គេ​ទៅ​លើ​ក្បាល​គេ​វិញ» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។ ពួក​ចេរូ‌ប៊ីន​ក៏​កាង​ស្លាប​ហោះ​ទៅ កង់​ទាំង​នោះ​ក៏​ទៅ​ជា‌មួយ​ដែរ ហើយ​សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​សណ្ឋិត​ពី​លើ សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​យាង​ឡើង​ពី​កណ្ដាល​ទី​ក្រុង ទៅ​សណ្ឋិត​លើ​ភ្នំ​នៅ​ខាង​កើត​ទី​ក្រុង នោះ​ព្រះ‌វិញ្ញាណ​ក៏​លើក​ខ្ញុំ​ឡើង ហើយ​ក្នុង​និមិត្ត​ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ដល់​ស្រុក​ខាល់ដេ ដោយ​នូវ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ គឺ​ទៅ​ឯ​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ​នោះ​និមិត្ត​ដែល​ខ្ញុំ​បាន​ឃើញ​ក៏​បាត់​ពី​ខ្ញុំ​ទៅ រួច​ខ្ញុំ​និយាយ​ប្រាប់​ដល់​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ តាម​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្ហាញ​ខ្ញុំ។

អាន អេ‌សេ‌គាល 11