អេសេគាល 1:4-9

អេសេគាល 1:4-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ខ្យល់​ព្យុះ​ចេញ​ពី​ទិស​ខាង​ជើង មាន​ដុំ​ពពក​យ៉ាង​ធំ និងមាន​ពន្លឺ​ភ្លឺ​នៅ​ជុំ‌វិញ ហើយ​នៅ​កណ្ដាល​ពពក​នោះ មាន​ចេញ​ពន្លឺ​ពណ៌​លង្ហិន ហើយ​នៅ​កណ្ដាល​នោះ ក៏​មាន​ភាព​ដូច​ជា​សត្វ​មាន​ជីវិត​បួន​រូប ដែល​មើល​ទៅ​បែប​យ៉ាង​នេះ គឺ​គ្រប់​គ្នា​មាន​ភាព​ដូច​ជា​មនុស្ស គ្រប់​គ្នា​មាន​មុខ​បួន ហើយ​មាន​ស្លាបបួន។ ជើង​សត្វ​ទាំង​នោះ​ត្រង់ៗ ប្រអប់​ជើង​ដូច​ជា​កូន​គោ ហើយ​ភ្លឺ​ចាំង​ដូច​ជា​លង្ហិន​ខាត់​យ៉ាង​រលោង នៅ​ក្រោម​ស្លាប​ទាំង​បួន មាន​ដៃ​ដូច​មនុស្ស​ទាំង​បួន​ខាង ដូច​មុខ និង​ស្លាបដែរ។ ស្លាប​ទាំង​នោះ​ជាប់​តៗ​គ្នា គ្រប់​គ្នា​ហោះ​ត្រង់​ទៅ​ខាង​មុខ ឥត​ងាក​ក្រោយ​ឡើយ

ចែក​រំលែក
អាន អេសេគាល 1

អេសេគាល 1:4-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​ពី​ទិស​ខាង​ជើង មាន​ដុំ​ពពក​មួយ​យ៉ាង​ធំ និង​មាន​ផ្លេក​បន្ទោរ​ចេញ​ពី​ពពក​នោះ ទាំង​មាន​ពន្លឺ​ព័ទ្ធ​ជុំ‌វិញ ហើយ​នៅ​ចំ​កណ្ដាល​មាន​ដុំ​ភ្លើង​មួយ​បញ្ចេញ​រស្មី​យ៉ាង​ត្រចះ‌ត្រចង់។ នៅ​ខាង​ក្នុង​ពពក​នោះ មាន​សត្វ​លោក​បួន ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស។ សត្វ​នីមួយៗ​មាន​មុខ​បួន និង​ស្លាប​បួន។ ជើង​របស់​សត្វ​ទាំង​នោះ​ត្រង់ រីឯ​ប្រអប់​ជើង​មាន​រាង​ដូច​ក្រចក​ជើង​កូន​គោ ហើយ​ចាំង​ពន្លឺ​ដូច​លង្ហិន​ដ៏​រលោង។ នៅ​ក្រោម​ស្លាប​ទាំង​បួន មាន​ដៃ​ដូច​ដៃ​មនុស្ស លាត​សន្ធឹង​ទៅ​រក​ទិស​ទាំង​បួន ដូច​មុខ និង​ស្លាប​ដែរ។ ស្លាប​របស់​សត្វ​ទាំង​នោះ​ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក។ សត្វ​ទាំង​បួន​ហើរ​តម្រង់​ទៅ​មុខ​ជានិច្ច ឥត​ងាក​រេ​ឡើយ។

ចែក​រំលែក
អាន អេសេគាល 1

អេសេគាល 1:4-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ក៏​ក្រឡេក​ទៅ ឃើញ​មាន​ខ្យល់​ព្យុះ​ចេញ​ពី​ទិស​ខាង​ជើង​មក មាន​ពពក​យ៉ាង​ធំ នឹង​ភ្លើង​ចំរុះ​គ្នា ហើយ​មាន​រស្មី​ភ្លឺ​នៅ​ជុំវិញ ឯ​ពី​កណ្តាល​ពពក​នោះ មាន​ចេញ​ជា​ពណ៌​លង្ហិន​ស្រងៅ គឺ​ចេញ​ពី​កណ្តាល​ភ្លើង​នោះ ហើយ​ពី​កណ្តាល​នោះ ក៏​មាន​ចេញ​ភាព​ដូច​ជា​តួ​មាន​ជីវិត​៤​រូប ដែល​មើល​ទៅ​បែប​យ៉ាង​នេះ គឺ​គ្រប់​គ្នា​មាន​ភាព​ដូច​ជា​មនុស្ស គ្រប់​គ្នា​មាន​មុខ​៤ ហើយ​គ្រប់​គ្នា​មាន​ស្លាប​៤ ឯ​ជើង​រាល់​តួ​នោះ សុទ្ធ​តែ​ត្រង់ បាត​ជើង​ក៏​ដូច​ជា​បាត​ជើង​នៃ​កូន​គោ ហើយ​ភ្លឺ​ព្រោង‌ព្រាត ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ តួ​ទាំង​នោះ​មាន​ដៃ​នៃ​មនុស្ស នៅ​ក្រោម​ស្លាប​គ្រប់​ទាំង​៤​មុខ ឯ​មុខនឹង​ស្លាប​ទាំង​ប៉ុន្មាន​របស់​តួ​ទាំង​នោះ​គឺ​យ៉ាង​ដូច្នេះ ស្លាប​ទាំង​នោះ​ជាប់​តៗ​គ្នា គ្រប់​គ្នា​ហោះ​ត្រង់​ទៅ​ខាង​មុខ ឥត​ងាក​បែរ​ឡើយ

ចែក​រំលែក
អាន អេសេគាល 1