និក្ខមនំ 3:9-22

និក្ខមនំ 3:9-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មើល៍ ឥឡូវ​នេះ សម្រែក​របស់​កូន​ចៅ​អ៊ីស្រា‌អែល​បាន​លាន់​ឮ​ដល់​យើង ហើយ​យើង​ក៏​បាន​ឃើញ​ទុក្ខ​លំបាក​ដែល​សាសន៍​អេស៊ីព្ទ​សង្កត់‌សង្កិន​គេ​ដែរ។ ដូច្នេះ ឥឡូវ​នេះ យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ជួប​ផារ៉ោន ដើម្បី​ឲ្យ​អ្នក​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​កូន​ចៅ​អ៊ីស្រា‌អែល ចេញ​ពី​ស្រុក​អេស៊ីព្ទ»។ លោក​ម៉ូសេ​ទូល​ព្រះ​ថា៖ «តើ​ទូល‌បង្គំ​ជា​អ្វី​ដែល​ត្រូវ​ទៅ​ជួប​ផារ៉ោន ហើយ​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ដូច្នេះ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​នៅ​ជា‌មួយ​អ្នក កាល​ណា​អ្នក​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ អ្នក​រាល់​គ្នា​នឹង​មក​ថ្វាយ​បង្គំ​ព្រះ​នៅ​លើ​ភ្នំ​នេះ ហើយ​នេះ​ជា​ទី​សម្គាល់​ថា យើង​បាន​ចាត់​អ្នក​ឲ្យ​ទៅ​មែន»។ ប៉ុន្ដែ លោក​ម៉ូសេ​ទូល​ទៅ​ព្រះ​ថា៖ «ប្រសិន‌បើ​ទូល‌បង្គំ​ទៅ​ជួបពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ប្រាប់​ថា "ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា" ហើយ​គេ​សួរ​ទូល‌បង្គំ​ថា "តើ​ព្រះ​អង្គ​មាន​ព្រះ‌នាម​អ្វី?" តើ​ទូល‌បង្គំ​ត្រូវ​ប្រាប់​គេ​ដូច​ម្តេច?» ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ជា​ព្រះ​ដ៏​ជា​ព្រះ» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «អ្នក​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា "ព្រះ​ដ៏​ជា​ព្រះ‌ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា"»។ ព្រះ‌ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា"។ នេះ​ជា​ឈ្មោះ​របស់​យើង​នៅ​អស់​កល្ប​ជា‌និច្ច ហើយ​សម្រាប់​ជា​សេចក្ដី​រំឭក​ពី​យើង ដល់​មនុស្ស​គ្រប់​ជំនាន់​ត​រៀង​ទៅ។ ចូរ​ទៅ​ប្រមូល​ពួក​ចាស់​ទុំ​អ៊ីស្រា‌អែល ហើយ​ប្រាប់​គេ​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប បាន​លេច​មកឲ្យ​ខ្ញុំ​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​តាម​មើល​អ្នក​រាល់​គ្នា​ជាប់ ក៏​បាន​ឃើញ​ហេតុ‌ការណ៍​ដែល​គេ​ប្រព្រឹត្ត​ដល់​អ្នក​រាល់​គ្នា​នៅ​ស្រុក​អេស៊ីព្ទ​ដែរ។ យើង​សម្រេច​ថា យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីព្ទ ទៅ​កាន់​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស​វិញ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ"។ គេ​នឹង​ស្តាប់​តាម​អ្នក ហើយ​អ្នក និង​ពួក​ចាស់​ទុំ​អ៊ីស្រា‌អែល ត្រូវ​ចូល​ទៅ​ជួប​ស្តេច​ស្រុក​អេស៊ីព្ទ ទូល​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​ហេព្រើរ បាន​យាង​មក​ជួប​យើង​ខ្ញុំ ឥឡូវ​នេះ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​ទី​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ"។ ប៉ុន្តែ យើង​ដឹង​ថា ស្ដេច​ស្រុក​អេស៊ីព្ទ​នឹង​មិន​បើក​ឲ្យ​អ្នក​រាល់​គ្នា​មក​ទេ ទាល់​តែ​យើង​ប្រើ​ដៃ​ដ៏​ខ្លាំង​ពូកែ​ទើប​ព្រម។ យើង​នឹង​លើក​ដៃ​វាយ​ស្រុក​អេស៊ីព្ទ ដោយ​គ្រប់​ទាំង​ការ​អស្ចារ្យ ដែល​យើង​នឹង​ធ្វើ​នៅ​កណ្ដាល​ស្រុក​នោះ ក្រោយ​នោះ​មក ទើប​ស្តេច​ព្រម​បើក​ឲ្យ​អ្នក​រាល់​គ្នា​ចេញ។ យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​នេះ​បាន​ប្រកប​ដោយ​គុណ​នៃ​សាសន៍​អេស៊ីព្ទ ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ចេញ​មក នោះ​អ្នក​រាល់​គ្នា​នឹង​មិន​ចេញ​មក​ដោយ​ដៃ​ទទេ​ឡើយ គឺ​ស្ត្រី​ម្នាក់​ៗ​នឹង​សុំ​គ្រឿង​មាស គ្រឿង​ប្រាក់ និង​សម្លៀក‌បំពាក់​ពី​អ្នក​ជិត​ខាង ហើយ​ពី​ស្ត្រី​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ជា‌មួយ​គ្នា យក​មក​ឲ្យ​កូន​ប្រុស កូន​ស្រី​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​បង្ហិន​សាសន៍​អេស៊ីព្ទ​បែប​ដូច្នេះ​ឯង»។

ចែក​រំលែក
អាន និក្ខមនំ 3

និក្ខមនំ 3:9-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឥឡូវ​នេះ សម្រែក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​លាន់​ឮ​ដល់​យើង ហើយ​យើង​ក៏​ឃើញ​ជន‌ជាតិ​អេស៊ីប​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ​ដែរ។ ឥឡូវ​នេះ យើង​ចាត់​អ្នក​ឲ្យ​ទៅ​ជួប​ស្ដេច​ផារ៉ោន។ ចូរ​ទៅ​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីប»។ លោក​ម៉ូសេ​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «តើ​ទូលបង្គំ​មាន​ឋានៈ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​ទៅ​ជួប​ព្រះចៅ​ផារ៉ោន និង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប​ដូច្នេះ?»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នៅ​ជា​មួយ​អ្នក​ហើយ! កាល​ណា​អ្នក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ផុត​ពី​ស្រុក​អេស៊ីប អ្នក​រាល់​គ្នា​ត្រូវ​មក​គោរព​បម្រើ​យើង​នៅ​លើ​ភ្នំ​នេះ ដែល​ជា​ទី​សម្គាល់​ថា យើង​បាន​ចាត់​អ្នក​ឲ្យ​ទៅ​មែន»។ លោក​ម៉ូសេ​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «បពិត្រ​ព្រះ‌ជាម្ចាស់! ទូលបង្គំ​នឹង​ទៅ​ជួប​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ប្រាប់​ពួក​គេ​ថា: ព្រះ​របស់​បុព្វបុរស​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា។ ប្រសិន​បើ​ពួក​គេ​សួរ​ថា ព្រះអង្គ​ព្រះ‌នាម​អ្វី​នោះ តើ​ទូលបង្គំ​ប្រាប់​ពួក​គេ​ដូច​ម្ដេច?»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ។ អ្នក​ត្រូវ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា “ព្រះ‌អម្ចាស់​ដែល​មាន​ជីវិត​គង់​នៅ” ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ​នេះ: “ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​បុព្វបុរស​អ្នក​រាល់​គ្នា គឺ​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា”។ នេះ​ជា​នាម​របស់​យើង ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច សម្រាប់​ឲ្យ​មនុស្ស​លោក​នឹក​ដល់​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ចូរ​ទៅ​ប្រមូល​ចាស់​ទុំ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រាប់​ថា “ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា គឺ​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ព្រះអង្គ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: យើង​បាន​ឃើញ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា​នៅ​ស្រុក​អេស៊ីប។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​រង​ទុក្ខ ឆ្ពោះ​ទៅ​កាន់​ស្រុក​របស់​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស ជា​ស្រុក​ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរ‌ហៀរ​ហើយ”។ ពួក​គេ​នឹង​ស្ដាប់​ពាក្យ​របស់​អ្នក រួច​អ្នក​នឹង​ចូល​ទៅ​ជួប​ស្ដេច​ស្រុក​អេស៊ីប​ជា​មួយ​ចាស់​ទុំ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ទូល​ថា “ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​ហេប្រឺ បាន​យាង​មក​ជួប​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​វាល​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ”។ យើង​ដឹង​ថា ស្ដេច​ស្រុក​អេស៊ីប​មិន​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​មក​ទេ ទាល់​តែ​យើង​ប្រើ​បារមី​ដ៏​ខ្លាំង​ពូកែ​បង្ខំ ទើប​ស្ដេច​យល់​ព្រម។ យើង​នឹង​សម្តែង​បារមី​ប្រហារ​ស្រុក​អេស៊ីប ដោយ​ធ្វើ​ការ​អស្ចារ្យ​គ្រប់​យ៉ាង នៅ​ក្នុង​ចំណោម​ពួក​គេ។ បន្ទាប់​មក ទើប​ស្ដេច​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ។ យើង​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​អនុ‌គ្រោះ​ដល់​ប្រជា‌ជន​របស់​អ្នក ហើយ​ពេល​អ្នក​រាល់​គ្នា​ចេញ​មក​នោះ មិន​មែន​ចេញ​មក​ដោយ​ដៃ​ទទេ​ឡើយ។ ស្ត្រី​អ៊ីស្រា‌អែល​ម្នាក់ៗ​នឹង​សុំ​របស់​របរ​ពី​ស្ត្រី​ជាតិ​អេស៊ីប ដែល​នៅ​ជិត​ខាង ឬ​រស់​នៅ​ជា​មួយ​គ្នា គឺ​មាន​មាស​ប្រាក់ ព្រម​ទាំង​សម្លៀក‌បំពាក់​ដែល​អ្នក​រាល់​គ្នា​យក​មក​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន។ អ្នក​រាល់​គ្នា​នឹង​រឹប​អូស​អ្វីៗ​ទាំង​អស់​ពី​ជន‌ជាតិ​អេស៊ីប»។

ចែក​រំលែក
អាន និក្ខមនំ 3

និក្ខមនំ 3:9-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ​មើល ឥឡូវ​នេះ ពាក្យ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​គេ​អំពាវ‌នាវ​ដល់​អញ នោះ​បាន​ឮ​ហើយ ១​ទៀត​អញ​បាន​ឃើញ​ការ​លំបាក ដែល​សាសន៍​អេស៊ីព្ទ​សង្កត់‌សង្កិន​ដល់​គេ​ដែរ ដូច្នេះ ចូរ​មក​ឥឡូវ អញ​នឹង​ចាត់​ឯង​ឲ្យ​ទៅ​ផារ៉ោន ដើម្បី​ឲ្យ​ឯង​បាន​នាំ​រាស្ត្រ​អញ គឺ​ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។ នោះ​ម៉ូសេ​ទូល​ទៅ​ព្រះ​ថា តើ​ទូលបង្គំ​ជា​អ្វី ដែល​ព្រះ‌អង្គ​ឲ្យ​ទូលបង្គំ​ទៅ​ឯ​ផារ៉ោន ហើយ​ឲ្យ​ទូលបង្គំ​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ ទ្រង់​មាន​បន្ទូល​តប​ថា អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង​ជា​ប្រាកដ កាល​ណា​ឯង​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ឯង​រាល់​គ្នា​នឹង​មក​ថ្វាយ‌បង្គំ​ព្រះ​នៅ​លើ​ភ្នំ​នេះ នេះ​ហើយ​នឹង​បាន​ជា​ទី​សំគាល់​ឲ្យ​ឯង​ដឹង​ថា អញ​នេះ​បាន​ចាត់​ឯង​ទៅ ម៉ូសេ​ក៏​ទូល​ទៅ​ព្រះ​ថា មើល កាល​ណា​ទូលបង្គំ​ទៅ​ប្រាប់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ព្រះ​នៃ​ឰយុកោ​អ្នក​រាល់​គ្នា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា ហើយ​គេ​សួរ​ទូលបង្គំ​ថា តើ​ព្រះ‌ទ្រង់​ព្រះ‌នាម​ជា​អ្វី នោះ​តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ប្រាប់​គេ​ថា​ដូច​ម្តេច ព្រះ​ទ្រង់​មាន​បន្ទូល​ទៅ​ម៉ូសេ​ថា «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ» រួច​ទ្រង់​មាន​បន្ទូល​ទៀត​ថា ឯង​ត្រូវ​ឆ្លើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដូច្នេះ​ថា ព្រះ​ដ៏​ជា​ព្រះ​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា ព្រះ​ទ្រង់​ក៏​មាន​បន្ទូល​នឹង​ម៉ូសេ​ទៀត​ថា ចូរ​និយាយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា នោះ​ជា​ឈ្មោះ​អញ​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​ក៏​សំរាប់​ជា​សេចក្ដី​រំឭក​ពី​អញ ដល់​គ្រប់​ទាំង​ដំណ​រៀង‌រាប​ត​ទៅ ទៅ​ចុះ ចូរ​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ​ជាតិ​អ៊ីស្រាអែល ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឰយុកោ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ អ៊ីសាក នឹង​យ៉ាកុប ទ្រង់​បាន​លេច​មក​មាន​បន្ទូល​នឹង​ខ្ញុំ​ថា អញ​បាន​មក​ប្រោស​ឯង​រាល់​គ្នា​ជា​ប្រាកដ​ហើយ ក៏​បាន​ឃើញ​ការ​ដែល​គេ​ធ្វើ​ដល់​ឯង​រាល់​គ្នា​នៅ​ស្រុក​អេស៊ីព្ទ​ដែរ ហើយ​អញ​បាន​សំរេច​ថា អញ​នឹង​នាំ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​សេចក្ដី​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីព្ទ ទៅ​ក្នុង​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស​វិញ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ គេ​នឹង​ស្តាប់​តាម​ឯង ហើយ​ឯង នឹង​ពួក​ចាស់‌ទុំ​ជាតិ​អ៊ីស្រាអែល ត្រូវ​ចូល​ទៅ​គាល់​ស្តេច​ស្រុក​អេស៊ីព្ទ​ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ ទ្រង់​បាន​មក​ជួប​នឹង​យើង​ខ្ញុំ​រាល់​គ្នា​ហើយ ដូច្នេះ សូម​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​ទៅ​ក្នុង​ទី​រហោ‌ស្ថាន​ចំងាយ​ផ្លូវ​ដើរ​អស់​៣​ថ្ងៃ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា តែ​អញ​ដឹង​ថា ស្ដេច​ស្រុក​អេស៊ីព្ទ​នឹង​មិន​ព្រម​អនុញ្ញាត​ឲ្យ​ឯង​រាល់​គ្នា​ទៅ​ទេ លើក​តែ​ដោយ​ដៃ​ខ្លាំង​ពូកែ​ប៉ុណ្ណោះ អញ​នឹង​លើក​ដៃ​វាយ​ស្រុក​អេស៊ីព្ទ ដោយ​អស់​ទាំង​ការ​អស្ចារ្យ ដែល​អញ​នឹង​ធ្វើ​នៅ​កណ្តាល​ស្រុក​នោះ ក្រោយ​នោះ​មក ស្តេច​នឹង​បើក​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ទៅ អញ​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​បាន​ប្រកប​ដោយ​គុណ​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​កាល​ណា​ចេញ​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​មិន​ទៅ​ដោយ​ដៃ​ទទេ​ឡើយ គឺ​គ្រប់​ទាំង​ស្រីៗ​នឹង​សូម​គ្រឿង​មាស គ្រឿង​ប្រាក់ នឹង​សំលៀក‌បំពាក់​ពី​អ្នក​ជិត​ខាង ហើយ​ពី​អ្នក​ដែល​អាស្រ័យ​នៅ​ផ្ទះ​ជា​មួយ​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​បំពាក់​ឲ្យ​កូន​ប្រុស​កូន​ស្រី​ឯង​វិញ ដូច្នេះ ឯង​រាល់​គ្នា​នឹង​បង្ហិន​ពួក​សាសន៍​អេស៊ីព្ទ​ទៅ។

ចែក​រំលែក
អាន និក្ខមនំ 3