និក្ខមនំ 3

3
លោក​ម៉ូសេ​នៅ​ឯ​គុម្ព​បន្លា​ដែល​ឆេះ
1កាល​លោក​ម៉ូសេ​កំពុង​តែ​ឃ្វាល​ហ្វូង​សត្វ​របស់​លោក​យេត្រូ ជា​ឪពុក​ក្មេក ដែល​ជា​សង្ឃ​នៅ​ស្រុក​ម៉ាឌាន លោក​នាំ​ហ្វូង​សត្វ​ទៅ​ខាង​នាយ​ទី​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ហូរែប ជា​ភ្នំ​របស់​ព្រះ។ 2នៅ​ទី​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​លេច​មក​ឲ្យ​លោក​ឃើញ​ក្នុង​អណ្ដាត​ភ្លើង ចេញ​ពី​កណ្ដាល​គុម្ព​បន្លា លោក​មើល​ទៅ ឃើញ​ភ្លើង​ឆេះ​គុម្ព​បន្លា តែ​គុម្ព​បន្លា​មិន​បាន​សុស​ទេ។ 3លោក​ម៉ូសេ​គិត​ថា៖ «ខ្ញុំ​នឹង​ឆៀង​ទៅ​មើល​ហេតុ‌ការណ៍​ដ៏​អស្ចារ្យ​នេះ ហេតុ​អ្វី​បាន​ជា​គុម្ព​បន្លា​នេះ​ឆេះ​មិន​សុស​ដូច្នេះ?» 4កាល​ព្រះ‌យេហូវ៉ា​ឃើញ​លោក​ឆៀង​មក​មើល​ដូច្នេះ ព្រះ​ក៏​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ពី​ក្នុង​គុម្ព​បន្លា​ថា៖ «ម៉ូសេ ម៉ូសេ​អើយ!» លោក​ទូល​ឆ្លើយ​ថា៖ «ព្រះ​ករុណា​ថ្លៃ​វិសេស​ព្រះ‌អម្ចាស់»។ 5ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​មក​ជិត​កន្លែង​នេះ! ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ​ជា​ដី​បរិសុទ្ធ»។ 6ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «យើង​ជា​ព្រះនៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប»។ លោក​ម៉ូសេ​ក៏​ខ្ទប់​មុខ ព្រោះ​លោក​មិន​ហ៊ាន​មើល​ចំ​ទៅ​ព្រះ​ទេ។
7បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ប្រជា‌រាស្ត្រ​យើង ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ យើង​ក៏​បាន​ឮ​សម្រែក​របស់​គេ ព្រោះ​តែ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​ដែរ។ យើង​ដឹង​ពី​ទុក្ខ​វេទនា​របស់​គេ​ហើយ 8ដូច្នេះ យើង​បាន​ចុះ​មក ដើម្បី​រំដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​អេស៊ីព្ទ ហើយ​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​នោះ ទៅ​ឯ​ស្រុក​មួយ​ដ៏​ល្អ ធំ​ទូលាយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ជា​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស។ 9មើល៍ ឥឡូវ​នេះ សម្រែក​របស់​កូន​ចៅ​អ៊ីស្រា‌អែល​បាន​លាន់​ឮ​ដល់​យើង ហើយ​យើង​ក៏​បាន​ឃើញ​ទុក្ខ​លំបាក​ដែល​សាសន៍​អេស៊ីព្ទ​សង្កត់‌សង្កិន​គេ​ដែរ។ 10ដូច្នេះ ឥឡូវ​នេះ យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ជួប​ផារ៉ោន ដើម្បី​ឲ្យ​អ្នក​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​កូន​ចៅ​អ៊ីស្រា‌អែល ចេញ​ពី​ស្រុក​អេស៊ីព្ទ»។ 11លោក​ម៉ូសេ​ទូល​ព្រះ​ថា៖ «តើ​ទូល‌បង្គំ​ជា​អ្វី​ដែល​ត្រូវ​ទៅ​ជួប​ផារ៉ោន ហើយ​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ដូច្នេះ?» 12ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​នៅ​ជា‌មួយ​អ្នក កាល​ណា​អ្នក​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ អ្នក​រាល់​គ្នា​នឹង​មក​ថ្វាយ​បង្គំ​ព្រះ​នៅ​លើ​ភ្នំ​នេះ ហើយ​នេះ​ជា​ទី​សម្គាល់​ថា យើង​បាន​ចាត់​អ្នក​ឲ្យ​ទៅ​មែន»។
ព្រះ‌យេហូវ៉ា​បើក​សម្តែង​ឲ្យ​លោក​ម៉ូសេ​ស្គាល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ
13ប៉ុន្ដែ លោក​ម៉ូសេ​ទូល​ទៅ​ព្រះ​ថា៖ «ប្រសិន‌បើ​ទូល‌បង្គំ​ទៅ​ជួបពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ប្រាប់​ថា "ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា" ហើយ​គេ​សួរ​ទូល‌បង្គំ​ថា "តើ​ព្រះ​អង្គ​មាន​ព្រះ‌នាម​អ្វី?" តើ​ទូល‌បង្គំ​ត្រូវ​ប្រាប់​គេ​ដូច​ម្តេច?» 14ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ជា​ព្រះ​ដ៏​ជា​ព្រះ» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «អ្នក​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា "ព្រះ​ដ៏​ជា​ព្រះ‌ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា"»។ 15ព្រះ‌ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា"។
នេះ​ជា​ឈ្មោះ​របស់​យើង​នៅ​អស់​កល្ប​ជា‌និច្ច
ហើយ​សម្រាប់​ជា​សេចក្ដី​រំឭក​ពី​យើង
ដល់​មនុស្ស​គ្រប់​ជំនាន់​ត​រៀង​ទៅ។
16ចូរ​ទៅ​ប្រមូល​ពួក​ចាស់​ទុំ​អ៊ីស្រា‌អែល ហើយ​ប្រាប់​គេ​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប បាន​លេច​មកឲ្យ​ខ្ញុំ​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​តាម​មើល​អ្នក​រាល់​គ្នា​ជាប់ ក៏​បាន​ឃើញ​ហេតុ‌ការណ៍​ដែល​គេ​ប្រព្រឹត្ត​ដល់​អ្នក​រាល់​គ្នា​នៅ​ស្រុក​អេស៊ីព្ទ​ដែរ។ 17យើង​សម្រេច​ថា យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីព្ទ ទៅ​កាន់​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស​វិញ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ"។ 18គេ​នឹង​ស្តាប់​តាម​អ្នក ហើយ​អ្នក និង​ពួក​ចាស់​ទុំ​អ៊ីស្រា‌អែល ត្រូវ​ចូល​ទៅ​ជួប​ស្តេច​ស្រុក​អេស៊ីព្ទ ទូល​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​ហេព្រើរ បាន​យាង​មក​ជួប​យើង​ខ្ញុំ ឥឡូវ​នេះ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​ទី​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ"។ 19ប៉ុន្តែ យើង​ដឹង​ថា ស្ដេច​ស្រុក​អេស៊ីព្ទ​នឹង​មិន​បើក​ឲ្យ​អ្នក​រាល់​គ្នា​មក​ទេ ទាល់​តែ​យើង​ប្រើ​ដៃ​ដ៏​ខ្លាំង​ពូកែ​ទើប​ព្រម។ 20យើង​នឹង​លើក​ដៃ​វាយ​ស្រុក​អេស៊ីព្ទ ដោយ​គ្រប់​ទាំង​ការ​អស្ចារ្យ ដែល​យើង​នឹង​ធ្វើ​នៅ​កណ្ដាល​ស្រុក​នោះ ក្រោយ​នោះ​មក ទើប​ស្តេច​ព្រម​បើក​ឲ្យ​អ្នក​រាល់​គ្នា​ចេញ។ 21យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​នេះ​បាន​ប្រកប​ដោយ​គុណ​នៃ​សាសន៍​អេស៊ីព្ទ ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ចេញ​មក នោះ​អ្នក​រាល់​គ្នា​នឹង​មិន​ចេញ​មក​ដោយ​ដៃ​ទទេ​ឡើយ 22គឺ​ស្ត្រី​ម្នាក់​ៗ​នឹង​សុំ​គ្រឿង​មាស គ្រឿង​ប្រាក់ និង​សម្លៀក‌បំពាក់​ពី​អ្នក​ជិត​ខាង ហើយ​ពី​ស្ត្រី​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ជា‌មួយ​គ្នា យក​មក​ឲ្យ​កូន​ប្រុស កូន​ស្រី​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​បង្ហិន​សាសន៍​អេស៊ីព្ទ​បែប​ដូច្នេះ​ឯង»។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ