និក្ខមនំ 3:11-15

និក្ខមនំ 3:11-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ម៉ូសេ​ទូល​ព្រះ​ថា៖ «តើ​ទូល‌បង្គំ​ជា​អ្វី​ដែល​ត្រូវ​ទៅ​ជួប​ផារ៉ោន ហើយ​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ដូច្នេះ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​នៅ​ជា‌មួយ​អ្នក កាល​ណា​អ្នក​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ អ្នក​រាល់​គ្នា​នឹង​មក​ថ្វាយ​បង្គំ​ព្រះ​នៅ​លើ​ភ្នំ​នេះ ហើយ​នេះ​ជា​ទី​សម្គាល់​ថា យើង​បាន​ចាត់​អ្នក​ឲ្យ​ទៅ​មែន»។ ប៉ុន្ដែ លោក​ម៉ូសេ​ទូល​ទៅ​ព្រះ​ថា៖ «ប្រសិន‌បើ​ទូល‌បង្គំ​ទៅ​ជួបពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ប្រាប់​ថា "ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា" ហើយ​គេ​សួរ​ទូល‌បង្គំ​ថា "តើ​ព្រះ​អង្គ​មាន​ព្រះ‌នាម​អ្វី?" តើ​ទូល‌បង្គំ​ត្រូវ​ប្រាប់​គេ​ដូច​ម្តេច?» ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ជា​ព្រះ​ដ៏​ជា​ព្រះ» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «អ្នក​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា "ព្រះ​ដ៏​ជា​ព្រះ‌ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា"»។ ព្រះ‌ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា"។ នេះ​ជា​ឈ្មោះ​របស់​យើង​នៅ​អស់​កល្ប​ជា‌និច្ច ហើយ​សម្រាប់​ជា​សេចក្ដី​រំឭក​ពី​យើង ដល់​មនុស្ស​គ្រប់​ជំនាន់​ត​រៀង​ទៅ។

ចែក​រំលែក
អាន និក្ខមនំ 3

និក្ខមនំ 3:11-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «តើ​ទូលបង្គំ​មាន​ឋានៈ​អ្វី​បាន​ជា​ទូលបង្គំ​ត្រូវ​ទៅ​ជួប​ព្រះចៅ​ផារ៉ោន និង​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប​ដូច្នេះ?»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នៅ​ជា​មួយ​អ្នក​ហើយ! កាល​ណា​អ្នក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ផុត​ពី​ស្រុក​អេស៊ីប អ្នក​រាល់​គ្នា​ត្រូវ​មក​គោរព​បម្រើ​យើង​នៅ​លើ​ភ្នំ​នេះ ដែល​ជា​ទី​សម្គាល់​ថា យើង​បាន​ចាត់​អ្នក​ឲ្យ​ទៅ​មែន»។ លោក​ម៉ូសេ​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «បពិត្រ​ព្រះ‌ជាម្ចាស់! ទូលបង្គំ​នឹង​ទៅ​ជួប​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ប្រាប់​ពួក​គេ​ថា: ព្រះ​របស់​បុព្វបុរស​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា។ ប្រសិន​បើ​ពួក​គេ​សួរ​ថា ព្រះអង្គ​ព្រះ‌នាម​អ្វី​នោះ តើ​ទូលបង្គំ​ប្រាប់​ពួក​គេ​ដូច​ម្ដេច?»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ។ អ្នក​ត្រូវ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា “ព្រះ‌អម្ចាស់​ដែល​មាន​ជីវិត​គង់​នៅ” ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ​នេះ: “ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​បុព្វបុរស​អ្នក​រាល់​គ្នា គឺ​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា”។ នេះ​ជា​នាម​របស់​យើង ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច សម្រាប់​ឲ្យ​មនុស្ស​លោក​នឹក​ដល់​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

ចែក​រំលែក
អាន និក្ខមនំ 3

និក្ខមនំ 3:11-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ម៉ូសេ​ទូល​ទៅ​ព្រះ​ថា តើ​ទូលបង្គំ​ជា​អ្វី ដែល​ព្រះ‌អង្គ​ឲ្យ​ទូលបង្គំ​ទៅ​ឯ​ផារ៉ោន ហើយ​ឲ្យ​ទូលបង្គំ​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ ទ្រង់​មាន​បន្ទូល​តប​ថា អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង​ជា​ប្រាកដ កាល​ណា​ឯង​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ឯង​រាល់​គ្នា​នឹង​មក​ថ្វាយ‌បង្គំ​ព្រះ​នៅ​លើ​ភ្នំ​នេះ នេះ​ហើយ​នឹង​បាន​ជា​ទី​សំគាល់​ឲ្យ​ឯង​ដឹង​ថា អញ​នេះ​បាន​ចាត់​ឯង​ទៅ ម៉ូសេ​ក៏​ទូល​ទៅ​ព្រះ​ថា មើល កាល​ណា​ទូលបង្គំ​ទៅ​ប្រាប់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ព្រះ​នៃ​ឰយុកោ​អ្នក​រាល់​គ្នា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា ហើយ​គេ​សួរ​ទូលបង្គំ​ថា តើ​ព្រះ‌ទ្រង់​ព្រះ‌នាម​ជា​អ្វី នោះ​តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ប្រាប់​គេ​ថា​ដូច​ម្តេច ព្រះ​ទ្រង់​មាន​បន្ទូល​ទៅ​ម៉ូសេ​ថា «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ» រួច​ទ្រង់​មាន​បន្ទូល​ទៀត​ថា ឯង​ត្រូវ​ឆ្លើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដូច្នេះ​ថា ព្រះ​ដ៏​ជា​ព្រះ​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា ព្រះ​ទ្រង់​ក៏​មាន​បន្ទូល​នឹង​ម៉ូសេ​ទៀត​ថា ចូរ​និយាយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា នោះ​ជា​ឈ្មោះ​អញ​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​ក៏​សំរាប់​ជា​សេចក្ដី​រំឭក​ពី​អញ ដល់​គ្រប់​ទាំង​ដំណ​រៀង‌រាប​ត​ទៅ

ចែក​រំលែក
អាន និក្ខមនំ 3

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ