និក្ខមនំ 3:1-14
និក្ខមនំ 3:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលលោកម៉ូសេកំពុងតែឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេក ដែលជាសង្ឃនៅស្រុកម៉ាឌាន លោកនាំហ្វូងសត្វទៅខាងនាយទីរហោស្ថាន រហូតដល់ភ្នំហូរែប ជាភ្នំរបស់ព្រះ។ នៅទីនោះ ទេវតារបស់ព្រះយេហូវ៉ាលេចមកឲ្យលោកឃើញក្នុងអណ្ដាតភ្លើង ចេញពីកណ្ដាលគុម្ពបន្លា លោកមើលទៅ ឃើញភ្លើងឆេះគុម្ពបន្លា តែគុម្ពបន្លាមិនបានសុសទេ។ លោកម៉ូសេគិតថា៖ «ខ្ញុំនឹងឆៀងទៅមើលហេតុការណ៍ដ៏អស្ចារ្យនេះ ហេតុអ្វីបានជាគុម្ពបន្លានេះឆេះមិនសុសដូច្នេះ?» កាលព្រះយេហូវ៉ាឃើញលោកឆៀងមកមើលដូច្នេះ ព្រះក៏មានព្រះបន្ទូលហៅលោកពីក្នុងគុម្ពបន្លាថា៖ «ម៉ូសេ ម៉ូសេអើយ!» លោកទូលឆ្លើយថា៖ «ព្រះករុណាថ្លៃវិសេសព្រះអម្ចាស់»។ ពេលនោះ ព្រះអង្គមានព្រះបន្ទូលថា៖ «កុំមកជិតកន្លែងនេះ! ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាដីបរិសុទ្ធ»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «យើងជាព្រះនៃបុព្វបុរសរបស់អ្នក គឺជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប»។ លោកម៉ូសេក៏ខ្ទប់មុខ ព្រោះលោកមិនហ៊ានមើលចំទៅព្រះទេ។ បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានឃើញទុក្ខវេទនារបស់ប្រជារាស្ត្រយើង ដែលនៅស្រុកអេស៊ីព្ទហើយ យើងក៏បានឮសម្រែករបស់គេ ព្រោះតែពួកអ្នកដែលសង្កត់សង្កិនដែរ។ យើងដឹងពីទុក្ខវេទនារបស់គេហើយ ដូច្នេះ យើងបានចុះមក ដើម្បីរំដោះគេឲ្យរួចចេញពីកណ្ដាប់ដៃរបស់ពួកសាសន៍អេស៊ីព្ទ ហើយនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកមួយដ៏ល្អ ធំទូលាយ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ជាស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស។ មើល៍ ឥឡូវនេះ សម្រែករបស់កូនចៅអ៊ីស្រាអែលបានលាន់ឮដល់យើង ហើយយើងក៏បានឃើញទុក្ខលំបាកដែលសាសន៍អេស៊ីព្ទសង្កត់សង្កិនគេដែរ។ ដូច្នេះ ឥឡូវនេះ យើងនឹងចាត់អ្នកឲ្យទៅជួបផារ៉ោន ដើម្បីឲ្យអ្នកបាននាំប្រជារាស្ត្ររបស់យើង គឺកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទ»។ លោកម៉ូសេទូលព្រះថា៖ «តើទូលបង្គំជាអ្វីដែលត្រូវទៅជួបផារ៉ោន ហើយនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទដូច្នេះ?» ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងនៅជាមួយអ្នក កាលណាអ្នកបាននាំគេចេញពីស្រុកអេស៊ីព្ទ អ្នករាល់គ្នានឹងមកថ្វាយបង្គំព្រះនៅលើភ្នំនេះ ហើយនេះជាទីសម្គាល់ថា យើងបានចាត់អ្នកឲ្យទៅមែន»។ ប៉ុន្ដែ លោកម៉ូសេទូលទៅព្រះថា៖ «ប្រសិនបើទូលបង្គំទៅជួបពួកកូនចៅអ៊ីស្រាអែល ហើយប្រាប់ថា "ព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា" ហើយគេសួរទូលបង្គំថា "តើព្រះអង្គមានព្រះនាមអ្វី?" តើទូលបង្គំត្រូវប្រាប់គេដូចម្តេច?» ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងជាព្រះដ៏ជាព្រះ» ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា "ព្រះដ៏ជាព្រះទ្រង់បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា"»។
និក្ខមនំ 3:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេករបស់លោក និងជាបូជាចារ្យនៅស្រុកម៉ាឌាន។ លោកនាំហ្វូងសត្វទៅខាងនាយវាលរហោស្ថាន រហូតដល់ភ្នំហោរែប ជាភ្នំរបស់ព្រះជាម្ចាស់។ នៅទីនោះ ទេវតា*របស់ព្រះអម្ចាស់បង្ហាញខ្លួនក្នុងអណ្ដាតភ្លើង ដែលឆេះចេញពីកណ្ដាលគុម្ពោត ឲ្យលោកឃើញ។ លោកឃើញភ្លើងចេញពីគុម្ពោត តែគុម្ពោតមិនឆេះទេ។ លោកម៉ូសេក៏គិតថា៖ «ខ្ញុំនឹងឆៀងទៅមើលអព្ភូតហេតុនេះ ហេតុអ្វីបានជាគុម្ពោតមិនឆេះ?»។ ព្រះអម្ចាស់ឃើញលោកម៉ូសេឆៀងចូលមកជិតដូច្នេះ ព្រះអង្គហៅលោកពីក្នុងគុម្ពោតថា៖ «ម៉ូសេអើយ! ម៉ូសេ!»។ លោកម៉ូសេទូលឆ្លើយថា៖ «ក្រាបទូល!»។ ព្រះអង្គមានព្រះបញ្ជាថា៖ «កុំមកជិតកន្លែងនេះ! ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាដីដ៏វិសុទ្ធ។ យើងជាព្រះដែលឪពុកអ្នកតែងគោរពបម្រើ គឺព្រះរបស់អប្រាហាំ អ៊ីសាក និងយ៉ាកុប»។ លោកម៉ូសេខ្ទប់មុខ ព្រោះមិនហ៊ានមើលព្រះជាម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសម្រែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយ។ ដូច្នេះ យើងចុះមក ដើម្បីរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ យើងនឹងនាំពួកគេចេញពីស្រុកនោះទៅនៅស្រុកមួយមានជីជាតិល្អ ធំទូលាយ ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ គឺស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។ ឥឡូវនេះ សម្រែករបស់ជនជាតិអ៊ីស្រាអែលបានលាន់ឮដល់យើង ហើយយើងក៏ឃើញជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិនពួកគេដែរ។ ឥឡូវនេះ យើងចាត់អ្នកឲ្យទៅជួបស្ដេចផារ៉ោន។ ចូរទៅនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើងចេញពីស្រុកអេស៊ីប»។ លោកម៉ូសេទូលព្រះជាម្ចាស់ថា៖ «តើទូលបង្គំមានឋានៈអ្វីបានជាទូលបង្គំត្រូវទៅជួបព្រះចៅផារ៉ោន និងនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបដូច្នេះ?»។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងនៅជាមួយអ្នកហើយ! កាលណាអ្នកនាំជនជាតិអ៊ីស្រាអែលចេញផុតពីស្រុកអេស៊ីប អ្នករាល់គ្នាត្រូវមកគោរពបម្រើយើងនៅលើភ្នំនេះ ដែលជាទីសម្គាល់ថា យើងបានចាត់អ្នកឲ្យទៅមែន»។ លោកម៉ូសេទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះជាម្ចាស់! ទូលបង្គំនឹងទៅជួបជនជាតិអ៊ីស្រាអែល ហើយប្រាប់ពួកគេថា: ព្រះរបស់បុព្វបុរសអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា។ ប្រសិនបើពួកគេសួរថា ព្រះអង្គព្រះនាមអ្វីនោះ តើទូលបង្គំប្រាប់ពួកគេដូចម្ដេច?»។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «យើងជាព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ។ អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែលថា “ព្រះអម្ចាស់ដែលមានជីវិតគង់នៅ” ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា»។
និក្ខមនំ 3:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលម៉ូសេកំពុងតែឃ្វាលហ្វូងសត្វរបស់យេត្រូ ជាឪពុកក្មេក ដែលជាសង្ឃនៅស្រុកម៉ាឌាន នោះលោកនាំហ្វូងសត្វទៅខាងនាយទីរហោស្ថានរហូតដល់ភ្នំព្រះ គឺជាភ្នំហូរែប នៅទីនោះ មានទេវតានៃព្រះយេហូវ៉ាលេចមកឯលោកក្នុងអណ្តាតភ្លើងនៅកណ្តាលគុម្ពបន្លា លោកក៏មើលទៅឃើញភ្លើងឆេះគុម្ពបន្លា តែឥតបានសុសទេ ម៉ូសេនឹកក្នុងចិត្តថា អញនឹងងាកចេញទៅមើលការចំឡែកនេះ តើហេតុអ្វីបានជាគុម្ពបន្លានេះឆេះមិនសុសដូច្នេះ កាលព្រះយេហូវ៉ាទ្រង់ឃើញលោកងាកបែរមកមើលដូច្នេះ នោះទ្រង់ក៏មានបន្ទូលហៅពីក្នុងគុម្ពបន្លាថា ម៉ូសេៗអើយ រួចលោកទូលឆ្លើយថា ព្រះករុណាថ្លៃវិសេសព្រះអម្ចាស់ ទ្រង់ក៏បង្គាប់ថា កុំឲ្យមកជិតនេះឡើយ ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលឈរនោះជាដីបរិសុទ្ធ ទ្រង់មានបន្ទូលទៀតថា អញជាព្រះនៃឰយុកោឯង គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប នោះម៉ូសេក៏ខ្ទប់មុខ ដ្បិតមិនហ៊ានមើលចំទៅព្រះទេ។ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានឃើញសេចក្ដីវេទនារបស់រាស្ត្រអញ ដែលនៅស្រុកអេស៊ីព្ទហើយ ក៏បានឮពាក្យគេអំពាវនាវដោយព្រោះពួកអ្នកដែលសង្កត់សង្កិនដែរ ពីព្រោះអញស្គាល់សេចក្ដីទុក្ខព្រួយរបស់គេ ដូច្នេះអញបានចុះមក ដើម្បីនឹងជួយដោះគេឲ្យរួចចេញពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ អញនឹងនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកយ៉ាងល្អដ៏ធំទូលាយជាស្រុកដែលមានទឹកដោះនឹងទឹកឃ្មុំហូរហៀរវិញ ជាទីកន្លែងរបស់ផងសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូស ដូច្នេះមើល ឥឡូវនេះ ពាក្យរបស់ពួកកូនចៅអ៊ីស្រាអែលដែលគេអំពាវនាវដល់អញ នោះបានឮហើយ ១ទៀតអញបានឃើញការលំបាក ដែលសាសន៍អេស៊ីព្ទសង្កត់សង្កិនដល់គេដែរ ដូច្នេះ ចូរមកឥឡូវ អញនឹងចាត់ឯងឲ្យទៅផារ៉ោន ដើម្បីឲ្យឯងបាននាំរាស្ត្រអញ គឺជាពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមក។ នោះម៉ូសេទូលទៅព្រះថា តើទូលបង្គំជាអ្វី ដែលព្រះអង្គឲ្យទូលបង្គំទៅឯផារ៉ោន ហើយឲ្យទូលបង្គំនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមកដូច្នេះ ទ្រង់មានបន្ទូលតបថា អញនឹងនៅជាមួយនឹងឯងជាប្រាកដ កាលណាឯងបាននាំគេចេញពីស្រុកអេស៊ីព្ទមក នោះឯងរាល់គ្នានឹងមកថ្វាយបង្គំព្រះនៅលើភ្នំនេះ នេះហើយនឹងបានជាទីសំគាល់ឲ្យឯងដឹងថា អញនេះបានចាត់ឯងទៅ ម៉ូសេក៏ទូលទៅព្រះថា មើល កាលណាទូលបង្គំទៅប្រាប់ពួកកូនចៅអ៊ីស្រាអែលថា ព្រះនៃឰយុកោអ្នករាល់គ្នាទ្រង់បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា ហើយគេសួរទូលបង្គំថា តើព្រះទ្រង់ព្រះនាមជាអ្វី នោះតើត្រូវឲ្យទូលបង្គំប្រាប់គេថាដូចម្តេច ព្រះទ្រង់មានបន្ទូលទៅម៉ូសេថា «អញជាព្រះដ៏ជាព្រះ» រួចទ្រង់មានបន្ទូលទៀតថា ឯងត្រូវឆ្លើយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ព្រះដ៏ជាព្រះទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា