និក្ខមនំ 2:1-15

និក្ខមនំ 2:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​បុរស​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​លេវី រៀបការ​ជា​មួយ​ស្ត្រី​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​លេវី​ដូច​គ្នា។ ក្រោយ​មក នាង​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ ដោយ​ឃើញ​កូន​នេះ​ថ្លោស​ស្អាត នាង​ក៏​លាក់​ទុក​បាន​បី​ខែ។ ក្រោយ​មក ដោយ​មិន​អាច​លាក់​កូន​ត​ទៅ​ទៀត​បាន នាង​ក៏​យក​ជាល​មួយ​ធ្វើ​ពី​ដើម​បបុស យក​ជ័រ និង​ម្រ័ក្សណ៍​មក​លាប ហើយ​ផ្ដេក​កូន​ទៅ​ក្នុង​ជាល​នោះ រួច​យក​ទៅ​ដាក់​តាម​គុម្ព​ត្រែង​នៅ​មាត់​ទន្លេ​នីល។ បង​ស្រី​របស់​ទារក​តាម​មើល​ពី​ចម្ងាយ ដើម្បី​ឲ្យ​ដឹង​ថា​ទារក​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា។ បុត្រី​របស់​ព្រះចៅ​ផារ៉ោន​យាង​ចុះ​ទៅ​ស្រង់​ទឹក​ទន្លេ។ ភីលៀង​របស់​ព្រះ‌នាង​នាំ​គ្នា​ដើរ​លេង​តាម​មាត់​ច្រាំង។ ព្រះ‌នាង​ទត​ឃើញ​ជាល​នៅ​ក្នុង​គុម្ព​ត្រែង ក៏​ប្រើ​ភីលៀង​ឲ្យ​ទៅ​យក​មក។ ព្រះ‌នាង​បើក​គម្រប​ឡើង ឃើញ​ទារក​មួយ​កំពុង​យំ។ ព្រះ‌នាង​មាន​ព្រះ‌ហឫទ័យ​អាណិត ហើយ​មាន​សវនីយ៍​ថា៖ «ទារក​នេះ​ជា​កូន​របស់​ពួក​ហេប្រឺ!»។ បង​ស្រី​របស់​ទារក​ចូល​មក ហើយ​ទូល​បុត្រី​ព្រះចៅ​ផារ៉ោន​ថា៖ «តើ​ព្រះ‌នាង​ចង់​ឲ្យ​ខ្ញុំ​ម្ចាស់​ទៅ​រក​មេ​ដោះ ក្នុង​ចំណោម​ស្ត្រី​ជាតិ​ហេប្រឺ មក​បំបៅ​កូន​នេះ​ថ្វាយ​ព្រះ‌នាង​ឬ​ទេ?»។ បុត្រី​ព្រះចៅ​ផារ៉ោន​ឆ្លើយ​ថា៖ «ទៅ​ចុះ!»។ នាង​ក៏​រត់​ទៅ​ហៅ​ម្ដាយ​ទារក​នោះ​មក។ បុត្រី​ព្រះចៅ​ផារ៉ោន​មាន​សវនីយ៍​ទៅ​កាន់​គាត់​ថា៖ «ចូរ​យក​កូន​នេះ​ទៅ​បំបៅ​ឲ្យ​ខ្ញុំ​ផង ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ឈ្នួល​អ្នក»។ ម្ដាយ​ក៏​យក​កូន​ទៅ​បំបៅ​នៅ​ផ្ទះ។ លុះ​ដល់​កុមារ​នេះ​មាន​វ័យ​ធំ​បន្តិច ម្ដាយ​ក៏​នាំ​កូន​ទៅ​ថ្វាយ​បុត្រី​ព្រះចៅ​ផារ៉ោន​វិញ។ ព្រះ‌នាង​បាន​ចាត់​ទុក​កុមារ​នេះ​ដូច​បុត្រ​បង្កើត។ ព្រះ‌នាង​ដាក់​ឈ្មោះ​ថា «ម៉ូសេ» ដោយ​មាន​សវនីយ៍​ថា៖ «ខ្ញុំ​បាន​ស្រង់​កូន​នេះ​ចេញ​ពី​ទឹក​មក»។ នៅ​គ្រា​នោះ លោក​ម៉ូសេ​ពេញ​វ័យ​ហើយ។ លោក​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​បងប្អូន​រួម​ជាតិ​របស់​លោក ហើយ​ឃើញ​ពួក​គេ​ធ្វើ​ការ​យ៉ាង​ធ្ងន់‌ធ្ងរ។ លោក​ក៏​ឃើញ​ជន‌ជាតិ​អេស៊ីប​ម្នាក់ កំពុង​តែ​វាយ‌ដំ​ជន‌ជាតិ​ហេប្រឺ​ម្នាក់ ក្នុង​ចំណោម​បងប្អូន​រួម​ជាតិ​របស់​លោក​ដែរ។ លោក​ងាក​មើល​ឆ្វេង​ស្ដាំ ឥត​ឃើញ​មាន​នរណា ក៏​ស្ទុះ​ទៅ​សម្លាប់​ជន‌ជាតិ​អេស៊ីប​នោះ ហើយ​កប់​ចោល​ក្នុង​ខ្សាច់។ នៅ​ថ្ងៃ​បន្ទាប់ លោក​ចេញ​ទៅ​ម្ដង​ទៀត ឃើញ​ជន‌ជាតិ​ហេប្រឺ​ពីរ​នាក់​កំពុង​វាយ​តប់​គ្នា។ លោក​សួរ​អ្នក​មាន​កំហុស​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​វាយ​បងប្អូន​ឯង​ដូច្នេះ?»។ អ្នក​នោះ​ឆ្លើយ​តប​ថា៖ «នរណា​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​របស់​យើង? តើ​អ្នក​គិត​សម្លាប់​ខ្ញុំ ដូច​សម្លាប់​ជន‌ជាតិ​អេស៊ីប​ម្នាក់​នោះ​ដែរ​ឬ?»។ លោក​ម៉ូសេ​ភិត‌ភ័យ​យ៉ាង​ខ្លាំង ហើយ​នឹក​គិត​ថា៖ «រឿង​នេះ​ប្រាកដ​ជា​គេ​ដឹង​អស់​ហើយ»។ ព្រះចៅ​ផារ៉ោន​ក៏​ជ្រាប​រឿង​នេះ​ដែរ ហើយ​ស្ដេច​រក​មធ្យោ‌បាយ​សម្លាប់​លោក​ម៉ូសេ តែ​លោក​ម៉ូសេ​ដឹង​ខ្លួន​ទាន់ ក៏​រត់​គេច​ពី​ព្រះចៅ​ផារ៉ោន​ទៅ​នៅ​ស្រុក​ម៉ាឌាន ។ លោក​អង្គុយ​នៅ​ក្បែរ​អណ្ដូង​ទឹក។

ចែក​រំលែក
អាន និក្ខមនំ 2

និក្ខមនំ 2:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​បុរស​ម្នាក់​ក្នុង​ពូជ​ពង្ស​លេវី បាន​ទៅ​យក​ស្ត្រី​ម្នាក់​ក្នុង​ពូជពង្ស​លេវី​ដូច​គ្នា​ធ្វើ​ជា​ប្រពន្ធ។ នាង​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ កាល​នាង​ឃើញ​កូន​នោះ​ថ្លោស​ល្អ នាង​ក៏​លាក់​ទុក​បាន​បី​ខែ។ លុះ​មិន​អាច​លាក់​ត​ទៅ​ទៀត​បាន នាង​ក៏​យក​ជាល​មួយដែល​ធ្វើ​ពី​ដើម​បបុស រួច​យក​ជ័រ និង​ម្រ័ក្សណ៍​មក​លាប ហើយ​ដាក់​កូន​ចុះ​ក្នុង​ជាល​នោះ យក​ទៅ​បណ្ដែត​នៅ​កណ្ដាល​គុម្ព​ត្រែង​តាម​មាត់​ទន្លេ។ បង​ស្រី​របស់​កូន​នោះ​ក៏​ឈរ​មើល​ពី​ចម្ងាយ ចង់​ដឹង​ថា​នឹង​កើត​មាន​ហេតុ​យ៉ាង​ណា​ដល់​កូន​នោះ។ ពេល​នោះ បុត្រី​របស់​ផារ៉ោន​យាង​ចុះ​មក​ស្រង់​ទឹក​ក្នុង​ទន្លេ ឯ​ពួក​ភីលៀង​របស់​ព្រះ​នាង​បាន​នាំ​គ្នា​ដើរ​លេង​តាម​មាត់​ច្រាំង។ ព្រះ​នាង​ទត​ឃើញជាល​នៅ​កណ្ដាល​គុម្ព​ត្រែង ក៏ប្រើ​ភីលៀង​ឲ្យ​ទៅ​យក​ជាល​នោះ​មក។ កាល​ព្រះ​នាង​បើក​ឡើង ឃើញ​កូន​តូច ហើយ​មើល៍ ទារក​នោះ​កំពុង​យំ។ ព្រះនាង​ក៏​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត ហើយ​មាន​សវនីយ៍​ថា៖ «ទារក​នេះ​ច្បាស់​ជា​កូន​របស់​សាសន៍​ហេព្រើរ​ហើយ»។ ពេល​នោះ បង​ស្រី​របស់​ទារក​ទូល​បុត្រី​ផារ៉ោន​ថា៖ «តើ​ព្រះ‌នាង​ចង់​ឲ្យ​ខ្ញុំ​ម្ចាស់​ទៅ​រក​មេ‌ដោះ ពី​ពួក​ស្ត្រី​សាសន៍​ហេព្រើរ មក​បំបៅ​កូន​នេះ​ថ្វាយ​ព្រះ​នាង​ឬ​ទេ?» បុត្រី​ផារ៉ោន​មាន​សវនីយ៍​ថា៖ «ទៅ​ចុះ!»។ ដូច្នេះ នាង​ក៏​ទៅ​ហៅ​ម្តាយ​របស់​កូន​នោះ​មក។ បុត្រី​ផារ៉ោន​មាន​សវនីយ៍​ទៅគាត់​ថា៖ «ចូរ​យក​កូន​នេះ​ទៅ​បំបៅ​ឲ្យ​ខ្ញុំ​ផង ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ឈ្នួល​អ្នក»។ ម្តាយ​ក៏​យក​កូន​ទៅ​បំបៅ។ លុះ​កូន​នេះ​ធំ​ឡើង ម្ដាយ​ក៏​នាំ​ទៅ​ថ្វាយ​បុត្រី​ផារ៉ោន​វិញ ហើយ​កូន​នោះក៏​ទៅ​ជា​កូន​របស់​ព្រះ​នាង។ ព្រះ​នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា «ម៉ូសេ» ដោយ​ព្រះ​នាង​មាន​សវនីយ៍​ថា៖ «ព្រោះ​ខ្ញុំ​បាន​ស្រង់​កូន​នេះ​ពី ទឹក​មក»។ នៅ​ថ្ងៃ​មួយ កាល​លោក​ម៉ូសេ​ពេញ​វ័យ​ហើយ លោក​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​ជន​រួម​ជាតិ​របស់​លោក ហើយ​ឃើញ​ពួក‌គេ​ធ្វើ​ការ​យ៉ាង​ធ្ងន់ធ្ងរ។ លោក​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់​កំពុង​តែ​វាយដំ​សាសន៍​ហេព្រើរ​ម្នាក់ ដែល​ជា​សាច់‌ញាតិ​របស់​លោក។ លោក​ក្រឡេក​មើល​ឆ្វេង​មើល​ស្តាំ មិន​ឃើញ​មាន​អ្នក​ណា ក៏​សម្លាប់​សាសន៍​អេស៊ីព្ទ​នោះ ហើយ​កប់​ចោល​ក្នុង​ខ្សាច់។ នៅ​ថ្ងៃ​បន្ទាប់ កាល​លោក​ចេញ​ទៅ ឃើញ​សាសន៍​ហេព្រើរ​ពីរ​នាក់​កំពុង​តែ​ឈ្លោះ​គ្នា ក៏​និយាយ​ទៅ​អ្នក​ដែល​ធ្វើ​ខុស​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​វាយ​គូ‌កន​របស់​ខ្លួន​ដូច្នេះ?» អ្នក​នោះ​ឆ្លើយ​តប​ថា៖ «តើ​អ្នក​ណា​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ និង​ជា​ចៅ‌ក្រម​លើ​យើង? តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ ដូច​ជា​អ្នក​បាន​សម្លាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​ឬ?» ពេល​នោះ លោក​ម៉ូសេ​ភិត‌ភ័យ​ណាស់ ហើយ​គិត​ថា៖ «រឿង​នេះ​ប្រាកដ​ជា​គេ​ដឹង​ហើយ»។ កាល​ផារ៉ោន​បាន​ឮ​រឿង​នេះ ស្ដេច​ក៏​រក​មធ្យោ‌បាយ​សម្លាប់​លោក​ម៉ូសេ តែ​លោក​ម៉ូសេ​រត់​គេច​ពី​ផារ៉ោន​ទៅ​នៅ​ស្រុក​ម៉ាឌាន ហើយ​លោក​អង្គុយ​នៅ​ក្បែរ​អណ្តូង​ទឹក​មួយ។

ចែក​រំលែក
អាន និក្ខមនំ 2

និក្ខមនំ 2:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​មនុស្ស​ម្នាក់​ក្នុង​ពូជ​លេវី បាន​ទៅ​យក​កូន​ស្រី​របស់​ពួក​លេវី​ម្នាក់​ធ្វើ​ជា​ប្រពន្ធ នាង​ចាប់​មាន​ផ្ទៃ​ពោះ​ក៏​សំរាល​បាន​កូន​ប្រុស​១ នាង​ឃើញ​កូន​នោះ​ថ្លោស​ល្អ​ក៏​លាក់​ទុក​នៅ​បាន​៣​ខែ លុះ​ដល់​លាក់​មិន​កំបាំង​ទៀត នោះ​ក៏​យក​កូន​ទូក ដែល​ធ្វើ​ពី​ដើម​បបុស មក​ពរ​ជ័រ​លាប​ម្រ័ក្សណ៍ រួច​ដាក់​កូន​ចុះ​ក្នុង​ទូក​នាំ​យក​ទៅ​បណែ្តត​នៅ​កណ្តាល​គុម្ព​ត្រែង​នា​មាត់​ទន្លេ ឯ​បង​ស្រី​របស់​កូន​នោះ​ក៏​ឈរ​មើល​ពី​ចំងាយ ចង់​ដឹង​ហេតុ​ដែល​នឹង​កើត​មាន​យ៉ាង​ដូច​ម្តេច។ ខណៈ​នោះ​បុត្រី​ផារ៉ោន​នាង​យាង​ចុះ​មក ដើម្បី​នឹង​ស្រង់​ព្រះ​គង្គា​ក្នុង​ទន្លេ ពួក​ភីលៀង​របស់​នាង​បាន​នាំ​គ្នា​ដើរ​លេង​ទៅ​តាម​មាត់​ច្រាំង ឯ​នាង​ក៏​ឃើញ​កូន​ទូក​នៅ​នា​កណ្តាល​គុម្ព​ត្រែង ទើប​ចាត់​ភីលៀង​ម្នាក់​ឲ្យ​ទៅ​នាំ​យក​មក នាង​បើក​ទៅ​ឃើញ​កូន​តូច ហើយ​មើល វា​ស្រែក​យំ​ឡើង នាង​ក៏​មាន​ព្រះ‌ទ័យ​ផ្តួច​អាណិត​ដល់​វា ដោយ​មាន​សវនីយ៍​ថា នេះ​ឯង​ពិត​ជា​កូន​របស់​សាសន៍​ហេព្រើរ​ហើយ ឯ​បង​ស្រី​របស់​កូន​តូច​ក៏​ទូល​សួរ​បុត្រី​ផារ៉ោន​ថា តើ​ព្រះ‌នាង​ចង់​ឲ្យ​ខ្ញុំ​ម្ចាស់​ទៅ​រក​មេ‌ដោះ ពី​ពួក​ស្រី​សាសន៍​ហេព្រើរ មក​បំបៅ​កូន​នេះ​ឬ​ទេ បុត្រី​ផារ៉ោន​មាន​សវនីយ៍​ថា អើ ទៅ​ចុះ នាង​ក៏​ទៅ​ហៅ​ម្តាយ​របស់​កូន​នោះ​មក បុត្រី​ផារ៉ោន​បង្គាប់​ថា ចូរ​យក​កូន​នេះ​ទៅ​បំបៅ​ឲ្យ​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ខែ​ដល់​អ្នក ម្តាយ​ក៏​យក​កូន​ទៅ​បំបៅ លុះ​កូន​មាន​វ័យ​ធំ​ឡើង​កាល​ណា ក៏​នាំ​វា​ទៅ​ថ្វាយ​ដល់​បុត្រី​ផារ៉ោន​វិញ ហើយ​វា​បាន​ទៅ​ជា​កូន​របស់​នាង​ទៅ​នាង​ក៏​ឲ្យ​ឈ្មោះ​ថា ម៉ូសេ ដោយ​ថា អញ​បាន​ស្រង់​វា​ពី​ទឹក​មក។ ក្នុង​គ្រា​នោះ កាល​ម៉ូសេ​បាន​ពេញ​ក្តី​ជា​មនុស្ស​ហើយ នោះ​លោក​ចេញ​ទៅ​ឯ​ពួក​ញាតិ‌សន្តាន​ខ្លួន ក៏​បាន​ឃើញ​ការ​ទុក្ខ​លំបាក​របស់​គេ ហើយ​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ កំពុង​តែ​វាយ​សាសន៍​ហេព្រើរ​ម្នាក់ ដែល​ជា​សាច់‌ញាតិ នោះ​លោក​ក្រឡេក​មើល​ណេះ មើល​ណោះ​ឃើញ​ថា គ្មាន​អ្នក​ណា​សោះ ក៏​សំឡាប់​សាសន៍​អេស៊ីព្ទ​នោះ កប់​ក្នុង​ខ្សាច់​ចោល​ទៅ ដល់​ថ្ងៃ​ក្រោយ​ទៀត លោក​ចេញ​ទៅ​ឃើញ​សាសន៍​ហេព្រើរ​២​នាក់​កំពុង​តែ​ឈ្លោះ​គ្នា ក៏​និយាយ​នឹង​អ្នក​ដែល​ធ្វើ​ខុស​ថា ហេតុ​អ្វី​បាន​ជា​អ្នក​វាយ​គូ‌កន​ដូច្នេះ អ្នក​នោះ​ឆ្លើយ​តប​ថា តើ​អ្នក​ណា​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​ចៅហ្វាយ ហើយ​ជា​ចៅ‌ក្រម​លើ​យើង​រាល់​គ្នា តើ​គិត​សំឡាប់​អញ​ដូច​ជា​បាន​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​ទៀត​ឬ​អី នោះ​ម៉ូសេ​មាន​សេចក្ដី​ភិត‌ភ័យ​ណាស់ ដោយ​គិត​ថា ការ​នោះ​ប្រាកដ​ជា​គេ​ដឹង​ហើយ រីឯ​ផារ៉ោន កាល​ទ្រង់​បាន​ឮ នោះ​ទ្រង់​ក៏​រក​សំឡាប់​ម៉ូសេ តែ​លោក​រត់​ពី​ចំពោះ​ទ្រង់​ចេញ​ទៅ​ឯ​ស្រុក​ម៉ាឌាន ហើយ​ក៏​ឈប់​អង្គុយ​នៅ​ជិត​អណ្តូង​ទឹក​១។

ចែក​រំលែក
អាន និក្ខមនំ 2