មានបុរសម្នាក់ក្នុងពូជពង្សលេវី បានទៅយកស្ត្រីម្នាក់ក្នុងពូជពង្សលេវីដូចគ្នាធ្វើជាប្រពន្ធ។ នាងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ កាលនាងឃើញកូននោះថ្លោសល្អ នាងក៏លាក់ទុកបានបីខែ។ លុះមិនអាចលាក់តទៅទៀតបាន នាងក៏យកជាលមួយដែលធ្វើពីដើមបបុស រួចយកជ័រ និងម្រ័ក្សណ៍មកលាប ហើយដាក់កូនចុះក្នុងជាលនោះ យកទៅបណ្ដែតនៅកណ្ដាលគុម្ពត្រែងតាមមាត់ទន្លេ។ បងស្រីរបស់កូននោះក៏ឈរមើលពីចម្ងាយ ចង់ដឹងថានឹងកើតមានហេតុយ៉ាងណាដល់កូននោះ។ ពេលនោះ បុត្រីរបស់ផារ៉ោនយាងចុះមកស្រង់ទឹកក្នុងទន្លេ ឯពួកភីលៀងរបស់ព្រះនាងបាននាំគ្នាដើរលេងតាមមាត់ច្រាំង។ ព្រះនាងទតឃើញជាលនៅកណ្ដាលគុម្ពត្រែង ក៏ប្រើភីលៀងឲ្យទៅយកជាលនោះមក។ កាលព្រះនាងបើកឡើង ឃើញកូនតូច ហើយមើល៍ ទារកនោះកំពុងយំ។ ព្រះនាងក៏មានព្រះហឫទ័យអាណិត ហើយមានសវនីយ៍ថា៖ «ទារកនេះច្បាស់ជាកូនរបស់សាសន៍ហេព្រើរហើយ»។ ពេលនោះ បងស្រីរបស់ទារកទូលបុត្រីផារ៉ោនថា៖ «តើព្រះនាងចង់ឲ្យខ្ញុំម្ចាស់ទៅរកមេដោះ ពីពួកស្ត្រីសាសន៍ហេព្រើរ មកបំបៅកូននេះថ្វាយព្រះនាងឬទេ?» បុត្រីផារ៉ោនមានសវនីយ៍ថា៖ «ទៅចុះ!»។ ដូច្នេះ នាងក៏ទៅហៅម្តាយរបស់កូននោះមក។ បុត្រីផារ៉ោនមានសវនីយ៍ទៅគាត់ថា៖ «ចូរយកកូននេះទៅបំបៅឲ្យខ្ញុំផង ខ្ញុំនឹងឲ្យប្រាក់ឈ្នួលអ្នក»។ ម្តាយក៏យកកូនទៅបំបៅ។ លុះកូននេះធំឡើង ម្ដាយក៏នាំទៅថ្វាយបុត្រីផារ៉ោនវិញ ហើយកូននោះក៏ទៅជាកូនរបស់ព្រះនាង។ ព្រះនាងដាក់ឈ្មោះកូននោះថា «ម៉ូសេ» ដោយព្រះនាងមានសវនីយ៍ថា៖ «ព្រោះខ្ញុំបានស្រង់កូននេះពី ទឹកមក»។ នៅថ្ងៃមួយ កាលលោកម៉ូសេពេញវ័យហើយ លោកចេញទៅសួរសុខទុក្ខជនរួមជាតិរបស់លោក ហើយឃើញពួកគេធ្វើការយ៉ាងធ្ងន់ធ្ងរ។ លោកឃើញសាសន៍អេស៊ីព្ទម្នាក់កំពុងតែវាយដំសាសន៍ហេព្រើរម្នាក់ ដែលជាសាច់ញាតិរបស់លោក។ លោកក្រឡេកមើលឆ្វេងមើលស្តាំ មិនឃើញមានអ្នកណា ក៏សម្លាប់សាសន៍អេស៊ីព្ទនោះ ហើយកប់ចោលក្នុងខ្សាច់។ នៅថ្ងៃបន្ទាប់ កាលលោកចេញទៅ ឃើញសាសន៍ហេព្រើរពីរនាក់កំពុងតែឈ្លោះគ្នា ក៏និយាយទៅអ្នកដែលធ្វើខុសថា៖ «ហេតុអ្វីបានជាអ្នកវាយគូកនរបស់ខ្លួនដូច្នេះ?» អ្នកនោះឆ្លើយតបថា៖ «តើអ្នកណាបានតែងតាំងអ្នកឲ្យធ្វើជាមេ និងជាចៅក្រមលើយើង? តើអ្នកចង់សម្លាប់ខ្ញុំ ដូចជាអ្នកបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់នោះឬ?» ពេលនោះ លោកម៉ូសេភិតភ័យណាស់ ហើយគិតថា៖ «រឿងនេះប្រាកដជាគេដឹងហើយ»។ កាលផារ៉ោនបានឮរឿងនេះ ស្ដេចក៏រកមធ្យោបាយសម្លាប់លោកម៉ូសេ តែលោកម៉ូសេរត់គេចពីផារ៉ោនទៅនៅស្រុកម៉ាឌាន ហើយលោកអង្គុយនៅក្បែរអណ្តូងទឹកមួយ។
អាន និក្ខមនំ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 2:1-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ