និក្ខមនំ 15:25-27
និក្ខមនំ 15:25-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏បង្ហាញឈើមួយប្រភេទដល់លោក។ លោកម៉ូសេបោះឈើនោះទៅក្នុងទឹក ហើយគេក៏អាចបរិភោគទឹកបាន។ នៅទីនោះ ព្រះអម្ចាស់ប្រទានច្បាប់ និងវិន័យដល់ប្រជាជនអ៊ីស្រាអែល ហើយព្រះអង្គក៏បានល្បងលមើលពួកគេដែរ។ ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្ដាប់បង្គាប់យើង ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមអ្វីៗដែលយើងយល់ថាត្រឹមត្រូវ ប្រសិនបើអ្នករាល់គ្នាត្រងត្រាប់ស្ដាប់បទបញ្ជា និងកាន់តាមច្បាប់ទាំងប៉ុន្មានរបស់យើង នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតជំងឺអ្វីមួយ ដូចយើងបានធ្វើចំពោះជនជាតិអេស៊ីបឡើយ ដ្បិតយើងជាព្រះអម្ចាស់ដែលប្រោសឲ្យអ្នករាល់គ្នាជា»។ ជនជាតិអ៊ីស្រាអែលបានមកដល់អេលីម។ នៅទីនោះ មានប្រភពទឹកចំនួនដប់ពីរ ព្រមទាំងមានលម៉ើចំនួនចិតសិបដើមទៀតផង។ ពួកគេក៏បោះជំរំនៅក្បែរមាត់ទឹក។
និក្ខមនំ 15:25-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកក៏អំពាវនាវដល់ព្រះយេហូវ៉ា ព្រះយេហូវ៉ាក៏បង្ហាញឲ្យលោកឃើញឈើមួយកំណាត់ លោកបោះឈើនោះទៅក្នុងទឹក ហើយទឹកក៏ត្រឡប់ទៅជាសាបវិញ។ នៅទីនោះ ព្រះយេហូវ៉ាបានធ្វើច្បាប់ និងបញ្ញត្តិសម្រាប់គេ ហើយព្រះអង្គក៏ល្បងលគេដែរ។ ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់តាមព្រះសូរសៀងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយធ្វើការត្រឹមត្រូវនៅព្រះនេត្រព្រះអង្គ ព្រមទាំងផ្ទៀងត្រចៀកស្តាប់តាមបទបញ្ជាព្រះអង្គ ក៏កាន់តាមច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតមានជំងឺរោគាណាមួយ ដូចយើងបានធ្វើឲ្យកើតឡើងដល់សាសន៍អេស៊ីព្ទឡើយ ដ្បិតយើងជាយេហូវ៉ា ជាព្រះដែលប្រោសអ្នករាល់គ្នាឲ្យជា»។ បន្ទាប់មក គេក៏ទៅដល់អេលីម ជាទីដែលមានក្បាលទឹកដប់ពីរ មានដើមលម៉ើចិតសិបដើម ហើយគេក៏បោះជំរំនៅទីនោះ ក្បែរមាត់ទឹក។
និក្ខមនំ 15:25-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លោកក៏អំពាវនាវដល់ព្រះយេហូវ៉ា រួចទ្រង់បង្ហាញដើមឈើ១ ឲ្យលោកបោះទៅក្នុងទឹក នោះទឹកក៏ត្រឡប់ទៅជាសាបវិញ នៅទីនោះទ្រង់បានតែងជាច្បាប់ នឹងបញ្ញត្តសំរាប់គេ ព្រមទាំងល្បងគេដែរ ទ្រង់មានបន្ទូលថា បើឯងរាល់គ្នាប្រុងនឹងស្តាប់តាមព្រះយេហូវ៉ា ជាព្រះនៃឯង ហើយធ្វើការត្រឹមត្រូវនៅព្រះនេត្រនៃទ្រង់ ព្រមទាំងផ្ទៀងត្រចៀកស្តាប់តាមបញ្ញត្តទ្រង់ ហើយកាន់តាមច្បាប់ទ្រង់ទាំងប៉ុន្មាន នោះអញនឹងមិនធ្វើឲ្យឯងរាល់គ្នាកើតមានជំងឺរោគាណាមួយ ដូចជាអញបានធ្វើឲ្យកើតឡើងដល់ពួកសាសន៍អេស៊ីព្ទនោះឡើយ ដ្បិតអញនេះជាយេហូវ៉ា គឺជាព្រះដែលប្រោសឯងរាល់គ្នាឲ្យជា។ គេក៏ទៅដល់អេលីម ជាទីដែលមានក្បាលទឹក១២ មានលម៉ើ៧០ដើមផង ហើយគេក៏ដំឡើងត្រសាលនៅទីនោះ ជិតកន្លែងទឹក។