និក្ខមនំ 14:10-18

និក្ខមនំ 14:10-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ផារ៉ោន​ចូល​ទៅ​ជិត កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ងើប​ភ្នែក​ឡើង ឃើញ​សាសន៍​អេស៊ីព្ទ​ដេញ​តាម​ពី​ក្រោយ គេ​មាន​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា។ គេ​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «តើ​ដោយ​ព្រោះ​តែ​គ្មាន​ផ្នូរ​នៅ​ស្រុក​អេស៊ីព្ទ​ឬ បាន​ជា​លោក​នាំ​ពួក​យើង​មក​ឲ្យ​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​ដូច្នេះ? តើ​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​យើង ដោយ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ​ឬ? កាល​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ តើ​ពួក​យើង​មិន​បាន​និយាយ​សេចក្ដី​នេះ​នឹង​លោក​ថា "កុំ​ឲ្យ​មក​រវី‌រវល់​នឹង​ពួក​យើង ទុក​ឲ្យ​ពួក​យើង​នៅ​បម្រើ​សាសន៍​អេស៊ីព្ទ​ចុះ" ដ្បិត​ដែល​ពួក​យើង​នៅ​បម្រើ​សាសន៍​អេស៊ីព្ទ នោះ​ប្រសើរ​ជាង​មក​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​បែប​នេះ»។ ប៉ុន្ដែ លោក​ម៉ូសេ​ឆ្លើយ​ទៅ​ប្រជា‌ជន​វិញ​ថា៖ «កុំ​ខ្លាច​អី តាំង​ចិត្ត​ឲ្យ​មាំ​ឡើង ចាំ​មើល​ការ​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​នឹង​ប្រោស​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។ ដ្បិត​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ត​ទៅ​ទៀត​ហើយ។ ព្រះ‌យេហូវ៉ា​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​គ្រាន់​តែ​នៅ​ស្ងៀម​ប៉ុណ្ណោះ»។ ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​អ្នក​ស្រែក​រក​យើង​ធ្វើ​អី? ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ដើរ​ទៅ​មុខ​ទៅ។ ចូរ​លើក​ដំបង​របស់​អ្នក​ឡើង ហើយ​លើក​ដៃ​ទៅ​លើ​សមុទ្រ ញែក​ទឹក​ចេញ​ពី​គ្នា​ទៅ ដើម្បី​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​តាម​ដី​គោក​នៅ​កណ្ដាល​សមុទ្រ។ យើង​នឹងធ្វើ​ឲ្យ​សាសន៍​អេស៊ីព្ទ​មាន​ចិត្ត​រឹង​ទទឹង ឲ្យ​គេ​ចូល​តាម​ក្រោយ​អ្នក​រាល់​គ្នា ដូច្នេះ យើង​នឹង​បាន​កិត្តិ‌សព្ទ​ដោយ​បំបាក់​ផារ៉ោន កង​ទ័ព​របស់​ស្ដេច​ទាំង​អស់ រទេះ​ចម្បាំង និង​ពួក​ពល​សេះ​របស់​ស្ដេច​ផង។ ពេល​នោះ សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា នៅ​ពេល​យើង​បាន​កិត្តិ‌សព្ទ​ដោយ​បំបាក់​ផារ៉ោន រទេះ​ចម្បាំង និង​ពួក​ពល​សេះ​របស់​ស្ដេច»។

ចែក​រំលែក
អាន និក្ខមនំ 14

និក្ខមនំ 14:10-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ឃើញ​ព្រះចៅ​ផារ៉ោន និង​កង‌ទ័ព​អេស៊ីប​ដេញ​តាម​ប្រកិត​ពី​ក្រោយ​ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​ភិត‌ភ័យ​ជា​ខ្លាំង ហើយ​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់។ ពួក​គេ​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «តើ​នៅ​ស្រុក​អេស៊ីប​គ្មាន​ផ្នូរ​ទេ​ឬ បាន​ជា​លោក​នាំ​ពួក​យើង​ឲ្យ​មក​ស្លាប់​នៅ​វាល​រហោ‌ស្ថាន​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប។ កាល​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​នៅ​ឡើយ ពួក​យើង​បាន​ប្រាប់​លោក​ហើយ​ថា: ទុក​ឲ្យ​ពួក​យើង​នៅ​បម្រើ​ជន‌ជាតិ​អេស៊ីប​ចុះ ដ្បិត​នៅ​បម្រើ​គេ នោះ​ប្រសើរ​ជាង​ស្លាប់​នៅ​វាល​រហោ‌ស្ថាន​បែប​នេះ»។ លោក​ម៉ូសេ​ឆ្លើយ​ទៅ​ប្រជា‌ជន​វិញ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! ចូរ​តាំង​ស្មារតី​ឡើង នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌អម្ចាស់​សង្គ្រោះ​អ្នក​រាល់​គ្នា។ ជន‌ជាតិ​អេស៊ីប​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​គេ​ទៀត​រហូត​ត​ទៅ។ ចូរ​នាំ​គ្នា​នៅ​ស្ងៀម​ចុះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្រែក​អង្វរ​យើង​ដូច្នេះ? ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ដំណើរ​ទៅ។ ចូរ​លើក​ដំបង​របស់​អ្នក​ឡើង ហើយ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ រួច​វាយ​ទឹក​សមុទ្រ​ឲ្យ​ញែក​ចេញ​ពី​គ្នា ដើម្បី​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ដើរ​តាម​បាត​សមុទ្រ។ រីឯ​យើង​វិញ យើង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​មាន​ចិត្ត​រឹង​ចចេស ដេញ​តាម​ក្រោយ​អ្នក​រាល់​គ្នា។ យើង​នឹង​សម្តែង​សិរី‌រុងរឿង​របស់​យើង ដោយ​ប្រហារ​ស្ដេច​ផារ៉ោន និង​ពល​ទ័ព​ទាំង​មូល ព្រម​ទាំង​កម្ទេច​រទេះ​ចម្បាំង និង​ទ័ព​សេះ​របស់​ស្ដេច។ នៅ​ពេល​យើង​សម្តែង​សិរី‌រុងរឿង ដោយ​ប្រហារ​ស្ដេច​ផារ៉ោន ព្រម​ទាំង​កម្ទេច​រទេះ​ចម្បាំង និង​ទ័ព​សេះ​របស់​ស្ដេច នោះ​ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់»។

ចែក​រំលែក
អាន និក្ខមនំ 14

និក្ខមនំ 14:10-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ផារ៉ោន​ចូល​ទៅ​ជិត នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ងើប​ភ្នែក​ឡើង ឃើញ​ពួក​សាសន៍​អេស៊ីព្ទ​មក​តាម​ដូច្នោះ ក៏​មាន​សេចក្ដី​តក់‌ស្លុត​ជា​ខ្លាំង ហើយ​ស្រែក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ស្តី​បន្ទោស​ដល់​ម៉ូសេ​ថា តើ​ដោយ​ព្រោះ​តែ​គ្មាន​ផ្នូរ​នៅ​ស្រុក​អេស៊ីព្ទ​ឬ​អី បាន​ជា​អ្នក​នាំ​យើង​រាល់​គ្នា​មក ឲ្យ​ត្រូវ​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​នេះ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ប្រព្រឹត្ត​ចំពោះ​យើង​រាល់​គ្នា​យ៉ាង​នេះ គឺ​ដែល​នាំ​ពួក​យើង​រាល់​គ្នា ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ កាល​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ តើ​យើង​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​នេះ​ឯង​នឹង​អ្នក​ទេ​ឬ​អី ថា កុំ​ឲ្យ​មក​វីវរ​នឹង​យើង​រាល់​គ្នា​ឡើយ ចូរ​ទុក​ឲ្យ​យើង​នៅ​បំរើ​សាសន៍​អេស៊ីព្ទ​ចុះ ដ្បិត​ដែល​យើង​រាល់​គ្នា​បាន​នៅ​បំរើ​សាសន៍​អេស៊ីព្ទ នោះ​វិសេស​ជា​ជាង​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​នេះ តែ​ម៉ូសេ​តប​ឆ្លើយ​ថា កុំ​ខ្លាច​អី ឈប់​សិន ចាំ​មើល​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ នោះ​នឹង​លែង​ឃើញ​ទៀត​ជា​ដរាប​ទៅ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ឯ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​ស្ងៀម​វិញ។ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ឯង​អំពាវ‌នាវ​រក​អញ​ធ្វើ​អី ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ឲ្យ​ដើរ​ទៅ​មុខ​ទៅ ឯ​ឯង ត្រូវ​លើក​ដំបង​លូក​ដៃ​ទៅ​លើ​សមុទ្រ​ញែក​ទឹក​ចេញ​ពី​គ្នា ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ដើរ​តាម​ដី​គោក​នៅ​កណ្តាល​សមុទ្រ ឯ​អញៗ​នឹង​បណ្តាល ឲ្យ​ពួក​សាសន៍​អេស៊ីព្ទ​មាន​ចិត្ត​រឹង‌ទទឹង ចូល​ទៅ​តាម​ឯង​រាល់​គ្នា នោះ​អញ​នឹង​បាន​កិត្តិសព្ទ​ដោយ​ឈ្នះ​ផារ៉ោន នឹង​ពួក​ទ័ព​ទ្រង់ ហើយ​នឹង​អស់​ទាំង​រទេះ​ចំបាំង ព្រម​ទាំង​ពួក​ពល​សេះ​ទ្រង់​ផង នោះ​ទើប​សាសន៍​អេស៊ីព្ទ​គេ​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ពិត គឺ​ក្នុង​កាល​ដែល​អញ​បាន​កិត្តិសព្ទ​ដោយ​ឈ្នះ​ផារ៉ោន នឹង​អស់​ទាំង​រទេះ​ចំបាំង ហើយ​នឹង​ពួក​ពល​សេះ​ទ្រង់​ដូច្នោះ។

ចែក​រំលែក
អាន និក្ខមនំ 14