និក្ខមនំ 14:10-18

និក្ខមនំ 14:10-18 គកស១៦

កាល​ផារ៉ោន​ចូល​ទៅ​ជិត កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ងើប​ភ្នែក​ឡើង ឃើញ​សាសន៍​អេស៊ីព្ទ​ដេញ​តាម​ពី​ក្រោយ គេ​មាន​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា។ គេ​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «តើ​ដោយ​ព្រោះ​តែ​គ្មាន​ផ្នូរ​នៅ​ស្រុក​អេស៊ីព្ទ​ឬ បាន​ជា​លោក​នាំ​ពួក​យើង​មក​ឲ្យ​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​ដូច្នេះ? តើ​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​យើង ដោយ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ​ឬ? កាល​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ តើ​ពួក​យើង​មិន​បាន​និយាយ​សេចក្ដី​នេះ​នឹង​លោក​ថា "កុំ​ឲ្យ​មក​រវី‌រវល់​នឹង​ពួក​យើង ទុក​ឲ្យ​ពួក​យើង​នៅ​បម្រើ​សាសន៍​អេស៊ីព្ទ​ចុះ" ដ្បិត​ដែល​ពួក​យើង​នៅ​បម្រើ​សាសន៍​អេស៊ីព្ទ នោះ​ប្រសើរ​ជាង​មក​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​បែប​នេះ»។ ប៉ុន្ដែ លោក​ម៉ូសេ​ឆ្លើយ​ទៅ​ប្រជា‌ជន​វិញ​ថា៖ «កុំ​ខ្លាច​អី តាំង​ចិត្ត​ឲ្យ​មាំ​ឡើង ចាំ​មើល​ការ​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​នឹង​ប្រោស​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។ ដ្បិត​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ត​ទៅ​ទៀត​ហើយ។ ព្រះ‌យេហូវ៉ា​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​គ្រាន់​តែ​នៅ​ស្ងៀម​ប៉ុណ្ណោះ»។ ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​អ្នក​ស្រែក​រក​យើង​ធ្វើ​អី? ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ដើរ​ទៅ​មុខ​ទៅ។ ចូរ​លើក​ដំបង​របស់​អ្នក​ឡើង ហើយ​លើក​ដៃ​ទៅ​លើ​សមុទ្រ ញែក​ទឹក​ចេញ​ពី​គ្នា​ទៅ ដើម្បី​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​តាម​ដី​គោក​នៅ​កណ្ដាល​សមុទ្រ។ យើង​នឹងធ្វើ​ឲ្យ​សាសន៍​អេស៊ីព្ទ​មាន​ចិត្ត​រឹង​ទទឹង ឲ្យ​គេ​ចូល​តាម​ក្រោយ​អ្នក​រាល់​គ្នា ដូច្នេះ យើង​នឹង​បាន​កិត្តិ‌សព្ទ​ដោយ​បំបាក់​ផារ៉ោន កង​ទ័ព​របស់​ស្ដេច​ទាំង​អស់ រទេះ​ចម្បាំង និង​ពួក​ពល​សេះ​របស់​ស្ដេច​ផង។ ពេល​នោះ សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា នៅ​ពេល​យើង​បាន​កិត្តិ‌សព្ទ​ដោយ​បំបាក់​ផារ៉ោន រទេះ​ចម្បាំង និង​ពួក​ពល​សេះ​របស់​ស្ដេច»។

អាន និក្ខមនំ 14