និក្ខមនំ 12:34-42

និក្ខមនំ 12:34-42 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កូន​ចៅ​អ៊ីស្រា‌អែល​ក៏​យក​ម្សៅ​ដែល​មិន​ទាន់​ដាក់​ដំបែ និង​ផើង​សម្រាប់​លាយ​ម្សៅ រុំ​ក្នុង​អាវ ហើយ​លី​ចេញ​ទៅ។ កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​តាម​បង្គាប់​លោក​ម៉ូសេ គឺ​គេ​សុំ​គ្រឿង​មាស គ្រឿង​ប្រាក់ និង​ខោ​អាវ​ពី​សាសន៍​អេស៊ីព្ទ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ធ្វើ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រកប​ដោយ​គុណ​នៅ​ចំពោះ​សាសន៍​អេស៊ីព្ទ គឺ​បាន​ប្រគល់​អ្វីៗ​ឲ្យ​តាម​ដែល​គេ​សុំ ហើយ​គេ​បាន​បង្ហិន​បង្ហោច​សាសន៍​អេស៊ីព្ទ​បែប​ដូច្នេះ​ឯង។ កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ដំណើរ​ពី​ក្រុង​រ៉ាមសេស​ដើរ​ដោយ​ជើង ទៅ​ដល់​ក្រុង​ស៊ូកូថ មាន​ចំនួន​ប្រុសៗ​ប្រមាណ​ជា​ប្រាំមួយ​សែន​នាក់ ឥត​រាប់​ស្ត្រី និង​កូន​ក្មេង​ឡើយ។ មាន​បណ្ដា‌ជន​ដទៃ​ទៀត​ជា​ច្រើន​បាន​ឡើង​ទៅ​ជា‌មួយ​ពួក‌គេ​ដែរ ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ គឺ​ហ្វូង​សត្វ​យ៉ាង​សន្ធឹក​សន្ធាប់។ គេ​នាំ​គ្នា​យក​ម្សៅ​ដែល​យក​ពី​ស្រុក​អេស៊ីព្ទ​មក ទៅ​ដុត​ធ្វើ​ជា​នំ​ឥត​ដំបែ ដ្បិត​មិន​ទាន់​បាន​ដាក់​ដំបែ​នៅ​ឡើយ ព្រោះ​ពេល​ដែល​គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​មិន​អាច​បង្អែ‌បង្អង់​បាន​ទេ ក៏​មិន​បាន​រៀប​ចំ​ម្ហូប‌ម្ហា​សម្រាប់​តាម​ផ្លូវ​ឡើយ។ កូន​ចៅ​អ៊ីស្រា‌អែល​បាន​រស់​នៅ​ស្រុក​អេស៊ីព្ទ អស់​រយៈ​ពេល​បួន​រយ​សាម​សិប​ឆ្នាំ។ លុះ​ផុត​រយៈ​ពេល​បួន​រយ​សាម​សិប​ឆ្នាំ​នោះ​ទៅ នៅ​ថ្ងៃ​ផុត​កំណត់​នោះ​ឯង ពួក​ពល​របស់​ព្រះ‌យេហូវ៉ា​ក៏​នាំ​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ នោះ​ជា​យប់​មួយ​ដែល​ត្រូវ​ចាំ​យាម​ថ្វាយ​ព្រះ‌យេហូវ៉ា ព្រោះ​ព្រះ‌អង្គ​បាន​នាំ​ពួក‌គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ យប់​នោះ​ហើយ​ជា​យប់​ចាំ​យាម​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ត្រូវ​គោរព​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គ្រប់​តំណ​តរៀង​ទៅ។

ចែក​រំលែក
អាន និក្ខមនំ 12

និក្ខមនំ 12:34-42 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​ម្សៅ​ដែល​មិន​ទាន់​ដោរ និង​យក​ផើង​សម្រាប់​លាយ​ម្សៅ​រុំ​នឹង​អាវ​ធំ ហើយ​លី​ចេញ​ទៅ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម៉ូសេ​បាន​ប្រាប់​ពួក​គេ គឺ​ពួក​គេ​សុំ​របស់​របរ​ដែល​ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​សុំ​សម្លៀក‌បំពាក់ ពី​ជន‌ជាតិ​អេស៊ីប។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​អនុ‌គ្រោះ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល ដោយ​ប្រគល់​នូវ​អ្វីៗ​ដែល​ពួក​គេ​សុំ។ ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ជន‌ជាតិ​អេស៊ីប។ ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ដំណើរ​ពី​ក្រុង​រ៉ាម‌សេស​ទៅ​ក្រុង​សិកូត។ ពួក​គេ​មាន​ចំនួន​ប្រមាណ​ប្រាំ​មួយ​សែន​នាក់ ដោយ​មិន​រាប់​ក្មេងៗ​ទេ។ មាន​ប្រជា‌ជន​ដទៃ​ទៀត​ជា​ច្រើន​ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ​ដែរ ព្រម​ទាំង​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៀត​ផង។ ពួក​គេ​ប្រើ​ម្សៅ​មិន​ទាន់​ដោរ ដែល​គេ​បាន​យក​ពី​ស្រុក​អេស៊ីប​មក​នោះ ដុត​ជា​នំប៉័ង​ឥត​មេ ដ្បិត​ជន‌ជាតិ​អេស៊ីប​បាន​ដេញ​ពួក​គេ​ចេញ​មក​យ៉ាង​តក់‌ក្រហល់ គ្មាន​ពេល​នឹង​រៀបចំ​ស្បៀង សម្រាប់​បរិភោគ​តាម​ផ្លូវ​ឡើយ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ស្នាក់​នៅ​ស្រុក​អេស៊ីប អស់​រយៈ​ពេល​បួន​រយ​សាម‌សិប​ឆ្នាំ។ លុះ​ផុត​រយៈ​ពេល​បួន​រយ​សាម‌សិប​ឆ្នាំ​ហើយ នៅ​ពេល​កំណត់​នេះ ប្រជា‌ជន​ទាំង​មូល​របស់​ព្រះ‌អម្ចាស់​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ នៅ​យប់​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​គ្រប់​ដំណ​ត​រៀង​ទៅ ត្រូវ​តែ​ចាំ​យាម ដើម្បី​នឹក​គុណ​ព្រះ‌អម្ចាស់​ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។

ចែក​រំលែក
អាន និក្ខមនំ 12

និក្ខមនំ 12:34-42 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​យក​ម្សៅ​ដែល​មិន​ទាន់​ដាក់​ដំបែ នឹង​ស្នាច​សំរាប់​លាយ​ម្សៅ​រុំ​ក្នុង​អាវ​គេ​លី​ទៅ ក៏​ធ្វើ​តាម​បង្គាប់​ម៉ូសេ គឺ​គេ​សូម​គ្រឿង​មាស គ្រឿង​ប្រាក់ នឹង​ខោ​អាវ​ពី​សាសន៍​អេស៊ីព្ទ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ប្រកប​ដោយ​គុណ​នៃ​សាសន៍​អេស៊ីព្ទ ដល់​ម៉្លេះ​បាន​ជា​គេ​ចែក​ឲ្យ​តាម​ដែល​សូម យ៉ាង​នោះ​គេ​ក៏​បង្ហិន‌បង្ហោច​ដល់​ពួក​សាសន៍​អេស៊ីព្ទ។ ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ចេញ​ពី​ស្រុក​រ៉ាមសេស​ដើរ​ដោយ​ជើង​ទៅ​ដល់​សិកូត មាន​មនុស្ស​ប្រុសៗ​ចំនួន​៦​សែន​នាក់​ឥត​រាប់​កូន​ក្មេង​ឡើយ ក៏​មាន​មនុស្ស​សន្ធឹក​គ្រប់​បែប​ឡើង​ទៅ​ជា​មួយ​ដែរ ព្រម​ទាំង​ហ្វូង​ចៀម​ហ្វូង​គោ​គេ ជា​ហ្វូង​សត្វ​មាន​ប្រមាណ​សន្ធឹក​ណាស់ គេ​នាំ​គ្នា​យក​ម្សៅ ដែល​យក​ពី​ស្រុក​អេស៊ីព្ទ​មក ទៅ​ដុត​ធ្វើ​ជា​នំ​ឥត​ដំបែ ដ្បិត​មិន​ទាន់​បាន​ដាក់​ដំបែ​នៅ​ឡើយ​ទេ ពី​ព្រោះ​ពេល​ដែល​គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ឥត​មាន​ឲ្យ​បង្អែ‌បង្អង់​បាន​ទេ បាន​ជា​គេ​មិន​បាន​ធ្វើ​ម្ហូប‌ម្ហា​សំរាប់​តាម​ផ្លូវ​ឡើយ។ រីឯ​វេលា ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ស្រុក​អេស៊ីព្ទ នោះ​បាន​៤៣០​ឆ្នាំ រួច​ដល់​ផុត​ពី​៤៣០​ឆ្នាំ​នោះ​ទៅ នៅ​ថ្ងៃ​ដដែល​នោះ​ឯង ពួក​កក‌កុញ​របស់​ព្រះ‌យេហូវ៉ា​គេ​ក៏​នាំ​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ គឺ​ជា​យប់​១​ដែល​ត្រូវ​កាន់​យ៉ាង​សំខាន់​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យប់​នោះ​ឯង​ជា​យប់​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ ត្រូវ​កាន់​យ៉ាង​សំខាន់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​អស់​ទាំង​ដំណ​គេ​ត​រៀង​ទៅ។

ចែក​រំលែក
អាន និក្ខមនំ 12