និក្ខមនំ 12:15-36
និក្ខមនំ 12:15-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេ។ ចាប់ពីថ្ងៃទីមួយទៅ អ្នករាល់គ្នាត្រូវយកមេនំប៉័ងចេញឲ្យអស់ពីផ្ទះរបស់អ្នករាល់គ្នា។ អ្នកណាបរិភោគនំប៉័ងមានមេ ចាប់ពីថ្ងៃទីមួយដល់ថ្ងៃទីប្រាំពីរនឹងត្រូវបណ្ដេញចេញពីចំណោមជនជាតិអ៊ីស្រាអែល។ នៅថ្ងៃទីមួយ និងថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវតែប្រមូលផ្ដុំគ្នាជាអង្គប្រជុំដ៏វិសុទ្ធ*។ ក្នុងអំឡុងពេលពីរថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ គឺអាចធ្វើបានតែម្ហូបអាហារ សម្រាប់បរិភោគប៉ុណ្ណោះ។ អ្នករាល់គ្នាត្រូវធ្វើពិធីបុណ្យនំប៉័ងឥតមេ ដ្បិតនៅថ្ងៃនេះហើយ ដែលយើងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ អ្នករាល់គ្នាត្រូវតែគោរពថ្ងៃនេះទុកជាច្បាប់ដែលត្រូវអនុវត្ត ជារៀងរហូតតទៅ ឥតប្រែប្រួលឡើយ។ នៅខែទីមួយ ចាប់ពីល្ងាចថ្ងៃទីដប់បួនរហូតដល់ល្ងាចថ្ងៃទីម្ភៃមួយ អ្នករាល់គ្នាត្រូវតែបរិភោគនំប៉័ងឥតមេ។ ក្នុងអំឡុងពេលប្រាំពីរថ្ងៃនោះ មិនត្រូវឲ្យមានមេនំប៉័ងនៅក្នុងផ្ទះរបស់អ្នករាល់គ្នាឡើយ។ អ្នកដែលបរិភោគនំប៉័ងមានមេ នឹងត្រូវបណ្ដេញចេញពីសហគមន៍អ៊ីស្រាអែល ទោះបីអ្នកនោះជាសាសន៍ដទៃ ឬជាម្ចាស់ស្រុកក្ដី។ ទោះបីអ្នករាល់គ្នារស់នៅកន្លែងណាក៏ដោយ មិនត្រូវបរិភោគនំប៉័ងមានមេឡើយ គឺបរិភោគបានតែនំប៉័ងឥតមេប៉ុណ្ណោះ»។ លោកម៉ូសេបានហៅព្រឹទ្ធាចារ្យ*ទាំងអស់នៃជនជាតិអ៊ីស្រាអែលមក ហើយប្រាប់ថា៖ «សូមអស់លោកយកកូនចៀម ហើយសម្លាប់វាធ្វើបុណ្យចម្លងសម្រាប់ក្រុមគ្រួសាររបស់អស់លោក។ ចូរយកមែកហ៊ីសុប*ចងជាកញ្ចុំ រួចជ្រលក់ក្នុងផើងដែលដាក់ឈាម ហើយយកឈាមនោះទៅលាបក្របទ្វារទាំងសងខាង និងក្របទ្វារខាងលើ។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់ចេញពីផ្ទះរបស់ខ្លួន រហូតដល់ព្រឹក។ ពេលព្រះអម្ចាស់យាងកាត់ស្រុកអេស៊ីប ដើម្បីប្រហារជនជាតិអេស៊ីប ហើយទតឃើញឈាមលើក្របទ្វារទាំងសងខាង និងក្របទ្វារខាងលើនោះ ព្រះអង្គនឹងយាងរំលងផ្ទះរបស់អ្នករាល់គ្នា មិនឲ្យមេបំផ្លាញចូលទៅប្រហារអ្នករាល់គ្នាឡើយ។ អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នាត្រូវគោរពតាមច្បាប់នេះ រហូតតទៅ។ នៅពេលអ្នករាល់គ្នាចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នា ស្របតាមព្រះបន្ទូលសន្យា អ្នករាល់គ្នាត្រូវតែធ្វើពិធីបុណ្យនេះ។ បើកូនចៅរបស់អ្នករាល់គ្នាសួរថា ពិធីបុណ្យនេះមានអត្ថន័យដូចម្ដេច ចូរប្រាប់ពួកគេថា: នេះជាយញ្ញបូជានៃពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់។ កាលពួកយើងនៅស្រុកអេស៊ីប ព្រះអង្គប្រហារជនជាតិអេស៊ីប តែព្រះអង្គបានរំលងផ្ទះរបស់ពួកយើង ហើយទុកជីវិតឲ្យពួកយើង»។ ប្រជាជនក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់។ ជនជាតិអ៊ីស្រាអែលចាកចេញទៅ ហើយធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ និងលោកអើរ៉ុន។ នៅកណ្ដាលអធ្រាត្រ ព្រះអម្ចាស់បានប្រហារកូនច្បងទាំងអស់ នៅស្រុកអេស៊ីប គឺចាប់តាំងពីបុត្រច្បងរបស់ព្រះចៅផារ៉ោនដែលគ្រងរាជ្យ រហូតដល់កូនច្បងរបស់អ្នកជាប់គុក ព្រមទាំងកូនដំបូងទាំងប៉ុន្មានរបស់ហ្វូងសត្វដែរ។ នៅយប់នោះ ព្រះចៅផារ៉ោន នាម៉ឺនសព្វមុខមន្ត្រីទាំងអស់ និងជនជាតិអេស៊ីបទាំងអស់ ក្រោកឡើងគ្រប់ៗគ្នា ហើយមានឮសម្រែកទ្រហោយំយ៉ាងខ្លាំង ក្នុងស្រុកអេស៊ីបទាំងមូល ដ្បិតគ្មានផ្ទះណាមួយដែលគ្មានមនុស្សស្លាប់ទេ។ ព្រះចៅផារ៉ោនហៅលោកម៉ូសេ និងលោកអើរ៉ុនមកទាំងយប់ ហើយមានរាជឱង្ការទៅកាន់លោកទាំងពីរថា៖ «ចូរនាំពួកអ៊ីស្រាអែលចេញពីស្រុកយើងជាប្រញាប់ទៅ! ចូរនាំគ្នាទៅបម្រើព្រះអម្ចាស់ ដូចអ្នករាល់គ្នាបានសុំនោះទៅ! ចូរនាំហ្វូងចៀម និងហ្វូងគោទៅជាមួយ តាមសំណូមពររបស់អ្នករាល់គ្នាចុះ! បន្ទាប់មក ចូរឲ្យពរយើងផង!»។ ដោយជនជាតិអេស៊ីបស្មានថា គេមុខជាស្លាប់ទាំងអស់ គេក៏បង្ខំជនជាតិអ៊ីស្រាអែលឲ្យចាកចេញពីស្រុករបស់ខ្លួនជាបន្ទាន់។ ហេតុនេះហើយបានជាជនជាតិអ៊ីស្រាអែលយកម្សៅដែលមិនទាន់ដោរ និងយកផើងសម្រាប់លាយម្សៅរុំនឹងអាវធំ ហើយលីចេញទៅ។ ជនជាតិអ៊ីស្រាអែលធ្វើតាមពាក្យដែលលោកម៉ូសេបានប្រាប់ពួកគេ គឺពួកគេសុំរបស់របរដែលធ្វើពីមាស និងប្រាក់ ព្រមទាំងសុំសម្លៀកបំពាក់ ពីជនជាតិអេស៊ីប។ ព្រះអម្ចាស់បានធ្វើឲ្យជនជាតិអេស៊ីបអនុគ្រោះដល់ប្រជាជនអ៊ីស្រាអែល ដោយប្រគល់នូវអ្វីៗដែលពួកគេសុំ។ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានរឹបអូសយកទ្រព្យសម្បត្តិពីជនជាតិអេស៊ីប។
និក្ខមនំ 12:15-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែ។ ចាប់ពីថ្ងៃទីមួយទៅ អ្នករាល់គ្នាត្រូវយកដំបែចេញពីផ្ទះ ដ្បិតអ្នកណាដែលបរិភោគនំបុ័ងមានដំបែ ចាប់ពីថ្ងៃទីមួយរហូតដល់ថ្ងៃទីប្រាំពីរ អ្នកនោះនឹងត្រូវកាត់ចេញពីសាសន៍អ៊ីស្រាអែល។ នៅថ្ងៃទីមួយ អ្នករាល់គ្នាត្រូវប្រជុំយ៉ាងឱឡារិកម្តង ហើយដល់ថ្ងៃទីប្រាំពីរ ត្រូវប្រជុំយ៉ាងឱឡារិកម្តងទៀត។ នៅថ្ងៃទាំងពីរនោះ មិនត្រូវធ្វើការអ្វីឡើយ ធ្វើបានតែម្ហូបអាហារដែលត្រូវបរិភោគប៉ុណ្ណោះ។ អ្នករាល់គ្នាត្រូវកាន់បុណ្យនំបុ័ងឥតដំបែនេះ ដ្បិតគឺនៅថ្ងៃនោះឯងដែលយើងបាននាំពួកពលរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ។ ដូច្នេះហើយបានជាអ្នករាល់គ្នាត្រូវកាន់ថ្ងៃនេះគ្រប់តំណមនុស្ស ទុកជាច្បាប់រហូតតទៅ។ នៅខែទីមួយ ចាប់ពីល្ងាចថ្ងៃទីដប់បួន រហូតដល់ល្ងាចថ្ងៃទីម្ភៃមួយក្នុងខែនោះ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែ។ ក្នុងរយៈពេលប្រាំពីរថ្ងៃ មិនត្រូវឲ្យមានដំបែនៅក្នុងផ្ទះរបស់អ្នករាល់គ្នាឡើយ បើអ្នកណាបរិភោគអ្វីមានដំបែ អ្នកនោះនឹងត្រូវកាត់ចេញពីក្រុមជំនុំសាសន៍អ៊ីស្រាអែល ទោះបើជាអ្នកប្រទេសក្រៅ ឬជាអ្នកស្រុកក្តី។ មិនត្រូវបរិភោគអ្វីដែលមានដំបែ នៅក្នុងទីលំនៅទាំងប៉ុន្មានរបស់អ្នករាល់គ្នាឡើយ ត្រូវបរិភោគតែនំបុ័ងឥតដំបែម៉្យាងប៉ុណ្ណោះ»។ លោកម៉ូសេបានហៅពួកចាស់ទុំសាសន៍អ៊ីស្រាអែលទាំងអស់មក ហើយប្រាប់ថា៖ «ចូរទៅរើសយកកូនចៀម សម្រាប់គ្រួសាររបស់អ្នករាល់គ្នា ហើយសម្លាប់វាធ្វើបុណ្យរំលងទៅ។ ចូរយកមែកហ៊ីសុបមួយកញ្ចុំ ជ្រលក់ក្នុងឈាមដែលនៅក្នុងផើង យកទៅលាបធ្នឹម និងក្របទ្វារទាំងសងខាង។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យអ្នកណាម្នាក់ចេញទៅក្រៅទ្វារផ្ទះរបស់ខ្លួនឡើយ រហូតដល់ព្រឹក។ ដ្បិតព្រះយេហូវ៉ានឹងយាងកាត់ស្រុក ដើម្បីវាយសាសន៍អេស៊ីព្ទ កាលណាព្រះអង្គទតឃើញឈាមប្រឡាក់នៅធ្នឹម និងក្របទ្វារទាំងសងខាង ព្រះអង្គនឹងរំលងហួសទ្វារនោះទៅ មិនឲ្យមេបំផ្លាញចូលទៅវាយអ្នករាល់គ្នានៅក្នុងផ្ទះឡើយ។ អ្នករាល់គ្នាត្រូវកាន់តាមច្បាប់នេះ ទុកសម្រាប់ខ្លួនអ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នារហូតតទៅ។ កាលណាអ្នករាល់គ្នាបានចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ានឹងប្រទានឲ្យអ្នករាល់គ្នា ដូចដែលព្រះអង្គបានសន្យា អ្នករាល់គ្នាត្រូវប្រារព្ធពិធីនេះកុំខាន។ បើកាលណាកូនចៅអ្នករាល់គ្នាសួរថា "តើពិធីបុណ្យនេះមានន័យដូចម្តេច?" អ្នករាល់គ្នាត្រូវឆ្លើយថា "នេះគឺជាយញ្ញបូជានៃពិធីបុណ្យរំលងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គបានយាងរំលងផ្ទះនៃកូនចៅអ៊ីស្រាអែលនៅស្រុកអេស៊ីព្ទ កាលពីព្រះអង្គបានវាយសាសន៍អេស៊ីព្ទ តែបានប្រោសឲ្យពួកផ្ទះរបស់យើងរាល់គ្នារួចជីវិត"»។ នោះបណ្ដាជនក៏ឱនក្បាលចុះថ្វាយបង្គំ។ បន្ទាប់មក កូនចៅអ៊ីស្រាអែលក៏នាំគ្នាចេញទៅ ហើយធ្វើតាមដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ និងលោកអើរ៉ុន។ នៅកណ្ដាលអធ្រាត្រក្នុងយប់នោះ ព្រះយេហូវ៉ាបានវាយកូនច្បងទាំងអស់នៅស្រុកអេស៊ីព្ទ ចាប់ពីបុត្រច្បងរបស់ផារ៉ោនដែលគង់លើបល្ល័ង្ករាជ្យ រហូតដល់កូនច្បងរបស់អ្នកទោសដែលនៅក្នុងគុក ព្រមទាំងកូនច្បងរបស់សត្វទាំងអស់ដែរ។ ផារ៉ោនក៏តើនឡើងទាំងយប់ ព្រមទាំងពួកនាម៉ឺនមន្ត្រីទាំងអស់ និងសាសន៍អេស៊ីព្ទទាំងអស់ ហើយមានសម្រែកទ្រហោយំនៅក្នុងស្រុកអេស៊ីព្ទ ដ្បិតគ្មានផ្ទះណាមួយដែលមិនមានម្នាក់ស្លាប់នោះទេ។ ពេលនោះ ផារ៉ោនហៅលោកម៉ូសេ និងលោកអើរ៉ុនមកទាំងយប់ ហើយមានរាជឱង្ការថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីកណ្ដាលប្រជារាស្ត្ររបស់យើងទៅ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់គ្នាផង ចូរទៅថ្វាយបង្គំព្រះយេហូវ៉ា ដូចអ្នករាល់គ្នាបានសុំនោះទៅ! ចូរនាំទាំងហ្វូងចៀម និងហ្វូងគោ ដូចដែលអ្នកបាននិយាយ ហើយចេញទៅ រួចឲ្យពរយើងផង!»។ សាសន៍អេស៊ីព្ទក៏បង្ខំកូនចៅអ៊ីស្រាអែលឲ្យចេញពីស្រុកជាប្រញាប់ ដ្បិតគេពោលថា៖ «យើងមុខជាស្លាប់ទាំងអស់គ្នា»។ កូនចៅអ៊ីស្រាអែលក៏យកម្សៅដែលមិនទាន់ដាក់ដំបែ និងផើងសម្រាប់លាយម្សៅ រុំក្នុងអាវ ហើយលីចេញទៅ។ កូនចៅអ៊ីស្រាអែលបានធ្វើតាមបង្គាប់លោកម៉ូសេ គឺគេសុំគ្រឿងមាស គ្រឿងប្រាក់ និងខោអាវពីសាសន៍អេស៊ីព្ទ ហើយព្រះយេហូវ៉ាក៏ធ្វើឲ្យកូនចៅអ៊ីស្រាអែលបានប្រកបដោយគុណនៅចំពោះសាសន៍អេស៊ីព្ទ គឺបានប្រគល់អ្វីៗឲ្យតាមដែលគេសុំ ហើយគេបានបង្ហិនបង្ហោចសាសន៍អេស៊ីព្ទបែបដូច្នេះឯង។
និក្ខមនំ 12:15-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្នុងរវាង៧ថ្ងៃ ឯងរាល់គ្នាត្រូវតែបរិភោគនំបុ័ងឥតដំបែ ចាប់តាំងពីថ្ងៃដំបូង នោះត្រូវយកដំបែពីផ្ទះចេញ ដ្បិតអ្នកណាដែលបរិភោគនំបុ័ងមានដំបែ ចាប់តាំងពីថ្ងៃជាដំបូងរហូតដល់ថ្ងៃទី៧ អ្នកនោះនឹងត្រូវកាត់ពីសាសន៍អ៊ីស្រាអែលចេញ នៅថ្ងៃដំបូង ឯងរាល់គ្នាត្រូវប្រជុំជំនុំបរិសុទ្ធ ហើយដល់ថ្ងៃទី៧ នោះក៏ត្រូវប្រជុំជំនុំបរិសុទ្ធទៀត នៅថ្ងៃទាំងនោះ មិនត្រូវឲ្យធ្វើការអ្វីសោះឡើយ ធ្វើបានតែម្ហូបដែលត្រូវបរិភោគប៉ុណ្ណោះ ត្រូវឲ្យឯងរាល់គ្នាកាន់បុណ្យនំបុ័ងឥតដំបែនេះ ដ្បិតគឺនៅថ្ងៃនេះឯងដែលអញបាននាំពួកកងរបស់ឯងរាល់គ្នា ចេញពីស្រុកអេស៊ីព្ទមក បានជាត្រូវកាន់ថ្ងៃនេះទុកជាច្បាប់ជាដរាបនៅអស់ទាំងដំណរៀងរាបតទៅ នៅថ្ងៃ១៤ខែដំបូង នោះពីល្ងាច ត្រូវឲ្យឯងរាល់គ្នាបរិភោគនំបុ័ងឥតដំបែ ដរាបដល់ល្ងាចថ្ងៃ២១ខែនោះ ក្នុងរវាង៧ថ្ងៃ មិនត្រូវឲ្យមានដំបែនៅក្នុងផ្ទះឯងរាល់គ្នាទេ ដ្បិតអ្នកណាដែលបរិភោគអ្វីមានដំបែ អ្នកនោះនឹងត្រូវកាត់ពីពួកជំនុំសាសន៍អ៊ីស្រាអែលចេញ ទោះបើជាអ្នកប្រទេសក្រៅឬជាអ្នកស្រុកក្តី មិនត្រូវឲ្យបរិភោគអ្វីដែលមានដំបែឲ្យសោះ នៅក្នុងទីលំនៅរបស់ឯងរាល់គ្នាទាំងប៉ុន្មាន នោះត្រូវបរិភោគតែនំបុ័ងឥតដំបែម្យ៉ាងប៉ុណ្ណោះ។ នោះម៉ូសេក៏ហៅពួកចាស់ទុំសាសន៍អ៊ីស្រាអែលមកប្រាប់ថា ចូរទៅយកកូនចៀម តាមគ្រួនៃអ្នករាល់គ្នា ហើយសំឡាប់ធ្វើបុណ្យរំលងទៅ រួចយកមែកហ៊ីសុប១កញ្ចុំជ្រលក់ចុះក្នុងឈាមនៅក្នុងផើង ប្រឡាក់នឹងធ្នឹម ហើយនឹងក្របទ្វារទាំងសងខាង ដោយឈាមដែលនៅក្នុងផើងនោះ ក្នុងពួកអ្នករាល់គ្នាមិនត្រូវឲ្យអ្នកណាមួយចេញទៅក្រៅទ្វារផ្ទះខ្លួនឲ្យសោះ រហូតដល់ព្រឹកឡើង ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងយាងកាត់ស្រុក ដើម្បីវាយពួកសាសន៍អេស៊ីព្ទ កាលណាទ្រង់ទតឃើញឈាមប្រឡាក់នៅធ្នឹម ហើយនឹងក្របទ្វារទាំងសងខាង នោះទ្រង់នឹងរំលងហួសទ្វារនោះទៅ មិនឲ្យមេបំផ្លាញចូលវាយក្នុងផ្ទះអ្នករាល់គ្នាទេ ដូច្នេះ ត្រូវឲ្យអ្នករាល់គ្នាកាន់របៀបនេះ ទុកជាច្បាប់សំរាប់ខ្លួនអ្នករាល់គ្នា នឹងកូនចៅតរៀងទៅ កាលណាអ្នករាល់គ្នាបានចូល ទៅក្នុងស្រុកដែលព្រះយេហូវ៉ានឹងប្រទានមកតាមសេចក្ដីសន្យាទ្រង់ នោះត្រូវកាន់តាមរបៀបនេះកុំខាន បើកាលណាកូនចៅអ្នករាល់គ្នាសួរថា តើរបៀបនេះមានន័យដូចម្តេច នោះត្រូវឆ្លើយថា នេះគឺជាយញ្ញបូជានៃបុណ្យរំលងថ្វាយដល់ព្រះយេហូវ៉ា ដែលទ្រង់បានយាងរំលងផ្ទះពួកកូនចៅអ៊ីស្រាអែលនៅស្រុកអេស៊ីព្ទ ក្នុងកាលដែលទ្រង់បានវាយពួកសាសន៍អេស៊ីព្ទ ហើយបានប្រោសឲ្យពួកផ្ទះយើងរាល់គ្នារួច នោះពួកជនជាតិអ៊ីស្រាអែលគេឱនក្បាលចុះថ្វាយបង្គំ ហើយនាំគ្នាទៅធ្វើតាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ នឹងអើរ៉ុន គេក៏ធ្វើសំរេចការនោះ។ រីឯនៅកណ្តាលអធ្រាត្រក្នុងយប់នោះ ព្រះយេហូវ៉ាទ្រង់ក៏វាយអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ ចាប់តាំងពីបុត្រច្បងរបស់ផារ៉ោន ដែលគង់លើបល្ល័ង្ករាជ្យ រហូតដល់កូនច្បងរបស់អ្នកទោសនៅក្នុងគុក ព្រមទាំងកូនច្បងនៃអស់ទាំងសត្វផង ផារ៉ោនទ្រង់ក៏តើនឡើងទាំងយប់ ព្រមទាំងពួកមហាតលិកទ្រង់ នឹងពួកសាសន៍អេស៊ីព្ទទាំងអស់គ្នា នោះក៏ឮសំរែកទ្រហោយំនៅក្នុងស្រុកអេស៊ីព្ទ ដ្បិតគ្មានផ្ទះឯណាមួយដែលមិនមានម្នាក់ស្លាប់នោះទេ ផារ៉ោនទ្រង់មានបន្ទូលហៅម៉ូសេ នឹងអើរ៉ុនមកទាំងយប់ប្រាប់ថា ចូរឯងរាល់គ្នាក្រោកឡើងនាំគ្នាចេញពីកណ្តាលរាស្ត្រអញនេះទៅ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់គ្នាផង ចូរទៅថ្វាយបង្គំដល់ព្រះយេហូវ៉ា ដូចជាឯងរាល់គ្នាបានសូមនោះចុះ ចូរនាំទាំងហ្វូងចៀមហ្វូងគោទៅផង ដូចជាបានសូមហើយ ទៅចុះ ហើយសូមឲ្យពរដល់អញផង ពួកសាសន៍អេស៊ីព្ទក៏បង្ខំពួកអ៊ីស្រាអែលឲ្យចេញពីស្រុកទៅជាប្រញាប់ ដោយពាក្យថា យើងស្លាប់ទាំងអស់គ្នាហើយ ពួកកូនចៅអ៊ីស្រាអែលក៏យកម្សៅដែលមិនទាន់ដាក់ដំបែ នឹងស្នាចសំរាប់លាយម្សៅរុំក្នុងអាវគេលីទៅ ក៏ធ្វើតាមបង្គាប់ម៉ូសេ គឺគេសូមគ្រឿងមាស គ្រឿងប្រាក់ នឹងខោអាវពីសាសន៍អេស៊ីព្ទ ហើយព្រះយេហូវ៉ាទ្រង់ក៏ធ្វើឲ្យពួកកូនចៅអ៊ីស្រាអែលបានប្រកបដោយគុណនៃសាសន៍អេស៊ីព្ទ ដល់ម៉្លេះបានជាគេចែកឲ្យតាមដែលសូម យ៉ាងនោះគេក៏បង្ហិនបង្ហោចដល់ពួកសាសន៍អេស៊ីព្ទ។