និក្ខមនំ 12:15-36

និក្ខមនំ 12:15-36 ពគប

ក្នុង​រវាង​៧​ថ្ងៃ ឯង​រាល់​គ្នា​ត្រូវ​តែ​បរិភោគ​នំបុ័ង​ឥត​ដំបែ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង នោះ​ត្រូវ​យក​ដំបែ​ពី​ផ្ទះ​ចេញ ដ្បិត​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​មាន​ដំបែ ចាប់​តាំង​ពី​ថ្ងៃ​ជា​ដំបូង​រហូត​ដល់​ថ្ងៃ​ទី​៧ អ្នក​នោះ​នឹង​ត្រូវ​កាត់​ពី​សាសន៍​អ៊ីស្រាអែល​ចេញ នៅ​ថ្ងៃ​ដំបូង ឯង​រាល់​គ្នា​ត្រូវ​ប្រជុំ​ជំនុំ​បរិសុទ្ធ ហើយ​ដល់​ថ្ងៃ​ទី​៧ នោះ​ក៏​ត្រូវ​ប្រជុំ​ជំនុំ​បរិសុទ្ធ​ទៀត នៅ​ថ្ងៃ​ទាំង​នោះ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​អ្វី​សោះ​ឡើយ ធ្វើ​បាន​តែ​ម្ហូប​ដែល​ត្រូវ​បរិភោគ​ប៉ុណ្ណោះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​បុណ្យ​នំបុ័ង​ឥត​ដំបែ​នេះ ដ្បិត​គឺ​នៅ​ថ្ងៃ​នេះ​ឯង​ដែល​អញ​បាន​នាំ​ពួក​កង​របស់​ឯង​រាល់​គ្នា ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ជា​ត្រូវ​កាន់​ថ្ងៃ​នេះ​ទុក​ជា​ច្បាប់​ជា​ដរាប​នៅ​អស់​ទាំង​ដំណ​រៀង‌រាប​ត​ទៅ នៅ​ថ្ងៃ​១៤​ខែ​ដំបូង នោះ​ពី​ល្ងាច ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​នំបុ័ង​ឥត​ដំបែ ដរាប​ដល់​ល្ងាច​ថ្ងៃ​២១​ខែ​នោះ ក្នុង​រវាង​៧​ថ្ងៃ មិន​ត្រូវ​ឲ្យ​មាន​ដំបែ​នៅ​ក្នុង​ផ្ទះ​ឯង​រាល់​គ្នា​ទេ ដ្បិត​អ្នក​ណា​ដែល​បរិភោគ​អ្វី​មាន​ដំបែ អ្នក​នោះ​នឹង​ត្រូវ​កាត់​ពី​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ចេញ ទោះ​បើ​ជា​អ្នក​ប្រទេស​ក្រៅ​ឬ​ជា​អ្នក​ស្រុក​ក្តី មិន​ត្រូវ​ឲ្យ​បរិភោគ​អ្វី​ដែល​មាន​ដំបែ​ឲ្យ​សោះ នៅ​ក្នុង​ទី​លំនៅ​របស់​ឯង​រាល់​គ្នា​ទាំង​ប៉ុន្មាន នោះ​ត្រូវ​បរិភោគ​តែ​នំបុ័ង​ឥត​ដំបែ​ម្យ៉ាង​ប៉ុណ្ណោះ។ នោះ​ម៉ូសេ​ក៏​ហៅ​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រាអែល​មក​ប្រាប់​ថា ចូរ​ទៅ​យក​កូន​ចៀម តាម​គ្រួ​នៃ​អ្នក​រាល់​គ្នា ហើយ​សំឡាប់​ធ្វើ​បុណ្យ​រំលង​ទៅ រួច​យក​មែក​ហ៊ីសុប​១​កញ្ចុំ​ជ្រលក់​ចុះ​ក្នុង​ឈាម​នៅ​ក្នុង​ផើង ប្រឡាក់​នឹង​ធ្នឹម ហើយ​នឹង​ក្រប​ទ្វារ​ទាំង​សង​ខាង ដោយ​ឈាម​ដែល​នៅ​ក្នុង​ផើង​នោះ ក្នុង​ពួក​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​អ្នក​ណា​មួយ​ចេញ​ទៅ​ក្រៅ​ទ្វារ​ផ្ទះ​ខ្លួន​ឲ្យ​សោះ រហូត​ដល់​ព្រឹក​ឡើង ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​កាត់​ស្រុក ដើម្បី​វាយ​ពួក​សាសន៍​អេស៊ីព្ទ កាល​ណា​ទ្រង់​ទត​ឃើញ​ឈាម​ប្រឡាក់​នៅ​ធ្នឹម ហើយ​នឹង​ក្រប​ទ្វារ​ទាំង​សង​ខាង នោះ​ទ្រង់​នឹង​រំលង​ហួស​ទ្វារ​នោះ​ទៅ មិន​ឲ្យ​មេ​បំផ្លាញ​ចូល​វាយ​ក្នុង​ផ្ទះ​អ្នក​រាល់​គ្នា​ទេ ដូច្នេះ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​កាន់​របៀប​នេះ ទុក​ជា​ច្បាប់​សំរាប់​ខ្លួន​អ្នក​រាល់​គ្នា នឹង​កូន​ចៅ​ត​រៀង​ទៅ កាល​ណា​អ្នក​រាល់​គ្នា​បាន​ចូល ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​មក​តាម​សេចក្ដី​សន្យា​ទ្រង់ នោះ​ត្រូវ​កាន់​តាម​របៀប​នេះ​កុំ​ខាន បើ​កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា តើ​របៀប​នេះ​មាន​ន័យ​ដូច​ម្តេច នោះ​ត្រូវ​ឆ្លើយ​ថា នេះ​គឺ​ជា​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​យាង​រំលង​ផ្ទះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​ទ្រង់​បាន​វាយ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​បាន​ប្រោស​ឲ្យ​ពួក​ផ្ទះ​យើង​រាល់​គ្នា​រួច នោះ​ពួក​ជន‌ជាតិ​អ៊ីស្រាអែល​គេ​ឱន​ក្បាល​ចុះ​ថ្វាយ‌បង្គំ ហើយ​នាំ​គ្នា​ទៅ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ នឹង​អើរ៉ុន គេ​ក៏​ធ្វើ​សំរេច​ការ​នោះ។ រីឯ​នៅ​កណ្តាល​អធ្រាត្រ​ក្នុង​យប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​វាយ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ ចាប់​តាំង​ពី​បុត្រ​ច្បង​របស់​ផារ៉ោន ដែល​គង់​លើ​បល្ល័ង្ក​រាជ្យ រហូត​ដល់​កូន​ច្បង​របស់​អ្នក​ទោស​នៅ​ក្នុង​គុក ព្រម​ទាំង​កូន​ច្បង​នៃ​អស់​ទាំង​សត្វ​ផង ផារ៉ោន​ទ្រង់​ក៏​តើន​ឡើង​ទាំង​យប់ ព្រម​ទាំង​ពួក​មហា‌តលិក​ទ្រង់ នឹង​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​គ្នា នោះ​ក៏​ឮ​សំរែក​ទ្រហោ‌យំ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដ្បិត​គ្មាន​ផ្ទះ​ឯ​ណា​មួយ​ដែល​មិន​មាន​ម្នាក់​ស្លាប់​នោះ​ទេ ផារ៉ោន​ទ្រង់​មាន​បន្ទូល​ហៅ​ម៉ូសេ នឹង​អើរ៉ុន​មក​ទាំង​យប់​ប្រាប់​ថា ចូរ​ឯង​រាល់​គ្នា​ក្រោក​ឡើង​នាំ​គ្នា​ចេញ​ពី​កណ្តាល​រាស្ត្រ​អញ​នេះ​ទៅ ព្រម​ទាំង​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ផង ចូរ​ទៅ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដូច​ជា​ឯង​រាល់​គ្នា​បាន​សូម​នោះ​ចុះ ចូរ​នាំ​ទាំង​ហ្វូង​ចៀម​ហ្វូង​គោ​ទៅ​ផង ដូច​ជា​បាន​សូម​ហើយ ទៅ​ចុះ ហើយ​សូម​ឲ្យ​ពរ​ដល់​អញ​ផង ពួក​សាសន៍​អេស៊ីព្ទ​ក៏​បង្ខំ​ពួក​អ៊ីស្រាអែល​ឲ្យ​ចេញ​ពី​ស្រុក​ទៅ​ជា​ប្រញាប់ ដោយ​ពាក្យ​ថា យើង​ស្លាប់​ទាំង​អស់​គ្នា​ហើយ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​យក​ម្សៅ​ដែល​មិន​ទាន់​ដាក់​ដំបែ នឹង​ស្នាច​សំរាប់​លាយ​ម្សៅ​រុំ​ក្នុង​អាវ​គេ​លី​ទៅ ក៏​ធ្វើ​តាម​បង្គាប់​ម៉ូសេ គឺ​គេ​សូម​គ្រឿង​មាស គ្រឿង​ប្រាក់ នឹង​ខោ​អាវ​ពី​សាសន៍​អេស៊ីព្ទ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ប្រកប​ដោយ​គុណ​នៃ​សាសន៍​អេស៊ីព្ទ ដល់​ម៉្លេះ​បាន​ជា​គេ​ចែក​ឲ្យ​តាម​ដែល​សូម យ៉ាង​នោះ​គេ​ក៏​បង្ហិន‌បង្ហោច​ដល់​ពួក​សាសន៍​អេស៊ីព្ទ។

អាន និក្ខមនំ 12

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង និក្ខមនំ 12:15-36