និក្ខមនំ 1:8-22

និក្ខមនំ 1:8-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ មាន​ស្តេច​ថ្មី​មួយ​អង្គ​ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​អេស៊ីព្ទ ស្ដេច​នោះ​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ប្រជា‌រាស្ត្រ​របស់​ខ្លួន​ថា៖ «មើល៍! ប្រជា‌ជនអ៊ីស្រា‌អែល​មាន​គ្នា​កាន់​តែ​ច្រើន​ឡើង ហើយ​ក៏​កាន់​តែ​មាន​កម្លាំង​ជាង​ពួក​យើង​ដែរ។ ឥឡូវ​នេះ យើង ត្រូវ​ប្រព្រឹត្ត​នឹង​គេ​ដោយ​ប្រាជ្ញា ក្រែង​គេ​ចម្រើនគ្នា​ច្រើន​ឡើង ហើយ​ប្រសិន‌បើ​មាន​សង្គ្រាម​កើត​ឡើង ពួក‌គេ​មុខ​ជា​ចូល​ដៃ​ជា‌មួយ​ខ្មាំង​សត្រូវ​ដើម្បី​ច្បាំង​នឹង​យើង រួច​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក»។ ដូច្នេះ គេ​ក៏​ដាក់​ឲ្យ​មាន​ពួក​តម្រួតត្រួត​ត្រា ដើម្បី​ធ្វើ​ទុក្ខ​ពួក​អ៊ីស្រា‌អែល ដោយ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។ ពួក​អ៊ីស្រា‌អែល​បាន​សង់​ក្រុង​ពីថំ និង​ក្រុង​រ៉ាមសេស សម្រាប់​ជា​ឃ្លាំង​ថ្វាយ​ផារ៉ោន។ ប៉ុន្តែ ដែល​ធ្វើ​ទុក្ខ​គេ​ប៉ុណ្ណា នោះ​គេ​ក៏​ចម្រើន​ជា​ច្រើន ទាំង​សាយ​ពេញ‌ពាស​ឡើង​ប៉ុណ្ណោះ​ដែរ ហើយ​សាសន៍​អេស៊ីព្ទ​មាន​ការ​ភ័យ​ខ្លាច ដោយ​ព្រោះ​ប្រជា‌ជន​អ៊ីស្រា‌អែល។ ដូច្នេះ ពួក​អេស៊ីព្ទ​បាន​បង្ខំ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ធ្វើ​ការ​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​ធ្វើ​ឲ្យ​ជីវិត​គេ​ជូរ​ល្វីង​ដោយ​ការ​នឿយ​លំបាក គឺ​ប្រើ​ឲ្យ​ធ្វើ​បាយ​អ និង​ធ្វើ​ដុំ​ឥដ្ឋ ព្រម​ទាំង​ធ្វើ​ការ​នៅ​ស្រែ​ចម្ការ​គ្រប់​មុខ។ ការ​ងារ​ដែល​គេ​បង្ខំ​ឲ្យ​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ជា​ការងារ​យ៉ាង​តឹង‌រ៉ឹង​ទាំង​អស់។ ពេល​នោះ ស្តេច​ស្រុក​អេស៊ីព្ទ​បញ្ជា​ទៅ​ឆ្មប​សាសន៍​ហេព្រើរ ម្នាក់​ឈ្មោះ​នាង​ស៊ីប្រា ហើយ​ម្នាក់​ទៀត​ឈ្មោះ​នាង​ពូអា​ថា៖ «ពេល​ណា​នាង​បង្កើត​កូន​ឲ្យ​ពួក​ស្ត្រី​សាសន៍​ហេព្រើរ ចូរ​ពិនិត្យ​មើល​កូន​ដែល​កើត​មក​នោះ ប្រសិន‌បើ​ជា​កូន​ប្រុស ត្រូវ​សម្លាប់​ចោល តែ​ប្រសិន‌បើ​ជា​កូន​ស្រី ត្រូវ​ទុក​ឲ្យ​នៅ​រស់»។ ប៉ុន្តែ ឆ្មប​ទាំង​នោះ​កោត​ខ្លាច​ព្រះ នាង​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្តេច​ស្រុក​អេស៊ីព្ទ​ឡើយ គឺនាង​បាន​ទុក​ឲ្យ​កូន​ប្រុសៗ​នៅ​រស់​វិញ។ ស្តេច​ស្រុក​អេស៊ីព្ទ​ក៏​កោះ​ហៅ​ឆ្មប​ទាំង​នោះ​មក ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​ធ្វើ​ដូច្នេះ ហើយ​ទុក​ឲ្យ​កូន​ប្រុសៗ​នៅ​រស់?» ឆ្មប​ទាំង​ពីរ​ទូល​ផារ៉ោន​ថា៖ «ព្រោះ​ស្ត្រីសាសន៍​ហេព្រើរ​មិន​ដូច​ស្ត្រី​សាសន៍​អេស៊ីព្ទ​ទេ គេ​រឹងប៉ឹង​ណាស់ ឆ្មប​មិន​ទាន់​ទៅ​ដល់​ផង នាង​សម្រាល​កូន​រួច​ស្រេច​ទៅ​ហើយ»។ ដូច្នេះ ព្រះ‌ទ្រង់​ក៏​ប្រទាន​ពរ​ឆ្មប​ទាំង​នោះ ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង និង​មាន​កម្លាំង​កាន់​តែ​ខ្លាំង។ ដោយ​ព្រោះ​ពួក​ឆ្មប​ទាំង​នោះ​កោត​ខ្លាច​ព្រះ ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ​ពូជពង្ស​របស់​នាង​បាន​ចម្រុង​ចម្រើន។ បន្ទាប់​មក ផារ៉ោន​បញ្ជា​ដល់​ប្រជា‌រាស្ត្រ​ទាំង​អស់​ថា៖ «អស់​ទាំង​កូន​ប្រុសៗ​ដែល​កើត​ពី​ពួក​ហេព្រើរ ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ទន្លេ​នីល តែ​ត្រូវ​ទុក​ឲ្យ​កូន​ស្រីៗ​ទាំង​ប៉ុន្មាន​នៅ​រស់»។

ចែក​រំលែក
អាន និក្ខមនំ 1

និក្ខមនំ 1:8-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​ស្ដេច​ថ្មី​មួយ​អង្គ​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​អេស៊ីប។ ស្ដេច​នោះ​មិន​បាន​ស្គាល់​លោក​យ៉ូសែប​ទេ។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន​អេស៊ីប​ថា៖ «ឥឡូវ​នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​ពួក​យើង។ ដូច្នេះ យើង​ត្រូវ​មាន​វិធាន‌ការ​ទប់‌ស្កាត់​ពួក​គេ កុំ​ឲ្យ​កើន​ចំនួន​ច្រើន​ឡើង​ទៀត។ បើ​មិន​ដូច្នោះ​ទេ ពេល​ណា​កើត​សង្គ្រាម ពួក​គេ​មុខ​ជា​ចូល​ដៃ​ជា​មួយ​ខ្មាំង​សត្រូវ ដើម្បី​វាយ​យើង ហើយ​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក»។ ជន‌ជាតិ​អេស៊ីប​បាន​តែង‌តាំង​មេ​ត្រួត‌ត្រា​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។ ជន‌ជាតិ​អ៊ីស្រា‌អែល​សង់​ក្រុង​ពីថំ និង​ក្រុង​រ៉ាម‌សេស សម្រាប់​ដាក់​ភោគ​ទ្រព្យ​របស់​ព្រះចៅ​ផារ៉ោន។ ប៉ុន្តែ ជន‌ជាតិ​អេស៊ីប​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រា‌អែល​រឹត​តែ​ខ្លាំង​យ៉ាង​ណា ជន‌ជាតិ​អ៊ីស្រា‌អែល​កើន​ចំនួន​រឹត​តែ​ច្រើន​ឡើង ហើយ​រស់​នៅ​ពាស‌ពេញ​ស្រុក​យ៉ាង​នោះ​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ជន‌ជាតិ​អេស៊ីប​ភ័យ​ខ្លាច។ ពេល​នោះ ជន‌ជាតិ​អេស៊ីប​ចាត់​ទុក​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​ទាសករ ហើយ​បង្ខិត‌បង្ខំ​ឲ្យ​ធ្វើ​ការ​យ៉ាង​ធ្ងន់‌ធ្ងរ។ គេ​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​វេទនា​ខ្លោច‌ផ្សា គឺ​ប្រើ​ឲ្យ​ជាន់​ដី​ឥដ្ឋ ធ្វើ​ដុំ​ឥដ្ឋ និង​ធ្វើ​ការ​គ្រប់​មុខ​នៅ​តាម​ស្រែ​ចម្ការ ពោល​គឺ​ប្រើ​ឲ្យ​ធ្វើ​ការ‌ងារ​ដ៏​ធ្ងន់‌ធ្ងរ​គ្រប់​យ៉ាង។ ស្ដេច​ស្រុក​អេស៊ីប​បញ្ជា​ទៅ​ឆ្មប​ពីរ​នាក់ ម្នាក់​ឈ្មោះ​នាង​ស៊ីប្រា ម្នាក់​ឈ្មោះ​នាង​ពូអា ដែល​ជួយ​ស្ត្រី​ហេប្រឺ​ថា៖ «កាល​ណា​អ្នក​បង្កើត​កូន​ឲ្យ​ស្ត្រី​ហេប្រឺ ចូរ​ពិនិត្យ​មើល​កូន​ដែល​កើត​មក​នោះ ប្រសិន​បើ​ជា​កូន​ប្រុស ត្រូវ​សម្លាប់​ចោល ប្រសិន​បើ​ជា​កូន​ស្រី ចូរ​ទុក​ឲ្យ​វា​រស់​ចុះ»។ ប៉ុន្តែ ឆ្មប​ទាំង​ពីរ​នាក់​នោះ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ គាត់​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច​ស្រុក​អេស៊ីប​ទេ គឺ​គាត់​ទុក​ឲ្យ​កូន​ប្រុសៗ​នៅ​រស់​ដែរ។ ស្ដេច​ស្រុក​អេស៊ីប​ក៏​កោះ​ហៅ​ឆ្មប​ទាំង​ពីរ​នាក់​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ ម្ដេច​ក៏​ទុក​ឲ្យ​កូន​ប្រុសៗ​នៅ​រស់?»។ ឆ្មប​ទាំង​ពីរ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ស្ត្រី​ជាតិ​ហេប្រឺ​មិន​ដូច​ស្ត្រី​ជាតិ​អេស៊ីប​ទេ ស្ត្រី​ទាំង​នោះ​រឹង‌ប៉ឹង​ណាស់ គឺ​មុន​ឆ្មប​ទៅ​ដល់ នាង​សម្រាល​កូន​រួច​ស្រេច​ទៅ​ហើយ»។ ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឆ្មប​ទាំង​ពីរ។ ជន‌ជាតិ​អ៊ីស្រា‌អែល​កើន​ចំនួន​ជា​ច្រើន ហើយ​មាន​កម្លាំង​កាន់​តែ​ខ្លាំង។ ដោយ​ឆ្មប​ទាំង​ពីរ​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​គ្រួសារ​របស់​គាត់​បាន​ចម្រុង‌ចម្រើន។ បន្ទាប់​មក ព្រះចៅ​ផារ៉ោន​បាន​បញ្ជា​ដល់​ប្រជា‌ជន​អេស៊ីប​ទាំង​អស់​ថា៖ «ចូរ​យក​កូន​ប្រុស​សាសន៍​ហេប្រឺ​ដែល​ទើប​នឹង​កើត​ទាំង​ប៉ុន្មាន ទៅ​បោះ​ចោល​ក្នុង​ទន្លេ​នីល ចូរ​ទុក​ជីវិត​ឲ្យ​តែ​កូន​ស្រីៗ​ប៉ុណ្ណោះ!»។

ចែក​រំលែក
អាន និក្ខមនំ 1

និក្ខមនំ 1:8-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ មាន​ស្តេច​ថ្មី​១​អង្គ​សោយ‌រាជ្យ​ឡើង​នៅ​ស្រុក​អេស៊ីព្ទ ស្តេច​នោះ​មិន​បាន​ស្គាល់​យ៉ូសែប​ទេ ទ្រង់​មាន​បន្ទូល​ទៅ​បណ្តា​រាស្ត្រ​របស់​ទ្រង់​ថា មើល ពួក​ជន‌ជាតិ​អ៊ីស្រាអែល​គេ​មាន​គ្នា​ច្រើន ក៏​ស្តុក‌ស្តម្ភ​ជាង​ពួក​យើង​ហើយ ចូរ​យើង​ប្រព្រឹត្ត​នឹង​គេ​ដោយ​ប្រាជ្ញា ក្រែង​គេ​ចំរើន​ជា​ច្រើន​ឡើង ហើយ​បើ​កាល​ណា​កើត​មាន​ចំបាំង នោះ​គេ​នឹង​ចូល​ទៅ​ខាង​ពួក​ខ្មាំង​សត្រូវ ដើម្បី​ច្បាំង​នឹង​យើង​វិញ រួច​ចេញ​ពី​ស្រុក​បាត់​ទៅ ដូច្នេះ​គេ​ក៏​ដាក់​ឲ្យ​មាន​នាយ​ដំរួត សំរាប់​នឹង​ធ្វើ​ទុក្ខ​ដល់​ពួក​អ៊ីស្រាអែល​ដោយ​ការ​នឿយ​លំបាក​ជា​ច្រើន ពួក​អ៊ីស្រាអែល​បាន​កសាង​ក្រុង​ពីថំ នឹង​រ៉ាមសេស សំរាប់​ជា​ឃ្លាំង​ថ្វាយ​ផារ៉ោន ប៉ុន្តែ​ដែល​ធ្វើ​ទុក្ខ​គេ​ប៉ុណ្ណា នោះ​គេ​ក៏​ចំរើន​ជា​ច្រើន ទាំង​សាយ​ពេញ‌ពាស​ឡើង​ប៉ុណ្ណោះ​ដែរ ហើយ​សាសន៍​អេស៊ីព្ទ​មាន​សេចក្ដី​ធុញ‌ទ្រាន់ ដោយ​ព្រោះ​ជន‌ជាតិ​អ៊ីស្រាអែល ក៏​ចាប់​ប្រើ​គេ​ឲ្យ​ធ្វើ​ការ​យ៉ាង​តឹង‌រ៉ឹង ព្រម​ទាំង​ធ្វើ​ឲ្យ​ជីវិត​គេ មាន​សេចក្ដី​ជូរ​ល្វីង ដោយ​ការ​លំបាក​វេទនា គឺ​ប្រើ​ឲ្យ​ធ្វើ​បាយអ​នឹង​ឥដ្ឋ ព្រម​ទាំង​ការ​នៅ​ចំការ​គ្រប់​មុខ​ផង ឯ​ការ​ដែល​គេ​ចាប់​ប្រើ​ឲ្យ​ធ្វើ​ទាំង​ប៉ុន្មាន​នោះ​សុទ្ធ​តែ​ការ​យ៉ាង​តឹង‌រ៉ឹង​ទាំង​អស់។ រួច​ស្តេច​ស្រុក​អេស៊ីព្ទ ទ្រង់​ក៏​បង្គាប់​ដល់​ពួក​ឆ្មប​សាសន៍​ហេព្រើរ ដែល​១​ឈ្មោះ​នាង​ស៊ីប្រា ហើយ​១​ទៀត​ឈ្មោះ​នាង​ពូអា ថា កាល​ណា​នាង​ទៅ​កាន់​ពោះ​នៃ​ពួក​ស្រី​សាសន៍​ហេព្រើរ​ដែល​សំរាល​កូន នោះ​ក្នុង​កាល​ដែល​គេ​កំពុង​តែ​សំរាល បើ​ជា​កូន​នោះ​ប្រុស ចូរ​សំឡាប់​វា​ទៅ តែ​បើ‌សិន​ជា​ស្រី នោះ​ត្រូវ​ទុក​ឲ្យ​រស់​នៅ​ចុះ ប៉ុន្តែ ឆ្មប​ទាំង​នោះ​ជា​អ្នក​កោត‌ខ្លាច​ដល់​ព្រះ គេ​មិន​បាន​ធ្វើ​តាម​បង្គាប់​នៃ​ស្តេច​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ គឺ​បាន​ទុក​កូន​ប្រុសៗ​ឲ្យ​រស់​នៅ​វិញ ឯ​ស្តេច​ស្រុក​អេស៊ីព្ទ​ក៏​ហៅ​ឆ្មប​ទាំង​នោះ​មក​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​យ៉ាង​ដូច្នេះ គឺ​ដែល​ទុក​កូន​ប្រុសៗ​ឲ្យ​រស់​នៅ​នេះ ឆ្មប​ទូល​ឆ្លើយ​ទៅ​ផារ៉ោន​ថា គឺ​ពី​ព្រោះ​ពួក​ស្រី​សាសន៍​ហេព្រើរ​មិន​មែន​ដូច​ជា​ស្រី​សាសន៍​អេស៊ីព្ទ​ទេ គេ​រហ័ស​ណាស់ ដ្បិត​ឆ្មប​មិន​ទាន់​ទាំង​មក​ដល់​ផង នោះ​គេ​បាន​សំរាល​រួច​ជា​មុន​ទៅ​ហើយ ដូច្នេះ ព្រះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ឆ្មប​ទាំង​នោះ ឯ​ពួក​ជន‌ជាតិ​អ៊ីស្រាអែល​គេ​កាន់​តែ​ចំរើន​ជា​ច្រើន​ឡើង ត្រឡប់​ទៅ​ជា​មាន​កំឡាំង​គ្រប់​ចំពូក ហើយ​ដោយ​ព្រោះ​ពួក​ឆ្មប​នោះ​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ បាន​ជា​ទ្រង់​ចំរើន​ពូជ​ឲ្យ​គេ។ នោះ​ផារ៉ោន​ទ្រង់​បង្គាប់​ដល់​បណ្តា​រាស្ត្រ​ថា អស់​ទាំង​កូន​ប្រុសៗ​ដែល​កើត​មក នោះ​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ទន្លេ​ចេញ តែ​កូន​ស្រីៗ​ទាំង​ប៉ុន្មាន​ត្រូវ​ទុក​ឲ្យ​រស់​នៅ​វិញ។

ចែក​រំលែក
អាន និក្ខមនំ 1

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ