នៅគ្រានោះ មានស្តេចថ្មី១អង្គសោយរាជ្យឡើងនៅស្រុកអេស៊ីព្ទ ស្តេចនោះមិនបានស្គាល់យ៉ូសែបទេ ទ្រង់មានបន្ទូលទៅបណ្តារាស្ត្ររបស់ទ្រង់ថា មើល ពួកជនជាតិអ៊ីស្រាអែលគេមានគ្នាច្រើន ក៏ស្តុកស្តម្ភជាងពួកយើងហើយ ចូរយើងប្រព្រឹត្តនឹងគេដោយប្រាជ្ញា ក្រែងគេចំរើនជាច្រើនឡើង ហើយបើកាលណាកើតមានចំបាំង នោះគេនឹងចូលទៅខាងពួកខ្មាំងសត្រូវ ដើម្បីច្បាំងនឹងយើងវិញ រួចចេញពីស្រុកបាត់ទៅ ដូច្នេះគេក៏ដាក់ឲ្យមាននាយដំរួត សំរាប់នឹងធ្វើទុក្ខដល់ពួកអ៊ីស្រាអែលដោយការនឿយលំបាកជាច្រើន ពួកអ៊ីស្រាអែលបានកសាងក្រុងពីថំ នឹងរ៉ាមសេស សំរាប់ជាឃ្លាំងថ្វាយផារ៉ោន ប៉ុន្តែដែលធ្វើទុក្ខគេប៉ុណ្ណា នោះគេក៏ចំរើនជាច្រើន ទាំងសាយពេញពាសឡើងប៉ុណ្ណោះដែរ ហើយសាសន៍អេស៊ីព្ទមានសេចក្ដីធុញទ្រាន់ ដោយព្រោះជនជាតិអ៊ីស្រាអែល ក៏ចាប់ប្រើគេឲ្យធ្វើការយ៉ាងតឹងរ៉ឹង ព្រមទាំងធ្វើឲ្យជីវិតគេ មានសេចក្ដីជូរល្វីង ដោយការលំបាកវេទនា គឺប្រើឲ្យធ្វើបាយអនឹងឥដ្ឋ ព្រមទាំងការនៅចំការគ្រប់មុខផង ឯការដែលគេចាប់ប្រើឲ្យធ្វើទាំងប៉ុន្មាននោះសុទ្ធតែការយ៉ាងតឹងរ៉ឹងទាំងអស់។ រួចស្តេចស្រុកអេស៊ីព្ទ ទ្រង់ក៏បង្គាប់ដល់ពួកឆ្មបសាសន៍ហេព្រើរ ដែល១ឈ្មោះនាងស៊ីប្រា ហើយ១ទៀតឈ្មោះនាងពូអា ថា កាលណានាងទៅកាន់ពោះនៃពួកស្រីសាសន៍ហេព្រើរដែលសំរាលកូន នោះក្នុងកាលដែលគេកំពុងតែសំរាល បើជាកូននោះប្រុស ចូរសំឡាប់វាទៅ តែបើសិនជាស្រី នោះត្រូវទុកឲ្យរស់នៅចុះ ប៉ុន្តែ ឆ្មបទាំងនោះជាអ្នកកោតខ្លាចដល់ព្រះ គេមិនបានធ្វើតាមបង្គាប់នៃស្តេចស្រុកអេស៊ីព្ទនោះឡើយ គឺបានទុកកូនប្រុសៗឲ្យរស់នៅវិញ ឯស្តេចស្រុកអេស៊ីព្ទក៏ហៅឆ្មបទាំងនោះមកសួរថា ហេតុអ្វីបានជាធ្វើយ៉ាងដូច្នេះ គឺដែលទុកកូនប្រុសៗឲ្យរស់នៅនេះ ឆ្មបទូលឆ្លើយទៅផារ៉ោនថា គឺពីព្រោះពួកស្រីសាសន៍ហេព្រើរមិនមែនដូចជាស្រីសាសន៍អេស៊ីព្ទទេ គេរហ័សណាស់ ដ្បិតឆ្មបមិនទាន់ទាំងមកដល់ផង នោះគេបានសំរាលរួចជាមុនទៅហើយ ដូច្នេះ ព្រះទ្រង់ក៏ប្រទានពរដល់ឆ្មបទាំងនោះ ឯពួកជនជាតិអ៊ីស្រាអែលគេកាន់តែចំរើនជាច្រើនឡើង ត្រឡប់ទៅជាមានកំឡាំងគ្រប់ចំពូក ហើយដោយព្រោះពួកឆ្មបនោះមានសេចក្ដីកោតខ្លាចដល់ព្រះ បានជាទ្រង់ចំរើនពូជឲ្យគេ។ នោះផារ៉ោនទ្រង់បង្គាប់ដល់បណ្តារាស្ត្រថា អស់ទាំងកូនប្រុសៗដែលកើតមក នោះត្រូវបោះចោលទៅក្នុងទន្លេចេញ តែកូនស្រីៗទាំងប៉ុន្មានត្រូវទុកឲ្យរស់នៅវិញ។
អាន និក្ខមនំ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 1:8-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ