នាងអេសធើរ 9:1-19

នាងអេសធើរ 9:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ដល់​ខែ​ទី​ដប់ពីរ ដែល​ជា​ខែ​ផល្គុន នៅ​ថ្ងៃ​ទី​ដប់​បី​នោះ កាល​រាជ‌បញ្ជា និង​រាជ‌ក្រឹត្យ​របស់​ស្តេច​ហៀប​នឹង​ត្រូវ​បាន​គេ​អនុវត្ត នៅ​ថ្ងៃ​ដដែល​នោះ​ឯង កាល​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា សង្ឃឹម​ថា​នឹង​មាន​អំណាច​លើ​ពួក‌គេ នោះ​ស្ថាន​ភាព​ក៏​បាន​ផ្លាស់​ប្ដូរ គឺ​ពួក​សាសន៍​យូដា​បាន​ត្រឡប់​ជា​មាន​អំណាច​លើ​អស់​អ្នក​ដែល​ស្អប់​គេ​នោះ​វិញ។ ពួក​សាសន៍​យូដា​បាន​ប្រ‌មូល​ផ្ដុំ​គ្នា​នៅ​តាម​ទី​ក្រុង​របស់​ខ្លួន នៅ​គ្រប់​ទាំង​អាណា​ខេត្ត​របស់​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ដើម្បី​តយុទ្ធ​ប្រឆាំង​នឹង​អស់​អ្នក​ដែល​ប៉ុន​ប៉ង​ធ្វើ​បាប​ពួក‌គេ ហើយ​គ្មាន​អ្នក​ណា​អាច​ឈរ​ទាស់​នឹង​ពួក‌គេ​បាន​ឡើយ ដ្បិត​សាសន៍​ទាំង​អស់​ភ័យ​ខ្លាច​ពួក​សាសន៍​យូដា​គ្រប់ៗ​គ្នា។ ពួក​មន្ត្រី​នៅ​តាម​អាណា​ខេត្ត ពួក​នាយក ពួក​ទេសា‌ភិបាល និង​ពួក​រាជ‌ការ​ទាំង​ប៉ុន្មាន ក៏​ជួយ​ដល់​ពួក​សាសន៍​យូដា​ដែរ ដ្បិត​គេ​ភ័យ​ខ្លាច​ដល់​ម៉ា‌ដេកាយ។ ដ្បិត​ម៉ា‌ដេកាយ​បាន​ឡើង​ជា​អ្នក​ធំ​ក្នុង​ព្រះរាជ‌ដំណាក់ ហើយ​កិត្តិ‌នាម​លោក​ល្បី​ខ្ចរ​ខ្ចាយ​ពាស​ពេញ​អាណា​ខេត្ត​ទាំង​អស់ ហើយ​ម៉ា‌ដេកាយ​នេះ កាន់​តែ​មាន​អំណាច​ឡើង​ៗ។ ដូច្នេះ ពួក​សាសន៍​យូដា​បាន​ប្រហារ​ខ្មាំង​សត្រូវ​ដោយ​ដាវ ដោយ​សម្លាប់ និង​បំផ្លាញ​ពួក‌គេ ហើយ​បាន​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត ចំពោះ​អស់​អ្នក​ដែល​ស្អប់​ខ្លួន។ នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង ពួក​សាសន៍​យូដា​បាន​សម្លាប់ ហើយ​បំផ្លាញ​មនុស្ស​អស់​ប្រាំ​រយ​នាក់។ ពួក‌គេ​ក៏​បាន​សម្លាប់​ផើសាន‌ដាថា ដាលផូន អ័ស‌ផាថា ផូ‌រ៉ាថា អ័‌ដាលា អើរី‌ដាថា ផើម៉ាស‌ថា អើរី‌សាយ អើរី‌ដាយ និង​វ៉ាយេ‌សាថា ជា​កូន​ទាំង​ដប់​របស់​ហាម៉ាន កូន​ហាំ‌ម្តាថា ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ពួក​សាសន៍​យូដា តែ​គេ​មិន​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទេ។ នៅ​ថ្ងៃ​ដដែល​នោះ ចំនួន​អស់​អ្នក​ដែល​គេ​បាន​សម្លាប់​នៅ​ក្នុង​ស៊ូសាន ជា​ក្រុង​ហ្លួង ក៏បានឮ​ដល់​ស្ដេច។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី​ថា៖ «ពួក​សាសន៍​យូដា​បាន​សម្លាប់ ហើយ​បំផ្លាញ​មនុស្ស​អស់​ប្រាំ​រយ​នាក់ នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង ព្រម​ទាំង​កូន​ប្រុស​របស់​ហាម៉ាន​ទាំង​ដប់នាក់​ទៀត​ផង។ ដូច្នេះ នៅ​តាម​អាណា​‌ខេត្ត​ឯ​ទៀត​របស់​ស្ដេច តើ​គេ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ! ឥឡូវ​នេះ តើ​ព្រះ‌នាង​ចង់​សូម​អ្វី​ទៀត? យើង​នឹង​ប្រទាន​ឲ្យ​ទាំង​អស់។ តើព្រះ​នាង​មាន​សំណូម​ពរ​អ្វី​ថែម​ទៀត? យើង​នឹង​សម្រេច​ឲ្យ»។ ព្រះ​នាង​អេសធើរ​ទូល​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ នៅ​ថ្ងៃ​ស្អែក សូម​បើក​ឲ្យ​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន​បាន​ធ្វើ​តាម​រាជ​ក្រឹត្យ​ដូច​ថ្ងៃ​នេះ​ដែរ ហើយ​ឲ្យ​គេ​ព្យួរ​ខ្មោច​កូន​របស់​ហាម៉ាន​ទាំង​ដប់​នាក់​លើ​បង្គោល​នោះ​ផង»។ ស្ដេច​ក៏​បង្គាប់​ឲ្យ​ធ្វើ​ដូច្នោះ ហើយ​គេ​ប្រកាស​‌រាជ‌ក្រឹត្យ​នៅ​ក្រុង​ស៊ូសាន រួចគេ​បាន​ព្យួរ​ខ្មោច​កូន​ប្រុស​ទាំង​ដប់​របស់​ហាម៉ាន​នោះ​ទៅ។ ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន ក៏​ប្រមូល​ផ្ដុំ​គ្នា នៅ​ថ្ងៃ​ទីដប់​បួន ក្នុង​ខែ​ផល្គុន​នោះ​ឯង ហើយ​គេ​សម្លាប់​មនុស្ស​បីរយ​នាក់​ទៀត នៅ​ក្រុង​ស៊ូសាន តែ​គេ​មិន​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទេ។ ឯ​ពួក​សាសន៍​យូដា​ឯ​ទៀត​ៗ ដែល​នៅ​តាម​អាណា​‌ខេត្ត​របស់​ស្ដេច ក៏​បាន​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ការ​ពារ​ជីវិត​ខ្លួន​ដែរ ហើយ​គេ​បាន​ស្រាក​ស្រាន្ត‌ពី​ខ្មាំង​សត្រូវ​របស់​គេ គេ​បាន​សម្លាប់​អស់​អ្នក​ដែល​ស្អប់​គេ អស់​ប្រាំពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់ តែមិនបាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទេ។ គេ​បាន​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​ទីដប់​បី ខែ​ផល្គុន ហើយ​នៅ​ថ្ងៃ​ទី​ដប់​បួន គេ​ឈប់​សម្រាក ហើយ​ក៏​តាំង​ថ្ងៃ​នោះ ជា​ថ្ងៃ​ជប់​លៀង ហើយ​សប្បាយ​រីក‌រាយ។ ប៉ុន្ដែ ពួក​សាសន៍​យូដា​ដែល​នៅ​ក្រុង​ស៊ូសាន បានប្រ​មូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទីដប់​បី និង​នៅ​ថ្ងៃ​ទី​ដប់​បួន ហើយ​សម្រាក​នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ដោយ​តាំង​ថ្ងៃ​នោះ ជា​ថ្ងៃ​ជប់‌លៀង ហើយ​សប្បាយ​រីក‌រាយ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​សាសន៍​យូដា ដែល​រស់​នៅ​តាម​ជន​បទ ខាង​ក្រៅ​ទី​ក្រុង គេ​នាំ​គ្នា​កាន់​ថ្ងៃ​ទី​ដប់​បួន ក្នុង​ខែ​ផល្គុន ជា​ថ្ងៃ​សប្បាយ​រីក‌រាយ ហើយ​ជប់‌លៀង និង​ជា​ថ្ងៃ​មួយ​ដែល​គេ​ជូន​ជំនូន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

ចែក​រំលែក
អាន នាងអេសធើរ 9

នាងអេសធើរ 9:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ដប់‌ពីរ ត្រូវ​នឹង​ខែ​ផល្គុន គឺ​ជា​ថ្ងៃ​ដែល​រាជ​បញ្ជា និង​រាជ‌ក្រឹត្យ ត្រូវ​អនុវត្ត​ជា​ធរ‌មាន។ ថ្ងៃ​ដែល​ខ្មាំង​សត្រូវ​របស់​ជន‌ជាតិ​យូដា​សង្ឃឹម​ថា កិន​កម្ទេច​ជន‌ជាតិ​យូដា​នោះ បាន​ប្រែ​ក្លាយ​ទៅ​ជា​ថ្ងៃ ដែល​ជន‌ជាតិ​យូដា​កិន​កម្ទេច​ខ្មាំង​សត្រូវ​របស់​ខ្លួន​ទៅ​វិញ។ នៅ​តាម​ក្រុង​នានា ក្នុង​អាណា‌ខេត្ត​ទាំង​អស់​របស់​ព្រះ‌ចៅ​អហា‌ស៊ូរុស ជន‌ជាតិ​យូដា​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​សង‌សឹក​អស់​អ្នក​ដែល​មាន​បំណង​ធ្វើ​បាប​ពួក​គេ។ គ្មាន​នរណា​អាច​តទល់​នឹង​ជន‌ជាតិ​យូដា​បាន​ឡើយ ដ្បិត​ជាតិ​សាសន៍​ទាំង‌ឡាយ​ភ័យ​ខ្លាច​ជន‌ជាតិ​យូដា​គ្រប់ៗ​គ្នា។ មេ​ដឹក​នាំ​អាណា‌ខេត្ត ពួក​មេ‌ទ័ព ពួក​ទេសា‌ភិបាល និង​ពួក​រាជការ​ទាំង​អស់​បាន​គាំទ្រ​ជន‌ជាតិ​យូដា ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​លោក​ម៉ាដេ‌កាយ​គ្រប់ៗ​គ្នា ដ្បិត​លោក​ម៉ាដេ‌កាយ​ទទួល​តំណែង​ជា​មហា​មន្ត្រី​នៅ​ក្នុង​រាជ‌វាំង។ កិត្តិនាម​របស់​លោក​បាន​ល្បី​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ក្នុង​អាណា‌ខេត្ត​ទាំង​អស់ ហើយ​លោក​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។ ជន‌ជាតិ​យូដា​បាន​ប្រហារ​ជីវិត​ខ្មាំង​សត្រូវ​របស់​ខ្លួន​ដោយ​មុខ​ដាវ។ ពួក​គេ​កាប់​សម្លាប់ និង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ តាម​អំពើ​ចិត្ត​របស់​ខ្លួន។ គ្រាន់​តែ​នៅ​ក្រុង​ស៊ូសាន ជន‌ជាតិ​យូដា​បាន​ប្រហារ​ជីវិត​សត្រូវ​អស់​ប្រាំ​រយ​នាក់។ ពួក​គេ​ក៏​បាន​ប្រហារ​ជីវិត​ផើសាន‌ដាថា ដាល‌ផូន អ័ស‌ផាថា ផូរ៉ា‌ថា អដា‌លា អើរី‌ដាថា ផើម៉ាស‌ថា អើរី‌សាយ អរី‌ដាយ និង​វ៉ាយេ‌សាថា ជា​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាំម្ដា‌ថា ជា​បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា។ ប៉ុន្តែ ជន‌ជាតិ​យូដា​ពុំ​បាន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ​ទេ។ នៅ​ថ្ងៃ​ដដែល​នោះ ព្រះ‌រាជា​ជ្រាប​ដំណឹង​អំពី​ចំនួន​អស់​អ្នក ដែល​ជន‌ជាតិ​យូដា​បាន​សម្លាប់​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ​ថា៖ «គ្រាន់​តែ​នៅ​ក្នុង​ក្រុង​ស៊ូសាន​ជា​រាជ​ធានី ជន‌ជាតិ​យូដា​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ប្រាំ​រយ​នាក់ ព្រម​ទាំង​កូន​ប្រុស​របស់​លោក​ហាម៉ាន ទាំង​ដប់​នាក់។ ដូច្នេះ ក្នុង​អាណា‌ខេត្ត​ទាំង​មូល​មិន​ដឹង​ជា​ពួក​គេ​សម្លាប់​អស់​ប៉ុន្មាន​នាក់​ទេ។ ប៉ុន្តែ តើ​ព្រះ‌នាង​ចង់​បាន​អ្វី​ទៀត យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ ព្រះ‌នាង​សុំ​អ្វី​ក៏​យើង​ប្រទាន​ឲ្យ​ដែរ»។ ព្រះ‌នាង​អេសធើរ​ទូល​ស្ដេច​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ នៅ​ថ្ងៃ​ស្អែក សូម​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​ជន‌ជាតិ​យូដា​ប្រព្រឹត្ត ដូច​ថ្ងៃ​នេះ​នៅ​ក្រុង​ស៊ូសាន​ដែរ។ សូម​ឲ្យ​គេ​យក​សព​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន ទៅ​ព្យួរ​លើ​បង្គោល​នោះ​ផង»។ ព្រះ‌រាជា​ក៏​អនុញ្ញាត​ឲ្យ ហើយ​គេ​ប្រកាស​រាជ‌ក្រឹត្យ​នៅ​ក្រុង​ស៊ូសាន។ គេ​យក​សព​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន​ទៅ​ព្យួរ។ ជន‌ជាតិ​យូដា​បាន​ជួប‌ជុំ​គ្នា​ក្នុង​ក្រុង​ស៊ូសាន នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ផល្គុន​ដែរ ហើយ​ប្រហារ​ជីវិត​មនុស្ស​បី​រយ​នាក់​ទៀត តែ​មិន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ​ទេ។ ជន‌ជាតិ​យូដា​ឯ​ទៀតៗ​ដែល​នៅ​តាម​អាណា‌ខេត្ត​ទាំង‌ឡាយ បាន​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ការ‌ពារ​អាយុ​ជីវិត​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។ នៅ​ថ្ងៃ​ទី​ដប់​បី​នៃ​ខែ​ផល្គុន​នោះ ពួក​គេ​ប្រហារ​ជីវិត​បច្ចា‌មិត្ត​អស់​ប្រាំ‌ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់ តែ​មិន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទេ។ នៅ​ថ្ងៃ​ទី​ដប់‌បួន ពួក​គេ​សម្រាក ហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់‌លៀង​យ៉ាង​សប្បាយ។ ចំណែក​ឯ​ជន‌ជាតិ​យូដា​នៅ​ក្រុង​ស៊ូសាន​វិញ ពួក​គេ​ជួប‌ជុំ​គ្នា​សង‌សឹក​ខ្មាំង​សត្រូវ នៅ​ថ្ងៃ​ទី​ដប់​បី និង​ថ្ងៃ​ទី​ដប់‌បួន ពួក​គេ​សម្រាក​នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់‌លៀង​យ៉ាង​សប្បាយ។ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​យូដា​នៅ​ក្រៅ​ទីក្រុង នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ និង​ជប់‌លៀង នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ផល្គុន ព្រម​ទាំង​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

ចែក​រំលែក
អាន នាងអេសធើរ 9

នាងអេសធើរ 9:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ថ្ងៃ​១៣ នៅ​ខែ​១២ ជា​ខែ​ផល្គុន កាល​ព្រះ‌រាជ‌ឱង្ការ នឹង​បង្គាប់​របស់​ស្តេច​បាន​ជិត​ដល់​កំរិត​ហើយ គឺ​ជា​ថ្ងៃ​ដែល​ពួក​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា បាន​សង្ឃឹម​ថា នឹង​ឡើង​មាន​អំណាច​លើ​គេ​បាន (តែ​ពួក​យូដា​បាន​ត្រឡប់​ជា​មាន​អំណាច​លើ​ពួក​អ្នក ដែល​ស្អប់​ដល់​គេ​វិញ) នោះ​ពួក​សាសន៍​យូដា ក៏​មូល​គ្នា​នៅ​ទី​ក្រុង​ខ្លួន​ទាំង​ប៉ុន្មាន នៅ​អស់​ទាំង​អាណា​ខេត្ត​របស់​ស្តេច​អ័ហា‌ស៊ូរុស ដើម្បី​នឹង​តស៊ូ​ចំពោះ​ពួក​អ្នក ដែល​រក​ធ្វើ​បាប​ដល់​គេ ហើយ​គ្មាន​អ្នក​ណា​អាច​នឹង​ទ្រាំ​នៅ​ចំពោះ​គេ​បាន​ឡើយ ដ្បិត​សាសន៍​ទាំង​អស់​បាន​កើត​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​គេ​ហើយ ឯ​ពួក​អ្នក​ជា​ប្រធាន នៅ​គ្រប់​ទាំង​ខេត្ត ពួក​ចៅហ្វាយ​ខេត្ត ពួក​ចៅហ្វាយ​ស្រុក នឹង​ពួក​រាជ​ការ​ទាំង​ប៉ុន្មាន ក៏​ជួយ​ដល់​ពួក​យូដា ដោយ​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ម៉ា‌ដេកាយ ពី​ព្រោះ​ម៉ា‌ដេកាយ​បាន​ឡើង​ជា​អ្នក​ធំ ក្នុងព្រះ​រាជ​ដំណាក់ ហើយ​កិត្តិ‌នាម​លោក​ក៏​ផ្សាយ​សុស‌សាយ​ទួទៅ គ្រប់​ទាំង​ខេត្ត ដ្បិត​ម៉ា‌ដេកាយ​នេះ​បាន​កាន់​តែ​មាន​អំណាច​ឡើង​ជា​ដរាប ដូច្នេះ ពួក​សាសន៍​យូដា​បាន​ប្រហារ​ពួក​ខ្មាំង​សត្រូវ​ដោយ​ដាវ ព្រម​ទាំង​សំឡាប់​បំផ្លាញ​គេ ហើយ​បាន​ប្រព្រឹត្ត​នឹង​ពួក​អ្នក ដែល​ស្អប់​ខ្លួន​តាម​តែ​អំពើ​ចិត្ត នៅ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង ពួក​សាសន៍​យូដា​ក៏​បាន​សំឡាប់ ហើយ​បំផ្លាញ​មនុស្ស​អស់​៥០០​នាក់​ដែរ ឯ​ផើសាន‌ដាថា ដាល‌ផូន អ័ស‌ផាថា ផូរ៉ាថា អ័ដាលា អើរី‌ដាថា ផើម៉ាសថា អើរី‌សាយ អើរី‌ដាយ នឹង​វ៉ាយេ‌សាថា ជា​កូន​ទាំង​១០​របស់​ហាម៉ាន កូន​ហាំម្តាថា ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ពួក​សាសន៍​យូដា នោះ​គេ​ក៏​សំឡាប់​ទៅ​ដែរ តែ​គេ​មិន​បាន​ប៉ះ‌ពាល់​ដល់​របឹប​ទេ។ នៅ​ថ្ងៃ​នោះ​ឯង គេ​មក​ទូល​ដល់​ស្តេច ពី​ចំនួន​មនុស្ស​ដែល​គេ​បាន​សំឡាប់​នៅ​ក្នុង​ស៊ូសាន ជា​ក្រុង​ហ្លួង រួច​ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​អេសធើរ ជា​អគ្គ‌មហេសី​ថា ពួក​សាសន៍​យូដា​បាន​សំឡាប់ ហើយ​បំផ្លាញ​មនុស្ស អស់​៥០០​នាក់ នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង ព្រម​ទាំង​កូន​របស់​ហាម៉ាន​ទាំង​១០​ផង ដូច្នេះ នៅ​ព្រះ‌រាជ‌ខេត្ត​ឯ​ទៀត គេ​បាន​ធ្វើ​យ៉ាង​ណា​ទៅ ឥឡូវ​នេះ តើ​ព្រះ‌នាង​ចង់​សូម​អ្វី​ទៀត យើង​នឹង​បើក​ឲ្យ តើ​ប្រាថ្នា​ចង់​បាន​អ្វី នោះ​នឹង​បាន​សំរេច អេសធើរ​ទូល​ថា បើ​ព្រះ‌ករុណា​ទ្រង់​សព្វ​ព្រះ‌ទ័យ នោះ​សូម​បើក​ឲ្យ​ពួក​យូដា ដែល​នៅ​ក្រុង​ស៊ូសានបាន​ធ្វើ​តាម​ច្បាប់​ដដែល នៅ​ថ្ងៃ​ស្អែក​ទៀត ហើយ​ឲ្យ​គេ​ព្យួរ​ខ្មោច​កូន​របស់​ហាម៉ាន​ទាំង​១០​នាក់​នឹង​ឈើ​ទៅ ស្តេច​ទ្រង់​ក៏​បង្គាប់​ឲ្យ​ធ្វើ​ដូច្នោះ ហើយ​គេ​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ​នៅ​ក្រុង​ស៊ូសាន រួច​បាន​ព្យួរ​ខ្មោច​កូន​ហាម៉ាន​ទាំង​១០​នាក់​នោះ​ទៅ ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន ក៏​មូល​គ្នា នៅ​ថ្ងៃ​១៤ ខែ​ផល្គុន​នោះ​ឯង ហើយ​គេ​សំឡាប់​មនុស្ស​៣០០​នាក់​ទៀត នៅ​ស៊ូសាន តែ​គេ​មិន​ប៉ះ‌ពាល់​ដល់​របឹប​ទេ ឯ​ពួក​យូដា​ឯ​ទៀត​ទាំង​ប៉ុន្មាន ដែល​នៅ​អស់​ទាំង​ព្រះ‌រាជ‌ខេត្ត គេ​បាន​មូល​គ្នា ដើម្បី​ការ‌ពារ​ជីវិត​ខ្លួន ហើយ​គេ​មាន​សេចក្ដី​សាន្ត‌ត្រាណ ពី​ពួក​ខ្មាំង​សត្រូវ​របស់​គេ​ត​ទៅ គេ​បាន​សំឡាប់​ពួក​អ្នក​ដែល​ស្អប់​គេ​អស់​៧​ម៉ឺន​៥​ពាន់​នាក់ តែ​ឥត​បាន​ប៉ះ‌ពាល់​ដល់​របឹប​ទេ។ គេ​បាន​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​១៣ ខែ​ផល្គុន លុះ​ដល់​ថ្ងៃ​១៤ ទើប​គេ​ឈប់​សំរាក ហើយ​ក៏​តាំង​ថ្ងៃ​នោះ ជា​ថ្ងៃ​សំរាប់​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ តែ​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន គេ​បាន​មូល​គ្នា​នៅ​ថ្ងៃ​១៣ ក្នុង​ខែ​នោះ នឹង​នៅ​ថ្ងៃ​១៤​ដែរ លុះ​ដល់​ថ្ងៃ​១៥ ទើប​គេ​ឈប់​សំរាក ហើយ​តាំង​ថ្ងៃ​នោះ​ឡើង​សំរាប់​ជា​ថ្ងៃ​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា ដែល​នៅ​អស់​ទាំង​ទី​ក្រុង​ឥត​កំផែង​នៅ​ស្រុក​ក្រៅ គេ​កាន់​ថ្ងៃ​១៤ ខែ​ផល្គុន ជា​ថ្ងៃ​សំរាប់​រីក‌រាយ​សាទរ ហើយ​ជប់‌លៀង ជា​ថ្ងៃ​សប្បាយ ហើយ​ជា​ពេល​ជូន​ជំនូន​ទៅ​វិញ​ទៅ​មក។

ចែក​រំលែក
អាន នាងអេសធើរ 9

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ