នាង​អេសធើរ 9:1-19

នាង​អេសធើរ 9:1-19 គកស១៦

លុះ​ដល់​ខែ​ទី​ដប់ពីរ ដែល​ជា​ខែ​ផល្គុន នៅ​ថ្ងៃ​ទី​ដប់​បី​នោះ កាល​រាជ‌បញ្ជា និង​រាជ‌ក្រឹត្យ​របស់​ស្តេច​ហៀប​នឹង​ត្រូវ​បាន​គេ​អនុវត្ត នៅ​ថ្ងៃ​ដដែល​នោះ​ឯង កាល​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា សង្ឃឹម​ថា​នឹង​មាន​អំណាច​លើ​ពួក‌គេ នោះ​ស្ថាន​ភាព​ក៏​បាន​ផ្លាស់​ប្ដូរ គឺ​ពួក​សាសន៍​យូដា​បាន​ត្រឡប់​ជា​មាន​អំណាច​លើ​អស់​អ្នក​ដែល​ស្អប់​គេ​នោះ​វិញ។ ពួក​សាសន៍​យូដា​បាន​ប្រ‌មូល​ផ្ដុំ​គ្នា​នៅ​តាម​ទី​ក្រុង​របស់​ខ្លួន នៅ​គ្រប់​ទាំង​អាណា​ខេត្ត​របស់​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ដើម្បី​តយុទ្ធ​ប្រឆាំង​នឹង​អស់​អ្នក​ដែល​ប៉ុន​ប៉ង​ធ្វើ​បាប​ពួក‌គេ ហើយ​គ្មាន​អ្នក​ណា​អាច​ឈរ​ទាស់​នឹង​ពួក‌គេ​បាន​ឡើយ ដ្បិត​សាសន៍​ទាំង​អស់​ភ័យ​ខ្លាច​ពួក​សាសន៍​យូដា​គ្រប់ៗ​គ្នា។ ពួក​មន្ត្រី​នៅ​តាម​អាណា​ខេត្ត ពួក​នាយក ពួក​ទេសា‌ភិបាល និង​ពួក​រាជ‌ការ​ទាំង​ប៉ុន្មាន ក៏​ជួយ​ដល់​ពួក​សាសន៍​យូដា​ដែរ ដ្បិត​គេ​ភ័យ​ខ្លាច​ដល់​ម៉ា‌ដេកាយ។ ដ្បិត​ម៉ា‌ដេកាយ​បាន​ឡើង​ជា​អ្នក​ធំ​ក្នុង​ព្រះរាជ‌ដំណាក់ ហើយ​កិត្តិ‌នាម​លោក​ល្បី​ខ្ចរ​ខ្ចាយ​ពាស​ពេញ​អាណា​ខេត្ត​ទាំង​អស់ ហើយ​ម៉ា‌ដេកាយ​នេះ កាន់​តែ​មាន​អំណាច​ឡើង​ៗ។ ដូច្នេះ ពួក​សាសន៍​យូដា​បាន​ប្រហារ​ខ្មាំង​សត្រូវ​ដោយ​ដាវ ដោយ​សម្លាប់ និង​បំផ្លាញ​ពួក‌គេ ហើយ​បាន​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត ចំពោះ​អស់​អ្នក​ដែល​ស្អប់​ខ្លួន។ នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង ពួក​សាសន៍​យូដា​បាន​សម្លាប់ ហើយ​បំផ្លាញ​មនុស្ស​អស់​ប្រាំ​រយ​នាក់។ ពួក‌គេ​ក៏​បាន​សម្លាប់​ផើសាន‌ដាថា ដាលផូន អ័ស‌ផាថា ផូ‌រ៉ាថា អ័‌ដាលា អើរី‌ដាថា ផើម៉ាស‌ថា អើរី‌សាយ អើរី‌ដាយ និង​វ៉ាយេ‌សាថា ជា​កូន​ទាំង​ដប់​របស់​ហាម៉ាន កូន​ហាំ‌ម្តាថា ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ពួក​សាសន៍​យូដា តែ​គេ​មិន​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទេ។ នៅ​ថ្ងៃ​ដដែល​នោះ ចំនួន​អស់​អ្នក​ដែល​គេ​បាន​សម្លាប់​នៅ​ក្នុង​ស៊ូសាន ជា​ក្រុង​ហ្លួង ក៏បានឮ​ដល់​ស្ដេច។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី​ថា៖ «ពួក​សាសន៍​យូដា​បាន​សម្លាប់ ហើយ​បំផ្លាញ​មនុស្ស​អស់​ប្រាំ​រយ​នាក់ នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង ព្រម​ទាំង​កូន​ប្រុស​របស់​ហាម៉ាន​ទាំង​ដប់នាក់​ទៀត​ផង។ ដូច្នេះ នៅ​តាម​អាណា​‌ខេត្ត​ឯ​ទៀត​របស់​ស្ដេច តើ​គេ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ! ឥឡូវ​នេះ តើ​ព្រះ‌នាង​ចង់​សូម​អ្វី​ទៀត? យើង​នឹង​ប្រទាន​ឲ្យ​ទាំង​អស់។ តើព្រះ​នាង​មាន​សំណូម​ពរ​អ្វី​ថែម​ទៀត? យើង​នឹង​សម្រេច​ឲ្យ»។ ព្រះ​នាង​អេសធើរ​ទូល​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ នៅ​ថ្ងៃ​ស្អែក សូម​បើក​ឲ្យ​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន​បាន​ធ្វើ​តាម​រាជ​ក្រឹត្យ​ដូច​ថ្ងៃ​នេះ​ដែរ ហើយ​ឲ្យ​គេ​ព្យួរ​ខ្មោច​កូន​របស់​ហាម៉ាន​ទាំង​ដប់​នាក់​លើ​បង្គោល​នោះ​ផង»។ ស្ដេច​ក៏​បង្គាប់​ឲ្យ​ធ្វើ​ដូច្នោះ ហើយ​គេ​ប្រកាស​‌រាជ‌ក្រឹត្យ​នៅ​ក្រុង​ស៊ូសាន រួចគេ​បាន​ព្យួរ​ខ្មោច​កូន​ប្រុស​ទាំង​ដប់​របស់​ហាម៉ាន​នោះ​ទៅ។ ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន ក៏​ប្រមូល​ផ្ដុំ​គ្នា នៅ​ថ្ងៃ​ទីដប់​បួន ក្នុង​ខែ​ផល្គុន​នោះ​ឯង ហើយ​គេ​សម្លាប់​មនុស្ស​បីរយ​នាក់​ទៀត នៅ​ក្រុង​ស៊ូសាន តែ​គេ​មិន​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទេ។ ឯ​ពួក​សាសន៍​យូដា​ឯ​ទៀត​ៗ ដែល​នៅ​តាម​អាណា​‌ខេត្ត​របស់​ស្ដេច ក៏​បាន​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ការ​ពារ​ជីវិត​ខ្លួន​ដែរ ហើយ​គេ​បាន​ស្រាក​ស្រាន្ត‌ពី​ខ្មាំង​សត្រូវ​របស់​គេ គេ​បាន​សម្លាប់​អស់​អ្នក​ដែល​ស្អប់​គេ អស់​ប្រាំពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់ តែមិនបាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទេ។ គេ​បាន​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​ទីដប់​បី ខែ​ផល្គុន ហើយ​នៅ​ថ្ងៃ​ទី​ដប់​បួន គេ​ឈប់​សម្រាក ហើយ​ក៏​តាំង​ថ្ងៃ​នោះ ជា​ថ្ងៃ​ជប់​លៀង ហើយ​សប្បាយ​រីក‌រាយ។ ប៉ុន្ដែ ពួក​សាសន៍​យូដា​ដែល​នៅ​ក្រុង​ស៊ូសាន បានប្រ​មូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទីដប់​បី និង​នៅ​ថ្ងៃ​ទី​ដប់​បួន ហើយ​សម្រាក​នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ដោយ​តាំង​ថ្ងៃ​នោះ ជា​ថ្ងៃ​ជប់‌លៀង ហើយ​សប្បាយ​រីក‌រាយ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​សាសន៍​យូដា ដែល​រស់​នៅ​តាម​ជន​បទ ខាង​ក្រៅ​ទី​ក្រុង គេ​នាំ​គ្នា​កាន់​ថ្ងៃ​ទី​ដប់​បួន ក្នុង​ខែ​ផល្គុន ជា​ថ្ងៃ​សប្បាយ​រីក‌រាយ ហើយ​ជប់‌លៀង និង​ជា​ថ្ងៃ​មួយ​ដែល​គេ​ជូន​ជំនូន​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។