នាងអេសធើរ 4:3-17
នាងអេសធើរ 4:3-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅតាមអាណាខេត្តនីមួយៗ ពេលគេបានទទួលលិខិត និងរាជក្រឹត្យហើយ ជនជាតិយូដានាំគ្នាកាន់ទុក្ខយ៉ាងខ្លាំង។ ពួកគេតមអាហារ យំសោកសង្រេង ហើយមានពួកគេជាច្រើននាំគ្នាស្លៀកបាវដេកនៅក្នុងផេះ។ ពួកស្ត្រីបម្រើ និងមហាតលិករបស់ព្រះនាងអេសធើរ បាននាំដំណឹងនេះ មកទូលថ្វាយព្រះនាង ហើយព្រះមហាក្សត្រិយានីរន្ធត់ព្រះហឫទ័យពន់ប្រមាណ។ ព្រះនាងឲ្យគេយកសម្លៀកបំពាក់ទៅជូនលោកម៉ាដេកាយ ជំនួសបាវដែលលោកស្លៀកជាប់នឹងខ្លួន តែលោកម៉ាដេកាយពុំព្រមទេ។ ពេលនោះ ព្រះនាងអេសធើរបានហៅលោកហាថាក់ ជាមហាតលិក ដែលព្រះរាជាឲ្យមកនៅបម្រើព្រះនាង។ ព្រះនាងបញ្ជាគាត់ឲ្យទៅសួរលោកម៉ាដេកាយ អំពីមូលហេតុដែលជំរុញឲ្យលោកធ្វើបែបនេះ។ លោកហាថាក់ក៏ទៅជួបលោកម៉ាដេកាយនៅទីលានក្រុង ដែលស្ថិតនៅទល់មុខនឹងមាត់ទ្វាររាជវាំង។ លោកម៉ាដេកាយរៀបរាប់ប្រាប់គាត់អំពីហេតុការណ៍ទាំងអស់ដែលកើតមាន ព្រមទាំងពន្យល់យ៉ាងលំអិតអំពីរឿងប្រាក់ដែលលោកហាម៉ាន បានសន្យាបញ្ចូលទៅក្នុងឃ្លាំងរាជទ្រព្យ ប្រសិនបើស្ដេចចេញបញ្ជាឲ្យគេប្រល័យជីវិតជនជាតិយូដា។ លោកក៏បានប្រគល់រាជក្រឹត្យមួយច្បាប់ ដែលគេចេញផ្សាយនៅក្រុងស៊ូសាន ស្ដីអំពីការប្រល័យពូជសាសន៍យូដាឲ្យលោកហាថាក់ ដើម្បីគាត់យកទៅថ្វាយព្រះនាងអេសធើរ ព្រមទាំងរៀបរាប់ហេតុការណ៍នេះថ្វាយព្រះនាងផង។ លោកក៏បានសូមឲ្យព្រះនាងចូលទៅគាល់ព្រះរាជា ដើម្បីសូមការប្រណីសន្ដោស និងទូលអង្វរព្រះរាជា សម្រាប់ជាតិសាសន៍របស់ព្រះនាង។ លោកហាថាក់ក៏នាំពាក្យទាំងប៉ុន្មានរបស់លោកម៉ាដេកាយ ទៅទូលព្រះនាងអេសធើរ។ ព្រះនាងប្រាប់លោកហាថាក់ឲ្យទៅជម្រាបលោកម៉ាដេកាយវិញថា៖ «ពួករាជបម្រើ និងប្រជាជននៅក្នុងអាណាខេត្តរបស់ស្ដេច សុទ្ធតែដឹងថាបុរស ឬស្ត្រីណាដែលហ៊ានចូលទៅគាល់ស្ដេច នៅសាលខាងក្នុងរាជដំណាក់ ដោយស្ដេចមិនបានត្រាស់ហៅនោះ នឹងមានទោសដល់ស្លាប់ ស្របតាមច្បាប់ដែលមានចែងទុកសម្រាប់មនុស្សទួទៅ។ ប៉ុន្តែ បើព្រះរាជាហុចដំបងរាជ្យធ្វើពីមាសឲ្យនោះ ទើបរួចជីវិត។ ចំពោះខ្ញុំវិញ ព្រះរាជាមិនបានហៅខ្ញុំឲ្យចូលគាល់ អស់រយៈពេលមួយខែមកហើយ»។ គេក៏នាំរាជសវនីយ៍របស់ព្រះនាងអេសធើរ ទៅជម្រាបលោកម៉ាដេកាយ។ លោកម៉ាដេកាយឲ្យគេនាំពាក្យទៅទូលព្រះនាងអេសធើរវិញថា៖ «បពិត្រព្រះមហាក្សត្រិយានី សូមកុំនឹកស្មានថា ព្រះនាងអាចគេចផុតពីសេចក្ដីវិនាស ដែលនឹងកើតមានចំពោះជនជាតិយូដាទាំងអស់ឡើយ។ ប្រសិនបើព្រះនាងសម្ងំស្ងៀមនៅពេលនេះ ជនជាតិយូដាមុខតែទទួលជំនួយ និងរួចជីវិត តាមមធ្យោបាយមួយផ្សេងទៀត រីឯព្រះនាងវិញ ព្រះនាងនឹងវិនាសផុតពូជ។ ក៏ប៉ុន្តែ តើនរណាដឹង ព្រះនាងបានឡើងធ្វើជាព្រះមហាក្សត្រិយានីដូច្នេះ ប្រហែលជាដើម្បីសង្គ្រោះជនជាតិយូដា នៅពេលនេះហើយមើលទៅ!»។ ពេលនោះ ព្រះនាងអេសធើរចាត់គេឲ្យទៅជម្រាបលោកម៉ាដេកាយថា៖ «សូមអញ្ជើញទៅប្រមូលជនជាតិយូដាទាំងអស់នៅក្រុងស៊ូសាន ឲ្យតមអាហារសម្រាប់ខ្ញុំ ក្នុងរវាងបីថ្ងៃ គឺទាំងថ្ងៃ ទាំងយប់ មិនត្រូវបរិភោគ ឬផឹកអ្វីឡើយ។ រីឯខ្ញុំ និងស្ត្រីបម្រើរបស់ខ្ញុំ ក៏តមអាហារដែរ។ ខ្ញុំនឹងទៅគាល់ស្ដេច ទោះបីខុសច្បាប់ក៏ដោយ បើខ្ញុំត្រូវវិនាស នោះឲ្យវិនាសទៅចុះ»។ លោកម៉ាដេកាយចាកចេញទៅ ហើយធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះនាងអេសធើរបង្គាប់។
នាងអេសធើរ 4:3-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រប់អាណាខេត្ត កន្លែងណាដែលរាជក្រឹត្យ និងរាជបញ្ជារបស់ស្តេចបានទៅដល់ ទីនោះមានសេចក្ដីសៅសោកយ៉ាងខ្លាំងក្នុងចំណោមពួកសាសន៍យូដា ទាំងមានការតមអាហារ យំយែក ស្រែកទ្រហោ ក៏មានគ្នាច្រើនបានស្លៀកសំពត់ធ្មៃ ហើយដេកនៅក្នុងផេះ។ កាលពួកស្ត្រីបម្រើ និងពួកមហាតលិករបស់ព្រះនាងអេសធើរ ចូលមកទូលព្រះនាង ព្រះនាងមានសេចក្ដីថប់ព្រួយជាខ្លាំង។ ព្រះនាងក៏ឲ្យគេយកសម្លៀកបំពាក់ទៅជូនម៉ាដេកាយ ដើម្បីឲ្យគាត់បានផ្លាស់សំពត់ធ្មៃចេញ តែគាត់មិនព្រមទទួលទេ។ ពេលនោះ ព្រះនាងអេសធើរក៏ហៅហាថាក់ ជាមហាតលិករបស់ស្តេច ដែលទ្រង់បានតម្រូវឲ្យបម្រើព្រះនាង រួចបញ្ជាឲ្យគាត់ទៅជួបម៉ាដេកាយ ដើម្បីសួរឲ្យដឹងពីរឿងនោះ និងពីហេតុដែលលោកធ្វើដូច្នេះ។ ហាថាក់ក៏ចេញទៅជួបម៉ាដេកាយនៅទីលានក្រុង គឺក្នុងទីធ្លាក្រុងខាងមុខទ្វាររាជវាំង ហើយម៉ាដេកាយប្រាប់គាត់ពីគ្រប់ទាំងដំណើរដែលបានកើតមកដល់ខ្លួន និងពីចំនួនប្រាក់ដែលហាម៉ានបានសន្យាបញ្ចូលទៅក្នុងឃ្លាំងហ្លួង ដើម្បីបំផ្លាញពួកសាសន៍យូដា។ ម៉ាដេកាយក៏ឲ្យសំណៅរាជក្រឹត្យមួយច្បាប់ ជាសេចក្ដីដែលបានប្រកាសប្រាប់នៅក្រុងស៊ូសាន អំពីការបំផ្លាញសាសន៍យូដា ឲ្យគាត់នាំយកទៅបង្ហាញព្រះនាងអេសធើរ ហើយរៀបរាប់ទូលព្រះនាងឲ្យជ្រាប ព្រមទាំងផ្តាំឲ្យព្រះនាងចូលទៅគាល់ស្ដេច សុំការប្រណីសន្ដោស ហើយទូលអង្វរស្ដេចសម្រាប់សាសន៍របស់ព្រះនាង។ ហាថាក់ក៏វិលត្រឡប់ទៅទូលព្រះនាងអេសធើរ តាមពាក្យរបស់ម៉ាដេកាយ។ ពេលនោះ ព្រះនាងអេសធើរមានសវនីយ៍ទៅកាន់ហាថាក់ ហើយបង្គាប់ឲ្យគាត់ទៅជម្រាបម៉ាដេកាយថា៖ «អស់ទាំងរាជបម្រើរបស់ស្តេច និងប្រជាជននៅតាមអាណាខេត្តរបស់ស្ដេច សុទ្ធតែដឹងថា បើស្តេចមិនបានហៅរក នោះអ្នកណាក៏ដោយ ទោះប្រុស ឬស្រី ដែលនឹងចូលទៅគាល់ស្តេច ក្នុងព្រះរាជរោងខាងក្នុង នោះមានច្បាប់តែមួយចំពោះអ្នកនោះ គឺត្រូវសម្លាប់ លើកលែងតែអ្នកដែលស្ដេចហុចព្រះដំបងរាជ្យដែលធ្វើពីមាសឲ្យប៉ុណ្ណោះ ទើបរួចជីវិត។ ចំពោះខ្ញុំវិញ ស្តេចមិនបានហៅខ្ញុំឲ្យចូលគាល់អស់រយៈពេលសាមសិបថ្ងៃមកហើយ»។ គេក៏ទៅជម្រាបម៉ាដេកាយ តាមពាក្យរបស់ព្រះនាងអេសធើរ។ ពេលនោះ ម៉ាដេកាយក៏ប្រាប់គេឲ្យឆ្លើយតបនឹងព្រះនាងអេសធើរថា៖ «កុំនឹកស្មានថា ព្រះនាងនៅក្នុងដំណាក់របស់ស្ដេច នឹងគេចផុតលើសពីសាសន៍យូដាទាំងអស់នោះឡើយ។ ដ្បិតប្រសិនបើព្រះនាងនៅស្ងៀមក្នុងវេលានេះ នោះនឹងមានជំនួយ និងរំដោះឲ្យរួច ដល់ពួកសាសន៍យូដាពីកន្លែងមួយផ្សេងទៀត តែព្រះនាង និងញាតិវង្សបិតារបស់ព្រះនាង នឹងត្រូវវិនាសវិញ ហើយប្រហែលជាព្រះនាងបានឡើងក្នុងរាជ្យនេះ សម្រាប់ពេលនេះឯងទេដឹង?» ពេលនោះ ព្រះនាងអេសធើរក៏ប្រាប់គេឲ្យទៅជម្រាបម៉ាដេកាយថា៖ «សូមទៅប្រមូលពួកសាសន៍យូដាទាំងអស់ ដែលឃើញមាននៅក្រុងស៊ូសាន ឲ្យប្រជុំគ្នាតមអាហារសម្រាប់ខ្ញុំ កុំឲ្យបរិភោគអ្វីទាំងយប់ទាំងថ្ងៃ ក្នុងរវាងបីថ្ងៃ ឯខ្ញុំ និងពួកស្ត្រីបម្រើរបស់ខ្ញុំ ក៏នឹងតមអាហារដែរ។ បន្ទាប់មក ខ្ញុំនឹងចូលទៅគាល់ស្តេច ដែលជាការខុសច្បាប់ ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ»។ ម៉ាដេកាយក៏ទៅធ្វើតាមគ្រប់សេចក្ដី ដែលព្រះនាងអេសធើរបានបង្គាប់។
នាងអេសធើរ 4:3-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយនៅគ្រប់តែខេត្ត ត្រង់កន្លែងណាក៏ដោយ ដែលព្រះរាជឱង្ការ នឹងបង្គាប់នៃស្តេចបានទៅដល់ នោះមានសេចក្ដីសៅសោកជាខ្លាំង នៅក្នុងពួកសាសន៍យូដា ព្រមទាំងការតមអត់យំយែក ហើយស្រែកទ្រហោ ក៏មានគ្នាច្រើនបានគ្រលំដោយសំពត់ធ្មៃ ដេកនៅគំនរផែះផង។ ពួកស្រីបំរើ នឹងពួកភ្នាក់ងាររបស់អគ្គមហេសី នាងអេសធើរ ក៏មកទូលសេចក្ដីនោះដល់ព្រះនាង ដូច្នេះ ព្រះនាងមានសេចក្ដីថប់ព្រួយជាខ្លាំង ក៏ផ្ញើសំលៀកបំពាក់ទៅជូនដល់ម៉ាដេកាយ ដើម្បីឲ្យគាត់បានផ្លាស់សំពត់ធ្មៃចេញ តែគាត់មិនព្រមទទួលទេ អេសធើរក៏ហៅហាថាក់ ជាភ្នាក់ងាររបស់ស្តេច ដែលទ្រង់បានដំរូវឲ្យបំរើព្រះនាងមកបង្គាប់ឲ្យទៅឯម៉ាដេកាយ ដើម្បីនឹងសួរឲ្យដឹងពីរឿងនោះ ហើយពីហេតុអ្វីបានជាកើតដូច្នេះ ហាថាក់ក៏ចេញទៅឯម៉ាដេកាយ នៅត្រង់ទីធ្លាក្រុង ដែលនៅមុខព្រះរាជវាំង ហើយម៉ាដេកាយប្រាប់គាត់ ពីគ្រប់ទាំងដំណើរដែលបានកើតមកដល់ខ្លួន នឹងពីចំនួនប្រាក់ដែលហាម៉ានបានសន្យាបញ្ចេញទៅឯឃ្លាំងហ្លួងទាំងប៉ុន្មាន ឲ្យបានបំផ្លាញដល់ពួកសាសន៍យូដា ក៏ឲ្យសំណៅព្រះរាជឱង្ការ១ច្បាប់ ជាសេចក្ដីដែលបានប្រកាសប្រាប់នៅក្រុងស៊ូសាន បង្គាប់ឲ្យសំឡាប់គេ ដល់ភ្នាក់ងារនោះ ឲ្យនាំយកទៅបង្ហាញដល់អេសធើរ ហើយរាប់រៀបទូលព្រះនាងឲ្យជ្រាប ព្រមទាំងផ្តាំ ឲ្យព្រះនាងចូលទៅ ទូលអង្វរចំពោះស្តេច ថ្វាយពាក្យសំណូមជំនួសសាសន៍របស់ខ្លួនផង។ ហាថាក់ក៏ទៅក្រាបទូលដល់អេសធើរ តាមពាក្យរបស់ម៉ាដេកាយ រួចអេសធើរមានសវនីយ៍នឹងហាថាក់ផ្តាំឲ្យទៅជំរាបម៉ាដេកាយថា អស់ទាំងពួកបំរើរបស់ស្តេច នឹងពួកបណ្តាជន នៅគ្រប់ទាំងខេត្តរបស់ទ្រង់ សុទ្ធតែដឹងថា បើស្តេចមិនបានហៅរក នោះអ្នកណាក៏ដោយ ទោះប្រុសឬស្រីក្តី ដែលនឹងចូលទៅឯស្តេច ក្នុងព្រះរាជរោងខាងក្នុង នោះមានច្បាប់តែ១ចំពោះអ្នកនោះ គឺត្រូវសំឡាប់បង់ លើកតែអ្នកណាដែលទ្រង់នឹងហុចព្រះដំបងមាស មកប្រោសឲ្យបានរស់ប៉ុណ្ណោះ តែស្តេចមិនបានហៅខ្ញុំឲ្យចូលទៅចំពោះទ្រង់អស់៣០ថ្ងៃនេះហើយ រួចគេក៏ទៅជំរាបម៉ាដេកាយ តាមពាក្យរបស់អេសធើរវិញ។ ឯម៉ាដេកាយ ក៏ប្រាប់ឲ្យគេចូលទៅទូលឆ្លើយនឹងអេសធើរថា កុំឲ្យគិតស្មានថាព្រះនាងនឹងរួចជីវិត នៅក្នុងដំណាក់ស្តេច ជាជាងពួកសាសន៍យូដាឯទៀតនោះឡើយ ដ្បិតបើព្រះនាងនឹងស្ងៀមនៅក្នុងវេលានេះ នោះនឹងកើតមានសេចក្ដីសង្គ្រោះ នឹងសេចក្ដីប្រោសឲ្យរួច ដល់ពួកយូដាពីកន្លែងផ្សេងទៀត តែព្រះនាង នឹងញាតិវង្សរបស់បិតានៃព្រះនាង នឹងត្រូវវិនាសវិញ ហើយប្រហែលជាព្រះនាង បានតាំងឡើងក្នុងរាជ្យ សំរាប់ពេលនេះឯងទេដឹង ដូច្នេះ អេសធើរក៏បង្គាប់ ឲ្យគេទៅជំរាបម៉ាដេកាយថា សូមទៅប្រមូលពួកសាសន៍យូដា ដែលនៅក្រុងស៊ូសានឲ្យប្រជុំគ្នាតមអត់ឲ្យខ្ញុំ កុំឲ្យបរិភោគអ្វីទាំងយប់ទាំងថ្ងៃអស់រវាង៣ថ្ងៃ ឯខ្ញុំ នឹងពួកស្រីបំរើរបស់ខ្ញុំ ក៏នឹងតមដូច្នោះដែរ យ៉ាងនោះ ខ្ញុំនឹងចូលទៅគាល់ស្តេច ដែលជាការខុសច្បាប់ ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ នោះម៉ាដេកាយក៏ទៅធ្វើតាមគ្រប់សេចក្ដី ដែលអេសធើរបានបង្គាប់មក។