នាងអេសធើរ 3:1-15

នាងអេសធើរ 3:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ហេតុ​ការណ៍​នោះ​មក ព្រះ‌បាទ​អ័ហា‌ស៊ូរុស​បាន​លើក​តម្កើង​ហាម៉ាន កូន​ហាំ‌ម្តាថា ជា​សាសន៍​អ័កាក់ ទាំង​ប្រទាន​តំណែង​ដល់​លោក ហើយ​តាំង​ឲ្យ​លោក​មាន​ងារ​ធំ លើស​អស់​ពួក​មន្ត្រីទាំង​ប៉ុន្មាន​ដែល​នៅ​ចំពោះ​ស្ដេច។ ពួក​រាជ​បម្រើ​របស់​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ត្រង់​មាត់​ទ្វារ​រាជ‌វាំង សុទ្ធ​តែ​ឱន​ចុះ ហើយ​គោរព​ដល់​ហាម៉ាន ដ្បិត​ស្ដេច​បាន​ចេញ​រាជ​បញ្ជា​ដូច្នោះ​ពី​ដំណើរ​របស់​លោក តែ​ម៉ា‌ដេកាយ​មិន​បាន​ឱនចុះ ឬ​គោរព​ឡើយ។ ដូច្នេះ ពួក​រាជ​បម្រើ​របស់​ស្តេច​ដែល​នៅ​ត្រង់​មាត់​ទ្វារ​រាជ‌វាំង សួរ​ម៉ា​ដេ​កាយ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នកទទឹង​នឹង​រាជ​បញ្ជា​របស់​ស្តេច​ដូច្នេះ?» កាល​គេ​សួរ​គាត់​ពី​មួយ​ទៅ​មួយ​ថ្ងៃ ហើយ​គាត់​មិន​ព្រម​ស្តាប់​គេ គេ​ក៏​ប្រាប់​ហាម៉ាន ដើម្បី​ចង់​ដឹង​ថា តើ​ម៉ា‌ដេកាយ​ប្រកាន់​តាម​ពាក្យ​របស់​គាត់​បាន ឬ​មិន​បាន ដ្បិត​គាត់​បាន​ប្រាប់​ឲ្យ​គេ​ថា​គាត់​ជា​សាសន៍​យូដា។ កាល​ហាម៉ាន​ឃើញ​ថា ម៉ា‌ដេកាយ​មិន​ព្រម​ឱន​ចុះ ឬ​គោរព​ដល់​ខ្លួន លោក​មាន​ចិត្ត​ក្រេវ​ក្រោធ​ជា​ខ្លាំង។ ប៉ុន្ដែ លោក​តោះ‌តើយ​មិន​ចង់​កម្ចាត់​ម៉ា‌ដេកាយ​តែ​ម្នាក់​ប៉ុណ្ណោះ​ឡើយ ដ្បិត​មាន​គេ​បាន​ជម្រាប​ហាម៉ាន​ពី​សាសន៍​របស់​ម៉ា‌ដេកាយ ដូច្នេះ លោក​ក៏​រក​ឱកាស​នឹង​បំផ្លាញ​សាសន៍​យូដា​ទាំង​អស់ គឺ​ជន​រួម​ជាតិ​របស់​ម៉ា‌ដេកាយ ដែល​មាន​នៅ​ពាស​ពេញ​ក្នុង​នគរ​របស់ព្រះ‌បាទ​អ័ហា‌ស៊ូរុស​ទាំង​មូល។ នៅ​ខែ​ទីមួយ ដែល​ជា​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​ដប់​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អ័ហា‌ស៊ូរុស គេ​វាយ​លេខ​តាម​របៀន «ពោរ» នៅ​មុខ​ហាម៉ាន ដើម្បី​ដេញ​រក​ថ្ងៃ​ខែ ហើយ​ក៏​ត្រូវចំលើថ្ងៃ​ទីដប់​បី នៃ​ខែ​ទី​ដប់​ពីរ ដែល​ត្រូវ​ជា​ខែ​ផល្គុន។ ពេល​នោះ ហាម៉ាន​ទូលព្រះ‌បាទ​អ័ហា‌ស៊ូរុស​ថា៖ «មាន​ជាតិ​សាសន៍​មួយ ដែល​ខ្ចាត់‌ខ្ចាយ​នៅ​កណ្ដាល់​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ក្នុងអស់​ទាំង​អាណា​ខេត្ត​របស់​ព្រះ‌ករុណា ពួក‌គេ​មាន​ច្បាប់​ខុស​ពី​ច្បាប់​នៃជាតិ​សាសន៍​ទាំង​អស់ ហើយ​គេ​មិន​កាន់​តាម​ច្បាប់​របស់​ព្រះ‌ករុណា​ទេ ដូច្នេះ មិន​គួរ​ឲ្យ​ព្រះ‌ករុណា​ទុក​ឲ្យ​ពួក‌គេ​រស់​នៅ​ទៀត​ឡើយ។ ប្រសិន‌បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​ចេញ​បញ្ជា​ឲ្យ​បំផ្លាញ​ពួកគេ​ចេញ​ទៅ ទូល‌បង្គំ​នឹង​ប្រគល់​ប្រាក់​មួយ​ម៉ឺន​ហាប​ទៅ​ក្នុង​ឃ្លាំង​ហ្លួង សម្រាប់​ពួក​អ្នក​ដែល​ចាត់‌ចែង​ការ​នោះ»។ ដូច្នេះ ស្ដេច​ក៏​ដោះ​ព្រះ‌ទម្រង់​ពី​ព្រះ‌ហស្ត​ប្រគល់​ទៅ​ឲ្យ​ហាម៉ាន ជា​កូន​ហាំ‌ម្តាថា សាសន៍​អ័កាក់ ជា​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា។ ស្ដេច​មាន​រាជ​ឱង្ការ​ទៅ​កាន់​ហាម៉ាន​ថា៖ «ប្រាក់​នោះ​យើង​ប្រគល់​ឲ្យ​អ្នក ហើយ​សាសន៍​នោះ​ក៏​យើង​ប្រគល់​ឲ្យ​អ្នក​ដែរ ដើម្បី​ឲ្យ​អ្នកប្រព្រឹត្ត​ចំពោះពួក‌គេ តាម​តែលោកយល់​ឃើញ​ថា​ល្អ​ចុះ»។ នៅ​ថ្ងៃ​ដប់​បី ក្នុង​ខែ​ទីមួយ គេ​បាន​ហៅ​ពួក​ស្មៀន​ហ្លួង​មក ឲ្យ​សរសេរ​គ្រប់​ទាំង​សេចក្ដី​ដែល​ហាម៉ាន​បង្គាប់​ដល់​ពួក​នាយក​តំណាង​ស្តេច ពួក​ចៅ‌ហ្វាយ​ខេត្ត​ដែល​គ្រប់​គ្រង​នៅ​គ្រប់​អាណា​ខេត្ត និង​ពួក​មន្ត្រី​គ្រប់​ទាំង​សាសន៍ គឺ​ដល់​គ្រប់​ខេត្ត​តាម​អក្សរ​ជាតិ​របស់​គេ ហើយ​ដល់​គ្រប់​សាសន៍ តាម​ភាសា​របស់​គេ ច្បាប់​នោះ​បាន​កត់​ទុក​ក្នុង​នាម​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ក៏​បោះ​ត្រា​ដោយ​ព្រះ‌ទម្រង់​របស់​ស្តេច​ទៀត​ផង។ គេ​ផ្ញើ​សំបុត្រ​ទាំង​នោះ​ទៅ​គ្រប់​ទាំង​អាណា​ខេត្ត​របស់​ស្តេច ដោយ‌សារ​ពួក​អ្នក​រត់​សំបុត្រ បញ្ជា​ឲ្យ​បំផ្លាញ សម្លាប់ ហើយ​ធ្វើ​ឲ្យ​សាសន៍​យូដា​ទាំង​អស់​វិនាស​សាប​សូន្យ ទាំង​ចាស់ ទាំង​ក្មេង ទាំង​ស្ត្រី ទាំង​ទារក ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​ដប់​បី ខែ​ទី​ដប់​ពីរ ដែល​ត្រូវ​ជា​ខែ​ផល្គុន ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​គេ​ទៀត​ផង។ អា​ណា​ខេត្ត​នីមួយៗ បាន​ទទួល​រាជ‌ក្រឹត្យ​មួយ​ច្បាប់ សម្រាប់​ប្រកាស​ប្រាប់​ដល់​អស់​ទាំង​សាសន៍ ដើម្បី​ឲ្យ​គេ​បាន​ប្រុង‌ប្រៀប​ជា​ស្រេច​នៅ​ថ្ងៃ​នោះ។ ពួក​អ្នក​រត់​សំបុត្រ​ក៏​ចេញ​ទៅ​យ៉ាង​ប្រញាប់​ប្រញាល់ តាម​បញ្ជា​របស់​ស្តេច ហើយ​‌គេ​បាន​ប្រកាស​រាជ‌ក្រឹត្យ​នោះនៅ​ស៊ូសាន ជា​ក្រុង​ហ្លួង។ ពេល​នោះ ស្តេច​គង់​សោយ​ស្រា​ជាមួយ​ហាម៉ាន តែ​ឯ​ទី​ក្រុង​ស៊ូសាន មាន​ការ​ច្រួល​ច្របល់​កើត​ឡើង​ជា​ខ្លាំង។

ចែក​រំលែក
អាន នាងអេសធើរ 3

នាងអេសធើរ 3:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌រាជា​បាន​តែង‌តាំង​លោក​ហាម៉ាន ជា​កូន​របស់​លោក​ហាំម្ដា‌ថា ដែល​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ ឲ្យ​ធ្វើ​ជា​មហា​មន្ត្រី និង​ជា​ប្រមុខ​លើ​មេ​ដឹក​នាំ​ទាំង​អស់។ ព្រះ‌រាជា​បាន​ចេញ​បញ្ជា​ឲ្យ​រាជ​បម្រើ​ទាំង​អស់ ដែល​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​វាំង ឱន​គោរព និង​ថ្វាយ‌បង្គំ​លោក​ហាម៉ាន តែ​លោក​ម៉ាដេ‌កាយ​ពុំ​ព្រម​ឱន​គោរព ឬ​ថ្វាយ‌បង្គំ​លោក​ហាម៉ាន​ទេ។ ពួក​រាជ​បម្រើ ដែល​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​វាំង ពោល​ទៅ​កាន់​លោក​ម៉ាដេ‌កាយ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច?»។ ពួក​គេ​តែងតែ​សួរ​លោក​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ លោក​មិន​ស្ដាប់​ពួក​គេ​ឡើយ។ លោក​បាន​ប្រាប់​ពួក​គេ​ថា លោក​ជា​ជន‌ជាតិ​យូដា។ ដូច្នេះ ពួក​គេ​ក៏​រាយ‌ការណ៍​ប្រាប់​លោក​ហាម៉ាន ព្រោះ​ចង់​ដឹង​ថា តើ​លោក​ម៉ាដេ‌កាយ​នៅ​តែ​ប្រកាន់​ជំហរ​បែប​នេះ ឬ​យ៉ាង​ណា។ ពេល​លោក​ហាម៉ាន​ឃើញ​លោក​ម៉ាដេ‌កាយ​ពុំ​ព្រម​ឱន​គោរព ឬ​ថ្វាយ‌បង្គំ​លោក​ទេ​នោះ លោក​ខឹង​ជា​ខ្លាំង។ មាន​គេ​ជម្រាប​លោក​ហាម៉ាន​ថា លោក​ម៉ាដេ‌កាយ​ជា​ជន‌ជាតិ​យូដា ដូច្នេះ លោក​ហាម៉ាន​ក៏​យល់​ថា នេះ​ជា​មូល​ហេតុ​មួយ ដែល​ត្រូវ​តែ​កម្ចាត់​លោក​ម៉ាដេ‌កាយ​ចោល។ លោក​ក៏​រក​មធ្យោ‌បាយ​លុប​បំបាត់​ជន‌ជាតិ​យូដា ជា​ជន​រួម​ជាតិ​របស់​លោក​ម៉ាដេ‌កាយ ឲ្យ​វិនាស​សូន្យ​ពី​រាជា‌ណាចក្រ​របស់​ព្រះចៅ​អហា‌ស៊ូរុស។ នៅ​ខែ​ទី​មួយ គឺ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​ដប់‌ពីរ​នៃ​រជ្ជ‌កាល​ព្រះចៅ​អហា‌ស៊ូរុស គេ​បាន​បោះ​ពួរីម*​នៅ​ចំពោះ​មុខ​លោក​ហាម៉ាន ដើម្បី​ផ្សង​មើល​ថា តើ​ថ្ងៃ​ណា ខែ​ណា ជា​វេលា​ល្អ។ ពួរីម​នោះ​ប៉ះ​ចំ​លើ​ខែ​ទី​ដប់‌ពីរ ឬ​ខែ​ផល្គុន។ លោក​ហាម៉ាន​ទូល​ព្រះចៅ​អហា‌ស៊ូរុស​ថា៖ «មាន​ជាតិ​សាសន៍​មួយ​ខុស​ពី​ជាតិ​សាសន៍​ឯ​ទៀតៗ ពួក​គេ​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍ និង​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន​នៃ​រាជា‌ណាចក្រ​របស់​ព្រះ‌ករុណា ពួក​គេ​មាន​ទំនៀម‌ទម្លាប់​ខុស​ប្លែក​ពី​ជាតិ​សាសន៍​ដទៃ ហើយ​មិន​គោរព​ច្បាប់​របស់​ព្រះ‌ករុណា​ទេ។ ហេតុ​នេះ មិន​គួរ​ព្រះ‌ករុណា​ទុក​ឲ្យ​ពួក​គេ​រស់​នៅ​ដោយ​សុខ‌សាន្ត​ឡើយ។ ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ចេញ​បញ្ជា ដើម្បី​ប្រល័យ​ជីវិត​ពួក​គេ​ទៅ។ ទូលបង្គំ​នឹង​ថ្លឹង​ប្រាក់​បី​រយ​តោន ឲ្យ​ពួក​រាជការ​យក​ទៅ​ដាក់​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ»។ ព្រះ‌រាជា​ក៏​ដោះ​ព្រះ‌ទម្រង់ ដែល​ជា​ត្រា ហុច​ទៅ​ឲ្យ​លោក​ណាម៉ាន ជា​កូន​របស់​លោក​ហាំម្ដា‌ថា និង​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ហាម៉ាន​ថា៖ «ចូរ​ទុក​ប្រាក់​របស់​លោក​ចុះ រីឯ​ជាតិ​សាសន៍​នោះ​វិញ យើង​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ ចូរ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​តែ​លោក​យល់​ឃើញ!»។ នៅ​ថ្ងៃ​ទី​បី ក្នុង​ខែ​ទី​មួយ គេ​បាន​កោះ​ហៅ​ពួក​ស្មៀន​ហ្លួង​មក ឲ្យ​សរសេរ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​លោក​ហាម៉ាន សម្រាប់​ផ្ញើ​ជូន​ពួក​មេ​បញ្ជា‌ការ​កង‌ទ័ព ពួក​ទេសា‌ភិបាល​អាណា‌ខេត្ត និង​មេ​ដឹក​នាំ​របស់​ជាតិ​សាសន៍​នានា។ លិខិត​នោះ​សរសេរ​តាម​អក្សរ​របស់​អាណា‌ខេត្ត​នីមួយៗ និង​តាម​ភាសា​របស់​ជាតិ​សាសន៍​នីមួយៗ ក្នុង​នាម​ព្រះចៅ​អហា‌ស៊ូរុស ព្រម​ទាំង​មាន​ប្រថាប់​ត្រា​ព្រះ‌រាជា​ទៀត​ផង។ គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​យក​លិខិត​ទាំង​នោះ ទៅ​គ្រប់​អាណា‌ខេត្ត​របស់​ព្រះ‌រាជា បញ្ជា​ឲ្យ​ប្រល័យ​ពូជ​សាសន៍​យូដា​ទាំង​អស់ ទាំង​ក្មេង​ប្រុស ទាំង​មនុស្ស​ចាស់​ជរា ទាំង​ទារក​ដែល​នៅ​បៅ ទាំង​ស្ត្រី ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ។ ត្រូវ​ប្រហារ​ជីវិត​ពួក​គេ​ឲ្យ​វិនាស​សូន្យ ក្នុង​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃ​ទី​ដប់​បី ក្នុង​ខែ​ទី​ដប់‌ពីរ ដែល​ត្រូវ​នឹង​ខែ​ផល្គុន។ អាណា‌ខេត្ត​នីមួយៗ​ទទួល​រាជ‌ក្រឹត្យ​មួយ​ច្បាប់ សម្រាប់​ប្រកាស​ជា​សាធារណៈ ដើម្បី​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ត្រៀម​ខ្លួន​ជា​ស្រេច នៅ​ថ្ងៃ​នោះ។ ពួក​អ្នក​នាំ​សារ​ប្រញាប់‌ប្រញាល់​ចាក​ចេញ ទៅ​តាម​បញ្ជា​របស់​ស្ដេច។ គេ​ក៏​បាន​ប្រកាស​រាជ‌ក្រឹត្យ​នេះ​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី​ដែរ។ ពេល​នោះ ព្រះ‌រាជា​គង់​សោយ​សុរា​ជា​មួយ​លោក​ហាម៉ាន តែ​មាន​សម្រែក​យំ​សោក​ពាស‌ពេញ​ក្រុង​ស៊ូសាន។

ចែក​រំលែក
អាន នាងអេសធើរ 3

នាងអេសធើរ 3:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​មក ស្តេច​អ័ហា‌ស៊ូរុស​ទ្រង់​លើក​ដំកើង​ហាម៉ាន កូន​ហាំម្តាថា ជា​សាសន៍​អ័កាក់ ទាំង​លើក​លោក​ឡើង តាំង​ឲ្យ​មាន​ងារ​ជា​ធំ​លើស​អស់​ទាំង​អ្នក ជា​ប្រធាន​ដែល​នៅ​ចំពោះ​ទ្រង់ ដូច្នេះ ពួក​មហា‌តលិក​របស់​ស្តេច ដែល​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌រាជ‌វាំង គេ​ឱន​ខ្លួន​ចុះ​គោរព​ដល់​ហាម៉ាន​ទាំង​អស់​គ្នា ពី​ព្រោះ​ស្តេច​ទ្រង់​បាន​ចេញ​បង្គាប់ ពី​ដំណើរ​លោក​យ៉ាង​នោះ តែ​ម៉ា‌ដេកាយ​មិន​បាន​ឱន​ខ្លួន​ទេ ក៏​មិន​គោរព​ផង ដូច្នេះ ពួក​មហា‌តលិក​របស់​ស្តេច​ដែល​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌រាជ​វាំង គេ​សួរ​គាត់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ទទឹង​នឹង​បង្គាប់​ស្តេច​ដូច្នេះ រួច​កាល​គេ​បាន​រំឭក​ដល់​គាត់​រាល់​តែ​ថ្ងៃ តែ​គាត់​មិន​ព្រម​ស្តាប់​តាម នោះ​គេ​ក៏​ជំរាប​ដល់​ហាម៉ាន ដើម្បី​នឹង​ល​មើល​បើ​សេចក្ដី​ដែល​ម៉ា‌ដេកាយ​ប្រព្រឹត្ត​ដូច្នោះ នឹង​បាន ឬ​មិន​បាន​ពី​ព្រោះ​គាត់​បាន​ប្រាប់​ឲ្យ​គេ​ដឹង​ហើយ ថា​គាត់​ជា​សាសន៍​យូដា កាល​ហាម៉ាន​ឃើញ​ថា ម៉ា‌ដេកាយ​មិន​ឱន​គោរព​ដល់​ខ្លួន​ទេ នោះ​លោក​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ក្រោធ តែ​លោក​តោះ‌តើយ នឹង​ចង់​ចាប់​ម៉ា‌ដេកាយ​តែ​១​ប៉ុណ្ណោះ ដ្បិត​គេ​បាន​ជំរាប​ឲ្យ​លោក​ជ្រាប​ពី​សាសន៍​របស់​ម៉ា‌ដេកាយ​ហើយ បាន​ជា​លោក​រក​ឱកាស​នឹង​បំផ្លាញ​សាសន៍​យូដា​ទាំង​អស់​បង់ ដែល​មាន​នៅ​ពេញ​ក្នុង​នគរ​របស់​អ័ហា‌ស៊ូរុស​ទាំង​មូល​វិញ គឺ​ជា​ជាតិ​របស់​ម៉ា‌ដេកាយ​ទាំង​ប៉ុន្មាន។ រីឯ​នៅ​ឆ្នាំ​១២ ក្នុង​រាជ្យ​អ័ហា‌ស៊ូរុស គឺ​នៅ​ខែ​ទី​១ ជា​ខែ​ចេត្រ នោះ​គេ​វាយ​លេខ​តាម​របៀន «ពោរ» នៅ​មុខ​ហាម៉ាន ដេញ​រក​ថ្ងៃ​ខែ ទៅ​ទល់​នឹង​ខែ​១២ ទើប​ត្រូវ គឺ​ជា​ខែ​ផល្គុន នោះ​ហាម៉ាន​ទូល​ដល់​ស្តេច​អ័ហា‌ស៊ូរុស​ថា មាន​សាសន៍១ ដែល​ខ្ចាត់​ខ្ចាយ​នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ក្នុង​គ្រប់​ទាំង​អាណា​ខេត្ត​របស់​ទ្រង់ គេ​មាន​ច្បាប់​ខុស​ពី​ច្បាប់​នៃ​សាសន៍​ទាំង​អស់ ក៏​មិន​កាន់​តាម​ច្បាប់​របស់​ព្រះ‌ករុណា​ផង ដូច្នេះ មិន​គួរ​ឲ្យ​ព្រះ‌ករុណា​ទុក​ឲ្យ​គេ​នៅ​ទៀត​ទេ បើ​សិន​ជា​ព្រះ‌ករុណា​ទ្រង់​សព្វ​ព្រះ‌ទ័យ នោះ​សូម​ទ្រង់​បង្គាប់​ឲ្យ​មាន​ច្បាប់​កត់​ទុក ឲ្យ​បំផ្លាញ​ពួក​នោះ​ចេញ យ៉ាង​នោះ​ទូលបង្គំ​នឹង​ប្រគល់​ប្រាក់​១​ម៉ឺន​ហាប​ទៅ​ក្នុង​ឃ្លាំង​ហ្លួង​ទាំង​ប៉ុន្មាន សំរាប់​ពួក​អ្នក​ដែល​ចាត់‌ចែង​ការ​នោះ ដូច្នោះ ស្តេច​ទ្រង់​ដោះ​ព្រះ‌ទំរង់​ពី​ព្រះ‌ហស្ត​ប្រគល់​ដល់​ហាម៉ាន ជា​កូន​ហាំម្តាថា សាសន៍​អ័កាក់ ជា​ខ្មាំង​សត្រូវ​ពួក​យូដា ដោយ​បន្ទូល​ថា ប្រាក់​នោះ​យើង​បាន​អនុញ្ញាត​ឲ្យ​អ្នក​ហើយ ព្រម​ទាំង​សាសន៍​នោះ​ផង ដើម្បី​ឲ្យ​អ្នក​ធ្វើ​ដល់​គេ តាម​តែ​គិត​ឃើញ​ថា​ល្អ​ចុះ។ នៅ​ថ្ងៃ​១៣ ខែ​ចេត្រ គេ​បាន​ហៅ​ពួក​ស្មៀន​ហ្លួង​មក កត់​គ្រប់​ទាំង​សេចក្ដី​ដែល​ហាម៉ាន​បង្គាប់​ដល់​ពួក​ចៅហ្វាយ​ខេត្ត​របស់​ស្តេច ពួក​ចៅហ្វាយ​ដែល​ត្រួត​នៅ​គ្រប់​តែ​ស្រុក នឹង​ពួក​មេ​នៃ​គ្រប់​ទាំង​សាសន៍ គឺ​ដល់​គ្រប់​ខេត្ត​តាម​អក្សរ​ជាតិ​របស់​គេ ហើយ​ដល់​គ្រប់​សាសន៍ តាម​ភាសា​របស់​គេ ច្បាប់​នោះ​បាន​កត់​ទុក​ដោយ​នូវ​ព្រះ‌នាម​ស្តេច​អ័ហា‌ស៊ូរុស ក៏​បោះ​ត្រា​ដោយ​ព្រះ‌ទំរង់​របស់​ស្តេច​ដែរ ហើយ​គេ​ផ្ញើ​សំបុត្រ​ទាំង​នោះ ទៅ​គ្រប់​ទាំង​ខេត្ត​របស់​ស្តេច ដោយ‌សារ​ពួក​អ្នក​រត់​សំបុត្រ បង្គាប់​ឲ្យ​បំផ្លាញ​សំឡាប់ ហើយ​ធ្វើ​ឲ្យ​ពួក​សាសន៍​យូដា​ទាំង​អស់​វិនាស​បង់ ទោះ​ទាំង​ចាស់​ទាំង​ក្មេង នឹង​កូន‌ង៉ែត ហើយ​ស្ត្រីៗ​ផង ក្នុង​រវាង​១​ថ្ងៃ​កំណត់​នោះ ដែល​ត្រូវ​ជា​ថ្ងៃ​១៣ ខែ​១២ គឺ​ជា​ខែ​ផល្គុន ព្រម​ទាំង​រឹប​ជាន់​យក​ទ្រព្យ​សម្បត្តិ​គេ​ផង ឯ​សំបុត្រ​ទាំង​នោះ​មាន​ចំឡង​ព្រះ‌រាជ‌ឱង្ការ ដែល​ត្រូវ​ប្រកាស​ប្រាប់​ដល់​គ្រប់​ទាំង​សាសន៍ នៅ​អស់​ទាំង​ខេត្ត​ផង ឲ្យ​គេ​បាន​ប្រុង‌ប្រៀប​ជា​ស្រេច​នៅ​ថ្ងៃ​នោះ ពួក​រត់​សំបុត្រ​ក៏​ចេញ​ទៅ​ជា​ប្រញាប់ តាម​បង្គាប់​របស់​ស្តេច ហើយ​ព្រះ‌រាជ‌ឱង្ការ​នោះ​បាន​ប្រកាស​ប្រាប់ នៅ​ក្នុង​ស៊ូសាន ជា​ក្រុង​ហ្លួង​ដែរ រួច​ស្តេច នឹង​ហាម៉ាន​ក៏​នាំ​គ្នា​បរិភោគ​ស្រា តែ​ទី​ក្រុង​ស៊ូសាន​មាន​សេចក្ដី​ស្រឡាំង‌កាំង​នៅ។

ចែក​រំលែក
អាន នាងអេសធើរ 3