នាងអេសធើរ 2:1-18

នាងអេសធើរ 2:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក កាល​សេចក្ដី​ក្រោធ​របស់ព្រះ‌បាទ​អ័ហា‌ស៊ូរុស​ស្ងប់ ស្ដេច​ក៏​នឹក​រឭក​ដល់​ព្រះ‌នាង​វ៉ាសធី និង​ការ​ដែល​ព្រះ‌នាង​បាន​ធ្វើ ព្រម​ទាំង​សេចក្ដី​ដែល​បាន​សម្រេច​ចំពោះ​ព្រះ‌នាង។ ពេល​នោះ ពួក​រាជ​បម្រើ​ដែល​ចាំ​បម្រើ​ស្ដេច ទូល​ស្ដេច​ថា៖ «សូម​ឲ្យ​គេ​ទៅ​រក​ស្ត្រី​ក្រមុំ ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​មក​ថ្វាយ​ព្រះ‌ករុណា។ សូម​ព្រះ‌ករុណា​តែង​តាំង​ឲ្យ​មាន​ពួក​មន្ត្រី នៅ​គ្រប់​អាណា​ខេត្ត​ទាំង​អស់​ក្នុង​រាជា‌ណា‌ចក្រ​របស់​ព្រះ​ករុណា ដើម្បី​ប្រមូល​ស្ត្រី​ក្រមុំ​ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​ទាំង​ប៉ុន្មាន យក​មក​ដាក់​នៅ​វិមាន​ស្ត្រី ក្នុង​ក្រុង​ស៊ូសាន ជា​ក្រុង​ហ្លួង ក្រោម​អំណាច​លោក​ហេកាយ ជា​មហា‌តលិក​របស់​ព្រះ‌ករុណា ដែល​ជា​អ្នក​ថែ​រក្សា​ពួក​ស្ត្រី ហើយ​ឲ្យ​គេ​បើក​គ្រឿង​សម្អាង​កាយ​ដល់​នាង​ទាំង​នោះ។ ស្ត្រី​ក្រមុំ​ណា​ដែល​សព្វ​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌ករុណា នោះ​សូម​តាំង​ឲ្យ​ធ្វើ​ជា​អគ្គ‌មហេសី​ជំនួស​ព្រះ​នាង​វ៉ាសធី»។ ស្ដេច​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​នេះ ហើយ​ក៏​ធ្វើ​តាម​ដូច្នោះ។ នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង មាន​សាសន៍​យូដា​ម្នាក់​ឈ្មោះ​ម៉ា‌ដេកាយ ជា​កូន​យ៉ាអ៊ារ ដែល​ជា​កូន​ស៊ីម៉ាយ ស៊ីម៉ាយ​ជា​កូន​គីស ក្នុង​ពូជ​បេនយ៉ាមីន ដែល​ត្រូវ​បាន​គេ​នាំ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ជា​មួយ​ពួក​ឈ្លើយ ដែល​បាន​នាំ​ទៅ​ក្នុង​គ្រា​ដែលព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន​បាន​ចាប់​យេកូ‌នាស ជា​ស្តេច​យូដា នាំ​យក​ទៅ។ ម៉ាដេកាយ បាន​ចិញ្ចឹម​នាង​ហា‌ដាសា គឺ​អេសធើរ ជា​កូន​ស្រី​របស់​ឪពុក​មា​គាត់ ដ្បិត​នាង​គ្មាន​ឪពុក​ម្តាយ​ទេ នាង​មាន​រូប​ឆោម‌ស្រស់​ស្អាត ហើយ​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់។ កាល​ឪពុក​ម្តាយ​របស់​នាង​ស្លាប់​ទៅ ម៉ា‌ដេកាយ​បាន​យក​នាង​មក​ចិញ្ចឹម ទុក​ជា​កូន​របស់​ខ្លួន។ ដូច្នេះ កាល​គេ​បាន​ប្រកាស​រាជ‌បញ្ជា និង​រាជ​ក្រិត្យ​របស់​ស្តេច ហើយ​កាល​បាន​ប្រមូល​ស្ត្រី​ក្រមុំ​ជា​ច្រើន​មក​ឯ​ស៊ូសាន ជា​ក្រុង​ហ្លួង ប្រគល់​ក្រោម​អំណាច​ហេកាយ​រួច​ហើយ គេ​ក៏​នាំ​យក​អេសធើរ​ទៅ​ក្នុង​ដំណាក់​របស់​ស្ដេច ប្រគល់​ក្រោម​អំណាច​ហេកាយ ជា​អ្នក​ថែ​រក្សា​ពួកស្ត្រី។ នាង​ជា​ទី​ពេញ​ចិត្ត​ដល់​លោក​ណាស់ លោក​ក៏មាន​ចិត្ត​សន្ដោស​ចំពោះ​នាង ហើយ​ចែក​គ្រឿង​សម្អាង​ឲ្យ​នាង​តាក់​តែង​កាយ និង​ចំណែក​អាហារ​របស់​នាង​យ៉ាង​ប្រញាប់ ព្រម​ទាំង​យក​ស្ត្រី​ក្រមុំ​ប្រាំពីរ​នាក់​ពី​ដំណាក់​របស់​ស្ដេច ឲ្យ​មក​បម្រើ​នាង ហើយ​លោក​ក៏​នាំ​នាង និងស្ត្រី​បម្រើ​ទាំង​នោះ ទៅ​ដាក់​ក្នុង​បន្ទប់​ល្អ​បំផុត ក្នុង​វិមាន​ស្ត្រី។ អេសធើរ​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង​អំពី​ជាតិ​សាសន៍ និង​សាច់​ញាតិ​របស់​នាង​ទេ ដ្បិត​ម៉ា‌ដេកាយ​បាន​ហាម​នាង​មិន​ឲ្យ​ប្រាប់​គេ​ពី​រឿង​នេះ​ឡើយ។ រៀង​រាល់​ថ្ងៃ ម៉ា‌ដេកាយ​តែង​ដើរ​ទៅ​មក​នៅ​មុខ​ទី‌ធ្លា​វិមាន​ស្ត្រី ដើម្បី​ឲ្យ​ដឹង​ពី​សុខ​ទុក្ខ​របស់​អេសធើរ និង​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​នាង។ តាម​ទំនៀម​សម្រាប់​ស្ត្រី ក្រោយ​ពី​បាន​ជម្រះ​កាយ​អស់​រវាង​ដប់​ពីរ​ខែ គឺ​ប្រាំមួយ​ខែ​ដោយ​ប្រេង​ល្វីង‌ទេស ហើយ​ប្រាំមួយ​ខែ​ដោយ​គ្រឿង​ក្រអូប​ផ្សេងៗ ព្រម​ទាំង​អ្វីៗ​ដែល​សម្រាប់​ឲ្យ​ស្ត្រី​បាន​ស្អាត​បរិសុទ្ធ ព្រោះ​នេះ​ជា​រយៈ​ពេល​ដែល​គេ​សម្អិត​សម្អាង​សម្រាប់​នាង​តាម​ទំនៀម នោះ​ទើប​ស្ត្រី​ម្នាក់​ៗ​ចូល​ដល់​វេន​ដែល​ត្រូវ​ចូល​ទៅ​គាល់​ព្រះ‌បាទ​អ័ហា‌ស៊ូរុស។ កាល​ស្ត្រី​ក្រមុំ​នោះ​ចូល​ទៅ​គាល់​ស្តេច​បែប​យ៉ាង​នេះ នោះ​អ្វីៗ​ដែល​នាង​ប្រាថ្នា​ចង់​បាន គេ​បើក​ឲ្យ​នាង​ទាំង​អស់ ដើម្បី​យក​ពី​វិមាន​ស្ត្រី​ទៅ​កាន់​ដំណាក់​របស់​ស្ដេច។ នៅ​ពេល​ល្ងាច​នាង​ចូល​ទៅ ហើយ​ព្រឹក​ឡើង​នាង​វិល​ទៅ​នៅ​វិមាន​ទី​ពីរ​របស់​ស្ត្រី ក្រោម​អំណាច​ស្អាស‌កាស ជា​មហា‌តលិក​រ​របស់​ស្តេច​ដែល​ថែ​រក្សា​ពួក​ស្ត្រី​អ្នក​ម្នាង។ នាង​លែង​បាន​ចូល​ទៅ​ចំពោះ​ស្តេច​ទៀត​ហើយ លើក​លែង​តែ​ស្ដេច​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​នាង ហើយ​ហៅ​នាង​ចំ​ឈ្មោះ។ លុះ​ចូល​ដល់​វេន​របស់​អេសធើរ កូន​អ័ប៊ី‌ហែល ជា​ឪពុក​មា​របស់​ម៉ា‌ដេកាយ ដែល​បាន​យក​មក​ចិញ្ចឹម​ទុក​ជា​កូន​របស់​ខ្លួន ត្រូវ​ចូល​គាល់​ស្តេច នាង​មិន​បាន​សូម​អ្វី​ក្រៅ​ពី​របស់​ដែល​ហេកាយ ជា​មហា​តលិក​របស់​ស្តេច ជា​អ្នកថែ​រក្សា​ពួកស្ត្រី​បាន​ប្រគល់​ឲ្យ​នោះឡើយ ហើយ​អស់​អ្នក​ណា​ដែល​ឃើញ​នាង​ក៏​ពេញ​ចិត្ត​នឹង​នាង​គ្រប់ៗ​គ្នា។ គេ​បាន​នាំ​អេសធើរ​ចូល​ទៅ​ថ្វាយ​ព្រះ‌បាទ​អ័ហា‌ស៊ូរុស នៅ​ក្នុង​រាជវាំង នៅ​ខែ​ទី​ដប់ គឺ​ជា​ខែ​បុស្ស ក្នុង​ឆ្នាំ​ទី​ប្រាំពីរ​នៃ​រជ្ជ​កាល​របស់​ស្ដេច ស្ដេច​ស្រឡាញ់​អេសធើរ លើស​ជាង​ស្ត្រី​ឯ​ទៀត​ទាំង​អស់ ហើយ​នាង​ទទួល​បាន​ការ​សន្ដោស និង​ការ​គាប់​ព្រះ​ហឫទ័យ​ពី​ស្ដេច លើស​ជាង​ស្ត្រី​ក្រមុំ​ឯ​ទៀត​ទាំង​អស់ ដល់​ម៉្លេះ​បាន​ជា​ស្ដេច​បំពាក់​មកុដ‌រាជ្យ ហើយ​តាំង​នាង​ឡើង​ជា​អគ្គ‌មហេសី ជំនួស​ព្រះ​នាង​វ៉ាសធី។ ពេល​នោះ ស្ដេច​បាន​រៀប​ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ សម្រាប់​ពួក​មន្ត្រី និង​ពួក​មហា‌តលិក​ទាំង​អស់​របស់​ស្ដេច គឺ​ជាពិធី​ជប់‌លៀង​របស់​ព្រះ​នាង​អេសធើរ។ ស្ដេច​ក៏​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​នៅ​គ្រប់​អាណា​ខេត្ត​ទាំង​អស់​បាន​ឈប់​សម្រាក ព្រម​ទាំង​ចែក​ទាន ដោយ​ព្រះ​ហឫទ័យ​សទ្ធា។

ចែក​រំលែក
អាន នាងអេសធើរ 2

នាងអេសធើរ 2:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌ចៅ​អហា‌ស៊ូរុស​ស្ងប់​ព្រះ‌ពិរោធ ស្ដេច​នឹក​ដល់​ព្រះ‌នាង​វ៉ាស‌ធី និង​អំពើ​ដែល​ព្រះ‌នាង​ប្រព្រឹត្ត ព្រម​ទាំង​សេចក្ដី​សម្រេច​របស់​ស្ដេច​ចំពោះ​ព្រះ‌នាង។ ពួក​រាជ​បម្រើ​ទូល​ស្ដេច​ថា៖ «សូម​ឲ្យ​គេ​រក​ស្ត្រី​ព្រហ្មចារី ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​បំផុត យក​មក​ថ្វាយ​ព្រះ‌ករុណា។ សូម​ព្រះ‌ករុណា​ចេញ​បញ្ជា​ឲ្យ​ពួក​មន្ត្រី ដែល​ស្ថិត​នៅ​តាម​អាណា‌ខេត្ត​ទាំង​អស់​ក្នុង​រាជា‌ណាចក្រ ទទួល​បន្ទុក​ប្រមូល​ស្ត្រី​ព្រហ្មចារី ដែល​នៅ​ក្មេង ហើយ​មាន​រូប​ឆោម​ស្រស់​ស្អាត យក​មក​ដាក់​នៅ​វិមាន​ស្ត្រី ក្នុង​រាជ​ធានី​ស៊ូសាន។ សូម​ឲ្យ​លោក​ហេកាយ ដែល​ជា​មហា‌តលិក​របស់​ព្រះ‌ករុណា និង​ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី មើល​ថែ​ទាំ​នាង​ទាំង​នោះ ព្រម​ទាំង​ផ្ដល់​គ្រឿង​សម្អាង​កាយ​ផង។ ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​នឹង​ស្ត្រី​ក្រមុំ​ណា នាង​នោះ​នឹង​ឡើង​ធ្វើ​ជា​ព្រះ‌មហា‌ក្សត្រិ‌យានី​ជំនួស​ព្រះ‌នាង​វ៉ាស‌ធី»។ ព្រះ‌រាជា​គាប់​ព្រះ‌ហឫទ័យ ហើយ​សម្រេច​តាម​សំណើ​នេះ។ នៅ​រាជ​ធានី​ស៊ូសាន មាន​ជន‌ជាតិ​យូដា​មួយ​រូប​ឈ្មោះ ម៉ាដេ‌កាយ ជា​កូន​របស់​លោក​យ៉ាអៀរ ជា​ពូជ‌ពង្ស​របស់​លោក​ស៊ីម៉ាយ និង​លោក​គីស ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។ លោក​ត្រូវ​គេ​កៀរ​មក​ពី​ក្រុង​យេរូ‌សាឡឹម ជា​មួយ​ឈ្លើយ​សឹក​ឯ​ទៀតៗ ដែល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​ចាប់​យក​មក​ជា​មួយ​ព្រះ‌បាទ​យេកូ‌នាស ជា​ស្ដេច​ស្រុក​យូដា។ នៅ​គ្រា​នោះ លោក​ជា​អ្នក​អាណា​ព្យាបាល​របស់​នាង​ហាដា‌សា គឺ​នាង​អេសធើរ ដែល​ជា​កូន​ស្រី​របស់​ឪពុក​មា​លោក។ នាង​អេសធើរ​គ្មាន​ឪពុក‌ម្ដាយ​ទេ នាង​ជា​ស្ត្រី​ក្រមុំ​ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​បំផុត។ ពេល​ឪពុក‌ម្ដាយ​របស់​នាង​ស្លាប់​អស់​ទៅ លោក​ម៉ាដេ‌កាយ​បាន​យក​នាង​មក​ចិញ្ចឹម ទុក​ដូច​ជា​កូន។ នៅ​ពេល​ស្ដេច​ចេញ​រាជ​បញ្ជា និង​រាជ​ក្រឹត្យ​រួច​ហើយ គេ​ប្រមូល​បាន​ស្ត្រី​ក្រមុំ​ជា​ច្រើន​មក​ទុក​នៅ​រាជ‌ធានី​ស៊ូសាន ឲ្យ​លោក​ហេកាយ​មើល​ថែ​ទាំ។ គេ​ក៏​បាន​នាំ​នាង​អេសធើរ​មក​ក្នុង​ព្រះ‌បរម‌រាជ‌វាំង ហើយ​ប្រគល់​ឲ្យ​លោក​ហេកាយ ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី មើល​ថែ​ទាំ​ដែរ។ លោក​ហេកាយ​ពេញ​ចិត្ត​នឹង​នាង ហើយ​មាន​ចិត្ត​សន្ដោស​ចំពោះ​នាង។ លោក​យក​ចិត្ត​ទុក​ដាក់​ប្រគល់​គ្រឿង​សម្អាង​កាយ និង​អ្វីៗ​ដ៏​ចាំបាច់​ដល់​នាង ព្រម​ទាំង​នាំ​ភីលៀង​ប្រាំ‌ពីរ​នាក់ ដែល​ជ្រើស​រើស​ពី​ចំណោម​ពួក​ភីលៀង​ក្នុង​រាជ‌វាំង ឲ្យ​នៅ​បម្រើ​នាង​ផង។ លោក​ប្រគល់​បន្ទប់​ដ៏​ល្អ​ជាង​គេ​ក្នុង​វិមាន​ស្ត្រី​ឲ្យ​នាង និង​ពួក​ភីលៀង​ដែល​នៅ​ជា​មួយ​នាង។ នាង​អេសធើរ​ពុំ​បាន​ប្រាប់​ឲ្យ​នរណា​ដឹង អំពី​ជាតិ​សាសន៍ និង​ដើម​កំណើត​របស់​នាង​ទេ ដ្បិត​លោក​ម៉ាដេ‌កាយ​បាន​ហាម​នាង​ប្រាប់​ឲ្យ​គេ​ដឹង។ រៀង​រាល់​ថ្ងៃ លោក​ម៉ាដេ‌កាយ​តែងតែ​ទៅ​អើត​មើល នៅ​ក្បែរ​វិមាន​ស្ត្រី ដើម្បី​ចង់​បាន​ដំណឹង​ពី​នាង​អេសធើរ ហើយ​ចង់​ដឹង​ថា គេ​ប្រព្រឹត្ត​ចំពោះ​នាង​បែប​ណា។ ស្ត្រី​ក្រមុំ​នៅ​ក្នុង​វិមាន​ស្ត្រី​ត្រូវ​រៀបចំ​ខ្លួន​ដប់‌ពីរ​ខែ មុន​នឹង​ដល់​វេន​ចូល​គាល់​ព្រះចៅ​អហា‌ស៊ូរុស។ ពួក​នាង​ត្រូវ​សម្អាង​កាយ​ជា​មួយ​ប្រេង​ទេព្វិរូ​ចំនួន​ប្រាំ​មួយ​ខែ ហើយ​ប្រាំ​មួយ​ខែ​ទៀត​ជា​មួយ​ប្រេង​ក្រអូប និង​គ្រឿង​សម្អាង​កាយ​ផ្សេងៗ​សម្រាប់​ស្ត្រី ស្រប​តាម​ពិធី​ការ​ដែល​មាន​ចែង​ទុក។ ពេល​នាង​ត្រូវ​ចូល​ទៅ​គាល់​ស្ដេច នាង​ចង់​យក​អ្វី​ជាប់​ជា​មួយ​ខ្លួន​ពី​វិមាន​ស្ត្រី​ទៅ​រាជ‌វាំង គេ​ប្រគល់​ឲ្យ​ទាំង​អស់។ នាង​ទៅ​គាល់​ស្ដេច​នៅ​ពេល​ល្ងាច លុះ​ព្រលឹម​ឡើង នាង​ទៅ​នៅ​ក្នុង​វិមាន​មួយ​ទៀត ដែល​ស្ថិត​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​លោក​សាស‌កាស ជា​មហា‌តលិក​របស់​ស្ដេច និង​ជា​អ្នក​ថែ‌រក្សា​ក្រុម​មហេសី។ នាង​គ្មាន​សិទ្ធិ​វិល​មក​រក​ស្ដេច​វិញ​ទេ លើក‌លែង​តែ​ស្ដេច​ចង់​បាន​នាង ហើយ​ហៅ​នាង​ចំ​ឈ្មោះ។ លុះ​ដល់​វេន​នាង​ត្រូវ​ចូល​គាល់​ស្ដេច នាង​អេសធើរ ជា​កូន​របស់​លោក​អប៊ី‌ហែល ដែល​ត្រូវ​ជា​ឪពុក​មា​របស់​លោក​ម៉ាដេ‌កាយ​ហើយ​លោក​ម៉ាដេ‌កាយ បាន​យក​នាង​មក​ចិញ្ចឹម នាង​អេសធើរ​ពុំ​បាន​ទាម‌ទារ​សុំ​អ្វី ក្រៅ​ពី​របស់​ដែល​លោក​ហេកាយ ជា​មហា‌តលិក​របស់​ស្ដេច និង​ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី ប្រគល់​ឲ្យ​នោះ​ឡើយ។ នាង​អេសធើរ​ជា​ស្ត្រី​ម្នាក់ ដែល​គេ​ស្រឡាញ់​រាប់​អាន​គ្រប់ៗ​គ្នា។ គេ​បាន​មក​នាំ​នាង​យក​ទៅ​ថ្វាយ​ព្រះ‌ចៅ​អហា‌ស៊ូរុស នៅ​ព្រះ‌បរម‌រាជ‌វាំង នា​ខែ​ទី​ដប់ គឺ​ខែ​បុស្ស​ក្នុង​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជ‌កាល​របស់​ស្ដេច។ ព្រះ‌រាជា​ស្រឡាញ់​នាង​អេសធើរ​លើស​ស្ត្រី​ឯ​ទៀតៗ ស្ដេច​គាប់​ព្រះ‌ហឫទ័យ​នឹង​នាង ហើយ​មាន​ព្រះ‌ហឫទ័យ​សន្ដោស​ចំពោះ​នាង លើស​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ឯ​ទៀតៗ។ ពេល​នោះ ស្ដេច​ក៏​បំពាក់​មកុដ‌រាជ្យ​លើ​នាង ហើយ​លើក​នាង​ធ្វើ​ជា​ព្រះ‌មហា‌ក្សត្រិ‌យានី​ជំនួស​ព្រះ‌នាង​វ៉ាស‌ធី។ ក្នុង​ឱកាស​អភិសេក​ព្រះ‌នាង​អេសធើរ ព្រះ‌រាជា​បាន​រៀបចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ សម្រាប់​ពួក​មេ​ដឹក​នាំ និង​ពួក​មន្ត្រី។ ស្ដេច​ប្រកាស​ថ្ងៃ​ឈប់​សម្រាក​នៅ​តាម​អាណា‌ខេត្ត​ទាំង​អស់ ព្រម​ទាំង​ចែក​អំណោយ​ទាន​ដោយ​ព្រះ‌ហឫទ័យ​ទូលំ‌ទូលាយ។

ចែក​រំលែក
អាន នាងអេសធើរ 2

នាងអេសធើរ 2:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​ការ​ទាំង​នោះ​មក កាល​សេចក្ដី​ក្រោធ​របស់​ស្តេច​អ័ហា‌ស៊ូរុស​បាន​ស្ងប់​ហើយ នោះ​ទ្រង់​ក៏​នឹក​រឭក​ដល់​ព្រះ‌នាង​វ៉ាសធី នឹង​ការ​ដែល​ព្រះ‌នាង​បាន​ធ្វើ ព្រម​ទាំង​ខ​សេចក្ដី ដែល​បាន​សំរេច​ដល់​ព្រះ‌នាង​ផង នោះ​ពួក​មហា‌តលិក​ទាំង‌ឡាយ​ដែល​បំរើ​ស្តេច​ក៏​ទូល​ទ្រង់​ថា សូម​ទ្រង់​ឲ្យ​គេ​ទៅ​រក​ស្ត្រី​ក្រមុំ ដែល​មាន​រូប​ស្រស់​ល្អ​មក​ថ្វាយ​ទ្រង់ សូម​ព្រះ‌ករុណា​ចាត់​ដំរូវ​ឲ្យ​មាន​ភ្នាក់‌ងារ នៅ​គ្រប់​ខេត្ត​ក្នុង​នគរ​ទ្រង់ ដើម្បី​នឹង​ប្រមូល​ស្ត្រី​ក្រមុំ ដែល​ស្រស់​ល្អ​ទាំង​ប៉ុន្មាន មក​ឯ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង ឲ្យ​នៅ​ក្នុង​មន្ទីរ​សំរាប់​ពួក​ស្រីៗ ក្រោម​អំណាច​ហេកាយ ជា​ក្រម​វាំង​របស់​ស្តេច ជា​អ្នក​រក្សា​ពួក​ស្រីៗ រួច​ឲ្យ​គេ​បើក​គ្រឿង សំរាប់​ជំរះ​ខ្លួន​ដល់​នាង​ទាំង​នោះ រួច​មក ឯ​នាង​ណា​ដែល​សព្វ​ព្រះ‌ទ័យ​ដល់​ព្រះ‌ករុណា នោះ​សូម​ទ្រង់​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​អគ្គ‌មហេសី ជំនួស​ព្រះ​នាង​វ៉ាសធី​នោះ ស្តេច​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​សេចក្ដី​នោះ ហើយ​ក៏​ធ្វើ​តាម​ដូច្នោះ។ រីឯ​នៅ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង មាន​សាសន៍​យូដា​ម្នាក់​ឈ្មោះ​ម៉ា‌ដេកាយ ជា​កូន​យ៉ាអ៊ារ ដែល​ជា​កូន​ស៊ីម៉ាយៗ ជា​កូន​គីស ក្នុង​ពូជ​បេន‌យ៉ាមីន គាត់​ត្រូវ​ដឹក‌នាំ​ចេញ​ពី​ទី​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​ពួក​ឈ្លើយ ដែល​បាន​នាំ​ទៅ ក្នុង​គ្រា​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ចាប់​យេកូនាស ជា​ស្តេច​យូដា​នាំ​យក​ទៅ គាត់​បាន​ចិញ្ចឹម​នាង​ហាដាសា គឺ​អេសធើរ ជា​កូន​របស់​មា​គាត់ ដ្បិត​នាង​គ្មាន​ឪពុក​ម្តាយ នាង​មាន​រូប​ឆោម‌ឆាយ ហើយ​មុខ​ស្រស់​ល្អ កាល​ឪពុក​ម្តាយ​នាង​ស្លាប់​ទៅ​ហើយ នោះ​ម៉ា‌ដេកាយ​បាន​យក​នាង​មក​ចិញ្ចឹម​ទុក​ជា​កូន​ខ្លួន។ ដូច្នេះ កាល​គេ​បាន​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ នឹង​ច្បាប់​របស់​ស្តេច ហើយ​បាន​ប្រមូល​ស្រី​ក្រមុំ​ជា​ច្រើន​មក​ឯ​ស៊ូសាន ជា​ក្រុង​ហ្លួង​ប្រគល់​ក្រោម​អំណាច​ហេកាយ នោះ​គេ​ក៏​នាំ​យក​អេសធើរ​ទៅ​ក្នុង​ដំណាក់​ស្តេច ប្រគល់​ក្រោម​អំណាច​ហេកាយ ជា​អ្នក​រក្សា​ពួក​ស្រីៗ​ដែរ នាង​ជា​ទី​ពេញ​ចិត្ត​ដល់​គាត់​ណាស់ គាត់​ក៏​សំដែង​សេចក្ដី​សប្បុរស​ដល់​នាង ក៏​ប្រញាប់​នឹង​ចែក​គ្រឿង សំរាប់​ឲ្យ​នាង​ជំរះ​ខ្លួន​នឹង​ប្រដាប់​តែង​កាយ ដែល​ជា​ចំណែក​របស់​នាង ព្រម​ទាំង​យក​ស្ត្រី​ក្រមុំ​៧​នាក់ ពី​ព្រះ‌រាជ‌ដំណាក់​មក​ឲ្យ​បំរើ​នាង ហើយ​គាត់​ក៏​ផ្លាស់​នាង នឹង​ស្រី​បំរើ​ទាំង​នោះ ឲ្យ​ទៅ​នៅ​ក្នុង​បន្ទប់​ល្អ​បំផុត ក្នុង​មន្ទីរ​ពួក​ស្រីៗ ឯ​អេសធើរ នាង​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង​ថា គ្រួ នឹង​ជំនួស​វង្ស​របស់​នាង​ជា​សាសន៍​អ្វី​ទេ ដ្បិត​ម៉ា‌ដេកាយ​បាន​ហាម​មិន​ឲ្យ​នាង​ប្រាប់​ឲ្យ​គេ​ដឹង​ឡើយ ឯ​ម៉ា‌ដេកាយ គាត់​ក៏​តែង​ដើរ​ទៅ​មក​នៅ​មុខ​ទីធ្លា​មន្ទីរ​ពួក​ស្រីៗ​ជា​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ជា​អេសធើរ​ជា​យ៉ាង​ណា ហើយ​នឹង​បាន​ទៅ​ជា​អ្វី។ រីឯ​តាម​ទំនៀម​ពួក​ស្រីៗ នោះ​ពេល​ដែល​ជំរះ​ខ្លួន​ត្រូវ​អស់​រវាង​១២​ខែ គឺ​៦​ខែ​ដោយ​ប្រេង​ល្វីង‌ទេស ហើយ​៦​ខែ​ដោយ​គ្រឿង​ក្រអូប​ផ្សេងៗ ព្រម​ទាំង​គ្រឿង​អ្វីៗ​ដែល​សំរាប់​ឲ្យ​ពួក​ស្រីៗ​បាន​ស្អាត​បរិសុទ្ធ​ផង ដូច្នេះ ក្រោយ​ដែល​គេ​បាន​ធ្វើ​ដល់​នាង​ទាំង​នោះ​តាម​ទំនៀម ហើយ​ពេល​ដែល​នាង​ណា​ត្រូវ​ចូល​ទៅ​ឯ​ស្តេច​អ័ហា‌ស៊ូរុស​បាន​មក​ដល់ នោះ​នាង​បាន​ចូល​ទៅ​ឯ​ស្តេច​បែប​យ៉ាង​នេះ​ឯង គឺ​អ្វីៗ​ដែល​នាង​ប្រាថ្នា​ចង់​បាន នោះ​ក៏​បាន​បើក​ឲ្យ​នាង ដើម្បី​នឹង​យក​ពី​មន្ទីរ​ពួក​ស្រីៗ​ទៅ​ឯ​ដំណាក់​ស្តេច នៅ​ពេល​ល្ងាច​នាង​បាន​ចេញ​ទៅ ហើយ​ដល់​ព្រឹក​ឡើង​នាង​វិល​មក​វិញ ចូល​ក្នុង​មន្ទីរ​ទី​២​របស់​ពួក​ស្រីៗ នៅ​ក្រោម​អំណាច​ស្អាស‌កាស ជា​ភ្នាក់‌ងារ​របស់​ស្តេច​ដែល​រក្សា​ពួក​ស្រី​អ្នក‌ម្នាង នាង​នោះ​លែង​បាន​ចូល​ទៅ​ចំពោះ​ស្តេច​ទៀត​ហើយ លើក​តែ​ស្តេច​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​នាង ហើយ​ហៅ​តាម​ឈ្មោះ​វិញ។ ឯ​អេសធើរ កូន​អ័ប៊ី‌ហែល ជា​មា​របស់​ម៉ា‌ដេកាយ​ដែល​បាន​យក​មក​ចិញ្ចឹម​ទុក​ជា​កូន​ខ្លួន កាល​ដល់​ពេល​ដែល​នាង​ត្រូវ​ចូល​ទៅ​ឯ​ស្តេច នោះ​នាង​មិន​បាន​សូម​អ្វី​ក្រៅ​ពី​របស់​ដែល​ហេកាយ ជា​ក្រម​វាំង​របស់​ស្តេច ជា​អ្នក​រក្សា​ពួក​ស្រីៗ​បាន​ឲ្យ​នោះ​ទេ ហើយ​អស់​អ្នក​ណា​ដែល​ឃើញ​នាងក៏​ពេញ​ចិត្ត​នឹង​នាង គេ​ក៏​នាំ​អេសធើរ​ចូល​ទៅ​ថ្វាយ​ស្តេច​អ័ហា‌ស៊ូរុស នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់ នៅ​ខែ​ទី​១០ គឺ​ជា​ខែ​បុស្ស ក្នុង​ឆ្នាំ​ទី​៧​នៃ​រាជ្យ​ទ្រង់ ស្តេច​ទ្រង់​ក៏​ស្រឡាញ់​អេសធើរ​លើស​ជាង​ស្ត្រី​ឯ​ទៀត ហើយ​នាង​ទទួល​បាន​ព្រះ‌គុណ នឹង​សេចក្ដី​ប្រោស‌ប្រាណ នៅ​ចំពោះ​ទ្រង់ លើស​ជាង​ពួក​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន ដល់​ម៉្លេះ​បាន​ជា​ទ្រង់​បំពាក់​មកុដ‌រាជ្យ តាំង​នាង​ឡើង​ជា​អគ្គ‌មហេសី​ជំនួស​វ៉ាសធី រួច​ស្តេច​ទ្រង់​ជប់‌លៀង​ជា​យ៉ាង​ធំ ដល់​អស់​ទាំង​ពួក​អ្នក​ជា​ប្រធាន នឹង​ពួក​ជំនិត​ទ្រង់​ទាំង​អស់ គឺ​ជា​ការ​ជប់‌លៀង​របស់​អេសធើរ ទ្រង់​ក៏​ប្រោស ឲ្យ​មនុស្ស​នៅ​គ្រប់​ខេត្ត​បាន​ឈប់​សំរាក ហើយ​ទ្រង់​ដាក់​ទាន តាម​សណ្ឋាន​ស្តេច។

ចែក​រំលែក
អាន នាងអេសធើរ 2