នាង​អេសធើរ 2:1-18

នាង​អេសធើរ 2:1-18 គកស១៦

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក កាល​សេចក្ដី​ក្រោធ​របស់ព្រះ‌បាទ​អ័ហា‌ស៊ូរុស​ស្ងប់ ស្ដេច​ក៏​នឹក​រឭក​ដល់​ព្រះ‌នាង​វ៉ាសធី និង​ការ​ដែល​ព្រះ‌នាង​បាន​ធ្វើ ព្រម​ទាំង​សេចក្ដី​ដែល​បាន​សម្រេច​ចំពោះ​ព្រះ‌នាង។ ពេល​នោះ ពួក​រាជ​បម្រើ​ដែល​ចាំ​បម្រើ​ស្ដេច ទូល​ស្ដេច​ថា៖ «សូម​ឲ្យ​គេ​ទៅ​រក​ស្ត្រី​ក្រមុំ ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​មក​ថ្វាយ​ព្រះ‌ករុណា។ សូម​ព្រះ‌ករុណា​តែង​តាំង​ឲ្យ​មាន​ពួក​មន្ត្រី នៅ​គ្រប់​អាណា​ខេត្ត​ទាំង​អស់​ក្នុង​រាជា‌ណា‌ចក្រ​របស់​ព្រះ​ករុណា ដើម្បី​ប្រមូល​ស្ត្រី​ក្រមុំ​ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​ទាំង​ប៉ុន្មាន យក​មក​ដាក់​នៅ​វិមាន​ស្ត្រី ក្នុង​ក្រុង​ស៊ូសាន ជា​ក្រុង​ហ្លួង ក្រោម​អំណាច​លោក​ហេកាយ ជា​មហា‌តលិក​របស់​ព្រះ‌ករុណា ដែល​ជា​អ្នក​ថែ​រក្សា​ពួក​ស្ត្រី ហើយ​ឲ្យ​គេ​បើក​គ្រឿង​សម្អាង​កាយ​ដល់​នាង​ទាំង​នោះ។ ស្ត្រី​ក្រមុំ​ណា​ដែល​សព្វ​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌ករុណា នោះ​សូម​តាំង​ឲ្យ​ធ្វើ​ជា​អគ្គ‌មហេសី​ជំនួស​ព្រះ​នាង​វ៉ាសធី»។ ស្ដេច​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​នេះ ហើយ​ក៏​ធ្វើ​តាម​ដូច្នោះ។ នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង មាន​សាសន៍​យូដា​ម្នាក់​ឈ្មោះ​ម៉ា‌ដេកាយ ជា​កូន​យ៉ាអ៊ារ ដែល​ជា​កូន​ស៊ីម៉ាយ ស៊ីម៉ាយ​ជា​កូន​គីស ក្នុង​ពូជ​បេនយ៉ាមីន ដែល​ត្រូវ​បាន​គេ​នាំ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ជា​មួយ​ពួក​ឈ្លើយ ដែល​បាន​នាំ​ទៅ​ក្នុង​គ្រា​ដែលព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន​បាន​ចាប់​យេកូ‌នាស ជា​ស្តេច​យូដា នាំ​យក​ទៅ។ ម៉ាដេកាយ បាន​ចិញ្ចឹម​នាង​ហា‌ដាសា គឺ​អេសធើរ ជា​កូន​ស្រី​របស់​ឪពុក​មា​គាត់ ដ្បិត​នាង​គ្មាន​ឪពុក​ម្តាយ​ទេ នាង​មាន​រូប​ឆោម‌ស្រស់​ស្អាត ហើយ​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់។ កាល​ឪពុក​ម្តាយ​របស់​នាង​ស្លាប់​ទៅ ម៉ា‌ដេកាយ​បាន​យក​នាង​មក​ចិញ្ចឹម ទុក​ជា​កូន​របស់​ខ្លួន។ ដូច្នេះ កាល​គេ​បាន​ប្រកាស​រាជ‌បញ្ជា និង​រាជ​ក្រិត្យ​របស់​ស្តេច ហើយ​កាល​បាន​ប្រមូល​ស្ត្រី​ក្រមុំ​ជា​ច្រើន​មក​ឯ​ស៊ូសាន ជា​ក្រុង​ហ្លួង ប្រគល់​ក្រោម​អំណាច​ហេកាយ​រួច​ហើយ គេ​ក៏​នាំ​យក​អេសធើរ​ទៅ​ក្នុង​ដំណាក់​របស់​ស្ដេច ប្រគល់​ក្រោម​អំណាច​ហេកាយ ជា​អ្នក​ថែ​រក្សា​ពួកស្ត្រី។ នាង​ជា​ទី​ពេញ​ចិត្ត​ដល់​លោក​ណាស់ លោក​ក៏មាន​ចិត្ត​សន្ដោស​ចំពោះ​នាង ហើយ​ចែក​គ្រឿង​សម្អាង​ឲ្យ​នាង​តាក់​តែង​កាយ និង​ចំណែក​អាហារ​របស់​នាង​យ៉ាង​ប្រញាប់ ព្រម​ទាំង​យក​ស្ត្រី​ក្រមុំ​ប្រាំពីរ​នាក់​ពី​ដំណាក់​របស់​ស្ដេច ឲ្យ​មក​បម្រើ​នាង ហើយ​លោក​ក៏​នាំ​នាង និងស្ត្រី​បម្រើ​ទាំង​នោះ ទៅ​ដាក់​ក្នុង​បន្ទប់​ល្អ​បំផុត ក្នុង​វិមាន​ស្ត្រី។ អេសធើរ​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង​អំពី​ជាតិ​សាសន៍ និង​សាច់​ញាតិ​របស់​នាង​ទេ ដ្បិត​ម៉ា‌ដេកាយ​បាន​ហាម​នាង​មិន​ឲ្យ​ប្រាប់​គេ​ពី​រឿង​នេះ​ឡើយ។ រៀង​រាល់​ថ្ងៃ ម៉ា‌ដេកាយ​តែង​ដើរ​ទៅ​មក​នៅ​មុខ​ទី‌ធ្លា​វិមាន​ស្ត្រី ដើម្បី​ឲ្យ​ដឹង​ពី​សុខ​ទុក្ខ​របស់​អេសធើរ និង​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​នាង។ តាម​ទំនៀម​សម្រាប់​ស្ត្រី ក្រោយ​ពី​បាន​ជម្រះ​កាយ​អស់​រវាង​ដប់​ពីរ​ខែ គឺ​ប្រាំមួយ​ខែ​ដោយ​ប្រេង​ល្វីង‌ទេស ហើយ​ប្រាំមួយ​ខែ​ដោយ​គ្រឿង​ក្រអូប​ផ្សេងៗ ព្រម​ទាំង​អ្វីៗ​ដែល​សម្រាប់​ឲ្យ​ស្ត្រី​បាន​ស្អាត​បរិសុទ្ធ ព្រោះ​នេះ​ជា​រយៈ​ពេល​ដែល​គេ​សម្អិត​សម្អាង​សម្រាប់​នាង​តាម​ទំនៀម នោះ​ទើប​ស្ត្រី​ម្នាក់​ៗ​ចូល​ដល់​វេន​ដែល​ត្រូវ​ចូល​ទៅ​គាល់​ព្រះ‌បាទ​អ័ហា‌ស៊ូរុស។ កាល​ស្ត្រី​ក្រមុំ​នោះ​ចូល​ទៅ​គាល់​ស្តេច​បែប​យ៉ាង​នេះ នោះ​អ្វីៗ​ដែល​នាង​ប្រាថ្នា​ចង់​បាន គេ​បើក​ឲ្យ​នាង​ទាំង​អស់ ដើម្បី​យក​ពី​វិមាន​ស្ត្រី​ទៅ​កាន់​ដំណាក់​របស់​ស្ដេច។ នៅ​ពេល​ល្ងាច​នាង​ចូល​ទៅ ហើយ​ព្រឹក​ឡើង​នាង​វិល​ទៅ​នៅ​វិមាន​ទី​ពីរ​របស់​ស្ត្រី ក្រោម​អំណាច​ស្អាស‌កាស ជា​មហា‌តលិក​រ​របស់​ស្តេច​ដែល​ថែ​រក្សា​ពួក​ស្ត្រី​អ្នក​ម្នាង។ នាង​លែង​បាន​ចូល​ទៅ​ចំពោះ​ស្តេច​ទៀត​ហើយ លើក​លែង​តែ​ស្ដេច​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​នាង ហើយ​ហៅ​នាង​ចំ​ឈ្មោះ។ លុះ​ចូល​ដល់​វេន​របស់​អេសធើរ កូន​អ័ប៊ី‌ហែល ជា​ឪពុក​មា​របស់​ម៉ា‌ដេកាយ ដែល​បាន​យក​មក​ចិញ្ចឹម​ទុក​ជា​កូន​របស់​ខ្លួន ត្រូវ​ចូល​គាល់​ស្តេច នាង​មិន​បាន​សូម​អ្វី​ក្រៅ​ពី​របស់​ដែល​ហេកាយ ជា​មហា​តលិក​របស់​ស្តេច ជា​អ្នកថែ​រក្សា​ពួកស្ត្រី​បាន​ប្រគល់​ឲ្យ​នោះឡើយ ហើយ​អស់​អ្នក​ណា​ដែល​ឃើញ​នាង​ក៏​ពេញ​ចិត្ត​នឹង​នាង​គ្រប់ៗ​គ្នា។ គេ​បាន​នាំ​អេសធើរ​ចូល​ទៅ​ថ្វាយ​ព្រះ‌បាទ​អ័ហា‌ស៊ូរុស នៅ​ក្នុង​រាជវាំង នៅ​ខែ​ទី​ដប់ គឺ​ជា​ខែ​បុស្ស ក្នុង​ឆ្នាំ​ទី​ប្រាំពីរ​នៃ​រជ្ជ​កាល​របស់​ស្ដេច ស្ដេច​ស្រឡាញ់​អេសធើរ លើស​ជាង​ស្ត្រី​ឯ​ទៀត​ទាំង​អស់ ហើយ​នាង​ទទួល​បាន​ការ​សន្ដោស និង​ការ​គាប់​ព្រះ​ហឫទ័យ​ពី​ស្ដេច លើស​ជាង​ស្ត្រី​ក្រមុំ​ឯ​ទៀត​ទាំង​អស់ ដល់​ម៉្លេះ​បាន​ជា​ស្ដេច​បំពាក់​មកុដ‌រាជ្យ ហើយ​តាំង​នាង​ឡើង​ជា​អគ្គ‌មហេសី ជំនួស​ព្រះ​នាង​វ៉ាសធី។ ពេល​នោះ ស្ដេច​បាន​រៀប​ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ សម្រាប់​ពួក​មន្ត្រី និង​ពួក​មហា‌តលិក​ទាំង​អស់​របស់​ស្ដេច គឺ​ជាពិធី​ជប់‌លៀង​របស់​ព្រះ​នាង​អេសធើរ។ ស្ដេច​ក៏​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​នៅ​គ្រប់​អាណា​ខេត្ត​ទាំង​អស់​បាន​ឈប់​សម្រាក ព្រម​ទាំង​ចែក​ទាន ដោយ​ព្រះ​ហឫទ័យ​សទ្ធា។