អេភេសូ 5:5-18
អេភេសូ 5:5-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរអ្នករាល់គ្នាដឹងសេចក្ដីនេះឲ្យច្បាស់ថា អ្នកប្រព្រឹត្តអំពើសហាយស្មន់ មនុស្សស្មោកគ្រោក ឬមនុស្សដែលមានចិត្តលោភលន់ (គឺមនុស្សថ្វាយបង្គំរូបព្រះ) មិនអាចគ្រងមត៌កក្នុងព្រះរាជ្យរបស់ព្រះគ្រីស្ទ និងរបស់ព្រះបានឡើយ។ កុំឲ្យអ្នកណាម្នាក់បញ្ឆាតអ្នករាល់គ្នា ដោយពាក្យសម្ដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្តីទាំងនេះហើយ ដែលសេចក្តីក្រោធរបស់ព្រះធ្លាក់មកលើអស់អ្នកដែលមិនស្ដាប់បង្គាប់។ ដូច្នេះ កុំសេពគប់ជាមួយពួកគេឲ្យសោះ។ ដ្បិតកាលពីដើម អ្នករាល់គ្នាងងឹតមែន តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូររស់នៅដូចជាកូននៃពន្លឺចុះ (ដ្បិតផលផ្លែនៃពន្លឺ មាននៅក្នុងគ្រប់សេចក្ដីល្អ សេចក្តីសុចរិត និងសេចក្តីពិត)។ ត្រូវលមើលឲ្យដឹងពីសេចក្តីអ្វីដែលព្រះអម្ចាស់សព្វព្រះហឫទ័យចុះ។ កុំចូលរួមក្នុងកិច្ចការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ប៉ុន្តែ ត្រូវលាតត្រដាងការទាំងនោះវិញ។ ដ្បិតការទាំងប៉ុន្មានដែលគេប្រព្រឹត្តដោយសម្ងាត់ នោះសូម្បីតែនិយាយ ក៏គួរឲ្យខ្មាសទៅហើយ តែការទាំងអស់បានលាតត្រដាងឲ្យឃើញច្បាស់ ដោយសារពន្លឺ ដ្បិតគឺពន្លឺហើយដែលគេមើលឃើញអ្វីៗទាំងអស់។ ហេតុនេះហើយបានជាមានសេចក្ដីថ្លែងទុកមកថា «អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងចាំងពន្លឺមកលើអ្នក»។ ដូច្នេះ ចូរប្រយ័ត្នពីរបៀបដែលអ្នករាល់គ្នារស់នៅឲ្យមែនទែន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែដូចជាមនុស្សមានប្រាជ្ញាវិញ ទាំងចេះប្រើប្រាស់ពេលវេលាផង ព្រោះសម័យនេះអាក្រក់ណាស់។ ដូច្នេះ កុំល្ងង់ខ្លៅឡើយ តែត្រូវយល់ពីអ្វីដែលជាព្រះហឫទ័យរបស់ព្រះអម្ចាស់។ កុំស្រវឹងស្រា ដ្បិតស្រានាំឲ្យព្រើលចិត្ត តែចូរឲ្យបានពេញដោយព្រះវិញ្ញាណវិញ
អេភេសូ 5:5-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរដឹងឲ្យច្បាស់ថា អ្នកប្រាសចាកសីលធម៌ អ្នកប្រព្រឹត្តអំពើអបាយមុខ និងអ្នកលោភលន់ដែលយកទ្រព្យសម្បត្តិធ្វើជាព្រះ មិនអាចទទួលមត៌កក្នុងព្រះរាជ្យ*របស់ព្រះគ្រិស្ត និងរបស់ព្រះជាម្ចាស់បានជាដាច់ខាត។ សូមកុំឲ្យនរណាម្នាក់បោកបញ្ឆោតបងប្អូន ដោយពាក្យសម្ដីឥតខ្លឹមសារសោះឡើយ ព្រោះអំពើទាំងនេះហើយដែលនាំឲ្យព្រះជាម្ចាស់ព្រះពិរោធនឹងពួកអ្នកប្រឆាំងព្រះអង្គ។ ដូច្នេះ សូមកុំសេពគប់ជាមួយពួកគេជាដាច់ខាត។ កាលពីដើម បងប្អូនងងឹតមែន ប៉ុន្តែ ឥឡូវនេះ បងប្អូនជាពន្លឺ ដោយបានរួមជាមួយព្រះអម្ចាស់ ដូច្នេះ ចូររស់នៅឲ្យសមជាមនុស្សដែលមានពន្លឺក្នុងខ្លួន ទៅ។ ផលនៃពន្លឺនោះគឺសេចក្ដីសប្បុរស សេចក្ដីសុចរិត និងសេចក្ដីពិតគ្រប់បែបយ៉ាង។ ត្រូវរិះគិតមើលឲ្យដឹងថា ការណាគាប់ព្រះហឫទ័យព្រះអម្ចាស់ ហើយមិនត្រូវចូលរួមក្នុងការប្រព្រឹត្តអំពើឥតផលប្រយោជន៍ ដែលមកពីសេចក្ដីងងឹតនោះឡើយ សូវបើកមុខអំពើទាំងនោះឲ្យគេឃើញ។ ចំពោះអំពើណាដែលគេប្រព្រឹត្តដោយលួចលាក់ សូម្បីតែយកមកនិយាយ ក៏គួរឲ្យខ្មាសណាស់ទៅហើយ។ ប៉ុន្តែ កាលណាអំពើទាំងនោះបានបើកមុខហើយ វានឹងលេចចេញមកឲ្យគេឃើញច្បាស់នៅក្រោមពន្លឺ ដ្បិតអំពើណាដែលលេចមកឲ្យគេឃើញហើយនោះ បានប្រែទៅជាពន្លឺ។ ហេតុនេះហើយបានជាមានថ្លែងទុកមកថា: «អ្នកដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកឡើងចេញពីចំណោមមនុស្សស្លាប់ ព្រះគ្រិស្តនឹងភ្លឺចាំងមកលើអ្នក»។ ដូច្នេះ ចូរប្រុងប្រយ័ត្នអំពីរបៀបដែលបងប្អូនរស់នៅឲ្យមែនទែន មិនត្រូវកាន់មារយាទដូចមនុស្សឥតប្រាជ្ញាឡើយ គឺត្រូវកាន់មារយាទដូចមនុស្សមានប្រាជ្ញាវិញ។ ត្រូវចេះប្រើប្រាស់ពេលវេលា ដ្បិតសម័យនេះអាក្រក់ណាស់។ ហេតុនេះ មិនត្រូវធ្វើជាមនុស្សឥតគំនិតឡើយ តែត្រូវរិះគិតឲ្យយល់ព្រះហឫទ័យរបស់ព្រះអម្ចាស់។ កុំស្រវឹងស្រា ព្រោះស្រាបណ្ដាលឲ្យថោកទាប ផ្ទុយទៅវិញ ត្រូវឲ្យបានពោរពេញដោយព្រះវិញ្ញាណ។
អេភេសូ 5:5-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតអ្នករាល់គ្នាដឹងថា គ្មានមនុស្សកំផិត ឬស្មោកគ្រោក ឬលោភ គឺជាមនុស្សថ្វាយបង្គំរូបព្រះ ដែលនឹងគ្រងមរដកក្នុងនគរនៃព្រះគ្រីស្ទ ហើយនៃព្រះផងបានឡើយ កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នា ដោយពាក្យសំដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្ដីទាំងនោះ បានជាសេចក្ដីក្រោធរបស់ព្រះ បានមកលើមនុស្សរឹងចចេស ដូច្នេះ កុំឲ្យមានចំណែកជា១នឹងគេឡើយ ដ្បិតកាលពីដើមអ្នករាល់គ្នាក៏ងងឹតដែរ តែឥឡូវនេះវិញ បានភ្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរដូចជាមនុស្សភ្លឺចុះ ដ្បិតផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្ដីសុចរិត នឹងសេចក្ដីពិត ចូរលមើលឲ្យដឹងសេចក្ដីអ្វី ដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យចុះ កុំឲ្យប្រកបក្នុងការឥតផលប្រយោជន៍របស់សេចក្ដីងងឹតឡើយ ស៊ូបន្ទោសវិញ ដ្បិតការទាំងប៉ុន្មានដែលគេប្រព្រឹត្តដោយសំងាត់ នោះបើគ្រាន់តែនិយាយពីការទាំងនោះ ក៏គួរខ្មាសទៅហើយ តែការទាំងនោះបានសំដែងមកយ៉ាងច្បាស់ ដោយពន្លឺភ្លឺបញ្ជាក់ ដ្បិតគឺជាពន្លឺហើយ ដែលសំដែងឲ្យឃើញទាំងអស់ ហេតុនោះបានជាទ្រង់មានបន្ទូលថា «ឯងដែលដេកលក់អើយ ចូរភ្ញាក់ឡើង ឲ្យក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងភ្លឺមកលើឯង» ដូច្នេះ ត្រូវប្រយ័តដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់ ដូច្នេះ កុំឲ្យខ្លៅល្ងង់ឡើយ ត្រូវខំឲ្យយល់បំណងព្រះហឫទ័យព្រះអម្ចាស់វិញ កុំឲ្យស្រវឹងស្រា ដែលនាំឲ្យព្រើលចិត្តឡើយ តែចូរឲ្យបានពេញជាព្រះវិញ្ញាណវិញ